ម្ដាយ គឺជាស្ត្រីអ្នកមានគុណជាអនេកលើកូន។ ក្នុង ១ ជាតិរបស់លោក ដែលលោកខំប្រកបការងារផ្សេងៗនោះ ក៏ដើម្បីជាប្រយោជន៍ដល់កូនប៉ុណ្ណោះ។ បើកូនបានខ្ពស់មុខប្រកបតាមដំបូន្មាន លោករមែងរីករាយចិត្ត ត្រជាក់ចិត្តយ៉ាងក្រៃលែង។ បើកូនអាប់មុខ បានទទួលសេចក្ដីទុក្ខ លោករមែងទទួលទុក្ខជាមួយ។ បើកូនខិលខូច ដើរប្រឡែប្រកោប្រព្រឹត្តអាក្រក់ផ្សេងៗ មិនស្ដាប់បង្គាប់ លោករមែងតែមានសេចក្ដីទុក្ខយ៉ាងធ្ងន់បំផុត។ សេចក្ដីស្រលាញ់របស់លោកចំពោះកូន ជាសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដ។ លោកតែងសន្ដោសដល់កូនជានិច្ច ទុកជាកូនខុសយ៉ាងណា ក៏មិនហ៊ានសម្លាប់កូនដែរ។ សូរសម្លេងដែលកូនហៅថា “ ម៉ែៗ ម៉ាក់ៗ …..” រមែងធ្វើឲ្យចិត្តរបស់លោកទន់ភ្លន់។ សេចក្ដីសុខរបស់លោក តែងនៅត្រង់សេចក្ដីខុសរបស់កូន ទុកជានឿយហត់យ៉ាងណា ក៏ចេះតែទ្រាំទ្របានទាំងអស់ ឲ្យតែកូនបានសេចក្ដីសុខ។ ពាក្យកាព្យខាងមុខនេះ ជាពាក្យថ្ងូររបស់មាតាដែលទុក្ខ យ៉ាងធ្ងន់ចូលមកគ្របសង្កត់សន្ដាត ចិត្តរបស់លោក ក្នុងកាលដែលលោកឃើញកូនប្រព្រឹត្តអាក្រក់ពេក៖
ពាក្យ កាព្យ បទ ពាក្យ ៩ កូនអើយកូន ! នាងបង្ក តែគ្រឿងក្ដៅ ម៉ែប្រដៅ ទូន្មាននាង យ៉ាងនេះឬ ? ម្ដេចវង្វេង ស្រវឹងយស គោះលែងឮ វាយឫកហ៊ឺ ធឺខាងចាយ គ្មានសំចៃ។ មានប៉ុន្មាន ចាយទាល់អស់ លក់ខោអាវ យកលុយប៉ាវ ភឿនមិត្តភក្ដិ គ្រប់យប់ - ថ្ងៃ លុះអស់ទៀត ចេញស្នៀតបោក អ្នកដទៃ ម៉ែនឹងច្នៃ ក៏លែងកើត អស់ផ្លូវកែ។ កាលនៅតូច ម៉ែបីបម ថ្នមល្ងាចព្រឹក គឺផ្ងូតទឹក បំបៅដោះ រាល់ថ្ងៃ - ខែ លុះល្មមរៀន ក៏ឲ្យរៀន តាមហូរហែ ដរាបតែ បានសម្រេច សមបំណង។ តែស្រេចហើយ នាងគ្មានគិត អាណិតម្ដាយ ត្រឡប់ក្លាយ ជាខិលខូច ខុសអ្នកផង គ្មានគិតនឹក នឹងតាំងខ្លួន ពេលណាម្ដង ចិត្តប៉ុនប៉ង តែសប្បាយ ចាយហ៊ឺហា។ បានបុណ្យថ្កើង រឹតតែឡើង ខាងរឹងត្អឹង ម៉ែមិនដឹង ជានឹងគិត កែបែបណា ប៉ុណ្ណឹងហើយ ល្មមឈប់ទៅ ! ស្ដាប់មាតា នាងមេត្តា ដល់ទ្រូងម៉ែ ដែលទុក្ខក្រំ។ គ្រឿងមាសប្រាក់ ម៉ែក៏លក់ ស្ទើរគ្មានសល់ យកលុយផ្ដល់ ឲ្យកូនរៀន លុះដល់ធំ ឯលុយថ្មី ដែលម៉ែរក ដោយខិតខំ ទុកសន្សំ គ្រាន់ការពារ នាគ្រាក្រ។ ទាំងប្អូននាង ក៏នៅតូច ត្រូវពឹងម៉ែ ម៉ែត្រូវតែ ថែទាំវា ជាបន្ត បែងប្រាក់កាស ដែលម៉ែបាន ដោយកម្រ ខំបង្ក តទៅទៀត ទំរាំស្លាប់។ ម៉ែប្រាថ្នា សរសើរគុណ បុណ្យកូនឯង ដោយនឹកក្រែង ថាកូនម៉ែ មិនឱនអាប់ គង់ថ្កើងយយស ខ្ពស់ឋានៈ យ៉ាងចំណាប់ ប្រព្រឹត្តិច្បាប់ ត្រូវបំណង នៃមាតា។ បើនាងល្អ ទើបម៉ែបាន ក្ដីសប្បាយ ការនឿយណាយ ដែលម៉ែទ្រាំ ចិញ្ចឹមបា គឺផ្ងូតទឹក បំបៅដោះ ទោះយ៉ាងណា គង់តែវា រសាយបាត់ ពីសន្ដាន។ នាងនឹងបាន ជាសិរី នៃភ្នែកម៉ែ មិនចាំតែ ថែចិញ្ចឹម ម៉ែប៉ុន្មាន គ្រាន់តែលះ ក្ដីអាក្រក់ ពីក្នុងប្រាណ គង់រាប់បាន ថាចិញ្ចឹម ចិត្តម៉ែហើយ។ ពុទ្ធោអើយ ! ម៉ែធ្លាប់តែ សរសើរបា តាំងចិត្តថា នឹងនាំកូន ឲ្យដល់ត្រើយ តែកូនគ្មាន បំណងល្អ ដល់ម៉ែឡើយ កូនម៉ែអើយ ! នាងកកម្ម ខ្លួនឯងទេ។ កូនអើយកូន ! ម៉ែបានគិត មកខុសសោះ ពីដើមនោះ ម៉ែសរសើរ បុណ្យបុព្វេ ថាបាននាង ជាកូនប្រុស រៀនដូចគេ ឥឡូវ … ទេ ! នាងច្រានម៉ែ ចោលចេញឆ្ងាយ។ ម៉ែឆ្ងល់ណាស់ ! នាងសិក្សា បានច្រើនដែរ ម្ដេចក៏បែរ ជាអាក្រក់ ឱ ! គួស្ដាយ ! ចេះច្រើនណាស់ រឹតខូចណាស់ គ្មានរសាយ ហាក់ដូចម្ដាយ ឲ្យកូនរៀន រងទុក្ខភ័យ។ ម៉ែធ្វើបុណ្យ ខំជ្រួចទឹក ផ្សាយកុសល ឧទ្ទិសផល សុំឲ្យកូន បានប្រពៃ លះអាក្រក់ ប្រព្រឹត្តល្អ តាមវិន័យ ម៉ែរំពៃ ត្រៀមខ្លួនចាំ ទទួលបា។ បើកម្មធ្ងន់ មិនបាត់ខូច ក្នុងជាតិនេះ ជាតិមុខអេះ ចូរកូនល្អ ណា៎កូនណា៎ ! កើតជាកូន ម៉ែទៀតចុះ ម៉ែមិនថា ម៉ែស្នេហា ស្មើដួងចិត្ត នៃម៉ែអើយ !!!
ចំណែកសេចក្ដីស្រលាញ់របស់កូនចំពោះមាតាវិញ ច្រើនតែជាសេចក្ដីស្រលាញ់ក្លែងក្លាយមិនសូវពិតប្រាកដ ផ្ទុយអំពីសេចក្ដីស្រលាញ់របស់មាតា។ បើកូនមានទុក្ខ ម្ដាយរមែងបញ្ជូនដៃជើងចូលទោជួយភ្លាម ដោយឥតទាមទារសាគុណអ្វីឡើយ ឮពោលម្យ៉ាងទៀតថា មាតាតែងមានគំនិតគិតដល់កូនជានិច្ច។ ឯកូនវិញ មិនសូវមានចិត្តដូច្នោះទេ ច្រើនតែនឹកឃើញដល់មាតា ចំពោះតែពេលខ្លះ សម័យខ្លះប៉ុណ្ណោះ ត្រូវនឹងសុភាសិតខ្មែរថា “ ម្ដាយនឹកកូនដូចច្រវាប្រដេញ , កូននឹកម្ដាយវិញដូចព្រះប្រែកាយ ” ។ កាលកូន នៅតូច ពេលដែលមាតាទំនុកបំរុងគ្រប់ប្រការនោះ គ្មានឮពាក្យរបស់មាតាថា “ កូនអញជំពាក់អញប៉ុណ្ណេះ - ប៉ុណ្ណោះ ” ឡើយ។ តែកាលកូនធំពេញរូបរាងឡើងហើយ ត្រឡប់ជាច្រើនតែឮពាក្យរបស់កូនថា “ ម៉ែអញជំពាក់អញ ប៉ុណ្ណេះ - ប៉ុណ្ណោះ ” ដូច្នោះទៅវិញ។ ទាំងការប្រព្រឹត្តរបស់កូនចំពោះមាតា ទៀតសោតក៏មិនទៀងទាត់ ព្រោះគំនិតកូនមិនមែនពឹងផ្អែក ជឿ ទុកចិត្ត ស្មោះត្រង់ចំពោះមាតាដោយស្មោះអស់ពីចិត្ត គ្រប់តែពេលទេ ចួនកាលមានពេលខ្លះ ដាក់ម្ដាយថាអន់ជាងខ្លួនទៀតផង។ សេចក្ដីខាងមុខនេះ ជាគំនិតរបស់កូនដែលកើតឡើងតាមខណៈៗ …
— ក្នុង ( ១ ) រវាងអាយុ ១១ ឆ្នាំ៖ “ ម៉ែអញនេះវិសេសណាស់ ការអ្វីក៏គាត់ដឹងទាំងអស់ ” ។ —ក្នុងរវាងអាយុ ១៦ ឆ្នាំ៖ “ បើតាមពិត ម៉ែអញមិនមែនវិសេសគ្រប់យ៉ាងដូចអញនឹកស្មាននោះទេ , មែនហើយ ! នឹងថាដឹងគ្រប់យ៉ាងទៅក៏មិនត្រូវ ” ។ —ក្នុងរវាងអាយុ ១៩ ឆ្នាំ៖ “ ម៉ែអញតែងនឹកសំគាល់ថាខ្លួនគាត់ត្រូវជានិច្ច តែបើតាមការពិត គ្មានចេះដឹងអ្វីច្រើនប៉ុន្មានទេ អញចេះដឹងវែងឆ្ងាយទូលាយជាងគាត់ ” ។ —ក្នុងរវាងអាយុ ២២ ឆ្នាំ៖ “ ម៉ែអញដូចជាប៉ិនតែខាងមិនចូលចិត្តនឹងមនុស្សកំឡោះក្រមុំប៉ុណ្ណោះ ដូចជាត្រាំត្រែងនៅក្នុងសម័យចាស់ហួសពេក រឿងអ្វីក៏មិនដឹងដែរ ” ។ —ក្នុងរវាងអាយុ ៣០ ឆ្នាំ៖ “ បើពោលតាមពិតទៅ ម៉ែអញបញ្ចេញមតិអ្វីៗ បានល្អជាច្រើនប្រហែលនឹងអញដែរ ” ។ —ក្នុងរវាងអាយុ ៥០ ឆ្នាំ៖ “ ម៉ែអញវិសេសមែនៗ ការអ្វីៗ ក៏ពូកែទាំងអស់ មើលហេតុការណ៍ខាងមុខក៏ឃើញបានយ៉ាងច្បាស់លាស់ , នឹងធ្វើ និយាយ គិតអ្វីក៏ត្រូវនឹងពេលវេលា ; ឱ ! ម៉ែអើយម៉ែ !” ។
ព្រះ មហាឧត្តមវិជ្ជា ប៉ឹង – ប៉ម
( ១ ). គំនិតកូនទាំងអស់នេះ , ស្រង់ចេញពីកាសែតថៃឈ្មោះ ប្រជាករ , ថ្ងៃចន្ទ ២ មករា ព . ស . ២៤៩៣ , ទំព័រ ៩។
( ដកស្រង់ចេញពី ទស្សនាវដ្ដីមិត្តសាលាបាលីឆ្នាំទី៣ លេខ ៤ , ៥ , ៦ ។ បានបោះពុម្ពនៅឆ្នាំ ១៩៥២ )
comments