មិនមែនមានតែនារីទេដែលចេះខូចចិត្ត បុរសក៏ចេះឈឺចាប់ដោយសារការបែកបាក់បេះដូងដែរ ហើយប្រហែលជាពិបាកជាងនារីទៀតផង នៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ជាងជីវិត ប្រែចិត្តទៅមានអ្នកថ្មី។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួន ដែលអាចឲ្យបុរសដែលខូចចិត្តស្អិតទ្រូង ដោយសារស្នេហា ងាកមកសប្បាយរីករាយដូចដើម៖ ១- កុំបន្តសម្រក់ទឹកភ្នែក
បើសិនជានារីយំនៅមុខមិត្តភក្ដិ ឬក្រុមគ្រួសារ ប្រហែលជាគ្មានអ្នកណាម្នាក់ប្រកាន់នោះទេ ប៉ុន្ដែចំពោះបុរសវិញគឺមិនដូចគ្នាទេ។ បុរសត្រូវមានភាពរឹងមាំ មិនត្រូវសម្រក់ទឹកភ្នែកដោយសារស្នេហានោះទេ ព្រោះបុរសដែលយំមិនត្រូវទទួលបានការសរសើរពីសង្គមដោយសារការយំ នេះទេ។ ដោយសារកត្តាសង្គមនេះហើយ បានធ្វើឲ្យបុរសភាគច្រើន សម្ងំយំនៅកន្លែងស្ងាត់តែម្នាក់ឯង ដែលធ្វើឲ្យគ្មានអ្នកណាម្នាក់ដឹងពីអារម្មណ៍
ឈឺចាប់របស់គេឡើយ។ និយាយជារួម មនុស្សប្រុសត្រូវមានភាពម្ចាស់ការលើខ្លួនឯង និងត្រូវចាំថា ស៊ូស្រក់ឈាម មិនស្រក់ទឹកភ្នែកដោយសារស្នេហាជាដាច់ខាត។ ២- ធ្វើឲ្យខ្លួនអ្នករវល់
អ្នកប្រាកដជាស្រឡាញ់នាងខ្លាំងណាស់ និងមិនធ្លាប់គិតថានាងនឹងចាកចេញពីអ្នកនោះទេ ដូច្នេះនៅពេលដែលនាងសុំបែក ឬចាកចេញពីអ្នក នឹងធ្វើឲ្យអ្នកចំណាយពេលភាគច្រើនគិតស្រម៉ៃដល់អតីតកាល ឬក៏គិតថាតើអ្នកខុសអ្វីបាននាងសុំបែក។
ប្រសិនបើដូច្នេះមែន ចូរបំភ្លេចវាចោលទៅ ព្រោះការចងចាំនាងគ្រប់ពេលវេលាមិនបានធ្វើឲ្យអ្នកបំភ្លេចនាង បានទេ។ ដើម្បីឈប់គិតពីនាងគ្រប់វិនាទី អ្នកត្រូវស្វែងរកការងារ ឬសកម្មភាពអ្វីមួយដើម្បីធ្វើឲ្យខ្លួនអ្នករវល់ ដើម្បីកុំឲ្យមានពេលនឹកដល់នាងតទៅទៀត។
៣- ចំណាយពេលនៅជាមួយមិត្តភក្ដិ និងគ្រួសារ
នៅពេលដែលអ្នកកំពុងតែមានទំនាក់ទំនងជាមួយនឹងមនុស្សដែលអ្នក ស្រឡាញ់ អ្នកប្រហែលជាមានពេលតិចតួចជាមួយនឹងមិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នក ដូច្នេះនៅពេលនេះ គឺជាពេលវេលាដ៏ល្អដើម្បីនៅជាមួយពួកគេវិញម្ដងហើយ។ សូមកុំចំណាយពេលនៅតែម្នាក់ឯងឲ្យសោះ ព្រោះអាចឲ្យអ្នកនឹកឃើញរឿងដែលកន្លងហួស សូមងាកមកផ្ដោតអារម្មណ៍ជាមួយនឹងមិត្តភក្ដិ និងគ្រួសាររបស់អ្នកវិញ។
៤- រីករាយជាមួយសេរីភាពរបស់អ្នក
ប្រហែលជាមានសកម្មភាពជាច្រើនដែលអ្នកមិនបានធ្វើពេលនៅជាមួយ សង្សារចាស់របស់អ្នក ព្រោះពេលនោះអ្នកត្រូវទទួលការយល់ព្រមពីនាងពេលចង់ធ្វើអ្វីមួយ ដូចជាត្រូវញ៉ាំអ្វីដែលអ្នកមិនចូលចិត្តជាមួយនាង ឬទៅកន្លែងដែលអ្នកមិនចង់ទៅ (អង្គុយចាំពេលនាងធ្វើសក់ ឬដើរតាមនាងពេលទៅផ្សារ) ជាដើម។ ពេលនេះជាពេលដែលល្អបំផុតសម្រាប់អ្នក ក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយមិនបាច់គិតពីអារម្មណ៍អ្នកណាម្នាក់ទៀតទេ ដូចជាធ្វើដំណើរទៅកន្លែងដែលអ្នកចង់ទៅ ទៅមើលបាល់ទាត់ ឬទៅកន្លែងដែលធ្វើឲ្យភ្លេចនាង។
៥- កុំព្យាយាមជួបមុខនាងទៀត
ការព្យាយាមទៅជួបនាង ឬទូរសព្ទទៅរកនាង ឬប្រើប្រាស់វត្ថុដែលនាងទិញឲ្យ អាចនឹងធ្វើឲ្យអ្នកមិនអាចបំភ្លេចនាងបាន។ ចូរចងចាំថា មិនត្រូវទៅជួបនាង ឬទាក់ទងនាងឲ្យសោះទោះបីជានឹកនាងខ្លាំងយ៉ាងណាក៏ដោយ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត។
៦- ចាប់ផ្ដើមស្នេហាថ្មី
ប្រសិនជាអាច សូមព្យាយាមសម្លឹងមើលនារីថ្មីម្នាក់ដើម្បីជំនួសរូបនារីដែលអ្នក ស្រឡាញ់។ អ្នកនឹងមិនសម្រក់ទឹកភ្នែក ឬនឹកនាដល់នាងទៀតទេ នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយនារីម្នាក់ទៀត។ ប៉ុន្ដែអ្វីដែលអ្នកត្រូវធ្វើគឺ ផ្ទេរចិត្តស្រឡាញ់របស់អ្នកមកឲ្យដៃគូថ្មីរបស់អ្នក និងត្រូវប្រកដថា អ្នកនឹងមិនធ្វើឲ្យនាងខូចចិត្តដោយសាររឿងចាស់របស់អ្នកឡើយ។
៧- កុំបន្ទោសខ្លួនឯង
អ្នកអាចស្វែងរកនូវកំហុសឆ្គងដែលអ្នកប្រព្រឹត្តកំឡុងពេលដែលនៅ មានទំនាក់ទំនងជាមួយនាង ប៉ុន្ដែសូមកុំបន្ទោសខ្លួនឯងឲ្យសោះ ព្រោះអ្នកមិនអាចបង្វិលពេលវេលាឲ្យត្រឡប់ក្រោយ ឬផ្លាស់ប្ដូរអតីតកាលនោះទេ។ ចូររៀនពីរកំហុសឆ្គងទាំងនោះដើម្បីជៀសវាងនូវកំហុសនេះ កើតឡើងនៅពេលក្រោយ។
សរុបមក ខ្មែរសារិកសង្ឃឹមថា មនុស្សខូចចិត្តទាំងអស់នឹងផ្លាស់ប្ដូរពីការស្រក់ទឹកភ្នែកមកជា ស្នាមញញឹម ដើម្បីផ្ដល់ក្ដីសង្ឃឹមសម្រាប់ជីវិតដ៏វែងឆ្ងាយរបស់អ្នក!
No comments:
Post a Comment