Get This

Saturday, December 17, 2011

ចរាចរណ៍ផ្លូវគោក : បទប្បញ្ញត្តិទូទៅ

មាត្រា ១.-
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្ដប់រាល់ការធ្វើចរាចរណ៍
លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២.-
ច្បាប់នេះមានគោលបំណង:
-រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើកឱ្យ
ធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
-ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
-ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
-ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
មាត្រា ៣.-
អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឱ្យ បានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។
មាត្រា ៤.-
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្ដាំជានិច្ច។ គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។
មាត្រា ៥.-
ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យដូចតទៅ:
-ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវ គឺជាទំហំទាំងមូលនៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬ ចិញ្ចើមផ្លូវ
-ពាក្យថា ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
-ពាក្យថា ជាយផ្លូវ គឺជាផ្នែកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
-ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះនៅទីនោះបានទេ
-ពាក្យថា គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗឬ គំនូសបង្ហូតតាមបណ្ដោយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់ អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ
-ពាក្យថា ទីប្រជុំជន គឺជាកន្លែងដែលមានអគារ ឬ គេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញ ឬ ផ្លូវចូលនៅទីនោះ មានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ ការចូល ឬ ឈ្មោះទីប្រជុំជនដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
-ពាក្យថា ផ្លូវប្រសព្វ គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើនដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +,X,T,Y ឬ រង្វង់មូលជាដើម
-ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើន ហើយដែលនៅចំកណ្ដាលមានខឿន រូបចំណាក ឬ វិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
-ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឱ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
-ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម:
ក-ផ្លូវឯកជនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាផ្លូវបើកឱ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬ ជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។
ខ-ផ្លូវឯកជនមិនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬ ទីលានបរិវេណផ្សេងៗ។
-ពាក្យថា ផ្លូវលំ គឺជាផ្លូវដី ដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬ ឃុំនៅជនបទ
-ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួន ដើម្បីឱ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
-ពាក្យថា ចត គឺការទុកឱ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬ ឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
-ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វនិងអ្នកបរសត្វនៅលើផ្លូវ
-ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្ដោង ឬ ត្រូវគេសណ្ដោង
-ពាក្យថា យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍
-ពាក្យថា យានយន្តុប្បករណ៍ គឺជាយានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្ស ឬ គ្មានផ្ទុកទំនិញ នៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ ឬ រថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវ ស្ពាន ជាដើម
-ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើងដែលធ្វើដំណើរនៅលើផ្លូវ
-ពាក្យថា ទម្ងន់ទទេរបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬ គ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្ដល់ឱ្យយាន មានឧបករណ៍ជួសជុល និងកង់បម្រុង
-ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
-ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្ដោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ។ បើសិនជាយានមានសណ្ដោងទម្ងន់សរុបអនុញ្ញាត អតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា ទម្ងន់សរុបជាក់ស្ដែងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្ដែង
-ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
-ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្ដោង។
ជំពូកទី ២
សញ្ញាចរាចរណ៍
មាត្រា ៦.-
សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវ ដែលអាចធ្វើឱ្យអ្នក បើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬ របស់របរផ្សេងៗទៀត ឬ គូសវាសនៅលើផ្លាកសញ្ញា ឬ ប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឱ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើឱ្យអ្នកបើកបរចាំងភ្នែក។
រូបភាព និងខ្លឹមសារស្ដីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៧.-
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានអត្ថន័យដូចខាងក្រោម:
-ដៃស្ដាំលើកឡើងលើ បាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឱ្យប្រុងប្រៀបឈប់ លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
-ដៃទាំងពីរ ឬ ដៃមួយសន្ធឹងតាមបណ្ដោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬ មកពីក្រោយខ្នងភ្នាក់ងារ
-ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីខាងស្ដាំ ភ្នាក់ងារត្រូវអនុញ្ញាតឱ្យឆ្លងកាត់
-ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬ ដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយ មានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
-ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។
មាត្រា ៨.-
លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ:
១-ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាព លើបទប្បញ្ញត្តិចរាចរណ៍។
២-ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
៣-សញ្ញាបញ្ជររបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។
ជំពូកទី ៣
អ្នកបើកបរយានជំនិះ
មាត្រា ៩.-
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម:
១-អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
២-នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឱ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬ វត្ថុផ្សេងៗ ដែលនាំឱ្យ បាំងភ្នែកអ្នកបើកបរ។
៣-អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត។
៤-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
៥-ហាមផ្ទុកមនុស្ស ឬ ទំនិញពីមុខអ្នកបើកបរ។
៦-ហាមក្មេងអាយុក្រោម ១០ ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
៧-ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវាត់សុវត្ថិភាព ចងផ្អែកកៅអីនេះឱ្យ ជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
៨-កុមារមានអាយុចាប់ពី ១០ខែ ទៅ ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែក្រវាត់សុវត្ថិភាពចងផ្អែកកៅអីនេះ ឱ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
៩-ហាមធ្វើឱ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ។
១០-ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
១១-ហាមបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់លើទ្រូងផ្លូវ។ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
១២-ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
មាត្រា ១០.-
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាងស្ដាំ ដោយបើកបរកៀកទៅខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្ដាំលើកលែងតែត្រូវការបត់ឆ្វេង។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង ឬឈប់។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១១.-
នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវអ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំងអ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅវាក្យខ័ណ្ឌ ៣ និងវាក្យខ័ណ្ឌ ៤ ខាងលើ យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀតមិនចាត់ទុកជាការជែកឡើយ។ ចំពោះអ្នកបើកបរយានដែលមានទម្ងន់សរុបលើសពី ៣,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១២.-
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿងជាសញ្ញាឱ្យប្រុងប្រយ័ត្នត្រៀមឈប់ ឬ ចេញដំណើរទៅមុខ ពណ៌បៃតងជាសញ្ញាអនុញ្ញាតឱ្យយានជំនិះចេញដំណើរ ពណ៌ក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបាននៅត្រង់ចំណុចភ្លើងក្រហមណា ដែលមានសញ្ញាអនុញ្ញាតបត់ស្ដាំ។
មាត្រា ១៣.-
អ្នកបើកបរត្រូវវាងតាមស្ដាំដៃ នៅគ្រប់រង្វង់មូល ឬ ខឿនបែងចែកទ្រូងផ្លូវ ដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមានកំណត់ផ្ទុយ។
មាត្រា ១៤.-
អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយបានទេ។ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬក្បួនដង្ហែជាជួរផ្សេងៗ។
មាត្រា ១៥.-
បែបបទនៃការសណ្ដោងត្រូវអនុវត្តតាមបញ្ញត្តិដូចខាងក្រោម:
-ចំពោះការថ្ពក់សណ្ដោងយានជំនិះ អ្នកបើកបរត្រូវប្រើខ្សែកាប ឬដងដែក ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន
-ហាមអ្នកបើកបរប្រើខ្សែសណ្ដោងចំពោះយាន ដែលមានទម្ងន់សរុបលើសពី ៥តោន ឡើងទៅ
-ហាមអ្នកបើកបរ សណ្ដោងយានលើសពីមួយគ្រឿង ឬសណ្ដោងយាន ដែលមានសណ្ដោងរ៉ឺម៉ក់ ឬ សឺមីរ៉ឺម៉ក់
-ហាមសណ្ដោងទោចក្រយាន ឬ ទោចក្រយានយន្ត
-ហាមអ្នកបើកបរសណ្ដោងរថយន្តគ្រប់ប្រភេទ ដែលមានអ្នកដំណើរនៅក្នុងនោះ ក្រៅពីអ្នកកាន់ចង្កូត
-រថយន្តដែលមានសណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកញ្ចក់ចាំងពន្លឺពណ៌លឿងពីរ ដាក់នៅកាងរថយន្តខាងមុខអមសងផ្លាកលេខ។
បច្ចេកទេសនៃការថ្ពក់សណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ និងការដោះរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១៦.-
នៅកន្លែងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះប្រភេទផ្សេងៗពីរថយន្តក្រុង ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្តក្រុងចេញ ចូល ឬឈប់បានដោយងាយស្រួល។
មាត្រា ១៧.-
ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមលក្ខ័ខ័ណ្ឌ ដូចមានចែងខាងក្រោមនេះ:
១-ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ:
ក-នៅក្នុងទីប្រជុំជន:
-អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
-អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះប្រភេទរថយន្តគ្រប់ប្រភេទ។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានយានដែលមានសណ្ដោងរ៉ឺម៉ក់ ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
២-ល្បឿនបើកបរសម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់:
ក-នៅក្នុងទីប្រជុំជន:
-អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត ត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
-អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៧០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្ត ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន និងលើសពី ៣,៥ តោនចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំងទប់ទល់នឹងភាពគាំងកង់។
ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើស៣,៥ តោន ដែលគ្មានប្រព័ន្ធហ្រ្វាំងទប់នឹងភាពគាំងកង់។
៣-ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ :
ក-នៅក្នុងតំបន់ប្រជុំជន:
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រើល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅតំបន់ប្រជុំជន :
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្ដោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៤-ល្បឿនបើកបរសម្រាប់យានជំនិះ មានសិទ្ធិអាទិភាព:
បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី ១ ចំណុចទី ២ និងចំណុចទី ៣ នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កងអាវុធហត្ថ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ ភ្លើងសញ្ញា ពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ។
អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតី ដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឱ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវបើកបរអែបទៅខាងស្ដាំ ដើម្បីទុកឱ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆ្វេងដៃ បានដោយងាយស្រួល។ អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឱ្យយឺតខុសប្រក្រតី ត្រូវឱ្យដំណឹងដល់អ្នកបើកបរផ្សេង ទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ហើយត្រូវបើកបរអែបទៅខាងស្ដាំបំផុតនៃទ្រូងផ្លូវ។
មាត្រា១៨.-
ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្ត្រ សភាពផ្លូវ ស្ថានភាពអាកាសធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន ដើម្បីអាចបញ្ឈប់យានបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។
អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោម:
១-នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត។
២-នៅពេលជៀស ឬ ជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬ រថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
៣- ពេលទៅជិតដល់ស្ពាន ឬ ជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
៤- នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញ បានឆ្ងាយ និងច្បាស់។
៥- នៅពេលប្ដូរទិសចរាចរណ៍។
៦- នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។
៧- នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំណោត។
៨- នៅពេលជៀស ឬជែង ក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួនដង្ហែផ្សេងៗ។
៩- នៅពេលមានវត្ថុច្រងេងច្រងាង ឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
១០- ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាឱ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។
១១- កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តដែលមានបន្លឺសូរស័ព្ទ ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកអែបមកខាងស្ដាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចទៅបាន ដើម្បីសម្រួលផ្លូវឱ្យយានទាំងនេះធ្វើដំណើរទៅមុខ ដោយសុវត្ថិភាព។
១២- នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី ៥០ម៉ែត្រ។
មាត្រា១៩.-
យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផ្សេងទៀត ត្រូវរក្សាទុក ចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិចនៅពេលដែលយានជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ។ ត្រូវរក្សាឱ្យកាន់តែវែងចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន។ នៅក្រៅទីប្រជុំជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ឬមានបណ្ដោយយានវែងលើសពី ៧ ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា ចម្ងាយចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ ម៉ែត្រ។
មាត្រា២០.-
ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម:
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆ្វេង។ ប៉ុន្តែអ្នកបើកបរអាចជែងខាងស្ដាំបាន បើសិនជាអ្នកបើកបរយានដែលត្រូវគេជែងនោះ បាននឹងកំពុងធ្វើសញ្ញាប្ដូរទិសខាងឆ្វេង ហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។
២- មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះឥតបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្តដូចខាងក្រោម:
ក- ឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ។
ខ- គ្មានអ្នកបើកបរយានជំនិះណាមួយ ដែលនៅពីក្រោយខ្លួនចាប់ផ្ដើមសុំជែងខ្លួន។
គ- គ្មានឱ្យសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន។
ឃ- ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្ររវាងយានទាំងពីរ អាចឱ្យជែងក្នុងរយៈពេលខ្លីបំផុតបាន។
ង- ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្ដូរទិសខាងឆ្វេង ហើយក្នុងករណីចាំចាច់ ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់។
ច- ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយ និងខាងមុនបានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
៣- អ្នកបើកបរយានខាងមុខនៅពេលដឹងថាយានខាងក្រោយសុំជែងត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ឬលើកដៃឆ្វេងឡើងលើបត់ទៅស្តាំ និងបន្ថយល្បឿនអែបទៅខាងស្ដាំ ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថាអាចជែងបាន។
ក្នុងករណីអ្នកបើកបរខាងមុខពិនិត្យឃើញថា នៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញាប្តូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅត្រង់ទៅខាងក្រៅ ជាសញ្ញាឲ្យដឹងថា ការជែងពុំទាន់អាចធ្វើទៅបានទេ។
៤- នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ ម៉ែត្រ។
៥- នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងទៀតបាន លុះត្រាតែទង្វើនេះមិនធ្វើឱ្យមានគ្រោះថ្នាក់ ឬរំខានដល់យានដែលបើកបរផ្ទុយនឹងទិសរបស់ខ្លួន។
៦- នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំវិញ ដើម្បីឱ្យដំណឹងថា ខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ។
៧- ក្នុងករណីទ្រូងផ្លូវ មានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផ្សេងគ្នា យានស្ថិតនៅគន្លងណាមួយបើកបរលឿនជាងយាននៅគន្លងណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។
ហាមជែងគ្នា នៅក្នុងករណីខាងក្រោម:
- ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែងគ្នា)
- នៅកន្លែងមានសញ្ញាហាមជែង
- នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល លើកលែងតែការជែងនេះអាចចាត់ទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេង គំនូសបង្ហូតកណ្ដាលនៅទំនេរបាន
- នៅជិត ឬត្រង់ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោត
- នៅកន្លែងការដ្ឋាន
- នៅជិត ឬត្រង់កំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
- នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ឬចុះអ័ព្ទខ្លាំង ឬដីហុយខ្លាំង
- នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច។
មាត្រា២១.-
ក្នុងការជៀស:
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្ដាំដៃរៀងៗខ្លួន។
២- នៅមុនពេលជៀសគ្នា អ្នកបើកបរទាំងសងខាង ត្រូវជឿជាក់ថា ការជៀសគ្នានេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ។
៣- ដើម្បីជៀសគ្នា អ្នកបើកបរត្រូវអែបខាងស្ដាំដៃរៀងៗខ្លួន ដោយទុកផ្លូវទំនេរ នៅឆ្វេងដៃរបស់ខ្លួនឱ្យ បានធំបំផុតដែលអាចធ្វើទៅបាន។
៤- ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬនៅលើផ្លូវដែលអាចមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន។ ក្នុងករណីចាំបាច់ យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃ ឬដោយស៊ីផ្លេនៅពេលថ្ងៃ ឬប្រើភ្លើងហ្វា កូតជាសញ្ញានៅពេលយប់ ហើយរង់ចាំយានជំនិះ ដែលមកពីមុខបញ្ចេញសញ្ញាយល់ព្រមឱ្យទៅមុន ទើបធ្វើដំណើរទៅបាន។ ប៉ុន្តែបើសិនជាយានប្រភេទខុសគ្នា អ្នកបើកបរយានធុនធំត្រូវទុកផ្លូវឱ្យយានដែលមានទំហំតូចជាងយានរបស់ខ្លួនធ្វើដំណើរទៅមុន។
៥- ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកន្លែងមួយ ដែលអាចជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដែលអាចជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដើម្បីទុកឱ្យ យានជំនិះមួយទៀតជៀសបានស្រួល។
៦- ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានណាមួយ ត្រូវថយក្រោយ ត្រូវអនុវត្តដូចខាងក្រោម:
ក- ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ ហើយត្រូវមានការយល់ព្រមថយក្រោយពីយានមួយទៀត។
ខ- ចំពោះយានគ្មានសណ្ដោង និងយានមានសណ្ដោង យានគ្មានសណ្ដោងត្រូវថយក្រោយ។
គ- ចំពោះយានធុនស្រាល និងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
ឃ- ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញត្រូវថយក្រោយ។
៧- ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោត ត្រូវឈប់ដើម្បីទុកឱ្យយានជំនិះឡើងចំណោតទៅមុន។
៨- ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញ នៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជាផ្លូវខូច ឬមានយានជំនិះឈប់ស្ងៀមយានជំនិះនោះត្រូវឈប់ ដើម្បីទុកឱ្យយានជំនិះមួយទៀតទៅមុន។
៩- នៅលើស្ពានចង្អៀត ដែលបើកបរ បានតែរថយន្តមួយគ្រឿង រថយន្តធុនធំត្រូវទុកសិទ្ធិឱ្យរថយន្តធុនស្រាលទៅមុន។
១០- មុនពេលជៀសគ្នា នៅពេលយប់ក្រៅពីទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនីយានជំនិះទាំងពីរ ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។
មាត្រា២២.-
ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វដូចខាងក្រោមនេះ:
១- គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿន និងពិនិត្យមើលចលនាចរាចរណ៍នៅលើទ្រូងផ្លូវ ដែលខ្លួនត្រូវឆ្លងកាត់នោះហើយត្រូវធ្វើដំណើរឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុត បើផ្លូវខាងមុខមិនស្រឡះល្អ។ ក្នុងករណីចាំបាច់ ត្រូវធ្វើសញ្ញាឱ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវផ្សេងទៀត ដោយប្រើសញ្ញាសូរស័ព្ទពេលថ្ងៃ និងប្រើភ្លើងសញ្ញាកូត ហ្វាឆ្លាស់គ្នា នៅពេលយប់។ នៅលើផ្លូវបាត់សិទ្ធិ អ្នកបើកបរត្រូវបើកបរក្នុងល្បឿនមួយដែលអាចបញ្ឈប់យានខ្លួនបាន ដើម្បីផ្ដល់សិទ្ធដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។
២- ទោះជានៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ដែលអនុញ្ញាតឱ្យធ្វើចរាចរណ៍ទៅមុខ បានក៏ដោយ ក៏អ្នកធ្វើបើកបរមិនត្រូវបើកចូលទៅក្នុងផ្លូវប្រសព្វឡើយ បើសិនជាអំពើនេះអាចតម្រូវឱ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។ ក្នុងករណីបែបនេះ អ្នកបើកបរត្រូវឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឱ្យ ស្ទះចរាចរណ៍យាន ដែលមកពីទិសផ្សេងទៀត។
៣- នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយានដែលមកពីស្ដាំរបស់ខ្លួនទៅមុន។ ប៉ុន្តែក្នុងករណីផ្លូវប្រសព្វបែកជាបីដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយាននៅលើផ្លូវបន្តទៅមុន។
៤- អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយ ត្រូវផ្ដល់អាទិភាពឱ្យអ្នកបើកបរដែលស្ថិតនៅក្នុងទ្រូងផ្លូវឯកទិសក្រវាត់រង្វង់មូលដែលមានសញ្ញាបង្ហាញទិសទៅមុន។
៥- នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព អ្នកបើកបរ ត្រូវទុកផ្លូវឱ្យ យានជំនិះដែលស្ថិតនៅលើផ្លូវមានសិទ្ធិអាទិភាពធ្វើដំណើរទៅមុនហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបាន តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៦- នៅពេលទៅដល់ផ្លូវប្រសព្វ ដែលមានដាក់សញ្ញា«ឈប់» អ្នកបើកបរត្រូវឈប់ស្ងៀម នៅមុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឱ្យយានជំនិះ និងថ្មើរជើងដែលនៅលើផ្លូវមានសិទ្ធិធ្វើដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនេះ តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៧- ដោយឡែកអ្នកបើកបរត្រូវតែទុកឱ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឱ្យ សញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឱ្យ ដឹងពីការមកដល់របស់ខ្លួនទៅមុន។
៨- យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ:
- យានពន្លត់អគ្គិភ័យ
- យានសង្គ្រោះរបស់មន្ទីរពេទ្យ
- យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ។
៩- មុននឹងបើកបរចេញពីផ្លូវឯកជន ដែលមិនបើកឱ្យ ធ្វើចរាចរណ៍ជាសាធារណៈដូចជា ពីច្រកគេហដ្ឋាន រោងចក្រ អគារ ឬទីលានផ្សេងៗ អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិអាទិភាពឱ្យយានជំនិះ ឬអ្នកថ្មើរជើង ដែលកំពុងធ្វើចរាចរណ៍លើផ្លូវបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈទៅមុន។
១០- អ្នកបើកបរចេញមកពីផ្លូវលំ ឬផ្លូវដី ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរលើផ្លូវផ្សេងទៀត ដែលមិនមែនជាផ្លូវលំ ឬផ្លូវដីទៅមុន។
១១- នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយ មានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយ ឬច្រើនត្រូវបម្រុងសម្រាប់យានជំនិះប្រភេទខ្លះធ្វើចរាចរណ៍ បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើគន្លងផ្លូវ ប្រភេទនេះ លើកលែងតែយានជំនិះដែលមានចែងក្នុងចំណុចទី ៧ និងចំណុចទី ៨។
មាត្រា២៣.-
ក្នុងការឆ្លងកាត់ផ្លូវរថភ្លើង:
១- អ្នកបើកបរត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- អ្នកបើកបរ មិនត្រូវបរយានជំនិះរបស់ខ្លួនកាត់ផ្លូវរថភ្លើងឡើយ បើដឹងថាយានជំនិះរបស់ខ្លួនមានបញ្ហាបច្ចេកទេស ឬស្ថានភាពចរាចរណ៍មិនអនុគ្រោះ អាចជ្រុលទៅនាំឱ្យស្ទះនៅកន្លែងនោះ។
៣- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
៤- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬរបាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះបាន លុះត្រាជឿជាក់ថាពុំមានរថភ្លើងណាមួយមកដល់ឡើយ។
៥- នៅកន្លែងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវបើកបរត្រូវស្ដាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬ របាំងឡើយ។
៦- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈកុំឱ្យឆ្លងផ្លូវកាត់ផ្លូវរថភ្លើងជាដាច់ខាត។
៧- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូប ត្រូវឈប់យ៉ាងតិច ២ ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ ម៉ែត្រ ពីផ្លូវរថភ្លើងឡើយ។
៨- ក្នុងករណី ដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយយ៉ាងណាកុំឱ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតនូវគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងបាននោះ បើសិនជាខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន។
មាត្រា២៤.-
ក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់:
១- គ្រប់យានជំនិះ ដែលឈប់ ឬចត មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
២- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម:
- ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត ឬឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្ដាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
៣- នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវ បើអាចធ្វើទៅបាន។ បើគ្មានទីណាផ្សេងទៀត ដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី ២ នៃមាត្រានេះ។
៤- នៅពេលយប់ ឬនៅកន្លែងហាមឈប់ ឬចត គ្រប់រថយន្ត និងរ៉ឺម៉ក់ដែលខូចគាំង ឬត្រូវបង្ខំឱ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
៥- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើស ២៥ សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច៥ម៉ែត្រពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០ ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
៦- ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន។
៧- ការចត ឬឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម:
- នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលទុកបម្រុងឱ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើរជើង ឬនៅលើគំនូសនេះ
- លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចត នៃយានប្រភេទខ្លះ
- នៅចន្លោះគែមទ្រូងផ្លូវ និងខ្សែបន្ទាត់បង្ហូត បើសិនជានៅចន្លោះខ្សែគំនូសបង្ហូត និងយានចតនេះតិចជាង ៣ ម៉ែត្រ ដែលមិនអាចឱ្យយានមួយផ្សេងទៀតបរ បានដោយឥតឆ្លងកាត់ ឬ ជាន់លើខ្សែគំនូសបង្ហូត
- នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឱ្យ បាំងភ្នែក អ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ
- នៅគ្រប់ទីកន្លែងដែលយាននេះ ធ្វើឱ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
- នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វ លើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន
- នៅចន្លោះតិចជាង ២០ ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
- នៅចន្លោះតិចជាង ១០ ម៉ែត្រពីមុខ និងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុខស្ថានីយអ្នកពន្លត់អគ្គិភ័យ
- លើច្រកចេញចូលនៃអគារសាធារណៈ
- នៅមុខច្រកចេញ ចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ
- ជាពីរជួរទន្ទឹមគ្នា
- នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត ដែលឈមមុខគ្នាជាកន្លែងទុក សម្រាប់ឱ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
- នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត
- នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ ម៉ោង
- នៅចន្លោះតិចជាង ១០ ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់
- នៅចន្លោះតិចជាង ១ ម៉ែត្រពីមុខ ឬពីក្រោយរថយន្តដែលឈប់ ឬចតបន្តកន្ទុយគ្នា
- នៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។
មាត្រា២៥.-
ការបើកទ្វារយានជំនិះដើម្បីចុះ ឬឡើង ធ្វើបានតែពេលណាដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះឡើយ និងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសចំពោះការបើកទ្វារចុះ ឬឡើងនៅទ្វារខាងឆ្វេងយាន។
មាត្រា២៦.-
មុននឹងផ្លាស់ប្ដូរទិសដៅនៃយានរបស់ខ្លួន ដូចជាក្នុងការបត់ឆ្វេង ឬស្ដាំពេលប្ដូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និងត្រូវជឿជាក់ជាមុនថាមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ ហើយត្រូវឱ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃ ដែលកំពុងប្រើប្រាស់ផ្លូវនោះដែរ។
មុនពេលចេញដំណើរពីចំណត អ្នកបើកបរត្រូវឱ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយត្រូវជឿជាក់ថា ការចេញដំណើររបស់យានយន្តគ្មានបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
លើកលែងតែមានបញ្ជារបស់នគរបាលចរាចរណ៍ ឬគំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវក្នុងការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយ ឬថយក្រោយ អ្នកបើកបរត្រូវគោរពតាមការណែនាំដូចខាងក្រោម:
១- ការបត់ឆ្វេង:
- មុននឹងធ្វើការបត់ឆ្វេង ត្រូវក្រឡេកមើលក្រោយតាមកញ្ចក់មើលក្រោយពិសេសតាមកញ្ចក់ខាងឆ្វេង ដើម្បីឱ្យដឹងទីតាំង និងចលនាចរាចរណ៍នៅពីខាងក្រោយ
- ត្រូវធ្វើសញ្ញាប្ដូរទិសដៅទៅខាងឆ្វេងឱ្យ បានចម្ងាយគ្រប់គ្រាន់ ពីកន្លែងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើគ្មានឧបសគ្គអ្វីទេ ត្រូវបើកអែបគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
- នៅពេលរៀបនឹងបត់ឆ្វេង ត្រូវមើលឆ្វេង ស្ដាំ និងមើលឆ្វេងម្ដងទៀត ពិសេសមើលចរាចរណ៍យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន ពិសេសចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។ បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឱ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិសខាងស្ដាំទៅមុន។
- ការបត់ឆ្វេងត្រូវធ្វើតាមបែបសៀរស្កាំគឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ លើកលែងតែមានការណែនាំពីនគរបាលចរាចរណ៍។
២- ការបត់ស្ដាំ :
- មុននឹងធ្វើការបត់ស្ដាំ ត្រូវក្រឡេកមើលតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ខាងស្ដាំ ដើម្បីទីតាំងនិងចលនាចរាចរណ៍យាននៅពីខាងក្រោយ
- បើគ្មានឧបសគ្គអ្វីទេ ត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំឱ្យ បានចម្ងាយគ្រប់គ្រាន់ពីទីកន្លែង ដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើកអែបមកស្ដាំ
- នៅពេលរៀបនឹងបត់ស្ដាំ ត្រូវមើលឆ្វេង ស្ដាំ ហើយត្រូវមើលក្រោយតាមកញ្ចក់ខាងស្ដាំម្ដងទៀត ជាពិសេសត្រូវជឿជាក់ថាគ្មានឧបសគ្គនៅខាងស្ដាំផ្នែកខាងក្រោយឡើយ។ បើទំនេរ ត្រូវបើកឱ្យកៀកស្ដាំបំផុតដែលអាចធ្វើទៅបាន និងត្រូវប្រុងប្រយ័ត្នចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។
៣- ការបត់ត្រឡប់ក្រោយ និងថយក្រោយ:
- អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ ឬថយក្រោយ ត្រូវជឿជាក់ថាទង្វើនេះមិនធ្វើឱ្យរំខានខ្លាំង ឬបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយ
- ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ន និងក្រឡេកមើលចលនាចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ ត្រូវប្រុងប្រយ័ត្នមើលឱ្យ បានសព្វជ្រុងជ្រោយ ចំពោះក្មេងតូចឬសត្វតូចៗនៅខាងក្រោយ
- ហាមបត់ត្រឡប់ក្រោយ នៅក្នុងករណីដូចខាងក្រោម:
- នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវកាត់រថភ្លើង
- នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបានក្នុងចម្ងាយ ១៥០ម៉ែត្រ
- នៅជិតដល់កំពូលខ្ពស់ និងចុះពីកំពូលខ្ពស់
- នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
- នៅលើទ្រូងផ្លូវឯកទិស។
មាត្រា២៧.-
នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម:
១- គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
២- នៅត្រង់កន្លែងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ក្នុងការធ្វើឲ្យអាក់ខាន ឬរាំងស្ទះដល់ថ្មើរជើង ដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះជាគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។
៣- ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វដែលមានភ្លើងសញ្ញាចរាចរណ៍ ឬមានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះបីជាមានភ្លើងពណ៌បៃតង ឬមានបញ្ជាភ្នាក់ងារឱ្យ ទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឱ្យរំខាន ឬធ្វើឱ្យស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើងឆ្លងកាត់ឡើយ។ ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផ្សេងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរត្រូវបន្ថយល្បឿនបើចាំបាច់ត្រូវឈប់ ដើម្បីផ្ដល់សិទ្ធិឱ្យអ្នកថ្មើរជើងឆ្លងកាត់រួចរាល់សិន។
៤- ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នកបើកបរត្រូវបន្ថយល្បឿនឬ បើចាំបាច់ត្រូវឈប់ ដើម្បីផ្ដល់សិទ្ធិឱ្យថ្មើរជើងដែលកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់ទៅមុន។
ជំពូកទី៤
ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
មាត្រា២៨.-
នៅពេលយប់ ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូង អ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ភ្លើងសញ្ញាតាមលក្ខ័ខ័ណ្ឌដូចខាងក្រោម:
១- ក្នុងករណីកំពុងបើកបរយានយន្ត:
ក- ភ្លើងហ្វា : នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុខឱ្យ បានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។
ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
ខ- ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម:
- នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ
- នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹងជៀសយានមួយផ្សេងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត
- នៅពេលថ្ងៃ កាលណាមើលមិនសូវច្បាស់ ដោយអាកាសធាតុមិនល្អដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ
- ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឱ្យមានពន្លឺភ្លឹបភ្លែតៗជាសញ្ញាជំនួសស៊ីផ្លេនៅពេលថ្ងៃ។
គ- ភ្លើងទីតាំង : នៅពេលយប់ ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត បើសិនជាទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។ ភ្លើងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។
ឃ- ភ្លើងផ្សេងៗ: នៅពេលយប់ ឬនៅពេលថ្ងៃដែលមានអាកាសធាតុមិនល្អមិនអាចមើលទៅមុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ :
- ភ្លើងក្រហម : សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
- ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឱ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយាន : បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
- ភ្លើងសញ្ញាប្ដូរទិស : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្ដូរទិសទៅឆ្វេង ឬទៅស្ដាំ
- ភ្លើងសញ្ញាថយក្រោយ : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាន នៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុប : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាននៅពេលជាន់ ឬចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
- ភ្លើងសញ្ញាអាសន្ន : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតនូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្ដោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវក្រៅពីទីប្រជុំជន ដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។
- ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន។
២- ក្នុងករណីកំពុងបើកបរយានដែលមិនមែនយានយន្ត អ្នកបើកបរយានប្រភេទដូចខាងក្រោម ត្រូវអនុវត្តដូចតទៅនេះ :
- រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងដាក់នៅខាងមុខ និងភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមមួយដាក់នៅខាងក្រោយ។ ភ្លើងទាំងពីរនេះដាក់នៅជ្រុងឈមនឹងទ្រូងផ្លូវ
- រទេះអូសទាញសត្វ ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងពីរដាក់នៅខាងមុខជ្រុងសងខាង និងត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមពីរដាក់នៅខាងក្រោយជ្រុងសងខាង
- ទោចក្រយាន និងត្រីចក្រយាន ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមយ៉ាងតិចមួយ ឬភ្លើងក្រហមមួយនៅខាងក្រោយ
- រ៉ឺម៉កសណ្ដោងដោយម៉ូតូ ឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺ ឬភ្លើងពណ៌ក្រហមពីរដាក់នៅខាងក្រោយជ្រុងសងខាង
- យានប្រភេទទាំងនេះត្រូវឈប់ ឬចតតម្រៀបគ្នានៅជិតគែមបំផុតនៃទ្រូងផ្លូវ។
៣- ក្នុងករណីយប់ ឬ ចត យានយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ :
- ភ្លើងទីតាំង : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខដឹងពីវត្តមានយាន និងទំហំទទឹងយាន
- ភ្លើងក្រហម : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដែលមកពីខាងក្រោយដឹងពីវត្តមានយាន និងទំហំទទឹងយាន
- ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឱ្យគេមើលលេខសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ។
នៅទីប្រជុំជន ការប្រើប្រាស់ភ្លើងសញ្ញាដែលបានចែងក្នុងវាក្យខ័ណ្ឌនេះ មិនចាំប្រើប្រាស់ទេ បើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវ ហើយមានពន្លឺគ្រប់គ្រាន់អាចឱ្យអ្នកប្រើប្រាស់ផ្លូវមើលយាន បានច្បាស់ពីចម្ងាយដ៏សមល្មម។
៤- ក្នុងករណី ចតរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផ្ដាច់ចេញពីរថយន្ត ត្រូវចតអែបចិញ្ចើមផ្លូវឬជាយផ្លូវ ហើយត្រូវប្រើភ្លើងស ឬលឿងមួយនៅខាងមុខ និងភ្លើងក្រហមមួយនៅខាងក្រោយ។
ភ្លើងនីមួយៗ ត្រូវដាក់នៅជ្រុងនៃយាន "ជ្រុងរ៉ឺម៉ក" ដែលឈមមុខទៅនឹងទ្រូងផ្លូវ ដែលរ៉ឺម៉ក ឬ សឺមីរ៉ឺម៉កតម្រៀបគ្នាតាមបណ្ដោយនោះ។
នៅក្នុងទីប្រជុំជន ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែលមានពន្លឺគ្រប់គ្រាន់ អាចឱ្យអ្នកប្រើប្រាស់ផ្លូវមើលឃើញយានជំនិះដែលចតនៅលើទ្រូងផ្លូវពីចម្ងាយសមល្មមបាន។
៥- ក្នុងករណីយានជំនិះត្រូវបង្ខំឱ្យឈប់ ឬចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬគ្រោះថ្នាក់ចរាចរណ៍ ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវចុះទួល និងផ្លូវកាត់ផ្លូវរថភ្លើង ដោយមូលហេតុយានខូចគាំង ឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នកបើកបរមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នកបើកបរត្រូវប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រពីខាងក្រោយបាន។ ចំពោះយានដែលមានទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញបានភ្លាមៗនោះត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផ្សេងទៀត ដោយប្រើសញ្ញាត្រីកោណ និងភ្លើងសញ្ញាអាសន្នព្រមគ្នា ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច ៣០ ម៉ែត្រពីទំនិញនោះ។
៦- ក្នុងករណីយាន បម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច អ្នកបើកបរមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេសបានគ្រប់ពេលវេលា។
មាត្រា២៩.-
ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម:
១- ការប្រើប្រាស់សញ្ញាសូរស័ព្ទ "ស៊ីផ្លេ" ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ។
២- នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឱ្យដំណឹងនៅពេលសុំជែង។
៣- សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
៤- ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឱ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយភ្លើងកូត ហ្វាឆ្លាស់គ្នា។
៥- នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វាឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
៦- ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គិភ័យយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា។
៧- ហាមប្រើស៊ីផ្លេខ្យល់ក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។
មាត្រា៣០.-
ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោម:
១- ភ្លើងសញ្ញាពិសេស គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេកបន្ទោរភ្លឹបភ្លែតៗ វិលជុំវិញនិងមានច្រើនពណ៌ ដែលមានអត្ថន័យដូចខាងក្រោម:
ក- ភ្លើងសញ្ញាពិសេសពណ៌ខៀវ ឬក្រហម ត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនៅពេលកំពុងបំពេញភារកិច្ច ដើម្បីឱ្យដំណឹងពីវត្តមានយានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ខ- ភ្លើងសញ្ញាពិសេសពណ៌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ ដូចជាយានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និងយានដឹកជញ្ជូនពិសេសដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយត្រូវបើកបរក្នុងល្បឿនយឺត។
២- សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបន្ថែមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬពន្លត់អគ្គិភ័យដែលមានបន្ថែមសំឡេងស៊ីរ៉ែនរោទិ៍។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបន្ថែមសំឡេងរោទិ៍ពីរដងឡើងចុះៗ។
៣- នៅពេលមានយានអាទិភាព ប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទពិសេសអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ត្រូវបន្ថយល្បឿនអែបខាងស្ដាំ ឬឈប់ដើម្បីទុកឱ្យយានទាំងនេះជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល។
ដោយឡែកនៅពេលកំពុងបំពេញភារកិច្ច អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ:
- បញ្ច្រាសទិសនៅលើផ្លូវឯកទិស
- នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម
- ក្នុងល្បឿនមិនកំណត់
- ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
- កាត់ ឬជាន់ខ្សែគំនូសបង្ហូតជាប់។
ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះ ត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ចដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ជាដាច់ខាត។
មាត្រា៣១.-
ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវហាមឃាត់។ ជំពូកទី៥
ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ
មាត្រា៣២.-
ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។
ថ្មើរជើង ត្រូវអនុវត្តដូចខាងក្រោម:
១- ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិញ្ចើមផ្លូវ ឬជាយផ្លូវ ដែលជាកន្លែងបម្រុងទុកឱ្យថ្មើរជើងទៅមក។
២- អនុញ្ញាតឱ្យ ប្រើប្រាស់ទ្រូងផ្លូវបើចិញ្ចើមផ្លូវ ឬជាយផ្លូវគ្មានលទ្ធភាពឱ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឱ្យកៀកជិតចិញ្ចើមផ្លូវតាមទិសចរាចរណ៍។
៣- គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។ ថ្មើរជើងត្រូវឆ្លងកាត់តាមគំនូសសញ្ញាសម្រាប់ថ្មើរជើងបើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។
៤- នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់:
- ថ្មើរជើងត្រូវគោរពធ្វើតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍
- នៅកន្លែងគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវប្រាកដថាការឆ្លងកាត់នេះពុំបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយប្រមាណគិតដល់ភាពមើលច្បាស់នូវចម្ងាយ និងល្បឿនរបស់យាន ដែលកំពុងរត់លើទ្រូងផ្លូវ។
៥- នៅកន្លែងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់:
- ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន ឬធ្វើឱ្យមានគ្រោះថ្នាក់អ្វីឡើយ
- នៅពេលឆ្លងកាត់ទ្រូងផ្លូវ ហាមថ្មើរជើងឆ្លងកាត់កន្លែងប្រសព្វនៃទ្រូងផ្លូវ។ ថ្មើរជើង ត្រូវឆ្លងកាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបង្អែបង្អង់ ឬឈប់នៅលើទ្រូងផ្លូវបើសិនគ្មានការចាំបាច់។
៦- ហាមកុំឱ្យក្មេងអាយុតិចជាង ៦ ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
៧- ចំពោះជនងងឹតភ្នែកទាំងពីរ ដែលធ្វើដំណើរលើផ្លូវថ្នល់ និងឆ្លងកាត់ផ្លូវថ្នល់ត្រូវមានអ្នកនាំផ្លូវ។ មាត្រា៣៣.-
ក្បួនដង្ហែផ្សេងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច:
- ត្រូវហែនៅអែបទ្រូងផ្លូវខាងស្ដាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផ្នែកខាងឆ្វេងឱ្យនៅទំនេរទាំងស្រុង។
- អាចដើរហែជាក្បួនមានជាពីរបី ឬបួនជួរបាន ដោយប្រមាណដល់ទទឹងទ្រូងផ្លូវ ហើយត្រូវគោរពបទបញ្ជាចរាចរណ៍។
- ក្បួនដង្ហែត្រូវកាន់ភ្លើងពណ៌ពិសេសនៅខាងមុន និងត្រូវកាន់ភ្លើងពណ៌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។
មាត្រា៣៤.-
អ្នកជិះ អ្នកដឹកសត្វ ត្រូវអនុវត្តដូចខាងក្រោម:
១- អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវ មិនត្រូវបង្កឱ្យមានឧបសគ្គ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយត្រូវដាក់ចំនួនមនុស្សដឹកឱ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឱ្យទៅ ឬឈប់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
២- នៅពេលយប់ ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់ អ្នកដឹកសត្វពាហនៈត្រូវប្រើភ្លើងពណ៌សនៅខាងមុខ និងពណ៌ក្រហមនៅខាងក្រោយ។
៣- ហាមលែងសត្វ ឱ្យដើររហេតរហូតលើផ្លូវថ្នល់។
៤- សត្វដែលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍។
៥- នៅក្នុងទីប្រជុំជន អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម:
- ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្ដាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។ ជំពូកទី ៦
ករណីមានគ្រោះថ្នាក់ចរាចរណ៍
មាត្រា ៣៥.-
គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឱ្យអស់សមត្ថភាពដើម្បី :
១- រក្សាសណ្ដាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។
២- ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
៣- ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្ដីពីគ្រោះថ្នាក់ចរាចរណ៍។
៤- រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ។
៥- កត់ត្រាអត្តសញ្ញាណ និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
៦- ដោះស្រាយជម្លោះដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះស្របតាមបញ្ញត្តិនៃច្បាប់នេះ។
មាត្រា៣៦.-
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម:
១- បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឱ្យរំខាន ឬបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
២- ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍។
៣- ហាមប្រើហិង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
៤- ហាមចាកចេញពីកន្លែងកើតហេតុមុនការព្រមព្រៀងគ្នា ឬគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍។ មាត្រា៣៧.-
បើគ្រោះថ្នាក់កើតឡើងបណ្ដាលឱ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ឡើយ។ មាត្រា៣៨.-
ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម:
១- ត្រូវផ្ដល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ ដែលនៅជិតកន្លែងកើតហេតុបំផុត។
២- ត្រូវចាត់ចែងជូនព័ត៌មាន ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។ ហាមអ្នកមានយានជំនិះគ្រប់ប្រភេទបដិសេធដោយឥតសមហេតុផលនូវសំណើជួយសង្គ្រោះនេះ។
៣- ត្រូវសហការជួយធានាឱ្យមានសន្តិសុខដល់គ្រប់ភាគីពាក់ព័ន្ធ និងដល់កិច្ចដំណើរការចរាចរណ៍ទូទៅនៅជុំវិញកន្លែងកើតហេតុ។
៤- ត្រូវជៀសវាងធ្វើឱ្យមានការប្រែប្រួលដល់ទីកន្លែងកើតហេតុ ឬឱ្យបាត់ដាន ឬស្នាម ដែលជាកត្តាមានប្រយោជន៍ដល់ការស្វែងរកអ្នកទទួលខុសត្រូវក្នុងរឿងគ្រោះថ្នាក់។
៥- ត្រូវរង់ចាំនៅនឹងកន្លែងកើតហេតុ រហូតដល់ភ្នាក់ងារនគរបាលចរាចរណ៍បានមកដល់។ ហាមអ្នកបង្កគ្រោះថ្នាក់ចាកចោលកន្លែងកើតហេតុមុនបានការអនុញ្ញាតពីភ្នាក់ងារនគរបាលចរាចរណ៍។
មាត្រា៣៩.-
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ និងរបាយការណ៍ស្ដីពីគ្រោះថ្នាក់នេះផ្ញើទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីចាត់ចែងឱ្យអ្នកតំណាងមកចូលរួមសហការជាមួយភ្នាក់ងារនគរបាលចរាចរណ៍ ដើម្បីពិនិត្យ និងលើកវិធានការសមស្រប។
ជំពូកទី ៧
ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន
មាត្រា ៤០.-
ប័ណ្ណបើកបរជាតិ និងអន្តរជាតិសម្រាប់យានយន្តគ្រប់ប្រភេទ ត្រូវចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ត្រូវចេញប័ណ្ណបើកបរសម្រាប់អ្នកបើកបរយានយន្តពិសេសបម្រើជំនាញដូចជា រថក្រោះ រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែអម ដែលជាទ្រព្យសម្បត្តិរដ្ឋ។
ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាមាន ០៥ ប្រភេទដូចខាងក្រោម:
ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន :
ក ១- សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ ដល់១២៥សង់ទីម៉ែត្រគូប។
ក២- សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
-ទោចក្រយានយន្តមានសណ្ដោង និងត្រីចក្រយានយន្ត។
ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩ នាក់ ដោយគិតទាំងអ្នកបើកបរ។
- រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
- រថយន្តក្នុងប្រភេទខ នេះ អាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៤ តោន។
ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥ តោន និងអាចមានសណ្ដោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ប្រភេទ ឃ : សម្រាប់រថយន្តដឹកអ្នកដំណើរ:
ឃ១: សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥ តោន។
ឃ ២ : សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមា មិនលើសពី០,៧៥ តោន។
ប្រភេទ ង : សម្រាប់រថយន្តប្រភេទខ គ និង ឃ មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ត្រូវចែកជាបីប្រភេទគឺប្រភេទ ង (ខ) ប្រភេទ ង (គ) និងប្រភេទ ង (ឃ)។
មាត្រា ៤១.-
ល័ក្ខខ័ណ្ឌផ្សេងៗទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម :
១-អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមានសិទ្ធិបើកបរយានយន្តពិសេស និងមានប័ណ្ណបើកបរដែលមានលក្ខណៈពិសេសសម្រាប់តែជនពិការ។
២-អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឱ្យ បានមុនពេលកំណត់ ដែលប័ណ្ណបើកបរអស់សុពលភាព។ ការមិនបានមកបន្តសុពលភាព ត្រូវទទួលការពិន័យតាមច្បាប់កំណត់។
៣-អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរ ដូចខាងក្រោម :
-អាយុ ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក១
-អាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក២ និង ខ
-អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១
-អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ ២ និង ង
៤- អ្នកមានប័ណ្ណប្រភេទ ក២ អាចបើកបរយានយន្តប្រភេទ ក១ បាន។
៥-អ្នកមានប័ណ្ណប្រភេទ ខ អាចបើកបរយានយន្តប្រភេទ ក១ យានយន្តកសិកម្ម ឬយានន្ដុប្បករណ៍ដែលមានល្បឿនអតិបរមាមិនលើសពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង តែមិនអាចបើកបរយានយន្តប្រភេទ ក ២ ឬគ ឬឃ ១ ឬឃ ២ ឬង បានទេ។
៦-ចំពោះអ្នកបើកបរយានយន្ដុប្បករណ៍ ដែលមានល្បឿនអតិបរមាលើសពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានប័ណ្ណប្រភេទគ។
៧-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ គ ត្រូវមានប័ណ្ណបើកបរប្រភេទខ ឬឃ១ សិន។
៨-អ្នកបើកបរយានយន្តប្រភេទគ ឬឃ ១ ឬឃ ២ អាចបើកបរយានយន្តប្រភេទខបាន។
៩-អ្នកមានប័ណ្ណបើកបរប្រភេទគ មិនអាចបើកបរយានយន្តប្រភេទ ឃ ២ បានទេ ប៉ុន្តែអ្នកមានប័ណ្ណបើកបរប្រភេទ ឃ ២ អាចបើកបរយានយន្តប្រភេទ ខ ឬគ ឬឃ១ បាន។
១០-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ១ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ សិន។
១១-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ ២ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ ១ សិន។
១២-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ង ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ១ ឬ ឃ ២ សិន។
១៣-អ្នកមានប័ណ្ណបើកបរប្រភេទ ង អាចមានសិទ្ធិបើកបររថយន្តសណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន បានទៅតាមប្រភេទប័ណ្ណបើកបរដូចជា ង (ខ) ឬ ង (គ) ឬង (ឃ១) ឬ ង (ឃ២)។
មាត្រា ៤២.-
រយៈពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោម :
១-ប័ណ្ណបើកបរប្រភេទ ក និង ខ មានសុពលភាពរហូតដល់អ្នកកាន់ប័ណ្ណបើកបរមានអាយុដល់ ៦៥ ឆ្នាំ ប៉ុន្តែត្រូវពិនិត្យសុខភាព និងពន្យារប័ណ្ណបើកបរក្នុងរយៈពេល ៥ ឆ្នាំម្ដង។
២-ប័ណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាពរយៈពេល ៣ ឆ្នាំ។ អ្នកបើកបរត្រូវពន្យារសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយៈពេល ៣ ឆ្នាំម្ដង បន្ទាប់ពីការពិនិត្យសុខភាពដែលអនុញ្ញាតឱ្យបើកបរបាន។
៣-ចាប់ពីអាយុ ៦៥ ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណ បើកបរគ្រប់ប្រភេទ ត្រូវត្រួតពិនិត្យសុខភាព ២ ឆ្នាំម្ដងៗ។ រីឯសុពលភាពនៃប័ណ្ណបើកបរត្រូវពន្យារពេល២ ឆ្នាំម្ដង។
មាត្រា ៤៣.-
គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន ១២ ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែលមានដូចខាងក្រោម :
ក-ត្រូវកាត់បន្ថយ ១ ពិន្ទុ :
- មិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព
- ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
- បើកបរជាន់តាមខ្សែគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
- បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត
- ការផ្ទុកមនុស្សជិះលើសកំណត់។
ខ-ត្រូវកាត់បន្ថយ ២ ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន
- ការបត់ឆ្វេង ស្ដាំ មិនបានត្រឹមត្រូវ
- ការបត់ត្រឡប់ក្រោយ នៅកន្លែងហាមឃាត់
- ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ
- ការបត់ឆ្វេង ស្ដាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង
- ការជែង ឬជៀសមិនបានត្រឹមត្រូវ
- បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ
- បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
- មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
- យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ
- ផ្ទុកទំនិញមិនបានត្រឹមត្រូវ
- ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
- ឈប់ ឬចតនៅលើកន្លែងគំនូសតម្រឹមទ្រូងផ្លូវ
- ដាក់ក្មេងអាយុក្រោម ១០ ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
- មិនបានដាក់ក្មេងអាយុក្រោម ៥ ឆ្នាំ អង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ ឬដេក។
គ-ត្រូវកាត់បន្ថយ ៣ ពិន្ទុ :
- ការឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់
- ការជែងដែលប្រកបដោយគ្រោះថ្នាក់
- បើកបរជែងគ្នានៅកន្លែងហាមឃាត់
- ការប្ដូរទិសគ្មានឱ្យសញ្ញាជាដំណឹង
- បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្ដាលទ្រូងផ្លូវ
- បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម
- ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត
- កំហុសនៃការឈប់ ឬមិនផ្ដល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់
- មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម
- មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព
- មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។
ឃ-ត្រូវកាត់បន្ថយ ៤ ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
- ការបើកបរទន្ទឹមគ្នា
- ការធ្វើឱ្យស្ទះចរន្តចរាចរណ៍
- មិនបានផ្ដល់សិទ្ធិអាទិភាពឱ្យ យានយន្តមានសិទ្ធិអាទិភាព
- ទំនិញធ្លាក់ពីលើយាន
- បើកបរបញ្ច្រាសទិសចរាចរណ៍
- បើកបរដែលប្រកបដោយគ្រោះថ្នាក់។
ង-ត្រូវកាត់បន្ថយ ៦ ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពលគ្រឿងញៀន
- រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
- ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តក្លែងក្លាយ
- បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឱ្យ មានអ្នករបួសដោយអចេតនា
- បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឱ្យ មានអ្នកស្លាប់ដោយអចេតនាក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុកដូចមានចែងក្នុងចំណុច២.ខ នៃមាត្រា ៦៥ នៃច្បាប់នេះ
- កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ
- បដិសេធមិនឱ្យធ្វើតេស្ដជាតិអាកុល ឬគ្រឿងញៀន
- រត់គេចពីមន្ត្រីនគរបាលចរាចរណ៍
- ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់។
មាត្រា ៤៤.-
ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ :
- ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ
- ក្នុងករណីប្រព្រឹត្តបទល្មើសម្ដង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី ៨ ពិន្ទុឡើយ
- ក្នុងករណីពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែបន្ទាប់ពីរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការដកពិន្ទុចុងក្រោយ អ្នកបើកបរមិនបានធ្វើឱ្យមានកំហុសអ្វីមួយថែមទៀតដើម្បីឱ្យ កាត់បន្ថយពិន្ទុនោះ អ្នកបើកបរនឹងត្រូវទទួលប័ណ្ណពិន្ទុថ្មីដែលមានចំនួន ១២ ពិន្ទុដោយស្វ័យប្រវត្តិ
- ក្នុងករណីពិន្ទុបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងការរៀននេះ ពិន្ទុអាចកើនឡើង ៤ ពិន្ទុ ប៉ុន្តែមិនអនុញ្ញាតឱ្យចំនួនពិន្ទុសរុបលើសពី ១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបង្កើនពិន្ទុក្នុងចន្លោះពេលយ៉ាងតិច ២ ឆ្នាំ
- ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់ អ្នកបើកបរត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញក្នុងរយៈពេល ៦ ខែ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព
- ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយអ្នកបើកបរបង្កឱ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬស្លាប់ដោយអចេតនា អ្នកបើកបរអាចរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញយ៉ាងតិច ៥ ឆ្នាំ ក្រោយពីការបង្កឱ្យមានគ្រោះថ្នាក់ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព។
ទម្រង់បែបបទនៃការចេញប័ណ្ណពិន្ទុសម្រាប់ប័ណ្ណបើកបរ ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៤៥.-
លើកលែងតែមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិទទួលស្គាល់ប័ណ្ណបើកបរទៅវិញទៅមក ជាទ្វេភាគី ឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា ជនបរទេសដែលជាជនអន្ដោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានប័ណ្ណបើកបររបស់កម្ពុជា តាមមធ្យោបាយពីរយ៉ាង :
១-ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ។
២-ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន មកប្ដូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោម :
ក-ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព។
ខ-ប័ណ្ណបើកបរត្រូវមានសុពលភាព។
គ-មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្ដីបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច។
ឃ-មានលិខិតបញ្ជាក់កាយសម្បទា និងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៦ ខែ។
ង-ក្នុងករណីប័ណ្ណបើកបរមិនសរសេរជាអក្សរអង់គ្លេស ឬបារាំងត្រូវតែបកប្រែជាភាសាអង់គ្លេស ឬបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬកុងស៊ុលរបស់ខ្លួន ឬស្ថាប័នមានសមត្ថកិច្ច។
សុពលភាពប័ណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្ដូរមកប័ណ្ណបើកបររបស់កម្ពុជាមានរយៈពេល ១ ឆ្នាំ។ ចំពោះសុពលភាពប័ណ្ណបើកបររបស់ជនបរទេសដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងជនជាតិខ្មែរដែរ។ ក្នុងករណីប័ណ្ណបើកបរជាតិរបស់ជនបរទេសអស់សុពលភាព សាមីខ្លួនត្រូវធ្វើការប្រឡងទាំងទ្រឹស្ដីទាំងការអនុវត្តន៍ដៃចង្កូតឡើងវិញ។
ជនបរទេសដែលមានប័ណ្ណបើកបរប្រភេទ គ ឃ និង ង មិនអាចប្ដូរយកប័ណ្ណបើកបររបស់កម្ពុជាប្រភេទ គ ឃ ឬ ង បានឡើយ ប៉ុន្តែអាចប្ដូរយកប័ណ្ណបើកបរប្រភេទ ក ឬ ខ បាន។
មាត្រា ៤៦.-
គ្រប់សាលាបង្រៀនបើកបរ ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបង្រៀនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គ្រប់គ្រូបង្ហាត់នៅសាលារៀនបើកបរ ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាព ដែលចេញឱ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសអំពីនីតិវិធីនៃការចេញប័ណ្ណបើកបរ ការធ្វើអាជីវកម្មសាលាបង្រៀនបើកបរ ល័ក្ខខ័ណ្ឌប្រឡងយកវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាពរបស់គ្រូបង្ហាត់ និងកម្មវិធីសិក្សានៅសាលាបង្រៀនបើកបរយានយន្ត។
ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យគ្រប់សាលារៀនបើកបរឯកជនទាំងអស់។
មាត្រា ៤៧.-
គ្រប់យានយន្ត និងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី ៧៥០ គក្រ មុននឹងដាក់ឱ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត និងមានពាក់ផ្លាកលេខនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ យានយន្តដែលពុំទាន់ចុះបញ្ជីការសុំប័ណ្ណសម្គាល់ និងគ្មានពាក់ផ្លាកលេខ ត្រូវផ្ទុកលើយានដែលមានផ្លាកលេខ នៅពេលធ្វើចរាចរណ៍។
គ្រប់រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត។
អត្ថបទក្នង ច្បាប់ចរាចរណ៍
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website