មាត្រា ១.-
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ
មានវិសាលភាពគ្របដណ្ដប់រាល់ការធ្វើចរាចរណ៍
លើផ្លូវថ្នល់
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២.-
ច្បាប់នេះមានគោលបំណង:
-រក្សាសណ្ដាប់ធ្នាប់
សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើកឱ្យ
ធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
-ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
-ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស
និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
-ទប់ស្កាត់ការប្រព្រឹត្តបទល្មើស
ដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
មាត្រា ៣.-
អ្នកប្រើប្រាស់ផ្លូវថ្នល់
ត្រូវគោរពឱ្យ បានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។
មាត្រា
៤.-
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវប្រកាន់ស្ដាំជានិច្ច។ គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់
ត្រូវតែមានអ្នកបើកបរ។
មាត្រា ៥.-
ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ
ពាក្យខាងក្រោមត្រូវកំណត់និយមន័យដូចតទៅ:
-ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា
ផ្លូវ គឺជាទំហំទាំងមូលនៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬ ចិញ្ចើមផ្លូវ
-ពាក្យថា
ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
-ពាក្យថា ជាយផ្លូវ
គឺជាផ្នែកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
-ពាក្យថា ចិញ្ចើមផ្លូវ
គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ
ប៉ុន្តែមិនអាចចតយានជំនិះនៅទីនោះបានទេ
-ពាក្យថា គន្លងផ្លូវ
គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗឬ
គំនូសបង្ហូតតាមបណ្ដោយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់
អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ
-ពាក្យថា ទីប្រជុំជន
គឺជាកន្លែងដែលមានអគារ ឬ គេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញ ឬ ផ្លូវចូលនៅទីនោះ
មានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ ការចូល ឬ
ឈ្មោះទីប្រជុំជនដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ
និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
-ពាក្យថា ផ្លូវប្រសព្វ
គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើនដែលមានផ្ទៃរាបតែមួយ
និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +,X,T,Y ឬ
រង្វង់មូលជាដើម
-ពាក្យថា ផ្លូវរង្វង់មូល
គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើន ហើយដែលនៅចំកណ្ដាលមានខឿន រូបចំណាក ឬ
វិមានផ្សេងៗ
និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
-ពាក្យថា
ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឱ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
-ពាក្យថា
ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម:
ក-ផ្លូវឯកជនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ
គឺជាផ្លូវបើកឱ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬ
ជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។
ខ-ផ្លូវឯកជនមិនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ
គឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងបរិវេណណាមួយ
ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬ ទីលានបរិវេណផ្សេងៗ។
-ពាក្យថា
ផ្លូវលំ គឺជាផ្លូវដី ដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬ
ឃុំនៅជនបទ
-ពាក្យថា ឈប់
គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត
ឬក្បែរយានជំនិះខ្លួន ដើម្បីឱ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់
ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
-ពាក្យថា ចត
គឺការទុកឱ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬ
ឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
-ពាក្យថា អ្នកបើកបរ
គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ
អ្នកដឹកសត្វនិងអ្នកបរសត្វនៅលើផ្លូវ
-ពាក្យថា យានជំនិះ
គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្ដោង ឬ ត្រូវគេសណ្ដោង
-ពាក្យថា
យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវដូចជាទោចក្រយានយន្ត
ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍
-ពាក្យថា
យានយន្តុប្បករណ៍
គឺជាយានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្ស ឬ
គ្មានផ្ទុកទំនិញ នៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ ឬ
រថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវ ស្ពាន ជាដើម
-ពាក្យថា
អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន
និងអ្នកថ្មើរជើងដែលធ្វើដំណើរនៅលើផ្លូវ
-ពាក្យថា ទម្ងន់ទទេរបស់យាន
គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬ គ្មានទំនិញ
ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្ដល់ឱ្យយាន មានឧបករណ៍ជួសជុល និងកង់បម្រុង
-ពាក្យថា
ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស
និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
-ពាក្យថា
ទម្ងន់សរុបអតិបរមារបស់យាន
គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។
បើសិនជាយានមានសណ្ដោង ទម្ងន់សរុបអតិបរមារបស់យាន
គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា
ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន
គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ។
បើសិនជាយានមានសណ្ដោងទម្ងន់សរុបអនុញ្ញាត អតិបរមារបស់យាន
គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា
ទម្ងន់សរុបជាក់ស្ដែងរបស់យាន
គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស
និងទម្ងន់ផ្ទុកទំនិញជាក់ស្ដែង
-ពាក្យថា រ៉ឺម៉ក
គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
-ពាក្យថា សឺមីរ៉ឺម៉ក
គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្ដោង។
ជំពូកទី ២
សញ្ញាចរាចរណ៍
មាត្រា ៦.-
សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ
ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍
ភ្លើងសញ្ញាចរាចរណ៍
និងគំនូសសញ្ញាចរាចរណ៍នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍
ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ
ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវ ដែលអាចធ្វើឱ្យអ្នក
បើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬ
របស់របរផ្សេងៗទៀត ឬ គូសវាសនៅលើផ្លាកសញ្ញា ឬ ប្រើប្រាស់ទម្រផ្លាកសញ្ញា
ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀត
ដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឱ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ
ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើឱ្យអ្នកបើកបរចាំងភ្នែក។
រូបភាព
និងខ្លឹមសារស្ដីពីសញ្ញាចរាចរណ៍ផ្លូវគោក
ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៧.-
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
មានអត្ថន័យដូចខាងក្រោម:
-ដៃស្ដាំលើកឡើងលើ
បាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឱ្យប្រុងប្រៀបឈប់
លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់
អាចបន្តដំណើរទៅទៀតបាន
-ដៃទាំងពីរ ឬ ដៃមួយសន្ធឹងតាមបណ្ដោយស្មា
មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬ
មកពីក្រោយខ្នងភ្នាក់ងារ
-ក្នុងកាយវិការដដែលនេះ
យានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីខាងស្ដាំ
ភ្នាក់ងារត្រូវអនុញ្ញាតឱ្យឆ្លងកាត់
-ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម
ឬ ដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយ មានន័យថា
បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
-ភ្នាក់ងារនគរបាលចរាចរណ៍
អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។
មាត្រា ៨.-
លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ:
១-ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាព លើបទប្បញ្ញត្តិចរាចរណ៍។
២-ភ្លើងសញ្ញាចរាចរណ៍
មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
៣-សញ្ញាបញ្ជររបស់ភ្នាក់ងារចរាចរណ៍
មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ
ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។
ជំពូកទី
៣
អ្នកបើកបរយានជំនិះ
មាត្រា ៩.-
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ
ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម:
១-អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី
៤៩ សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
២-នៅពេលបើកបរយានជំនិះ
អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច
ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល
និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឱ្យមានការរំខានឡើយ។
ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬ វត្ថុផ្សេងៗ ដែលនាំឱ្យ បាំងភ្នែកអ្នកបើកបរ។
៣-អ្នកបើកបរ
និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត
ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត។
៤-អ្នកបើកបរទោចក្រយានយន្ត
ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក
ត្រូវពាក់មួកការពារសុវត្ថិភាព។
៥-ហាមផ្ទុកមនុស្ស ឬ
ទំនិញពីមុខអ្នកបើកបរ។
៦-ហាមក្មេងអាយុក្រោម ១០ ឆ្នាំ
អង្គុយនៅកៅអីខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
ឬនិងគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
៧-ទារកអាយុតិចជាង ១០ខែ
ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវាត់សុវត្ថិភាព
ចងផ្អែកកៅអីនេះឱ្យ ជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
៨-កុមារមានអាយុចាប់ពី
១០ខែ ទៅ ៤ឆ្នាំ
ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែក្រវាត់សុវត្ថិភាពចងផ្អែកកៅអីនេះ
ឱ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
៩-ហាមធ្វើឱ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ
និងអ្នកប្រើប្រាស់ផ្លូវ។
១០-ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី
០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥
ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
១១-ហាមបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់លើទ្រូងផ្លូវ។
យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
១២-ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។
ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង
ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
មាត្រា ១០.-
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ
ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍
អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាងស្ដាំ
ដោយបើកបរកៀកទៅខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិស
ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ
អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្ដាំលើកលែងតែត្រូវការបត់ឆ្វេង។
អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង ឬឈប់។
ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់
ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា
១១.-
នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ
អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ
លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវអ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន
អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា
ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬច្រើន
អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំងអ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅវាក្យខ័ណ្ឌ ៣
និងវាក្យខ័ណ្ឌ ៤ ខាងលើ
យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀតមិនចាត់ទុកជាការជែកឡើយ។
ចំពោះអ្នកបើកបរយានដែលមានទម្ងន់សរុបលើសពី ៣,៥តោន
ត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំជានិច្ច លើកលែងមានការបត់ឆ្វេង
ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន
ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា
១២.-
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿងជាសញ្ញាឱ្យប្រុងប្រយ័ត្នត្រៀមឈប់
ឬ ចេញដំណើរទៅមុខ ពណ៌បៃតងជាសញ្ញាអនុញ្ញាតឱ្យយានជំនិះចេញដំណើរ
ពណ៌ក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់
អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ
ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ
យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបាននៅត្រង់ចំណុចភ្លើងក្រហមណា
ដែលមានសញ្ញាអនុញ្ញាតបត់ស្ដាំ។
មាត្រា ១៣.-
អ្នកបើកបរត្រូវវាងតាមស្ដាំដៃ
នៅគ្រប់រង្វង់មូល ឬ ខឿនបែងចែកទ្រូងផ្លូវ
ដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមានកំណត់ផ្ទុយ។
មាត្រា
១៤.-
អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ
ឬគន្លងផ្លូវតែមួយបានទេ។ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល
ឬក្បួនដង្ហែជាជួរផ្សេងៗ។
មាត្រា ១៥.-
បែបបទនៃការសណ្ដោងត្រូវអនុវត្តតាមបញ្ញត្តិដូចខាងក្រោម:
-ចំពោះការថ្ពក់សណ្ដោងយានជំនិះ អ្នកបើកបរត្រូវប្រើខ្សែកាប ឬដងដែក
ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន
-ហាមអ្នកបើកបរប្រើខ្សែសណ្ដោងចំពោះយាន
ដែលមានទម្ងន់សរុបលើសពី ៥តោន ឡើងទៅ
-ហាមអ្នកបើកបរ
សណ្ដោងយានលើសពីមួយគ្រឿង ឬសណ្ដោងយាន ដែលមានសណ្ដោងរ៉ឺម៉ក់ ឬ សឺមីរ៉ឺម៉ក់
-ហាមសណ្ដោងទោចក្រយាន
ឬ ទោចក្រយានយន្ត
-ហាមអ្នកបើកបរសណ្ដោងរថយន្តគ្រប់ប្រភេទ
ដែលមានអ្នកដំណើរនៅក្នុងនោះ ក្រៅពីអ្នកកាន់ចង្កូត
-រថយន្តដែលមានសណ្ដោងរ៉ឺម៉ក់
ឬសឺមីរ៉ឺម៉ក់ត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកញ្ចក់ចាំងពន្លឺពណ៌លឿងពីរ
ដាក់នៅកាងរថយន្តខាងមុខអមសងផ្លាកលេខ។
បច្ចេកទេសនៃការថ្ពក់សណ្ដោងរ៉ឺម៉ក់
ឬសឺមីរ៉ឺម៉ក់ និងការដោះរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ចេញពីរថយន្ត ឬក្បាលរថយន្ត
ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១៦.-
នៅកន្លែងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន
អ្នកបើកបរយានជំនិះប្រភេទផ្សេងៗពីរថយន្តក្រុង ត្រូវបន្ថយល្បឿន
ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្តក្រុងចេញ ចូល ឬឈប់បានដោយងាយស្រួល។
មាត្រា
១៧.-
ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមលក្ខ័ខ័ណ្ឌ
ដូចមានចែងខាងក្រោមនេះ:
១-ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ:
ក-នៅក្នុងទីប្រជុំជន:
-អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០
គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
-អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា
៤០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះប្រភេទរថយន្តគ្រប់ប្រភេទ។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៩០
គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ
ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០
គីឡូម៉ែត្រក្នុងមួយម៉ោង និងមានយានដែលមានសណ្ដោងរ៉ឺម៉ក់
ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
២-ល្បឿនបើកបរសម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់:
ក-នៅក្នុងទីប្រជុំជន:
-អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត
ត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
-អ្នកបើកបររថយន្ត
ត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៧០
គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្ត ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥
តោន និងលើសពី ៣,៥
តោនចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំងទប់ទល់នឹងភាពគាំងកង់។
ល្បឿនអតិបរមាត្រូវកំណត់ត្រឹម
៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើស៣,៥ តោន
ដែលគ្មានប្រព័ន្ធហ្រ្វាំងទប់នឹងភាពគាំងកង់។
៣-ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ
:
ក-នៅក្នុងតំបន់ប្រជុំជន:
អ្នកបើកបរយានយន្តគ្រប់ប្រភេទ
ត្រូវប្រើល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅតំបន់ប្រជុំជន
:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ១០០
គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ
ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៨០
គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្ដោងរ៉ឺម៉ក
ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៤-ល្បឿនបើកបរសម្រាប់យានជំនិះ
មានសិទ្ធិអាទិភាព:
បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី ១ ចំណុចទី ២
និងចំណុចទី ៣ នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល
ក្បួនយោធា កងអាវុធហត្ថ យានយន្តពន្លត់អគ្គិភ័យ
យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ
ភ្លើងសញ្ញា ពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ។
អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតី
ដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឱ្យរំខានដល់យានជំនិះដទៃទៀតទេ។
អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវបើកបរអែបទៅខាងស្ដាំ
ដើម្បីទុកឱ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆ្វេងដៃ បានដោយងាយស្រួល។
អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឱ្យយឺតខុសប្រក្រតី
ត្រូវឱ្យដំណឹងដល់អ្នកបើកបរផ្សេង ទៀតដោយប្រើភ្លើងសញ្ញាអាសន្ន
ហើយត្រូវបើកបរអែបទៅខាងស្ដាំបំផុតនៃទ្រូងផ្លូវ។
មាត្រា១៨.-
ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច
ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្ត្រ សភាពផ្លូវ
ស្ថានភាពអាកាសធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន
ដើម្បីអាចបញ្ឈប់យានបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។
អ្នកបើកបរត្រូវបន្ថយល្បឿន
ក្នុងករណីដូចខាងក្រោម:
១-នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត។
២-នៅពេលជៀស
ឬ ជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬ
រថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
៣-
ពេលទៅជិតដល់ស្ពាន ឬ ជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
៤-
នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញ បានឆ្ងាយ និងច្បាស់។
៥-
នៅពេលប្ដូរទិសចរាចរណ៍។
៦- នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល
ផ្លូវប្រសព្វ ឬរង្វង់មូល។
៧- នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំណោត។
៨-
នៅពេលជៀស ឬជែង ក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួនដង្ហែផ្សេងៗ។
៩-
នៅពេលមានវត្ថុច្រងេងច្រងាង ឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
១០-
ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាឱ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។
១១-
កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គិភ័យ
យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តដែលមានបន្លឺសូរស័ព្ទ ឬភ្លើងសញ្ញា
អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកអែបមកខាងស្ដាំ
បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចទៅបាន
ដើម្បីសម្រួលផ្លូវឱ្យយានទាំងនេះធ្វើដំណើរទៅមុខ ដោយសុវត្ថិភាព។
១២-
នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី ៥០ម៉ែត្រ។
មាត្រា១៩.-
យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផ្សេងទៀត ត្រូវរក្សាទុក
ចន្លោះសុវត្ថិភាពគ្រប់គ្រាន់
ដើម្បីជៀសវាងការប៉ះទង្គិចនៅពេលដែលយានជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ។
ត្រូវរក្សាឱ្យកាន់តែវែងចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន។
នៅក្រៅទីប្រជុំជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន
ឬមានបណ្ដោយយានវែងលើសពី ៧ ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា
ចម្ងាយចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ ម៉ែត្រ។
មាត្រា២០.-
ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម:
១-
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆ្វេង។
ប៉ុន្តែអ្នកបើកបរអាចជែងខាងស្ដាំបាន បើសិនជាអ្នកបើកបរយានដែលត្រូវគេជែងនោះ
បាននឹងកំពុងធ្វើសញ្ញាប្ដូរទិសខាងឆ្វេង ហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។
២-
មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា
ការជែងនេះឥតបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្តដូចខាងក្រោម:
ក-
ឃើញច្បាស់ថា
នៅខាងមុខគ្មានឧបសគ្គហើយអាចបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច
ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ។
ខ-
គ្មានអ្នកបើកបរយានជំនិះណាមួយ ដែលនៅពីក្រោយខ្លួនចាប់ផ្ដើមសុំជែងខ្លួន។
គ-
គ្មានឱ្យសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន។
ឃ-
ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្ររវាងយានទាំងពីរ
អាចឱ្យជែងក្នុងរយៈពេលខ្លីបំផុតបាន។
ង- ត្រូវធ្វើសញ្ញាសុំជែង
ដោយប្រើសញ្ញាប្ដូរទិសខាងឆ្វេង ហើយក្នុងករណីចាំចាច់ ត្រូវប្រើបន្ថែមភ្លើងកូត
ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជន
ដែលការប្រើប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់។
ច- ត្រូវដឹងច្បាស់ថា
អ្នកបើកបរយានជំនិះខាងក្រោយ និងខាងមុនបានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
៣-
អ្នកបើកបរយានខាងមុខនៅពេលដឹងថាយានខាងក្រោយសុំជែងត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួន
បើគ្មានឧបសគ្គអ្វីទេ ត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ
ឬលើកដៃឆ្វេងឡើងលើបត់ទៅស្តាំ និងបន្ថយល្បឿនអែបទៅខាងស្ដាំ
ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថាអាចជែងបាន។
ក្នុងករណីអ្នកបើកបរខាងមុខពិនិត្យឃើញថា
នៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ
ត្រូវធ្វើសញ្ញាប្តូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅត្រង់ទៅខាងក្រៅ
ជាសញ្ញាឲ្យដឹងថា ការជែងពុំទាន់អាចធ្វើទៅបានទេ។
៤- នៅពេលជែង
ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ ម៉ែត្រ។
៥-
នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែង
ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងទៀតបាន
លុះត្រាតែទង្វើនេះមិនធ្វើឱ្យមានគ្រោះថ្នាក់
ឬរំខានដល់យានដែលបើកបរផ្ទុយនឹងទិសរបស់ខ្លួន។
៦- នៅពេលជែងផុត
អ្នកបើកបរត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំវិញ ដើម្បីឱ្យដំណឹងថា
ខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ។
៧- ក្នុងករណីទ្រូងផ្លូវ
មានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផ្សេងគ្នា
យានស្ថិតនៅគន្លងណាមួយបើកបរលឿនជាងយាននៅគន្លងណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។
ហាមជែងគ្នា
នៅក្នុងករណីខាងក្រោម:
- ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែងគ្នា)
-
នៅកន្លែងមានសញ្ញាហាមជែង
- នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល
លើកលែងតែការជែងនេះអាចចាត់ទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេង
គំនូសបង្ហូតកណ្ដាលនៅទំនេរបាន
- នៅជិត ឬត្រង់ផ្លូវបត់ ផ្លូវខ្វែង
ផ្លូវរអិល
- នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត
ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោត
-
នៅកន្លែងការដ្ឋាន
- នៅជិត ឬត្រង់កំណាត់ផ្លូវ
ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
-
នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ឬចុះអ័ព្ទខ្លាំង ឬដីហុយខ្លាំង
-
នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
-
នៅលើផ្លូវដែលមានទឹកលិច។
មាត្រា២១.-
ក្នុងការជៀស:
១-
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្ដាំដៃរៀងៗខ្លួន។
២-
នៅមុនពេលជៀសគ្នា អ្នកបើកបរទាំងសងខាង ត្រូវជឿជាក់ថា
ការជៀសគ្នានេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ។
៣- ដើម្បីជៀសគ្នា
អ្នកបើកបរត្រូវអែបខាងស្ដាំដៃរៀងៗខ្លួន ដោយទុកផ្លូវទំនេរ
នៅឆ្វេងដៃរបស់ខ្លួនឱ្យ បានធំបំផុតដែលអាចធ្វើទៅបាន។
៤-
ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬនៅលើផ្លូវដែលអាចមានគ្រោះថ្នាក់
អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន។ ក្នុងករណីចាំបាច់
យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន
ត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃ ឬដោយស៊ីផ្លេនៅពេលថ្ងៃ ឬប្រើភ្លើងហ្វា
កូតជាសញ្ញានៅពេលយប់ ហើយរង់ចាំយានជំនិះ
ដែលមកពីមុខបញ្ចេញសញ្ញាយល់ព្រមឱ្យទៅមុន ទើបធ្វើដំណើរទៅបាន។
ប៉ុន្តែបើសិនជាយានប្រភេទខុសគ្នា
អ្នកបើកបរយានធុនធំត្រូវទុកផ្លូវឱ្យយានដែលមានទំហំតូចជាងយានរបស់ខ្លួនធ្វើដំណើរទៅមុន។
៥- ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកន្លែងមួយ
ដែលអាចជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន
ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដែលអាចជៀសគ្នាបាន
យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដើម្បីទុកឱ្យ
យានជំនិះមួយទៀតជៀសបានស្រួល។
៦- ក្នុងករណីទ្រូងផ្លូវចង្អៀត
មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានណាមួយ ត្រូវថយក្រោយ
ត្រូវអនុវត្តដូចខាងក្រោម:
ក- ចំពោះយានជំនិះប្រភេទដូចគ្នា
យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ
ហើយត្រូវមានការយល់ព្រមថយក្រោយពីយានមួយទៀត។
ខ- ចំពោះយានគ្មានសណ្ដោង
និងយានមានសណ្ដោង យានគ្មានសណ្ដោងត្រូវថយក្រោយ។
គ- ចំពោះយានធុនស្រាល
និងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
ឃ- ចំពោះរថយន្តដឹកទំនិញ
និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញត្រូវថយក្រោយ។
៧-
ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោត
ត្រូវឈប់ដើម្បីទុកឱ្យយានជំនិះឡើងចំណោតទៅមុន។
៨- ក្នុងការជៀសគ្នា
យានជំនិះណាមើលឃើញ នៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជាផ្លូវខូច
ឬមានយានជំនិះឈប់ស្ងៀមយានជំនិះនោះត្រូវឈប់ ដើម្បីទុកឱ្យយានជំនិះមួយទៀតទៅមុន។
៩- នៅលើស្ពានចង្អៀត ដែលបើកបរ បានតែរថយន្តមួយគ្រឿង
រថយន្តធុនធំត្រូវទុកសិទ្ធិឱ្យរថយន្តធុនស្រាលទៅមុន។
១០- មុនពេលជៀសគ្នា
នៅពេលយប់ក្រៅពីទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនីយានជំនិះទាំងពីរ
ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។
មាត្រា២២.-
ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វដូចខាងក្រោមនេះ:
១- គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿន
និងពិនិត្យមើលចលនាចរាចរណ៍នៅលើទ្រូងផ្លូវ
ដែលខ្លួនត្រូវឆ្លងកាត់នោះហើយត្រូវធ្វើដំណើរឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុត
បើផ្លូវខាងមុខមិនស្រឡះល្អ។ ក្នុងករណីចាំបាច់
ត្រូវធ្វើសញ្ញាឱ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវផ្សេងទៀត
ដោយប្រើសញ្ញាសូរស័ព្ទពេលថ្ងៃ និងប្រើភ្លើងសញ្ញាកូត ហ្វាឆ្លាស់គ្នា
នៅពេលយប់។ នៅលើផ្លូវបាត់សិទ្ធិ
អ្នកបើកបរត្រូវបើកបរក្នុងល្បឿនមួយដែលអាចបញ្ឈប់យានខ្លួនបាន
ដើម្បីផ្ដល់សិទ្ធដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។
២-
ទោះជានៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង
ដែលអនុញ្ញាតឱ្យធ្វើចរាចរណ៍ទៅមុខ បានក៏ដោយ
ក៏អ្នកធ្វើបើកបរមិនត្រូវបើកចូលទៅក្នុងផ្លូវប្រសព្វឡើយ
បើសិនជាអំពើនេះអាចតម្រូវឱ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។
ក្នុងករណីបែបនេះ អ្នកបើកបរត្រូវឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឱ្យ
ស្ទះចរាចរណ៍យាន ដែលមកពីទិសផ្សេងទៀត។
៣-
នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព
អ្នកបើកបរត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយានដែលមកពីស្ដាំរបស់ខ្លួនទៅមុន។
ប៉ុន្តែក្នុងករណីផ្លូវប្រសព្វបែកជាបីដែលគ្មានសញ្ញាសិទ្ធិអាទិភាព
អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយាននៅលើផ្លូវបន្តទៅមុន។
៤- អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយ
ត្រូវផ្ដល់អាទិភាពឱ្យអ្នកបើកបរដែលស្ថិតនៅក្នុងទ្រូងផ្លូវឯកទិសក្រវាត់រង្វង់មូលដែលមានសញ្ញាបង្ហាញទិសទៅមុន។
៥- នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព
អ្នកបើកបរ ត្រូវទុកផ្លូវឱ្យ
យានជំនិះដែលស្ថិតនៅលើផ្លូវមានសិទ្ធិអាទិភាពធ្វើដំណើរទៅមុនហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបាន
តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៦-
នៅពេលទៅដល់ផ្លូវប្រសព្វ ដែលមានដាក់សញ្ញា«ឈប់» អ្នកបើកបរត្រូវឈប់ស្ងៀម
នៅមុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឱ្យយានជំនិះ
និងថ្មើរជើងដែលនៅលើផ្លូវមានសិទ្ធិធ្វើដំណើរទៅមុន
ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនេះ
តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៧-
ដោយឡែកអ្នកបើកបរត្រូវតែទុកឱ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ
យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឱ្យ
សញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឱ្យ ដឹងពីការមកដល់របស់ខ្លួនទៅមុន។
៨-
យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម
មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ:
- យានពន្លត់អគ្គិភ័យ
-
យានសង្គ្រោះរបស់មន្ទីរពេទ្យ
- យាននគរបាល យោធា អាវុធហត្ថ
ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ។
៩- មុននឹងបើកបរចេញពីផ្លូវឯកជន
ដែលមិនបើកឱ្យ ធ្វើចរាចរណ៍ជាសាធារណៈដូចជា ពីច្រកគេហដ្ឋាន រោងចក្រ អគារ
ឬទីលានផ្សេងៗ អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត
និងត្រូវទុកសិទ្ធិអាទិភាពឱ្យយានជំនិះ ឬអ្នកថ្មើរជើង
ដែលកំពុងធ្វើចរាចរណ៍លើផ្លូវបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈទៅមុន។
១០-
អ្នកបើកបរចេញមកពីផ្លូវលំ ឬផ្លូវដី
ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរលើផ្លូវផ្សេងទៀត ដែលមិនមែនជាផ្លូវលំ
ឬផ្លូវដីទៅមុន។
១១- នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយ
មានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយ
ឬច្រើនត្រូវបម្រុងសម្រាប់យានជំនិះប្រភេទខ្លះធ្វើចរាចរណ៍
បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ
ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើគន្លងផ្លូវ ប្រភេទនេះ
លើកលែងតែយានជំនិះដែលមានចែងក្នុងចំណុចទី ៧ និងចំណុចទី ៨។
មាត្រា២៣.-
ក្នុងការឆ្លងកាត់ផ្លូវរថភ្លើង:
១- អ្នកបើកបរត្រូវប្រុងប្រយ័ត្នខ្ពស់
និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- អ្នកបើកបរ
មិនត្រូវបរយានជំនិះរបស់ខ្លួនកាត់ផ្លូវរថភ្លើងឡើយ
បើដឹងថាយានជំនិះរបស់ខ្លួនមានបញ្ហាបច្ចេកទេស ឬស្ថានភាពចរាចរណ៍មិនអនុគ្រោះ
អាចជ្រុលទៅនាំឱ្យស្ទះនៅកន្លែងនោះ។
៣-
នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ឬរបាំង
អ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ
ឬកំពុងបើកឡើយ។
៤- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬរបាំង
ឬផ្លាកសញ្ញា ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះបាន
លុះត្រាជឿជាក់ថាពុំមានរថភ្លើងណាមួយមកដល់ឡើយ។
៥- នៅកន្លែងមានឆ្មាំ
នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់
អ្នកបើកបរត្រូវបើកបរត្រូវស្ដាប់បញ្ជាឆ្មាំ
ហើយមិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬ របាំងឡើយ។
៦-
កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់
ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់
ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈកុំឱ្យឆ្លងផ្លូវកាត់ផ្លូវរថភ្លើងជាដាច់ខាត។
៧- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូប ត្រូវឈប់យ៉ាងតិច
២ ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ ម៉ែត្រ
ពីផ្លូវរថភ្លើងឡើយ។
៨- ក្នុងករណី ដែលយានជំនិះគាំងដំណើរ
ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ
ត្រូវរិះរកមធ្យោបាយយ៉ាងណាកុំឱ្យមានកើតជាឧបសគ្គដល់រថភ្លើង
ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតនូវគ្រោះថ្នាក់
ដែលនឹងអាចកើតឡើងបាននោះ
បើសិនជាខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន។
មាត្រា២៤.-
ក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់:
១- គ្រប់យានជំនិះ ដែលឈប់
ឬចត មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
២-
នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់
ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍
ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម:
-
ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត
ឬឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស
ត្រូវចតឬឈប់ខាងស្ដាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
៣-
នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវ
បើអាចធ្វើទៅបាន។ បើគ្មានទីណាផ្សេងទៀត
ដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ
ដែលមានចែងក្នុងចំណុចទី ២ នៃមាត្រានេះ។
៤- នៅពេលយប់ ឬនៅកន្លែងហាមឈប់ ឬចត
គ្រប់រថយន្ត និងរ៉ឺម៉ក់ដែលខូចគាំង ឬត្រូវបង្ខំឱ្យឈប់ ឬចតនៅលើទ្រូងផ្លូវ
ត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
៥- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតដាក់ទំនិញ
ឬមនុស្សឡើងចុះនៅចម្ងាយមិនលើស ២៥ សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ
និងយ៉ាងតិច៥ម៉ែត្រពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០
ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន
យានទាំងអស់ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់
ឬផ្លូវកោង។
៦- ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន
អ្នកបើកបរត្រូវចាប់ហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗ
ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន។
៧- ការចត
ឬឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម:
- នៅលើទ្រូងផ្លូវ
ចិញ្ចើមផ្លូវ ដែលទុកបម្រុងឱ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥
ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើរជើង
ឬនៅលើគំនូសនេះ
- លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចត នៃយានប្រភេទខ្លះ
-
នៅចន្លោះគែមទ្រូងផ្លូវ និងខ្សែបន្ទាត់បង្ហូត
បើសិនជានៅចន្លោះខ្សែគំនូសបង្ហូត និងយានចតនេះតិចជាង ៣ ម៉ែត្រ
ដែលមិនអាចឱ្យយានមួយផ្សេងទៀតបរ បានដោយឥតឆ្លងកាត់ ឬ ជាន់លើខ្សែគំនូសបង្ហូត
-
នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឱ្យ បាំងភ្នែក
អ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ
-
នៅគ្រប់ទីកន្លែងដែលយាននេះ ធ្វើឱ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
-
នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង
លើផ្លូវប្រសព្វ លើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង
ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន
- នៅចន្លោះតិចជាង ២០
ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
- នៅចន្លោះតិចជាង ១០ ម៉ែត្រពីមុខ
និងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យ
និងនៅមុខស្ថានីយអ្នកពន្លត់អគ្គិភ័យ
- លើច្រកចេញចូលនៃអគារសាធារណៈ
-
នៅមុខច្រកចេញ ចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ
-
ជាពីរជួរទន្ទឹមគ្នា
- នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត
ដែលឈមមុខគ្នាជាកន្លែងទុក សម្រាប់ឱ្យយានជំនិះចត
លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
- នៅកន្លែងដែលមានសញ្ញាហាមឈប់
ឬហាមចត
- នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ ម៉ោង
- នៅចន្លោះតិចជាង ១០
ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់
-
នៅចន្លោះតិចជាង ១ ម៉ែត្រពីមុខ ឬពីក្រោយរថយន្តដែលឈប់ ឬចតបន្តកន្ទុយគ្នា
-
នៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។
មាត្រា២៥.-
ការបើកទ្វារយានជំនិះដើម្បីចុះ
ឬឡើង
ធ្វើបានតែពេលណាដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះឡើយ
និងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសចំពោះការបើកទ្វារចុះ
ឬឡើងនៅទ្វារខាងឆ្វេងយាន។
មាត្រា២៦.-
មុននឹងផ្លាស់ប្ដូរទិសដៅនៃយានរបស់ខ្លួន
ដូចជាក្នុងការបត់ឆ្វេង ឬស្ដាំពេលប្ដូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត
អ្នកបើកបរត្រូវបន្ថយល្បឿន និងត្រូវជឿជាក់ជាមុនថាមិនបណ្ដាលឱ្យមានគ្រោះថ្នាក់
ហើយត្រូវឱ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃ
ដែលកំពុងប្រើប្រាស់ផ្លូវនោះដែរ។
មុនពេលចេញដំណើរពីចំណត
អ្នកបើកបរត្រូវឱ្យសញ្ញាយ៉ាងច្បាស់
និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ
ដោយត្រូវជឿជាក់ថា
ការចេញដំណើររបស់យានយន្តគ្មានបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
លើកលែងតែមានបញ្ជារបស់នគរបាលចរាចរណ៍
ឬគំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវក្នុងការបត់ឆ្វេង បត់ស្ដាំ
បត់ត្រឡប់ក្រោយ ឬថយក្រោយ អ្នកបើកបរត្រូវគោរពតាមការណែនាំដូចខាងក្រោម:
១-
ការបត់ឆ្វេង:
- មុននឹងធ្វើការបត់ឆ្វេង
ត្រូវក្រឡេកមើលក្រោយតាមកញ្ចក់មើលក្រោយពិសេសតាមកញ្ចក់ខាងឆ្វេង
ដើម្បីឱ្យដឹងទីតាំង និងចលនាចរាចរណ៍នៅពីខាងក្រោយ
-
ត្រូវធ្វើសញ្ញាប្ដូរទិសដៅទៅខាងឆ្វេងឱ្យ បានចម្ងាយគ្រប់គ្រាន់
ពីកន្លែងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើគ្មានឧបសគ្គអ្វីទេ
ត្រូវបើកអែបគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
- នៅពេលរៀបនឹងបត់ឆ្វេង
ត្រូវមើលឆ្វេង ស្ដាំ និងមើលឆ្វេងម្ដងទៀត ពិសេសមើលចរាចរណ៍យានមកពីទិសផ្ទុយ។
បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន ពិសេសចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។
បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឱ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ
និងមកពីទិសខាងស្ដាំទៅមុន។
-
ការបត់ឆ្វេងត្រូវធ្វើតាមបែបសៀរស្កាំគឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ
លើកលែងតែមានការណែនាំពីនគរបាលចរាចរណ៍។
២- ការបត់ស្ដាំ :
-
មុននឹងធ្វើការបត់ស្ដាំ ត្រូវក្រឡេកមើលតាមកញ្ចក់មើលក្រោយ
ពិសេសតាមកញ្ចក់ខាងស្ដាំ ដើម្បីទីតាំងនិងចលនាចរាចរណ៍យាននៅពីខាងក្រោយ
-
បើគ្មានឧបសគ្គអ្វីទេ ត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំឱ្យ
បានចម្ងាយគ្រប់គ្រាន់ពីទីកន្លែង ដែលត្រូវបត់ និងបន្ថយល្បឿន
ហើយបើកអែបមកស្ដាំ
- នៅពេលរៀបនឹងបត់ស្ដាំ ត្រូវមើលឆ្វេង ស្ដាំ
ហើយត្រូវមើលក្រោយតាមកញ្ចក់ខាងស្ដាំម្ដងទៀត
ជាពិសេសត្រូវជឿជាក់ថាគ្មានឧបសគ្គនៅខាងស្ដាំផ្នែកខាងក្រោយឡើយ។ បើទំនេរ
ត្រូវបើកឱ្យកៀកស្ដាំបំផុតដែលអាចធ្វើទៅបាន
និងត្រូវប្រុងប្រយ័ត្នចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។
៣-
ការបត់ត្រឡប់ក្រោយ និងថយក្រោយ:
- អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ
ឬថយក្រោយ ត្រូវជឿជាក់ថាទង្វើនេះមិនធ្វើឱ្យរំខានខ្លាំង
ឬបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយ
-
ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ន
និងក្រឡេកមើលចលនាចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ
ត្រូវប្រុងប្រយ័ត្នមើលឱ្យ បានសព្វជ្រុងជ្រោយ
ចំពោះក្មេងតូចឬសត្វតូចៗនៅខាងក្រោយ
- ហាមបត់ត្រឡប់ក្រោយ
នៅក្នុងករណីដូចខាងក្រោម:
- នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវកាត់រថភ្លើង
-
នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបានក្នុងចម្ងាយ
១៥០ម៉ែត្រ
- នៅជិតដល់កំពូលខ្ពស់ និងចុះពីកំពូលខ្ពស់
-
នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
- នៅលើទ្រូងផ្លូវឯកទិស។
មាត្រា២៧.-
នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម:
១-
គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់
ឬរៀបនឹងឆ្លងកាត់នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
២-
នៅត្រង់កន្លែងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ
អ្នកបើកបរត្រូវហាមឃាត់ក្នុងការធ្វើឲ្យអាក់ខាន ឬរាំងស្ទះដល់ថ្មើរជើង
ដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ
ទោះជាគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។
៣-
ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វដែលមានភ្លើងសញ្ញាចរាចរណ៍
ឬមានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះបីជាមានភ្លើងពណ៌បៃតង
ឬមានបញ្ជាភ្នាក់ងារឱ្យ ទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឱ្យរំខាន
ឬធ្វើឱ្យស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើងឆ្លងកាត់ឡើយ។
ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផ្សេងទៀត
ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់
អ្នកបើកបរត្រូវបន្ថយល្បឿនបើចាំបាច់ត្រូវឈប់
ដើម្បីផ្ដល់សិទ្ធិឱ្យអ្នកថ្មើរជើងឆ្លងកាត់រួចរាល់សិន។
៤-
ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វដែលគ្មានភ្លើងសញ្ញាចរាចរណ៍
ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នកបើកបរត្រូវបន្ថយល្បឿនឬ
បើចាំបាច់ត្រូវឈប់ ដើម្បីផ្ដល់សិទ្ធិឱ្យថ្មើរជើងដែលកំពុងឆ្លងកាត់
ឬរៀបនឹងឆ្លងកាត់ទៅមុន។
ជំពូកទី៤
ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
មាត្រា២៨.-
នៅពេលយប់ ឬពេលថ្ងៃ
កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ
ឬឆ្លងកាត់ផ្លូវក្នុងរូង អ្នកបើកបរយាននៅលើទ្រូងផ្លូវ
ត្រូវប្រើប្រាស់ភ្លើងសញ្ញាតាមលក្ខ័ខ័ណ្ឌដូចខាងក្រោម:
១-
ក្នុងករណីកំពុងបើកបរយានយន្ត:
ក- ភ្លើងហ្វា : នៅពេលយប់
នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា
ដើម្បីមើលទៅមុខឱ្យ បានឆ្ងាយ
តែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។
ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង
ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់
លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
ខ-
ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម:
- នៅពេលយប់
នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ
-
នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លឺតាមផ្លូវ
ក្នុងករណីរៀបនឹងជៀសយានមួយផ្សេងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត
-
នៅពេលថ្ងៃ កាលណាមើលមិនសូវច្បាស់ ដោយអាកាសធាតុមិនល្អដូចជានៅពេលភ្លៀងខ្លាំង
ឬចុះអ័ព្ទ
-
ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឱ្យមានពន្លឺភ្លឹបភ្លែតៗជាសញ្ញាជំនួសស៊ីផ្លេនៅពេលថ្ងៃ។
គ- ភ្លើងទីតាំង : នៅពេលយប់ ក្នុងទីប្រជុំជន
យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ
ដោយមិនបាច់ប្រើភ្លើងកូត
បើសិនជាទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។
ភ្លើងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាន
និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។
ឃ- ភ្លើងផ្សេងៗ:
នៅពេលយប់ ឬនៅពេលថ្ងៃដែលមានអាកាសធាតុមិនល្អមិនអាចមើលទៅមុខឃើញច្បាស់
អ្នកបើកបរត្រូវប្រើ :
- ភ្លើងក្រហម : សម្រាប់ប្រាប់វត្តមាននៃយានជំនិះ
និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
-
ភ្លើងបំភ្លឺផ្លាកលេខ :
សម្រាប់ឱ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយាន :
បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
-
ភ្លើងសញ្ញាប្ដូរទិស : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
នៅពេលប្ដូរទិសទៅឆ្វេង ឬទៅស្ដាំ
- ភ្លើងសញ្ញាថយក្រោយ :
សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាន
នៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុប :
សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាននៅពេលជាន់
ឬចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
- ភ្លើងសញ្ញាអាសន្ន :
សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតនូវគ្រោះថ្នាក់ដែលអាចកើតមានឡើង
ដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត
ដោយមូលហេតុអូសសណ្ដោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់
ឬចតលើទ្រូងផ្លូវក្រៅពីទីប្រជុំជន ដោយមូលហេតុយានខូច
ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។
-
ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។
ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន។
២-
ក្នុងករណីកំពុងបើកបរយានដែលមិនមែនយានយន្ត អ្នកបើកបរយានប្រភេទដូចខាងក្រោម
ត្រូវអនុវត្តដូចតទៅនេះ :
- រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើង
ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងដាក់នៅខាងមុខ និងភ្លើង
ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមមួយដាក់នៅខាងក្រោយ។
ភ្លើងទាំងពីរនេះដាក់នៅជ្រុងឈមនឹងទ្រូងផ្លូវ
- រទេះអូសទាញសត្វ
ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងពីរដាក់នៅខាងមុខជ្រុងសងខាង
និងត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមពីរដាក់នៅខាងក្រោយជ្រុងសងខាង
-
ទោចក្រយាន និងត្រីចក្រយាន ត្រូវមានភ្លើង
ឬកញ្ចក់ចាំងពន្លឺពណ៌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើង
ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមយ៉ាងតិចមួយ ឬភ្លើងក្រហមមួយនៅខាងក្រោយ
-
រ៉ឺម៉កសណ្ដោងដោយម៉ូតូ ឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺ
ឬភ្លើងពណ៌ក្រហមពីរដាក់នៅខាងក្រោយជ្រុងសងខាង
- យានប្រភេទទាំងនេះត្រូវឈប់
ឬចតតម្រៀបគ្នានៅជិតគែមបំផុតនៃទ្រូងផ្លូវ។
៣- ក្នុងករណីយប់ ឬ ចត
យានយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ :
-
ភ្លើងទីតាំង :
សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខដឹងពីវត្តមានយាន
និងទំហំទទឹងយាន
- ភ្លើងក្រហម :
សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដែលមកពីខាងក្រោយដឹងពីវត្តមានយាន
និងទំហំទទឹងយាន
- ភ្លើងបំភ្លឺផ្លាកលេខ :
សម្រាប់ឱ្យគេមើលលេខសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ។
នៅទីប្រជុំជន
ការប្រើប្រាស់ភ្លើងសញ្ញាដែលបានចែងក្នុងវាក្យខ័ណ្ឌនេះ មិនចាំប្រើប្រាស់ទេ
បើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវ
ហើយមានពន្លឺគ្រប់គ្រាន់អាចឱ្យអ្នកប្រើប្រាស់ផ្លូវមើលយាន
បានច្បាស់ពីចម្ងាយដ៏សមល្មម។
៤- ក្នុងករណី ចតរ៉ឺម៉ក
ឬសឺមីរ៉ឺម៉កដែលផ្ដាច់ចេញពីរថយន្ត ត្រូវចតអែបចិញ្ចើមផ្លូវឬជាយផ្លូវ
ហើយត្រូវប្រើភ្លើងស ឬលឿងមួយនៅខាងមុខ និងភ្លើងក្រហមមួយនៅខាងក្រោយ។
ភ្លើងនីមួយៗ
ត្រូវដាក់នៅជ្រុងនៃយាន "ជ្រុងរ៉ឺម៉ក" ដែលឈមមុខទៅនឹងទ្រូងផ្លូវ ដែលរ៉ឺម៉ក ឬ
សឺមីរ៉ឺម៉កតម្រៀបគ្នាតាមបណ្ដោយនោះ។
នៅក្នុងទីប្រជុំជន
ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ
ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែលមានពន្លឺគ្រប់គ្រាន់
អាចឱ្យអ្នកប្រើប្រាស់ផ្លូវមើលឃើញយានជំនិះដែលចតនៅលើទ្រូងផ្លូវពីចម្ងាយសមល្មមបាន។
៥- ក្នុងករណីយានជំនិះត្រូវបង្ខំឱ្យឈប់
ឬចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬគ្រោះថ្នាក់ចរាចរណ៍
ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវចុះទួល
និងផ្លូវកាត់ផ្លូវរថភ្លើង ដោយមូលហេតុយានខូចគាំង
ឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ
អ្នកបើកបរមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ
អ្នកបើកបរត្រូវប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន
ឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រពីខាងក្រោយបាន។
ចំពោះយានដែលមានទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញបានភ្លាមៗនោះត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផ្សេងទៀត
ដោយប្រើសញ្ញាត្រីកោណ និងភ្លើងសញ្ញាអាសន្នព្រមគ្នា
ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច ៣០ ម៉ែត្រពីទំនិញនោះ។
៦-
ក្នុងករណីយាន បម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ
យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច
អ្នកបើកបរមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេសបានគ្រប់ពេលវេលា។
មាត្រា២៩.-
ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម:
១-
ការប្រើប្រាស់សញ្ញាសូរស័ព្ទ "ស៊ីផ្លេ"
ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ
ដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ។
២-
នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ
ត្រូវប្រើផងដែរសម្រាប់ឱ្យដំណឹងនៅពេលសុំជែង។
៣- សញ្ញាសូរស័ព្ទ
ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
៤-
ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ
ការឱ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយភ្លើងកូត ហ្វាឆ្លាស់គ្នា។
៥-
នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត
ហ្វាឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
៦-
ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ
ពន្លត់អគ្គិភ័យយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច
មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា។
៧-
ហាមប្រើស៊ីផ្លេខ្យល់ក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។
មាត្រា៣០.-
ការប្រើភ្លើងសញ្ញា
និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោម:
១- ភ្លើងសញ្ញាពិសេស
គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេកបន្ទោរភ្លឹបភ្លែតៗ វិលជុំវិញនិងមានច្រើនពណ៌
ដែលមានអត្ថន័យដូចខាងក្រោម:
ក- ភ្លើងសញ្ញាពិសេសពណ៌ខៀវ ឬក្រហម
ត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានបម្រើការនគរបាល យោធា
អាវុធហត្ថ ពន្លត់អគ្គិភ័យ
និងសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនៅពេលកំពុងបំពេញភារកិច្ច
ដើម្បីឱ្យដំណឹងពីវត្តមានយានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ខ-
ភ្លើងសញ្ញាពិសេសពណ៌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ
ដូចជាយានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ
និងយានដឹកជញ្ជូនពិសេសដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ
ហើយត្រូវបើកបរក្នុងល្បឿនយឺត។
២- សញ្ញាសូរស័ព្ទពិសេស
គឺជាសញ្ញាសូរស័ព្ទបន្ថែមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព
ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ
ឬពន្លត់អគ្គិភ័យដែលមានបន្ថែមសំឡេងស៊ីរ៉ែនរោទិ៍។
ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបន្ថែមសំឡេងរោទិ៍ពីរដងឡើងចុះៗ។
៣- នៅពេលមានយានអាទិភាព ប្រើភ្លើងសញ្ញា
និងសញ្ញាសូរស័ព្ទពិសេសអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
ត្រូវបន្ថយល្បឿនអែបខាងស្ដាំ ឬឈប់ដើម្បីទុកឱ្យយានទាំងនេះជែងជៀស
ឬឆ្លងកាត់ដោយងាយស្រួល។
ដោយឡែកនៅពេលកំពុងបំពេញភារកិច្ច
អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ:
-
បញ្ច្រាសទិសនៅលើផ្លូវឯកទិស
- នៅពេលភ្លើងសញ្ញាចរាចរណ៍
បញ្ចេញពន្លឺពណ៌ក្រហម
- ក្នុងល្បឿនមិនកំណត់
-
ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
- កាត់ ឬជាន់ខ្សែគំនូសបង្ហូតជាប់។
ទោះបីក្នុងករណីណាក៏ដោយ
អ្នកបើកបរយានប្រភេទនេះ
ត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ចដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ជាដាច់ខាត។
មាត្រា៣១.-
ការបំពាក់សញ្ញាសូរស័ព្ទ
ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត
ក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវហាមឃាត់។ ជំពូកទី៥
ថ្មើរជើង
និងអ្នកជិះ ឬអ្នកដឹកសត្វ
មាត្រា៣២.-
ថ្មើរជើង និងអ្នកអូស
ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍
ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។
ថ្មើរជើង ត្រូវអនុវត្តដូចខាងក្រោម:
១-
ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិញ្ចើមផ្លូវ ឬជាយផ្លូវ
ដែលជាកន្លែងបម្រុងទុកឱ្យថ្មើរជើងទៅមក។
២- អនុញ្ញាតឱ្យ
ប្រើប្រាស់ទ្រូងផ្លូវបើចិញ្ចើមផ្លូវ
ឬជាយផ្លូវគ្មានលទ្ធភាពឱ្យថ្មើរជើងប្រើប្រាស់បាន
ហើយត្រូវដើរឱ្យកៀកជិតចិញ្ចើមផ្លូវតាមទិសចរាចរណ៍។
៣-
គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ
មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។
ថ្មើរជើងត្រូវឆ្លងកាត់តាមគំនូសសញ្ញាសម្រាប់ថ្មើរជើងបើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។
៤- នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់:
-
ថ្មើរជើងត្រូវគោរពធ្វើតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍
ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍
- នៅកន្លែងគ្មានភ្លើងសញ្ញាចរាចរណ៍
ឬគ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ
ត្រូវប្រាកដថាការឆ្លងកាត់នេះពុំបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ
ដោយប្រមាណគិតដល់ភាពមើលច្បាស់នូវចម្ងាយ និងល្បឿនរបស់យាន
ដែលកំពុងរត់លើទ្រូងផ្លូវ។
៥-
នៅកន្លែងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់:
-
ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ
ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន
ឬធ្វើឱ្យមានគ្រោះថ្នាក់អ្វីឡើយ
- នៅពេលឆ្លងកាត់ទ្រូងផ្លូវ
ហាមថ្មើរជើងឆ្លងកាត់កន្លែងប្រសព្វនៃទ្រូងផ្លូវ។ ថ្មើរជើង
ត្រូវឆ្លងកាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបង្អែបង្អង់
ឬឈប់នៅលើទ្រូងផ្លូវបើសិនគ្មានការចាំបាច់។
៦- ហាមកុំឱ្យក្មេងអាយុតិចជាង ៦
ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
៧- ចំពោះជនងងឹតភ្នែកទាំងពីរ
ដែលធ្វើដំណើរលើផ្លូវថ្នល់ និងឆ្លងកាត់ផ្លូវថ្នល់ត្រូវមានអ្នកនាំផ្លូវ។
មាត្រា៣៣.-
ក្បួនដង្ហែផ្សេងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច:
- ត្រូវហែនៅអែបទ្រូងផ្លូវខាងស្ដាំតាមទិសចរាចរណ៍
ហើយត្រូវទុកទ្រូងផ្លូវផ្នែកខាងឆ្វេងឱ្យនៅទំនេរទាំងស្រុង។
-
អាចដើរហែជាក្បួនមានជាពីរបី ឬបួនជួរបាន ដោយប្រមាណដល់ទទឹងទ្រូងផ្លូវ
ហើយត្រូវគោរពបទបញ្ជាចរាចរណ៍។
-
ក្បួនដង្ហែត្រូវកាន់ភ្លើងពណ៌ពិសេសនៅខាងមុន
និងត្រូវកាន់ភ្លើងពណ៌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថ្ងៃ
កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។
មាត្រា៣៤.-
អ្នកជិះ អ្នកដឹកសត្វ
ត្រូវអនុវត្តដូចខាងក្រោម:
១- អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវ
មិនត្រូវបង្កឱ្យមានឧបសគ្គ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
ដោយត្រូវដាក់ចំនួនមនុស្សដឹកឱ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឱ្យទៅ
ឬឈប់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
២- នៅពេលយប់ ឬពេលថ្ងៃ
កាលណាមើលមិនឃើញច្បាស់ អ្នកដឹកសត្វពាហនៈត្រូវប្រើភ្លើងពណ៌សនៅខាងមុខ
និងពណ៌ក្រហមនៅខាងក្រោយ។
៣- ហាមលែងសត្វ ឱ្យដើររហេតរហូតលើផ្លូវថ្នល់។
៤-
សត្វដែលឈប់នៅលើទ្រូងផ្លូវ
មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍។
៥-
នៅក្នុងទីប្រជុំជន អ្នកជិះ ដឹក
ឬបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលទិសដែលខ្លួនកំពុងធ្វើចរាចរណ៍
ដោយអនុវត្តដូចខាងក្រោម:
- ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ
ត្រូវឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស
ត្រូវឈប់ខាងស្ដាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
ជំពូកទី ៦
ករណីមានគ្រោះថ្នាក់ចរាចរណ៍
មាត្រា ៣៥.-
គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍
ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍
នគរបាលចរាចរណ៍ត្រូវខិតខំឱ្យអស់សមត្ថភាពដើម្បី :
១-
រក្សាសណ្ដាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។
២-
ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
៣- ចាត់វិធានការជំនាញ
ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្ដីពីគ្រោះថ្នាក់ចរាចរណ៍។
៤-
រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ។
៥- កត់ត្រាអត្តសញ្ញាណ
និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
៦-
ដោះស្រាយជម្លោះដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះស្របតាមបញ្ញត្តិនៃច្បាប់នេះ។
មាត្រា៣៦.-
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ
ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់
ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម:
១-
បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឱ្យរំខាន
ឬបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
២-
ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍។
៣- ហាមប្រើហិង្សា
ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
៤-
ហាមចាកចេញពីកន្លែងកើតហេតុមុនការព្រមព្រៀងគ្នា
ឬគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍។ មាត្រា៣៧.-
បើគ្រោះថ្នាក់កើតឡើងបណ្ដាលឱ្យខូចខាតតែសម្ភារៈ
ភាគីទាំងពីរអាចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ឡើយ។
មាត្រា៣៨.-
ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ
ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់
ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម:
១-
ត្រូវផ្ដល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍
ដែលនៅជិតកន្លែងកើតហេតុបំផុត។
២- ត្រូវចាត់ចែងជូនព័ត៌មាន
ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។
ហាមអ្នកមានយានជំនិះគ្រប់ប្រភេទបដិសេធដោយឥតសមហេតុផលនូវសំណើជួយសង្គ្រោះនេះ។
៣-
ត្រូវសហការជួយធានាឱ្យមានសន្តិសុខដល់គ្រប់ភាគីពាក់ព័ន្ធ
និងដល់កិច្ចដំណើរការចរាចរណ៍ទូទៅនៅជុំវិញកន្លែងកើតហេតុ។
៤-
ត្រូវជៀសវាងធ្វើឱ្យមានការប្រែប្រួលដល់ទីកន្លែងកើតហេតុ ឬឱ្យបាត់ដាន ឬស្នាម
ដែលជាកត្តាមានប្រយោជន៍ដល់ការស្វែងរកអ្នកទទួលខុសត្រូវក្នុងរឿងគ្រោះថ្នាក់។
៥-
ត្រូវរង់ចាំនៅនឹងកន្លែងកើតហេតុ រហូតដល់ភ្នាក់ងារនគរបាលចរាចរណ៍បានមកដល់។
ហាមអ្នកបង្កគ្រោះថ្នាក់ចាកចោលកន្លែងកើតហេតុមុនបានការអនុញ្ញាតពីភ្នាក់ងារនគរបាលចរាចរណ៍។
មាត្រា៣៩.-
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត
ឬបេសកកម្មទូត ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ
និងរបាយការណ៍ស្ដីពីគ្រោះថ្នាក់នេះផ្ញើទៅក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិដើម្បីចាត់ចែងឱ្យអ្នកតំណាងមកចូលរួមសហការជាមួយភ្នាក់ងារនគរបាលចរាចរណ៍
ដើម្បីពិនិត្យ និងលើកវិធានការសមស្រប។
ជំពូកទី ៧
ការគ្រប់គ្រងយាន
និង ការដឹកជញ្ជូន
មាត្រា ៤០.-
ប័ណ្ណបើកបរជាតិ
និងអន្តរជាតិសម្រាប់យានយន្តគ្រប់ប្រភេទ ត្រូវចេញដោយក្រសួងសាធារណការ
និងដឹកជញ្ជូន។ ក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ
ត្រូវចេញប័ណ្ណបើកបរសម្រាប់អ្នកបើកបរយានយន្តពិសេសបម្រើជំនាញដូចជា រថក្រោះ
រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែអម
ដែលជាទ្រព្យសម្បត្តិរដ្ឋ។
ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាមាន
០៥ ប្រភេទដូចខាងក្រោម:
ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត
និងត្រីចក្រយានយន្តមាន :
ក ១-
សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ ដល់១២៥សង់ទីម៉ែត្រគូប។
ក២-
សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
-ទោចក្រយានយន្តមានសណ្ដោង
និងត្រីចក្រយានយន្ត។
ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩
នាក់ ដោយគិតទាំងអ្នកបើកបរ។
-
រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
-
រថយន្តក្នុងប្រភេទខ នេះ អាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី
០,៧៤ តោន។
ប្រភេទ គ :
សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥ តោន
និងអាចមានសណ្ដោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ប្រភេទ
ឃ : សម្រាប់រថយន្តដឹកអ្នកដំណើរ:
ឃ១: សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី
១០នាក់ ដល់ ២០នាក់ដោយគិតទាំងអ្នកបើកបរ
និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥ តោន។
ឃ ២ :
សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ
និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមា មិនលើសពី០,៧៥ តោន។
ប្រភេទ
ង : សម្រាប់រថយន្តប្រភេទខ គ និង ឃ
មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន
ត្រូវចែកជាបីប្រភេទគឺប្រភេទ ង (ខ) ប្រភេទ ង (គ) និងប្រភេទ ង (ឃ)។
មាត្រា
៤១.-
ល័ក្ខខ័ណ្ឌផ្សេងៗទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម :
១-អ្នកកាន់ប័ណ្ណបើកបរប្រភេទណា
ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមានសិទ្ធិបើកបរយានយន្តពិសេស
និងមានប័ណ្ណបើកបរដែលមានលក្ខណៈពិសេសសម្រាប់តែជនពិការ។
២-អ្នកកាន់ប័ណ្ណបើកបរ
ត្រូវសុំបន្តសុពលភាពឱ្យ បានមុនពេលកំណត់ ដែលប័ណ្ណបើកបរអស់សុពលភាព។
ការមិនបានមកបន្តសុពលភាព ត្រូវទទួលការពិន័យតាមច្បាប់កំណត់។
៣-អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរ
ដូចខាងក្រោម :
-អាយុ ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក១
-អាយុ
១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក២ និង ខ
-អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ
គ និង ឃ១
-អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ ២ និង ង
៤-
អ្នកមានប័ណ្ណប្រភេទ ក២ អាចបើកបរយានយន្តប្រភេទ ក១ បាន។
៥-អ្នកមានប័ណ្ណប្រភេទ
ខ អាចបើកបរយានយន្តប្រភេទ ក១ យានយន្តកសិកម្ម
ឬយានន្ដុប្បករណ៍ដែលមានល្បឿនអតិបរមាមិនលើសពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង
តែមិនអាចបើកបរយានយន្តប្រភេទ ក ២ ឬគ ឬឃ ១ ឬឃ ២ ឬង បានទេ។
៦-ចំពោះអ្នកបើកបរយានយន្ដុប្បករណ៍
ដែលមានល្បឿនអតិបរមាលើសពី ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានប័ណ្ណប្រភេទគ។
៧-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ គ
ត្រូវមានប័ណ្ណបើកបរប្រភេទខ ឬឃ១ សិន។
៨-អ្នកបើកបរយានយន្តប្រភេទគ ឬឃ ១ ឬឃ
២ អាចបើកបរយានយន្តប្រភេទខបាន។
៩-អ្នកមានប័ណ្ណបើកបរប្រភេទគ
មិនអាចបើកបរយានយន្តប្រភេទ ឃ ២ បានទេ ប៉ុន្តែអ្នកមានប័ណ្ណបើកបរប្រភេទ ឃ ២
អាចបើកបរយានយន្តប្រភេទ ខ ឬគ ឬឃ១ បាន។
១០-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ
ឃ១ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ សិន។
១១-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ
ឃ ២ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ ១ សិន។
១២-ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ
ង ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ១ ឬ ឃ ២ សិន។
១៣-អ្នកមានប័ណ្ណបើកបរប្រភេទ
ង អាចមានសិទ្ធិបើកបររថយន្តសណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី
០,៧៥តោន បានទៅតាមប្រភេទប័ណ្ណបើកបរដូចជា ង (ខ) ឬ ង (គ) ឬង (ឃ១) ឬ ង (ឃ២)។
មាត្រា
៤២.-
រយៈពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោម :
១-ប័ណ្ណបើកបរប្រភេទ
ក និង ខ មានសុពលភាពរហូតដល់អ្នកកាន់ប័ណ្ណបើកបរមានអាយុដល់ ៦៥ ឆ្នាំ
ប៉ុន្តែត្រូវពិនិត្យសុខភាព និងពន្យារប័ណ្ណបើកបរក្នុងរយៈពេល ៥ ឆ្នាំម្ដង។
២-ប័ណ្ណបើកបរប្រភេទ
គ ឃ និង ង មានសុពលភាពរយៈពេល ៣ ឆ្នាំ។
អ្នកបើកបរត្រូវពន្យារសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយៈពេល ៣ ឆ្នាំម្ដង
បន្ទាប់ពីការពិនិត្យសុខភាពដែលអនុញ្ញាតឱ្យបើកបរបាន។
៣-ចាប់ពីអាយុ ៦៥
ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណ បើកបរគ្រប់ប្រភេទ
ត្រូវត្រួតពិនិត្យសុខភាព ២ ឆ្នាំម្ដងៗ។
រីឯសុពលភាពនៃប័ណ្ណបើកបរត្រូវពន្យារពេល២ ឆ្នាំម្ដង។
មាត្រា ៤៣.-
គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន
១២ ពិន្ទុ
ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍
ដែលមានដូចខាងក្រោម :
ក-ត្រូវកាត់បន្ថយ ១ ពិន្ទុ :
-
មិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព
-
ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
-
បើកបរជាន់តាមខ្សែគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
-
បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង
-
បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត
-
ការផ្ទុកមនុស្សជិះលើសកំណត់។
ខ-ត្រូវកាត់បន្ថយ ២ ពិន្ទុ :
-
បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង
-
បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន
- ការបត់ឆ្វេង ស្ដាំ
មិនបានត្រឹមត្រូវ
- ការបត់ត្រឡប់ក្រោយ នៅកន្លែងហាមឃាត់
-
ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ
- ការបត់ឆ្វេង ស្ដាំ
ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង
- ការជែង ឬជៀសមិនបានត្រឹមត្រូវ
-
បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ
- បើកបរដោយធ្វេសប្រហែស
ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
-
មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
-
យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ
- ផ្ទុកទំនិញមិនបានត្រឹមត្រូវ
-
ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
- ឈប់
ឬចតនៅលើកន្លែងគំនូសតម្រឹមទ្រូងផ្លូវ
- ដាក់ក្មេងអាយុក្រោម ១០ ឆ្នាំ
ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
-
មិនបានដាក់ក្មេងអាយុក្រោម ៥ ឆ្នាំ អង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ
ឬដេក។
គ-ត្រូវកាត់បន្ថយ ៣ ពិន្ទុ :
- ការឈប់
ឬចតនៅកន្លែងដែលគ្រោះថ្នាក់
- ការជែងដែលប្រកបដោយគ្រោះថ្នាក់
-
បើកបរជែងគ្នានៅកន្លែងហាមឃាត់
- ការប្ដូរទិសគ្មានឱ្យសញ្ញាជាដំណឹង
-
បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្ដាលទ្រូងផ្លូវ
-
បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
-
បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥
ទៅ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ
០,៧៩ក្រាមក្នុងមួយលីត្រឈាម
-
ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត
- កំហុសនៃការឈប់
ឬមិនផ្ដល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់
-
មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម
- មិនគោរពផ្លាកសញ្ញាឈប់
ឬសញ្ញាសិទ្ធិអាទិភាព
- មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។
ឃ-ត្រូវកាត់បន្ថយ
៤ ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩
គីឡូម៉ែត្រក្នុងមួយម៉ោង
-
បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
- ការបើកបរទន្ទឹមគ្នា
-
ការធ្វើឱ្យស្ទះចរន្តចរាចរណ៍
- មិនបានផ្ដល់សិទ្ធិអាទិភាពឱ្យ
យានយន្តមានសិទ្ធិអាទិភាព
- ទំនិញធ្លាក់ពីលើយាន
-
បើកបរបញ្ច្រាសទិសចរាចរណ៍
- បើកបរដែលប្រកបដោយគ្រោះថ្នាក់។
ង-ត្រូវកាត់បន្ថយ
៦ ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០
មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ
ឬមានឥទ្ធិពលគ្រឿងញៀន
- រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
-
ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តក្លែងក្លាយ
-
បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឱ្យ មានអ្នករបួសដោយអចេតនា
-
បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឱ្យ
មានអ្នកស្លាប់ដោយអចេតនាក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុកដូចមានចែងក្នុងចំណុច២.ខ
នៃមាត្រា ៦៥ នៃច្បាប់នេះ
- កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ
-
បដិសេធមិនឱ្យធ្វើតេស្ដជាតិអាកុល ឬគ្រឿងញៀន
-
រត់គេចពីមន្ត្រីនគរបាលចរាចរណ៍
-
ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់។
មាត្រា ៤៤.-
ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ
:
- ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ
-
ក្នុងករណីប្រព្រឹត្តបទល្មើសម្ដង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី ៨ ពិន្ទុឡើយ
- ក្នុងករណីពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ
ប៉ុន្តែបន្ទាប់ពីរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការដកពិន្ទុចុងក្រោយ
អ្នកបើកបរមិនបានធ្វើឱ្យមានកំហុសអ្វីមួយថែមទៀតដើម្បីឱ្យ កាត់បន្ថយពិន្ទុនោះ
អ្នកបើកបរនឹងត្រូវទទួលប័ណ្ណពិន្ទុថ្មីដែលមានចំនួន ១២
ពិន្ទុដោយស្វ័យប្រវត្តិ
- ក្នុងករណីពិន្ទុបានកាត់បន្ថយមួយចំនួនហើយ
ប៉ុន្តែអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល២ថ្ងៃ
ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងការរៀននេះ
ពិន្ទុអាចកើនឡើង ៤ ពិន្ទុ ប៉ុន្តែមិនអនុញ្ញាតឱ្យចំនួនពិន្ទុសរុបលើសពី
១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបង្កើនពិន្ទុក្នុងចន្លោះពេលយ៉ាងតិច ២ ឆ្នាំ
-
ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់
អ្នកបើកបរត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញក្នុងរយៈពេល ៦ ខែ
ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព
-
ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយអ្នកបើកបរបង្កឱ្យមានអ្នករងរបួសធ្ងន់ធ្ងរ
ឬស្លាប់ដោយអចេតនា អ្នកបើកបរអាចរៀន
និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញយ៉ាងតិច ៥ ឆ្នាំ
ក្រោយពីការបង្កឱ្យមានគ្រោះថ្នាក់ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព។
ទម្រង់បែបបទនៃការចេញប័ណ្ណពិន្ទុសម្រាប់ប័ណ្ណបើកបរ
ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៤៥.-
លើកលែងតែមានកិច្ចព្រមព្រៀង
ឬសន្ធិសញ្ញាអន្តរជាតិទទួលស្គាល់ប័ណ្ណបើកបរទៅវិញទៅមក ជាទ្វេភាគី
ឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា
ជនបរទេសដែលជាជនអន្ដោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានប័ណ្ណបើកបររបស់កម្ពុជា
តាមមធ្យោបាយពីរយ៉ាង :
១-ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ។
២-ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន
មកប្ដូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន
និងត្រូវបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោម :
ក-ត្រូវមានលិខិតឆ្លងដែន
និងទិដ្ឋាការមានសុពលភាព។
ខ-ប័ណ្ណបើកបរត្រូវមានសុពលភាព។
គ-មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្ដីបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច។
ឃ-មានលិខិតបញ្ជាក់កាយសម្បទា និងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៦
ខែ។
ង-ក្នុងករណីប័ណ្ណបើកបរមិនសរសេរជាអក្សរអង់គ្លេស
ឬបារាំងត្រូវតែបកប្រែជាភាសាអង់គ្លេស
ឬបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬកុងស៊ុលរបស់ខ្លួន
ឬស្ថាប័នមានសមត្ថកិច្ច។
សុពលភាពប័ណ្ណបើកបររបស់ជនបរទេស
ដែលត្រូវបានប្ដូរមកប័ណ្ណបើកបររបស់កម្ពុជាមានរយៈពេល ១ ឆ្នាំ។
ចំពោះសុពលភាពប័ណ្ណបើកបររបស់ជនបរទេសដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងជនជាតិខ្មែរដែរ។
ក្នុងករណីប័ណ្ណបើកបរជាតិរបស់ជនបរទេសអស់សុពលភាព
សាមីខ្លួនត្រូវធ្វើការប្រឡងទាំងទ្រឹស្ដីទាំងការអនុវត្តន៍ដៃចង្កូតឡើងវិញ។
ជនបរទេសដែលមានប័ណ្ណបើកបរប្រភេទ
គ ឃ និង ង មិនអាចប្ដូរយកប័ណ្ណបើកបររបស់កម្ពុជាប្រភេទ គ ឃ ឬ ង បានឡើយ
ប៉ុន្តែអាចប្ដូរយកប័ណ្ណបើកបរប្រភេទ ក ឬ ខ បាន។
មាត្រា ៤៦.-
គ្រប់សាលាបង្រៀនបើកបរ
ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបង្រៀនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង
និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គ្រប់គ្រូបង្ហាត់នៅសាលារៀនបើកបរ
ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាព ដែលចេញឱ្យដោយក្រសួងសាធារណការ
និងដឹកជញ្ជូន។ ក្រសួងសាធារណការ
និងដឹកជញ្ជូនត្រូវចេញប្រកាសអំពីនីតិវិធីនៃការចេញប័ណ្ណបើកបរ
ការធ្វើអាជីវកម្មសាលាបង្រៀនបើកបរ
ល័ក្ខខ័ណ្ឌប្រឡងយកវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាពរបស់គ្រូបង្ហាត់
និងកម្មវិធីសិក្សានៅសាលាបង្រៀនបើកបរយានយន្ត។
ក្នុងករណីចាំបាច់
ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យគ្រប់សាលារៀនបើកបរឯកជនទាំងអស់។
មាត្រា
៤៧.-
គ្រប់យានយន្ត និងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី ៧៥០ គក្រ
មុននឹងដាក់ឱ្យធ្វើចរាចរណ៍លើផ្លូវថ្នល់
ត្រូវចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត
និងមានពាក់ផ្លាកលេខនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
យានយន្តដែលពុំទាន់ចុះបញ្ជីការសុំប័ណ្ណសម្គាល់ និងគ្មានពាក់ផ្លាកលេខ
ត្រូវផ្ទុកលើយានដែលមានផ្លាកលេខ នៅពេលធ្វើចរាចរណ៍។
គ្រប់រថយន្ត
ទោចក្រយានយន្ត ត្រីចក្រយានយន្ត។