នៅធ្វើគ្រាន់បើ
ប្រពន្ធ និង ខ្លា
គឺ ឪពុកខ្ញុំ
ក្លាយ ជាអ្នកមាន ព្រោះតែបាល់
សងសឹក
កំពូល អ្នកនិយាយ រឿងកំប្លែង
គាត់ចូលចិត្តអ្វី?
ការ សន្ទនាគ្នារវាង Bill Gates ជាមួយ Steve Jo...
អាចោរម្រាយ
មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“ 7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? តែទោះជាយ៉ាងណា Sabay នៅតែជឿជាក់ថា មានយុវវ័យមួយចំនួនមិនទាន់បានអាននៅឡើយទេ! ដូចនេះ Sabay នឹងសង្ខេបអត្ថន័យ ក៏ដូចជាលើកយកទម្លាប់ទាំង៧ មកបង្ហាញជូនដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖
ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive)
ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។
ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind)
អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួន របស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។
ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First)
អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ ដោយរក្សាតុល្យភាពរវាងផលិតផល និងការកសាងសមត្ថភាពផលិតភាព។ អ្វីដែលអ្នកត្រូវគិតក្នុងចំណុចនេះ គឺ កំណត់តួនាទីចម្បងរបស់អ្នក ដែលត្រូវបំពេញ និងបែងចែកពេលវេលាសម្រាប់កិច្ចការទាំងនោះឲ្យបានម៉ត់ចត់។
សូមពិចារណាលើកិច្ចការដែលអ្នកត្រូវបំពេញតាមរយៈតារាងខាងក្រោម៖
កិច្ចការ | បន្ទាន់ | មិនបន្ទាន់ |
សំខាន់ | កាដ្រង់ទី ១អាច ជាវិបត្តិ បញ្ហាសំពាធ ឬគម្រោងដែលមានកាលកំណត់… | កាដ្រង់ទី ២អាច ជាការការពារ ការបង្កើតទំនាក់ទំនង ការចាប់យកឱកាស ឬគម្រោងថ្មី… |
មិនសំខាន់ | កាដ្រង់ទី ៣អាចជា ការរំខាន ទូរស័ព្ទ អ៊ីមែល ការប្រជុំ ធ្វើរបាយការណ៍… |
ទម្លាប់ទី ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ
ស្វែងរកការព្រមព្រៀង និងទំនាក់ទំនងណាដែលអាចទទួល អាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ក្នុងករណីខ្លះដែលអ្នកពិបាកប្រើយុទ្ធសាស្ត្រនេះ សូមទទួលយកការពិតដែលមិនអាចធ្វើទៅបាន ដែលនេះគឺជាជម្រើសប្រសើរបំផុត។ ដូចគ្នាដែរ ក្នុងការពង្រឹងទម្លាប់ល្អនៅក្នុងស្ថាប័នមួយ គឺត្រូវប្រាកដជាដំណោះស្រាយឈ្នះ-ឈ្នះ មិនមែនឈ្នះ-ចាញ់នោះទេ។
ទម្លាប់ទី ៥៖ យល់ពីគេ និងធ្វើឲ្យអ្នកដទៃយល់ពីអ្នក(Seek First to Understand, Then to Be Understood)
ព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នក។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាពគឺមិនមែនគ្រាន់តែស្ដាប់នូវ អ្វីដែលអ្នកផ្សេងនិយាយចេញដោយយើងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះ ទេ តែគប្បីដាក់ខ្លួនអ្នកគិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។
ទម្លាប់ទី ៦៖សាមគ្គីជាកម្លាំង (Synergize)
តាមរយៈទំនាក់ទំនងដ៏គួរជឿជាក់ អ្នកគួររិះរកវិធី បង្ហាញពីភាពខ្លាំងដាច់ដោយឡែករបស់អ្នកនៅផ្នែកណាមួយ។ តាមរយៈការជឿជាក់ និងការយល់គ្នាទៅវិញទៅមក ប្រាកដជាអាចដោះស្រាយទំនាស់ និងអាចស្វែងរកដំណោះស្រាយប្រសើរមួយ ជាជាងការទទួលយកដំណោះស្រាយតែម្ខាងណាមួយ។
ទម្លាប់ទី ៧៖ សំលៀងរណា(Sharpen your Saw)
ដកពេលវេលាពីការខិតខំផលិត ទៅកសាងសមត្ថភាពផលិត ដោយផ្អែកលើ ការផ្លាស់ប្ដូរថ្មីរបស់អ្នក ដូចជា ផ្នែករាងកាយ ការគិត អារម្មណ៍ និងទំហំផ្លូវចិត្តរបស់អ្នក ។ សូមចងចាំថាអ្នកចង់បានសមិទ្ធិផលដែលមានគុណភាពមិនមែនតែបរិមាណទេ៕
ស្រ្តីដែលប្រកបដោយលក្ខណៈ៣១យ៉ាងហៅថាស្រីគ្រប់លក្ខណ៍ៈ
១. មិនចេះអេចអូចនិយាយដើមគេ។
២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី។
៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង។
៤. មិនចេះដេកថ្ងៃ។
៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ។
៦. ចេះថែទាំរបស់ទ្រព្យ។
៧. មិនផិតក្បត់ស្វាមី។
៨. មិនចេះប្រច័ណ្ឌស្វាមី។
៩. គ្មានកលមាយា។
១០. មិនរំសាយសក់ឲគេឃើញ។
១១ . មានចិត្តអត់ធន់ធ្ងន់ធ្ងរ។
១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង។
១៣. មិនឈរឬអង្គុយសំញែងកាយឲគេឃើញ។
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង។
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម។
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ។
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ។
១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា។
១៩. មិនចេះឡេះឡោះលេងសើច។
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី។
២១.មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ។
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ។
២៣. ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់។
២៤. ចេះរៀបចំផ្ទះសំបែង។
២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ។
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ។
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា។
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា។
២៩. ដេកលក់ក្រោយស្វាមី។
៣០. ភ្ញាក់មុនស្វាមី។
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។
ស្ត្រីដែលប្រកបដោយលក្ខណៈគ្រប់ពេញទាំង៣១នេះ ហៅថាស្រីគ្រប់លក្ខណ៍ បើមិនពេញទេមានខ្វះខាតខ្លះហៅថាស្រីខាតលក្ខណ៍ បើមានត្រង់នេះខ្លះត្រង់នោះខ្លះរដាច់រដោចហៅថាស្រីដាច់លក្ខណ៍ឬ មីកំដាច់លក្ខណ៍។
(ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ប្រចាំគ្រួសារ និពន្ធដោយលោក សុង ស៊ីវ បោះពុម្ពផ្សាយឡើងវិញដោយ គីម ប៊ុនថន)
១. សុៈ ស្តាប់
២. ចិៈ គិត
៣. បុៈ សួរ
៤. លិៈ កត់
ដកស្រង់ចេញពី សៀវភៅប្រជុំវប្បធម៌
១. ថ្ងៃអាទិត្យ ពណ៌ក្រហម
២. ថ្ងៃចន្ទ ពណ៌លឿងទុំ
៣. ថ្ងៃអង្គារ ពណ៌ស្វាយ ៤. ថ្ងៃពុធ ពណ៌ស៊ីលៀប
៥. ថ្ងៃព្រហស្បតិ ពណ៌បៃតង
៦. ថ្ងៃសុក្រ ពណ៌ខៀវ
៧. ថ្ងៃសៅរ៍ ពណ៌ព្រីងទុំ
ដកស្រង់ចេញពីសៀវភៅប្រជុំវប្បធម៌របស់ ឡុង ផ្លែង
បុរសដែលប្រកបដោយលក្ខណៈ ២៦ យ៉ាងហៅថាប្រុសគ្រប់លក្ខណ៌គឺៈ
១. ឧស្សាហ៍ខ្នះខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន
២. មិនចេះលួចប្លន់កេងកិបឆរបោក
៣. មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
៤. មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
៥. មិនកុហកភូតភរ ឲលើសពីការពិត
៦. មិននិយាយត្រាប់ឲអៀនខ្មាស់
៧ . បានឮដំណឹងហើយវិនិច្ឆ័យសិន ទើបជឿជាក្រោយ
៨. ធ្វើការមិនរួសរាន់ពេកមិនយឺតយូរពេក
៩. មិនចេះនិយាយបំភ្លើសសើចលេង
១០. ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ
១១. មានថ្នាំកែរោគបំរុងទុកមិនឲខ្វះពេលត្រូវការ
១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
១៣. មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
១៤. មានចិត្តអត់ធន់តស៊ូមិនញ៉ាក
១៥. មានភក្តីភាពចំពោះចៅហ្វាយនាយ
១៦. មិនចេះឡឹកឡក់ចំពោះស្រីក្រមុំ
១៧. ស្គាល់ចំនេញស្គាល់ខាត
១៨. រកប្រដាប់តុបតែងខ្លួនឲភរិយាបុត្រធីតា និងខ្លួនឯង
១៩. មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
២០. ដឹងគុណ តបគុណ សរសើរគុណ នៃអ្នកមានគុណ
២១. គោរពតាមឱវាទ មាតាបិតាញាតិមិត្រ និងអ្នកប្រាជ្ញ
២២. ចេះអត់ទ្រាំស្តាប់ នូវពាក្យដែលគេស្តីបន្ទោសប្រដៅ
២៣. មានកាយវាចា សមរម្យមិនឆ្គង
២៤. ឲដំណឹងមនុស្សក្នុងផ្ទះហើយ ទើបចេញទៅ
២៥. ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
២៦. ខឹងឆាប់បាត់មិនចងកំហឹងទុក៕
បុរសដែលប្រកបដោយលក្ខណៈគ្រប់ពេញទាំង ២៦ ហៅថាប្រុសគ្រប់លក្ខណ៍ បើមិនពេញលេញទេ មានខ្វះខាតខ្លះ ហៅថាប្រុសខាតលក្ខណ៍ បើមានតែត្រង់នេះខ្លះត្រង់នោះខ្លះរដាច់រដោច ហៅថាប្រុសដាច់លក្ខណ៍ ឬអាកំបាក់ទន្សា។
(ដកស្រង់ចេញពី សៀវភៅ សុជីវធម៌ប្រចាំគ្រួសារ ដោយ លោក សុង ស៊ីវ)
ប្រភពដើម សាលារៀន
ល្បិច ដុតឲច្រឡោត បញ្ឆោតឲខឹង សំដៅទៅលើប្រើ ពាក្យសំដី ឬសកម្មភាពអុជអាលធ្វើឲគេខឹងសម្បា ដើម្បីសម្រេចតាមបំណងរបស់ខ្លួន។ ល្បិចនេះ អនុវត្តន៍មានប្រសិទ្ធភាពចំពោះមនុស្សឆេវឆាវតក់ក្រហល់ មនុស្សនឹងធឹងអត់ធ្មត់ គេពិបាកដុតឲខឹងណាស់។ ឧទាហរណ៍ មនុស្សដូច ចាវ ឆាវ ពូកែសង្ស័យច្រើន មិនងាយជឿសំដីគេឡើយ ល្បិចបែបនេះមិនអាចប្រើការបានឡើយ បែរជាអាចកាំបិតចិតដងឯងវិញ។ ល្បិចដុតឲខ្លោច របស់ ខុង ម៉េង ពិតជាពូកែដល់កំពូល អាចអុជអាលទាល់តែ ចូវ យី ខឹងស្លាប់ ជេស្តេចឡាង ច្រឡោតទាល់តែក្ស័យជីវ៉ា តែមកប៉ះជាមួយ ស៊ីម៉ាអ៊ី ក៏ទាល់តំរិះ។ ប្រវត្តិពិតសម័យ ចាន់គួក (៤៧៥ មុនគ.ស ដល់២២១ មុនគ.ស)នគរឈីន មានអំណាចនិងកម្លាំងខ្លាំងជាងគេ ជាញឹកញាប់តែងតែឈ្លានពាននគរជិតខាង។ អ្នកនយោយបាយដ៏កំពូលនាសម័យនោះ គឺឧបរាជ ស៊ូ ឈីង កំពុងរិះរកមធ្យោបាយដើម្បីចងសម្ព័ន្ធភាពជាមួយនគរទាំងប្រាំមួយ គឺ នគរឈី ឈូ យាន ចាវ ហាង និង ខួយ រួមគ្នាជាធ្លុងមួយដើម្បីទប់ទល់នឹងនគរឈីនដ៏ខ្លាំងពូកែ។ ពេលបញ្ចុះបញ្ចូលនគរយាននិងនគរចាវបានហើយ ប្រុងចេញដំណើរទៅកាន់នគរខួយ ស្រាប់តែទទួលដំណឹងថា នគរឈីងកំពុងរៀបចំទ័ពប្រុងឈ្លានពាននគរចាវ។ ដំណឹងនេះធ្វើឲឧបរាជ ស៊ូ នឹកខ្វល់ខ្វាយយ៉ាងខ្លាំង គិតថាផែនការចងសម្ព័ន្ធភាពនគរទាំងប្រាំមួយរបស់ខ្លួន ពិតជាត្រូវបរាជ័យ។ ភ្លាមនោះ ក៏នឹកឃើញមធ្យោបាយមួយ សម្រេចថាត្រូវជ្រើសរើសមនុស្សម្នាក់ជាទីទុកចិត្តឲទៅនគរឈីន លៃយ៉ាងណាជ្រៀតចូលក្នុងនគរឈីនកាន់កាប់តួនាទីធំឲបាន។ តើអ្នកណាដែលត្រូវជ្រើសរើសឲទទួលភារកិច្ចដ៏ធ្ងន់ធ្ងរនេះ? លោកឧបរាជ អង្គុយរិះគិតយ៉ាងយូរ ទើបនឹកឃើញមនុស្សម្នាក់ គឺ ចាង យី ដែលជាមិត្តរួមថ្នាក់របស់ខ្លួន។ ភ្លាមនោះក៏ហៅអ្នកជំនិត ពី សេង មកជួបរប្រាប់ពីគំនិតរបស់ខ្លួនហើយនិយាយថាៈ យើងមាន សិស្សរួមថ្នាក់ម្នាក់ឈ្មោះ ចាង យី ឥឡូវនេះ កំពុងរស់នៅក្នុងនគរខួយ។ យើងឲមាសឯងមួយពាន់តម្លឹង ទៅអនុវត្តកិច្ចការ។ ឯងត្រូវក្លែងខ្លួនជាអ្នកជំនួញ ដូរឈ្មោះថា ជាស៊ី ហើយធ្វើដំណើរទៅកាន់នគរខួយ។ នៅពេលបានជួប ចាង យី ហើយត្រូវធ្វើបែបនេះឬបែបនោះ។ ពេលដែលត្រឡប់មកកាន់នគរ ចាវ វិញ ត្រូវអនុវត្តយ៉ាងនេះឬយ៉ាងនោះ។ រាល់កិច្ចការត្រូវប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឲសោះ។ ជាស៊ី ទទួលបញ្ជាហើយ ក៏ចេញដំណើរទាំងយប់ទៅកាន់នគរខួយ។ ពេលនោះ ចាងយី ទើបទទួលការមាក់ងាយពីស្តេចឈូ ស្នាមរបួសទើបជាសះ ក៏ត្រឡប់ទៅកាន់នគរខួយវិញ សម្ងំខ្លួនពួនអាត្មានៅតែក្នុងផ្ទះ។ ជាស៊ី ក៏បានទៅដល់នគរខួយចំពេលដែល ចាងយី មានបំណងចង់ទៅជួប លោកឧបរាជ ស៊ូ ឈីង នៅនគរចាវដែរ។ ចៃដន្យក៏បានជួបគ្នា។ លុះជជែកគ្នា ដឹងថាជននេះមកពីនគរ ចាវ ទើប ចាងយី សួរៈ ឮថា ឧបរាជថ្មីរបស់នគរចាវឈ្មោះ លោកឧបរាជស៊ូ ឈីង មែនទេ? មែនហើយលោកប្រុសស្គាល់ឧបរាជស៊ូដែរឬ? ជាមិត្តភក្តិឬនៅស្រុកកំណើតជាមួយគ្នា? ជាស៊ីសួរ។ មិនត្រឹមតែជាមិត្តរួមថ្នាក់ទេ ថែមទាំងជាបងប្អូនធម៌ទៀតផង។ ចាងយី តបដោយរួសរាយ។ មែនឬ?ខ្ញុំពិតជាខ្វះការគួរសមជាមួយលោកប្រុសពេកណាស់ ដែលលោកជាមិត្តភក្តិជិតស្និទ្ធរបស់លោកឧបរាជ។ បើមានទំនាក់ទំនងល្អបែបនេះដែរ ម្តេចមិនទៅជួបគាត់រកកិច្ចការតិចតួចគ្រាន់នឹងធ្វើ។ ជាស៊ី និយាយយ៉ាងគោរពហើយបន្តៈ ពេលនេះកិច្ចការរកស៊ីរបស់ខ្ញុំចប់ល្មម គឺត្រូវត្រឡប់ទៅវិញ។ បើលោកប្រុសមិនយល់ទាស់ទេ រួមដំណើរទៅជាមួយគ្នាតែម្តងទៅយ៉ាងម៉េចដែរ? ល្អដែរចំគំនិតដែល ចាងយី កំពុងគិត ក៏ឆ្លើយបាទតែម្តង។ រួចហើយគេក៏រួមដំណើរជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយមកក៏ទៅដល់ទិសដៅដូចប្រាថ្នា។ មកដល់ក្រុង ជាស៊ី យកលេស ថាជាប់រវល់ការងារ ហើយថាផ្ទះរបស់ខ្លួននៅក្បែរៗនោះដែរ ក៏ទុកឲ ចាងយី ស្នាក់នៅផ្ទះសំណាក់។ ថ្ងៃបន្ទាប់ ចាងយី ក៏ធ្វើដំណើរទៅកាន់សំណាក់ឧបរាជ ស៊ូឈីង ដើម្បីសុំជួបតែអ្នកយាមមិនបានបញ្ជូនដំណឹងនេះទៅក្នុងសំណាក់ទេ មិនអនុញ្ញាតឲចាងយី ចូលទៅក្នុង តែក៏មិនឲត្រឡប់ទៅវិញដែរ។ បន្តបន្ទាប់ក្នុងសភាពបែបនេះជាច្រើនថ្ងៃ រហូតដល់ថ្ងៃទីប្រាំមួយទើបអ្នកយាមបញ្ជូនដំណឹងនេះទៅខាងក្នុង សំណាក់។ តែអ្នកយាមខាងក្នុងប្រាប់ថា កិច្ចការរបស់លោកឧបរាជមមាញឹកណាស់ ឲប្តូរថ្ងៃជួបទៅថ្ងៃក្រោយវិញ។ ចាងយី ក៏រង់ចាំបែបនេះអស់ជាច្រើនថ្ងៃថែមទៀត តែគ្មានដំណឹងរហូត ឯសាហ៊ុយក៏កាន់តែខើច ខឹងខ្លាំងណាស់ថានឹងត្រឡប់ទៅវិញ តែម្ចាស់ផ្ទះសំណាក់ក៏មិនអនុញ្ញាតឲត្រឡប់ទៅវិញដែរ ដោយនិយាយថាៈលោក ប្រុសបានជាមកហើយ ទ្រាំចាំប៉ុន្មានថ្ងៃទៀតទៅគង់តែបានជួបទេ។ បើសិនជាលោកប្រុស ស្រាប់តែចាកចេញទៅបាត់បែបនេះ ពេលដែលលោកឧបរាជអនុញ្ញាតឲចូលជួប តើឲខ្ញុំដោះស្រាយយ៉ាងណាទៅវិញ? ដូច្នេះទោះត្រូវចាំមួយឆ្នាំឬកន្លះឆ្នាំ ក៏ខ្ញុំមិនអនុញ្ញតឲលោកប្រុសចាកចេញទៅដែរ។ ចាងយី ទាល់គំនិត ក៏សុខចិត្តទ្រាំស្នាក់នៅតទៅទៀតទាំងចិត្តធុញថប់ ទោះចង់ទៅរក ជាស៊ី ក៏គ្មានអ្នកណាស្គាល់។ ច្រើនថ្ងៃកន្លងផុតទៅ ចាងយី ទ្រាំលែងបាន ក៏ដើរសំដៅទៅសំណាក់លោកឧបរាជ ដើម្បីសុំលា។ ពេលនោះទើបមានការអនុញ្ញាតឲចូលជួប គឺជួបនៅថ្ងៃស្អែក។ ស្អែកឡើង ចាងយី ស្លៀកពាក់យ៉ាងសមរម្យ ចូលជួបឧបរាជតាំងពីព្រលឹម តែត្រូវអ្នកយាមឃាត់ ដោយនិយាយយ៉ាងក្រអឺតថាៈ លោកឧបរាជកំពុង តែជាប់រវល់ យ៉ាងម៉េចចាំបន្តិចមិនបានទេឬ? ចាងយី ក្តៅឥតឧបមា ឈរចាំយ៉ាងមួហ្មង។ ក្រឡេកមើលទៅមន្រ្តី ចេញចូលមិនដាច់។ ពេលជិតថ្ងៃត្រង់ទើបឮគេហៅឲចូលជួប។ ចាងយី គិតថា ឧបរាជ ស៊ូឈីង នឹងមកទទួលដោយផ្ទាល់ តែបែជាខកបំណង ដោយលោកឧបរាជអង្គុយធ្វើព្រងើយ រួចសួរយ៉ាងសោះកក្រោះថា សុខ សប្បាយជាទេ? ចាងយី ខឹងឡើងបែកផ្សែង ហើយមិនអើពើនឹងសំដី ស៊ូឈីង។ ដល់ពេលអាហារថ្ងៃត្រង់ល្មម ស៊ូឈីង ក៏និយាយទៅកាន់ ចាងយី ថា កិច្ចការ យើងមមាញឹកពេកធ្វើឲឯងចាំយូរ ឥឡូវគិតបាយទឹកសិន ហើយយើងមានរឿងខ្លះនិយាយជាមួយឯង។ រួចក៏ឲអ្នកបំរើរៀបតុ ឲចាងយីនៅខាងក្រោម ចំណែកខ្លួនអង្គុយខាងលើដដែល។ ចាងយី ឃើញម្ហូប ស៊ូឈីង សុទ្ធតែស្រាឆ្ងាញ់ ម្ហូបឆ្ងុយ គ្រឿងសមុទ្រ ចំណែកខ្លួន គឺសម្លទឹកមួយមុខ គោកមួយមុខ បាយវិញចង់ធំក្លិនបាវទៅហើយ។ ដោយគ្មានជំរើសព្រោះជំពាក់ប្រាក់ផ្ទះសំណាក់ច្រើនផង ចាងយី បរិភោគទាំងខឹងផងខ្មាសផង កែវភ្នែកទាំងគូឡើងក្រហមស្ទើរឆេះ។ ឧបរាជស៊ូ ក៏បញ្ជាៈ សូមអញ្ជើញភ្ញៀវឡើងមកជួប។ ចាងយី ក៏ងើបឈរឃើញ ស៊ូឈីង នៅអង្គុយធ្វើព្រងើយនៅខាងលើ ពិតជាទប់កំហឹងលែងបានហើយ ក៏បោះជំហានទៅចង្អុលមុខឧបរាជ ស៊ូឈីង ដោយពាក្យអសុរោះសព្វបែបយ៉ាង។ ចាងយី ត្រឡប់មកផ្ទះសំណាក់វិញពោរពេញដោយកំហឹង និងមិនបានផលប្រយោជន៍អ្វីមកជាប់ខ្លួនសោះ។ ពេលមកដល់ផ្ទះសំណាក់វិញ ជួនជា ជាស៊ី មកដល់ល្មម ក៏រ៉ាយរ៉ាប់គ្រប់រឿងរ៉ាវប្រាប់ ហើយថាខ្លួននឹងទៅកាន់នគរឈីន ព្រោះក្នុងចំណោមនគរទាំង៧ ឈីនមានអំណាចខ្លាំងជាងគេ មានកម្លាំងអាចវៃនគរចាវបាន។ បើសិនជានគរឈីន ត្រូវការខ្លួនជាចាំបាច់ ខ្លួនពិតជាលើកទ័ពមកវាយនគរចាវពុំខាន សឹងសឹកគំនុំដែល ស៊ូឈីង មើលងាយខ្លួន។ ជាស៊ី ក៏ចូលរួមដំណើរទៅនគរឈីន ជាមួយ ចាងយី ដោយក្លែងថាទៅសួរសុខទុកបងប្អូន។ ជាស៊ី ជួយចេញថ្លៃផ្ទះសំណាក់ឲហើយក៏ចេញដំណើរទៅ។ ទៅដល់នគរឈីន ជាស៊ី ជួយផ្តល់ប្រាក់និងទំនុកបំរុង ចាងយី សព្វបែបយ៉ាង ដើម្បីធ្វើសកម្មភាពទំនាក់ទំនង។ មិនយូរប៉ុន្មាន ចាងយី ក៏ទទួលបានការពេញចិត្តពីស្តេចឈីន តែងតាំងជាទីប្រឹក្សាពិសេស រួមពិភាក្សារាល់កិច្ចការធំៗរបស់កងទ័ព។ ពេលនោះ ជាស៊ី ក៏សុំលា ចាងយី ត្រឡប់ទៅផ្ទះវិញ។ ចាងយី ក៏និយាយថាៈ ខ្ញុំមានថ្ងៃនេះ ក៏អាស្រ័យលើការជួយជ្រោមជ្រែងរបស់លោកទាំងអស់។ ខ្ញុំគិតថានឹងសងគុណលោកវិញ។ យ៉ាងម៉េច បានជាប្រញាប់ចង់ទៅផ្ទះវិញហើយ? ជាស៊ី សើចហើយនិយាយថាៈ គួរតែសងគុណមិត្តរួមថ្នាក់លោកវិញទៅ! ទើបរៀបរាប់ ប្រាប់ ចាងយី នូវអ្វីដែលឧបរាជស៊ូ ឲគេធ្វើ។ ស្តាប់ចប់ ចាងយី ភ្ញាក់ខ្លួនដូចគេដាស់។ តាមពិតអ្វីៗ សុទ្ធតែជាគំរោងការណ៍របស់ របស់ស៊ូឈីង ធ្វើឡើងដើម្បីរូបខ្លួន។ ចាងយី ដកដង្ហើមវែងហើយនិយាយថាៈ ឯងត្រឡប់ទៅវិញ ប្រាប់លោកឧបរាជផងថា ដរាបណា ចាងយី នៅមានជីវិត ដាច់ខាតមិនទៅឈ្លានពាននគរទាំងប្រាំមួយ ដាច់ខាតមិនបំផ្លាញផែនការសម្ព័ន្ធភាព នគរទាំងប្រាមួយរបស់លោកឡើយ។ (ដកស្រង់ចេញពីសៀវភៅ ល្បិចទល់មេឃ ភាគី ដែលរៀបរៀងដោយ គីម ឃាង) ប្រភពដើម សាលារៀន |
យើងគ្រប់គ្នាគួរ ប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយល្បិចបោកប្រាស់ ក្នុងសង្គមមនុស្ស។ ពួកជនបោកប្រាស់ ចេះល្បិចប្លែកៗគ្រប់រូបភាព។ ខាងក្រោមនេះ គឺជាល្បិចដែលពួកជនល្មើស តែងប្រើប្រាស់ៈ
ល្បិចចោរបោកអ្នកលក់កុំព្យូទ័រៈ ជនល្មើសប្រើល្បិចថាខ្លួនស្នាក់នៅសណ្ឋាគារនេះ ឬសណ្ឋាគានោះ ចង់កម្មង់ទិញកុំព្យូទ័រយកទៅទំពាក់ក្នុងសណ្ឋាគារ។ លុះដល់ពេលត្រូវផ្ទេរលុយឲអ្នកលក់ ក៏រត់គេចខ្លួនបាត់ ហើយប្រមូលយកកុំព្យូទ័រ ទៅតាមខ្លួនអស់។ (សម្រង់អត្ថបទ ពីគេហទំព័រដើមអំពិល)
ល្បិចបោកយក គ្រឿងអលង្ការក្នុងសណ្ឋាគារៈ ចោរស្រី ទូរស័ព្ទល្បួងហៅស្រ្តីពីរនាក់ ភរថាទៅដើរលេងជាមួយភ្ញៀវ។ ប៉ុន្តែមុនពេលដើរលេង ចោរស្រីបបួលស្រ្តីទាំងពីរទៅម៉ាស្សាក្នុងសណ្ឋាគារសិន ដើម្បីឲភ្ញៀវមើលទៅឃើញស្អាត។ ពេលចូលក្នុងបន្ទប់ប្តូរខោអាវ ក៏ប្រាប់ឲស្រ្តីទាំងពីរដោះអលង្ការចេញ អស់ពីខ្លួនទុកក្នុងបន្ទប់។ ពេលចូលទៅបន្ទប់ម៉ាស្សា ចោរស្រីធ្វើជាខ្ចីទូរស័ព្ទ តេទៅភ្ញៀវនៅខាងក្រៅបន្ទប់។ ឆ្លៀតឱកាសដែលពួកនាងទាំង២នាក់កំពុងឱ្យគេ ម៉ាស្សាខ្លួនឱ្យនៅឯក្នុងបន្ទប់នោះ ខ្លួនក៏ចូល ទៅក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ រួចដោះ គ្រឿងអលង្ការកាឡៃរបស់ខ្លួនដូរយកគ្រឿងអលង្ការមាសបា្លទីនរបស់ពួក នាង រួមទាំង ទូរស័ព្ទដៃមួយគ្រឿងដែលខ្ចីទូរស័ព្ទទៅភ្ញៀវផងដែរ ហើយគេចខ្លួនចេញមកខាងក្រៅ សណ្ឋាគារ។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព ចុះថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០)
ល្បិចទម្លាក់ មាសក្លែងក្លាយៈ ល្បិចនេះ ជនល្មើសធ្វើជាហៅជនរងគ្រោះ ថាជនរងគ្រោះជ្រុះរបស់។ លុះជនរងគ្រោះឈប់ មើលទៅឃើញថង់មាសក៏មានចិត្តលោភលន់ចង់បាន។ ជនល្មើស ក៏ប្រើល្បិចធ្វើជាសុំចែកគ្នា ព្រោះខ្លួនជាអ្នកហៅជនរងគ្រោះឲរើស។ រូបភាពនៃការបោកប្រាស់មានផ្សេងៗគ្នា។ ជួនកាល ជនល្មើសបបួល ជនរងគ្រោះប្តូរមាសក្លែងក្លាយដែលជនរងគ្រោះគិតថាជាមាសពិតជាមួយ អលង្ការរបស់ជនរងគ្រោះ ឬជួនកាលជាមួយម៉ូតូ ឬវត្ថុមានតម្លៃផ្សេងទៀត។ ល្បិចនេះ មានវត្តមានក្នុងសង្គមយូរណាស់មកហើយ តែជនល្មើសនៅតែធ្វើសកម្មបានសម្រេច ជួនកាល។
ល្បិចរើសបាន លុយ ៦០០០ ដុល្លារ បបួលចែកគ្នា ដោះយកអស់គ្រឿងអលង្ការៈ ស្ដ្រីដែលចាញ់បោកគេនោះឈ្មោះសន ចាន់ធី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ។ ស្ដ្រីរូបនេះបានរាយការណ៍ប្រាប់ ប៉ូលិសថា នៅព្រឹកថ្ងៃទី១១ មិថុនា នោះគាត់បានមកទិញអីវ៉ាន់នៅផ្សារពោធិ៍សាត់ ។ ខណៈពេលកំពុងដើរក្នុងផ្សារស្រាប់តែឃើញស្ដ្រី៣នាក់មិនដែលស្គាល់ ហើយម្នាក់ក្នុងចំណោមនោះបានមកខ្សឹបប្រាប់ថា ពួកគេរើសបានលុយចំនួន៦.០០០ដុល្លារ ជួយលាក់ការណ៍ផងចាំយើងចែកគ្នា៤នាក់ស្មើ ថារួចហើយស្ដ្រីម្នាក់នោះបានដឹកដៃគាត់សំដៅទៅកន្លែងផ្ញើម៉ូតូ ឯពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងតាមពីក្រោយ ។ ពួកគេបានជិះម៉ូតូឆ្លងស្ពានថ្មថ្មីទៅខាងកើតស្ទឹងចូលក្នុង វត្ដបន្ទាយដី ។ នៅពេលនោះស្ដ្រីទាំង៣នាក់ បានលួងលោមគាត់ឱ្យដោះខ្សែដៃប្លាទីន ទំងន់២តម្លឹងកន្លះ លុយ២លានរៀល និងទូរស័ព្ទដៃមួយគ្រឿងរបស់គាត់ទៅឱ្យពួកគេ ។
ប្រភពដដែលបានរៀបរាប់ ទៀតថា ពេលគាត់ប្រមូលឱ្យរួចពួកគេនិយាយថា យើងទៅចែកគ្នានៅសារមន្ទីរខេត្ដវិញ ព្រោះនៅទីនេះមានគេមើលមកឃើញ។ ភ្លាមនោះស្ដ្រី ដែលកាន់របស់របរបានជិះម៉ូតូ២នាក់ទៅមុនបាត់ ទុកឱ្យគាត់ជិះម៉ូតូជាមួយស្ដ្រីម្នាក់ទៀត ។ លុះទៅដល់ខាងមុខផ្សារពោធិ៍សាត់ ស្ដ្រីអ្នកបើកម៉ូតូធ្វើជាខូចម៉ូតូហើយឱ្យគាត់ជិះម៉ូតូឌុបទៅ សារមន្ទីរដើម្បីចែកលុយគ្នា ។ ពេលទៅដល់អត់ឃើញស្ដ្រី២នាក់ដែលជិះម៉ូតូទៅមុននោះទេ ហើយពេលត្រឡប់មករកស្ដ្រីដែលខូចម៉ូតូនៅខាងមុខផ្សារវិញក៏អត់ឃើញ ដែរ ពេលនោះទើបដឹងថាគាត់ចាញ់ បោកគេក៏មកប្ដឹងប៉ូលិសតែម្ដង ។
ស្ដ្រីរងគ្រោះបន្ដ ទៀតថា ចាប់តាំងពីពួកគេមកខ្សឹបដាក់ត្រចៀករហូតដល់ដើរតាម ឡើងជិះម៉ូតូនិងដោះគ្រឿងអលង្ការឱ្យគេ នោះគាត់ហាក់បីដូចជាមិនដឹងអ្វីទាំងអស់ គឺគេឱ្យធ្វើអ្វីក៏ធ្វើតាមគេ លុះពេលគេចេញផុតទើបដឹងខ្លួន។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព ថ្ងៃទី១៥ មិថុនា ២០១១)
ល្បិចយកដុំ ឥដ្ឋខ្មៅដាក់ក្នុងកំប៉ុងរុំបង់ស្អិតជិតថាជាមាសតម្លៃ៣០ម៉ឺន ដុល្លារ ផ្ញើទុកនឹងចៅអធិការ រួចចេញទៅបាត់ ក្រោយមកត្រឡប់មកវិញថា ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវការលុយព្យាបាលជំងឺ។ លុយសរុប៣ពាន់ដុល្លារ តែខ្លួនមានលុយតែ៣ពាន់ដុល្លារ សុំខ្លី១ពាន់ដុល្លារសិន ព្រោះមានមាសតម្លៃ៣០ម៉ឺនដុល្លារជាថ្នូរស្រេច។ លុះគណៈកម្មការវត្តសង្ស័យ ណាត់ជួបឲមកយកលុយ មិនព្រមមកជួប ថាឲវេរតាមធនាគារ។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព)
ល្បិចបោក ទាំងម្ចាស់ផ្ទះជួល ទាំងក្រុមហ៊ុនយកវត្ថុមានតម្លៃអស់ ៥០០០ដុល្លារៈ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានកំពស់ទាប ពាក់វ៉ែនខ្មៅ បានកុហកថារកផ្ទះជួលដើម្បីបើកក្រុមហ៊ុន ចំការកៅស៊ូ ។ ក្រោយពីឯកភាពគ្នារួចថានឹង ចុះកុងត្រាក្នុងតំលៃ ៥០០០ដុល្លារ ក្នុង១ខែហើយ នោះ បុរសរូបនោះបានណាត់ម្ចាស់ផ្ទះថានឹងជួបគ្នាធ្វើកិច្ចសន្យានៅ ម៉ោង ៣រសៀល ថ្ងៃដដែលនោះ។ ដល់ម៉ោងណាត់ក៍ស្រាប់តែឃើញបុរសនោះ មកដល់តាមកាលកំណត់មែនដោយមាន ទាំងនាំបុរសម្នាក់និងស្រីម្នាក់មក ជាមួយផង ។ ខណៈដែលម្ចាស់ផ្ទះកំពុងជាប់រវល់ ក្នុងការសំអាតផ្ទះនោះ បុរសមិនស្គាល់អត្តសញ្ញាណក៍នាំអ្នកដែលមកជាមួយគាត់ទាំងពីរនាក់ នោះឡើងទៅលើផ្ទះដែលប្រុងនឹងជួលនោះ ។ មួយសន្ទុះក្រោយមកក៏ចុះមកវិញតែម្នាក់ឯងដោយមានយកស្បោង និងកាបូប ដែលគេដឹងថាមានសម្ភារៈជាទូរស័ព្ទដៃម៉ាក Iphone ជាច្រើនគ្រឿងមាន តម្លៃជាង៥០០០ដុល្លារចុះមកក្រោមតែម្នាក់ឯង ។ សូមជម្រាបថាសម្ភារៈទាំង នោះគឺជារបស់តំណាងក្រុមហ៊ុនមួយផ្សេងទៀតដែលបុរសនោះនាំមកមាន គ្នា ពីរនាក់ស្រីប្រុស។ ក្រោយពីចុះពីលើផ្ទះតែម្នាក់ឯងហើយយកសម្ភារៈទាំងនោះ ចុះទៅបាត់ដោយគ្មានអ្នកណាដឹងនោះ ម្ចាស់ផ្ទះឆ្ងល់ក៍ស្រាប់តែឡើងទៅខាង លើទើបដឹងថាមនុស្សទាំងពីរនាក់ស្រីប្រុសនោះត្រូវបានបុរសមិន ស្គាល់អត្ត សញ្ញាណនោះចាក់សោរចោលហើយលួចយកសម្ភារៈទាំងនោះរត់បាត់តែ ម្តង។ ក្រោយមកម្ចាស់ផ្ទះបានធ្វើការសាកសួរបុរសស្រីប្រុសទាំងពីរនាក់ នោះទើបបាន ដឹងថាពួកគេរងការចាញ់បោកហើយ។ បុរសស្រីប្រុសទាំងពីរនាក់ដែលជា តំណាងក្រុមហ៊ុន បានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណនោះ បានទៅបញ្ជាទិញរថយន្តពីក្រុមហ៊ុនរបស់គាត់ចំនួន៤ គ្រឿង ដែលមាន ការបញ្ចុះតម្លៃពិសេស ទិញឡានមួយថែមទូរស័ព្ទ I Phone ចំនួន១គ្រឿង ផងដែរ ។ បុរសស្រីប្រុសទាំងពីរនាក់ដែលជា តំណាងក្រុមហ៊ុន បានប្រាប់ទៀតថាបុរសមិនស្គាល់អត្តសញ្ញាណនោះបានប្រាប់ពួកគាត់ ទាំងពីរថាអោយមកយកលុយនៅ ក្រុមហ៊ុនរបស់គេដែលមានទីតាំងនៅផ្ទះ គ្រោងនឹងជួលថ្មីនោះ។ តែពិតប្រាកដ នោះជាការចាញ់បោកទៅវិញ។ (អត្ថបទដោយ ម៉ៅ នរិទ្ធីយ៉ា វិទ្យុនគរវត្ត)
(១) ស្លឹកអ្វីដែលមានតម្លៃជាងគេ?
ស្លឹកត្រចៀក
(២) ត្រីអ្វីមានតម្លៃជាងគេ?
ត្រីមាស
(៣) ដើមឈើអ្វីដែលគ្មានស្លឹក?
ដើមឈើងាប់
(៤) សមុទ្រណាដែលគ្មានរលក?
សមុទ្រទឹកកក
(៥) ក្នុងពិភពលោកយើងនេះ មានផ្លូវបត់ប៉ុន្មាន?
មានតែពីរគត់គឺបត់ឆ្វេងនិងបត់ស្តាំ
(៦) អ្នកណាដែលធ្វើឲគេញឹមច្រើនជាងគេ?
ជាងថតរូប
(៧) ពេលទិញមកពណ៌ខ្មៅ ពេលប្រើពណ៌ក្រហម ហើយពេលបោះចោលពណ៌ប្រផះ?
ធ្យូង
(៨) នៅកន្លែងណាដែល "យប់" មានមុន "ល្ងាច" ?
ក្នុងវចនានុក្រម
(៩) ទាមួយដើរមុខទា២ ទាមួយដើរក្រោយទា២ ទីមួយដើរកណ្តាលទា២។ តើទាមានប៉ុន្មាន?
"ទាមាន៣" ដើរជាជួរ
(១០)ឪពុកវាយកូន ហើយនិងម្តាយវាយកូន តើមួយណាឈឺជាង?
កូន
(១១) អ្វីទៅដែលជាកម្មសិទ្ធិរបស់យើងតែអ្នកដទៃប្រើប្រាស់ច្រើនជាង?
ឈ្មោះរបស់យើង
(១២) ស្អីគេដែលមានតែធ្មេញអត់មាត់?
រណា
(១៣) ក្មេងៗ ៦នាក់ និងឆ្កែធំ២ក្បាល បាំងឆ័ត្រតូចមួយ តែមិនទទឹកភ្លៀងសោះ។ ហេតុអ្វី?
ព្រោះមេឃអត់ភ្លៀង
(១៤) ថ្ងៃមួយទីក្រុងភ្នំពេញទាំងមូល ដាច់ភ្លើង លើមេឃគ្មានពន្លឺព្រះច័ន្រ្ទ គ្មានពន្លឺតារា ផ្ទះសុទ្ធតែលាបពណ៌ខ្មៅ ផ្លូវក៏ពណ៌ខ្មៅ អ្វីៗទាំងអស់សុទ្ធតែពណ៌ខ្មៅ។ អ្នកជិះកង់ម្នាក់ ស្លៀកពាក់ពណ៌ខ្មៅ មួកខ្មៅ កង់ខ្មៅ កំពុងធ្វើដំណើរលើផ្លូវមួយ ស្រាប់តែមានឆ្កែខ្មៅមួយរត់កាត់ គាត់ក៏ចាប់ហ្វ្រាំងងក់! ហេតុអ្វីបានជាគាត់មើលឃើញ?
ព្រោះវាជាពេលថ្ងៃ
(១៥) ចូរប្រាប់ឈ្មោះថ្ងៃទាំងប្រាំនៃសប្តាហ៍ដោយមិននិយាយ ថ្ងៃ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ និងសុក្រ។
ម្សិលម្ងៃ ម្សិលម៉ិញ ថ្ងៃនេះ ថ្ងៃស្អែក និងខាន់ស្អែក
(១៦) សេះមួយក្បាលដើរទៅផឹកទឹកនៅស្ទឹងមួយ។ នៅតាមផ្លូវវាបានជួបនឹងពពែ៦ក្បាល។ នៅលើខ្នងពពែនីមួយៗមានស្វា៣ក្បាល។ នៅលើស្វានីមួយៗមានចាប២ក្បាល។ តើមានសត្វប៉ុន្មានក្បាលដើរទៅផឹកទឹក?
មានតែសេះមួយក្បាលគត់ ព្រោះសត្វផ្សេងទៀតទើបតែត្រឡប់មកវិញ
(១៧) មានគ្រូបង្រៀនម្នាក់និងក្មេងប្រុសម្នាក់កំពុងងូតទឹក។ ក្មេងប្រុសជាកូនរបស់គ្រូបង្រៀននោះ តែគ្រូបង្រៀននោះមិនមែនជាឪពុករបស់វាទេ។ តើគាត់ជានរណា?
ម្តាយរបស់ក្មេងប្រុស
(១៨) មានសំលាញ់ពីរនាក់ ម្នាក់គ ម្នាក់ទៀតខ្វាក់ នាំគ្នាទៅផ្សារ។ អ្នកគ ចង់ទិញក្រវិល ក៏យកដៃទាញត្រចៀកធ្វើជាសញ្ញា។ ចុះអ្នកខ្វាក់ចង់ទិញនាឡិកា ធ្វើយ៉ាងម៉េច?
និយាយប្រាប់អ្នកលក់
(១៩) តើសត្វណាដែលដើរជាង៤នៅពេលព្រឹក ដើរជើង២នៅពេលថ្ងៃត្រង់ និងដើរជើង៣នៅពេលរសៀល?
"មនុស្ស" ដើរជើង៤ពេលកុមារ ដើរជើង២ពេលដឹងក្តី និងដើរជើង៣ពេលជរា
(២០) ក្រុមកីឡាបាល់ទាត់ពីរក្រុមប្រកួតគ្នា។ ពេលនោះមានមួយក្រុមប្រកួតឈ្នះ តែគេពិនិត្យទៅឃើញថា គ្មានកីឡាករណាម្នាក់បានទាត់បាល់សោះ។ ព្រោះអ្វី?
ព្រោះវាជាការប្រកួតរវាងកីឡាការិនី!
(២១) ឪពុក២នាក់ និងកូន២នាក់ ទៅបរបាញ់សត្វ។ ពួកគេបាញ់បានសត្វម្នាក់មួយ។ តើសត្វដែលបាញ់បានទាំងអស់មានប៉ុន្មាន?
"៣ក្បាល" ព្រោះមនុស្សមានតែ៣នាក់ គឺ កូន ឪពុក និងជីតា
(២២) នៅក្នុងរថយន្តក្រុងមួយមានមនុស្សដប់នាក់។ ប្រុសបីស្រីម្នាក់ ចេញទៅ។ តើនៅសល់មនុស្សប៉ុន្មាននាក់?
"៨នាក់ គឺប្រុសម្នាក់បីស្រីម្នាក់ចេញ"
ដំបូងគេត្រូវមានចំណេះដឹងអំពីរឿងលុយកាក់សិន។ ចំណេះដឹងមូលដ្ឋាន គេត្រូវដឹងថាអ្វីជាទ្រព្យ អ្វីទៅជាបំណុល។ ទ្រព្យគឺជាអ្វីៗដែលបង្កើតលុយកាន់តែច្រើនឡើងដល់ម្ចាស់ ឧទាហរណ៍ដូចជាភាគហ៊ុន ថ្លៃកម្មសិទ្ធិបញ្ញា និងការចងការប្រាក់ជាដើម។ បំណុលគឺជាអ្វីៗដែលកាត់បន្ថយលុយរបស់ម្ចាស់ឲកាន់តែតិចទៅៗ។ មនុស្សរាល់គ្នាតែងយល់ថា ផ្ទះ និងឡាន គឺជាទ្រព្យ។ ការយល់បែបនេះអាចត្រូវ ហើយក៏អាចខុសដែរ គឺអាស្រ័យទៅលើការប្រើប្រាស់របស់ម្ចាស់។ ភាគច្រើនរបស់ទាំងនេះចាត់ទុកថាជាបំណុល ព្រោះរបស់ទាំងនេះត្រូវការឲម្ចាស់ចាយលុយជាប់ជាប្រចាំ។ ផ្ទះត្រូវការថែរក្សាជួសជុល ហើយបើជាផ្ទះដែលបង់រំលោះទៀតសោត នោះម្ចាស់ត្រូវបង់រាល់ខែឬរាល់ឆ្នាំថែមទៀតផង។ រថយន្ត ត្រូវលាង ជួសជុល ប្តូរប្រេង ចាក់សាំង។ល។ ប៉ុន្តែរបស់ទាំងនេះក៏អាចក្លាយទៅជាទ្រព្យវិញដែរ ប្រសិនបើម្ចាសវាចេះប្រើប្រាស់ឲវាបង្កើតលុយឲ។ ផ្ទះដាក់ជួលបានលុយ ឡានដាក់ជួលក៏បានលុយ។ អ្នកមាននិងអ្នកក្រខុសគ្នាត្រង់ អ្នកមានទិញទ្រព្យ ឯអ្នកក្រទិញបំណុល។ អ្នកក្រភាគច្រើនធ្វើការដើម្បើបានលុយ ឯអ្នកមានប្រើលុយឲធ្វើការឲ។ ប្រភពចំណូលចំបងឬតែមួយគត់ របស់អ្នកក្រគឺប្រាក់ខែ។ ប្រាក់ដែលបានមកត្រូវចំណាយមួយភាគធំឬទាំងស្រុងទៅលើចំណាយនិងយក ទៅទិញបំណុល។ ចំណាយរួមមានដូចជា ទឹក ភ្លើង សម្លៀកបំពាក់ ចំណាយប្រចាំថ្ងៃ និងឈ្លួលផ្ទះជាដើម។ ក្រៅពីនេះនៅបានទិញបំណុលដូចជា ប័ណ្ណឥណទាន និងផ្ទះបង់រំលោះ។ ការប្រើប័ណ្ណឥណទាន មើលទៅជីវិតហាក់ដូចជាហ៊ឺហាណាស់ ព្រោះអាចចាយវាយទិញទំនិញតាមសេចក្តីត្រូវការដោយមិនចាំបាច់មាន ប្រាក់ខ្លួនឯង។ តែកុំភ្លេចថាត្រូវបង់សងការប្រាក់ទៅឲគេវិញ ហើយបើជួនជាចៃដន្យ សងយឺតកាលកំណត់ទៀត នឹងត្រូវទទួលពិន័យបង់ការប្រាក់មួយកម្រិតទៀត។ នេះបង្ហាញពីភាពមិនឆ្លាតវ័យក្នុងរឿងលុយកាក់។ ក្រឡេកមកមើលការប្រើលុយរបស់អ្នកមានវិញ អ្នកមានបានចំណូលពីខ្ទង់ទ្រព្យច្រើនយ៉ាងរបស់ខ្លួនរូមមានដូចជា ភាគហ៊ុន កម្មសិទ្ធិបញ្ញា អចលនទ្រព្យ និងចងការប្រាក់ ដែលបំលែងទៅជាចំណូល ប្រាក់ចំណេញ ថ្លៃកម្មសិទ្ធិបញ្ញា ថ្លៃឈ្លួល និងការប្រាក់។ អ្នកឆ្លាតវៃខាងលុយកាក់ព្យាយាមបង្កើតទ្រព្យឲបានច្រើន ហើយកាត់បន្ថយបំណុល។ ឧទាហរណ៍ បើគេចង់ទិញផ្ទះគេនឹងប្រើលុយអ្នកដទៃយកទៅទិញ ហើយឲអ្នកផ្សេងមួយទៀតសងជំនួស។ មានន័យថា ខ្ចីលុយពីធនាគារយកទៅទិញផ្ទះ ហើយដាក់ផ្ទះនោះជួល រួចយកថ្លៃឈ្លួលទៅបង់សងរំលោះធនាគារ។ ដើម្បីឲមានភាពឆ្លាតវៃក្នុងរឿងលុយកាក់ តើគេត្រូវមានចំណេះអ្វីខ្លះ? (១) ចំណេះដឹងផ្នែកគណនេយ្យ (២) ចំណេះដឹងផ្នែកបណ្តាក់ទុន (៣) ចំណេះដឹងផ្នែកទីផ្សារ (៤) ចំណេះដឹងផ្នែកច្បាប់ ដើម្បីនឹងមានលុយកាត់ហូរចូលច្រើន មានត្រឹមតែចំណេះមិនគ្រប់គ្រាន់ទេ គេត្រូវជំនះភាពភ័យខ្លាច គំនិតអវិជ្ជមាន ភាពខ្ជិលច្រអូស ទម្លាប់អាក្រក់ និងការមើលស្រាលការងារ។ ធម្មជាតិជាមនុស្សតែងភ័យខ្លាចជារឿងធម្មតា។ ខ្លាចនេះ ខ្លាចនោះ ខ្លាចរកស៊ីខាត។ ត្រូវចាំថានេះគ្រាន់តែជាគំនិតអវិជ្ជមានប៉ុណ្ណោះ។ គំនិតអវិជ្ជមានធ្វើឲយើងមើលមិនឃើញឱកាស ធ្វើឲយើងមើលឃើញតែចំនុចអាក្រក់។ នៅក្នុងសង្គមជាក់ស្តែង អ្នកហ៊ានច្រើនបានទទួលជោគជ័យ។ ក្រៅពីនេះគេត្រូវបំបាត់ទម្លាប់អាក្រក់ និងបង្កើតទម្លាប់ល្អ ទម្លាប់សន្សំលុយ ទម្លាប់ស្វែងរកប្រភពពលុយថ្មីៗ និងទម្លាប់វិនិយោគ ដោយវិភាគពិចារណាតាមហេតុផលមិនមើលស្រាលការងារ។ ប្រការសំខាន់បំផុត គឺការតាំងចិត្តធ្វើយ៉ាងពិតប្រាកដថាខ្លួនប្រាថ្នាចង់ក្លាយ ជាអ្នកមាន។ បើមិនដូច្នោះទេ ក៏នឹងមិនសម្រេចផលអ្វីឡើយ។ បន្ទាប់មក ត្រូវសេពគប់មិត្តដោយប្រុងប្រយ័ត្ន។ គួរឧស្សាហ៍ទាក់ទងជាមួយមិត្តណាដែលពូកែរកស៊ី និងមានគំនិតវិជ្ជមាន។ គួរជៀសវាងមិត្តដែលមិនមានលុយ និងមានតែគំនិតអវិជ្ជមាន ព្រោះពួកគេមុខតែនឹងនិយាយថា "ទៅ មិនរួចទេ"។ អ្នកត្រូវឈរលើជំហរខ្លួនឯង បើពុំដូច្នោះទេ ឱកាសល្អៗក៏នឹងបាត់បង់ទៅ។ ការរកស៊ីត្រូវបត់បែនទៅតាមកាលៈទេសៈ ពោលគឺមិនងាប់ក្រឡា។ អ្នកត្រូវអាចរៀនសូត្រនូវចំណេះថ្មីក្នុងពេលដ៏ខ្លី។ អ្នកត្រូវចេះយកចិត្តមើលថែអ្នកនាំប្រយោជន៍ឲ (អ្នកនាំអតិថិជនឲ ឬអ្នកស៊ីកំរៃជើងសារ)។ ជួយអ្នកដទៃ គឺជួយខ្លួនឯង។ (សម្រួលចេញពីសៀវភៅ Rich Dad Poor Dad by Robert Kiyosaki and Sharon Lechter និងសៀវភៅជាភាសាខ្មែរ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ប្រែសម្រួលដោយ លោក ច័ន្ទ ឫទ្ធី) ដកស្រង់ចេញពីhttp://salarean.com |
(១) ធ្វើចរិតស្រគតស្រគំ
(២) ស្រស់ស្រាយដាក់គ្នា
(៣) និយាយទៀងទាត់ស្មោះស្មាន
(៤) ពាលពាក្យពិរោះ
(៥) នឹករលឹកចង់ជួបមុខ
(៦) តែងខ្លួនហ៊ឺហាខុសជនដទៃ
(៧) ជូនអំណោយ (ផ្កា...)
(៨) ស្មោះស្ម័គ្រ
(ដកស្រង់ចេញពីច្បាប់ស្រីព្រះអង្គឌួង)
បេះដូងកម្លោះ ក្រមុំស្រណោះ ដណ្តើមចង់បាន
ខ្ញុំមិនព្រមឲ ដង្ហោយស្គមបា្រណ តើឲម្តេចបាន
បេះដូងខ្ញុំថ្លៃ។
បេះដូងកម្លោះ នៅភ្លឺថ្លាស្រស់ ដូចពេជ្រចរណៃ
សុខចិត្តជូនជាតិ មុនជូនស្រស់ស្រី ជាតិផុតទុក្ខភ័យ
ទើបស្រីបានសុខ។
ដោយ គង់ ប៊ុនឈឿន
(១) មនុស្សស្រីម៉េម៉ាយ
(២) មនុស្សពិការ
(៣) មនុស្សគ្មានញាតិមិត្ត
(៤) មនុស្សមានបំណុលច្រើន
(៥) មនុស្សឈឺច្រើន
(៦) មនុស្សមានមិត្តអាក្រក់
(៧) មនុស្សអស់ទ្រព្យ
(៨) មនុស្សខ្សត់ចំណីអាហរ
(៩) មនុស្សទំនេរការ
(១០) មនុស្សជរា
ពុទ្ធោវាទ ស្រង់ចេញពីសៀវភៅប្រជុំវប្បធម៌ខ្មែរ
សៀវភៅរៀនធ្វើជំនួញ គ្រឿងពន្យល់ឲទិញថោក លក់បានដាច់ មានរបៀបនាំមនុស្សឲចូលទិញច្រើន។ និពន្ធដោយ លោកគ្រូ ស៊ីវ ប៉ាវ បោះពុម្ព ឆ្នាំ១៩៤២។ លោកគ្រូ ស៊ីវ ប៉ាវ លើកឡើងថាគោលប្រយោជន៍៧យ៉ាងសម្រាប់ជំនួញមានៈ (១) សំដី និងភាសា (២) អក្សរនិងលេខ (៣) សេពមិត្តនិងស៊ើបសួរ (៤) ផ្សាយដំណឹង និងតែងពាក្យ (៥) ស្គាល់យើង ស្គាល់គេ (៦) អត់ធន់ និងព្យាយាម (៧) បានប្រាក់រក្សាឲគង់ សំដីនិងភាសា មានប្រយោជន៍ ក្នុងការជំនួញដូចម្តេច? ឬខាតប្រយោជន៍យ៉ាងណា? អ្នកខ្លះមានសំដីពីរោះពីកំណើត អ្នកខ្លះទៀតមិនមានសំដីពីរោះពីកំណើតទេតែគេរៀនហាត់ឲបានពីរោះ យកមកប្រើការឲកើតប្រយោជន៍ក្នុងជំនួញ។ សំដីនេះសំខាន់ណាស់ សូម្បីអ្នកមានវិជ្ជាខ្ពស់យ៉ាងណាក៏ដោយ បើអន់សំដីហើយក៏នៅតែខាតលាភខាតប្រយោជន៍។ អ្នកជំនួញបើអន់សំដីហើយ ធ្វើម្តេចនឹងចម្រើនបាន។ អ្នកមានសំដីពីរោះក្បោះក្បាយ គេបានស្តាប់សេចក្តីត្រូវទំនង។ ធ្វើការជំនួញ ប្រៀបដូចជាពន្លឺភ្លើងម៉ាំងសុង ឬពន្លឺអគ្គិសនីអញ្ជឹង។ អ្នកមានសំដីមិនពីរោះក៏ប្រើការក្នុងជំនួញបានដែរ ប៉ុន្តែមិនពេញលេញ ប្រៀបដូចជាប្រទីបអុជដោយចង្កៀងខ្លាញ់ត្រី ឬប្រេងដូង ក៏តែបានភ្លឺប៉ុន្តែមិនច្បាស់។ ការធ្វើជំនួញទាល់តែសំដីពីរោះហើយត្រូវទំនងទៀត ទើបបានចម្រើន។ មនុស្សមានច្រើនជំពូកណាស់ ចេះសំដីពីរោះហើយ ប៉ុន្តែប្រើសំដីខុសទំនង ក៏នាំឲខាតប្រយោជន៍ខ្លួនទទេ។ ខ្លះនិយាយហើយស្តាប់សំដីខ្លួនឯងមិនទាំងយល់ផង។ ពាក្យបូរាណលោកថា សំដីជាឯក លេខជាទោ។ ពិតមែនណាស់ សំដីជាគំនរសម្បត្តិរបស់អ្នកជំនួញ ប៉ុន្តែបើប្រើឲខុសទំនងវាទៅជាឥតប្រយោជន៍ នាំឲអ្នកស្តាប់ធុញទ្រាន់ក៏សឹងមាន។ ហេតុនេះអ្នកលក់ដូរក្នុងហាងធំក្តីតូចក្តី ត្រូវឲចេះរៀបរយសំដី និងចេះធ្វើទឹកមុខស្រស់ស្រាយផង សូម្បីយើងកំពុងខឹងនឹងគ្នាឯងក្នុងផ្ទះក៏ដោយ តែពេលណាមានភ្ញៀវមកដល់ ត្រូវប្រើទឹកមុខស្រស់ស្រាយភ្លាម។ ធ្វើដូច្នេះទើប ត្រូវតាមគន្លងច្បាប់ជំនួញ ព្រោះថាមានមនុស្សភាគច្រើនចូលទៅក្នុងហាងលក់ដូរ ហើយឃើញម្ចាស់ហាងមុខក្រញ៉ូវមិនអើពើ មិនរាក់ទាក់សួរនាំទេ គេក៏មិនសួរយើងដែរ ព្រោះគេយល់ថាយើងជាមនុស្សក្រអឺតក្រអោងឆ្មើងឆ្មៃ។ ដោយឡែក យើងក៏ត្រូវចេះសំគាល់មនុស្សដែរ តើគេចូលហាងយើងគ្រាន់តែដើរមើលព្រោះប្លែកភ្នែក ឬចូលមកមានបំណងទិញ។ បើគ្រាន់តែមើលលេងទេ យើងមិនបាច់ដើរតាមទេ គ្រាន់តែក្រឡេកមើលមួយភ្លែតៗបានហើយ ក្រែងលោគេទាក់ចិត្តហើយគេសួរយើង យើងត្រូវស្ទុះទៅប្រាប់ឲរួសរាន់ បើទំនងជាគេចង់បាន តោងយកវត្ថុនោះមកបង្ហាញគេភ្លាម។ តើត្រូវសំគាល់ដូចម្តេចថាគេចូលមកចង់ទិញ? ពិតមែនតែចិត្តមនុស្សគ្មានរូបរាងពិបាកមើលឃើញ ប៉ុន្តែគេមើលដឹងថាមនុស្សនោះមានបំណង ព្រោះអ្នកនោះដើរសំដៅមកតែម្តង ចូលដល់ក្នុងផ្ទះទើបរកមើល មនុស្សបែបនេះយើងត្រូវរាក់ទាក់ហើយនៅឈរជិតៗ។ មនុស្សមួយបែបទៀត គេដើរមើលនាយមើលអាយរៀងៗមក មនុស្សបែបនេះគឺគ្មានបំណងទេ យើងមិនបាច់សួរក៏បាន ប៉ុន្តែមិនត្រូវអង្គុយជជែកគ្នាលេងបែបហីនោះក៏មិនកើតដែរ។ អ្នករកទទួលទានធំបំផុតគឺសំដី ពីព្រោះសំដីធ្វើឲមនុស្សជាប់ចិត្ត ជ្រះថ្លារីកថ្លើមរីកប្រម៉ាត់។ បើអ្នកទិញព្រមទិញយើងហើយ ត្រូវយករបស់នោះខ្ចប់រុំឲល្អ ប្រយ័ត្នក្រែងវាខ្ចាត់ខ្ចាយតាមផ្លូវ នំាឲលំបាកអ្នកទិញគេអាក់អន់ចិត្តជាខាងក្រោយ។ ពេលគេបង់ប្រាក់ឲ ត្រូវទទួលដោយទឹកមុខញញឹមបែបត្រេកអរ ហើយឱនក្បាលបន្តិចចេញពាក្យថាអរគុណ។ អ្នកជំនួញមិនត្រូវប្រកាន់ឫកចេញសំដីកិរិយាថា អញជាអ្នកមានទ្រព្យ ជាអ្នកមានវង្សត្រកូល រួចមើលងាយអ្នកដទៃថាថោកទាបនោះឡើយ។ អ្នកជំនួញគឺពេលដែលឈរលក់របស់ គួរចេញកិរិយារាក់ទាក់តាមអាធ្យាស្រ័យរបស់មហាជនដែលមកទិញ យើងត្រូវមានពាក្យឱនលំទានពីរោះ។ ប្រសិនបើជាយើងមានគ្រោះថ្នាក់ ឬសត្រូវមកបៀតបៀន បើមានសំដីល្អគង់តែចៀសវាងពីសត្រូវបាន (មនុស្សម្យ៉ាងបើយើងចេញសំដីទន់ភ្លន់យ៉ាងនេះហើយ ហើយត្រឡប់ជាមើលងាយយើងវិញមនុស្សបែបនេះមានតិចណាស់)។ សំដីនិងភាសានេះនាំមកឲចម្រើនគ្រប់យ៉ាងមិនមែនចម្រើនចំពោះតែការ ជំនួញនោះទេ សូម្បីឈ្មោះយើងក៏ល្អដែរ។ អ្នកដែលក្រីក្រធ្វើជំនួញដោយដើមទុនតិចតួច បើមានសំដីពីរោះនិងចេះភាសាច្រើនសាសន៍ នេះហើយជាយានជំនិះរបស់អ្នកជំនួញ អាចនឹងនាំអ្នកជំនួញនោះឲឆ្លងដល់ត្រើយដូចសេចក្តីប្រាថ្នា។ សំដីនេះជាឯកពិតណាស់ សំដីពីរោះជាទីគាប់ចិត្តមនុស្ស មនុស្សណាបានស្តាប់ហើយ មនុស្សនោះ គង់ជាប់ចិត្តនឹងសំដីនោះពុំខាន ទុកជារបស់ដែលទិញនោះ មិនទាន់បានបរិភោគក៏ដោយ ក៏វាឆ្ងាញ់ត្រង់សំដីនោះជាមុនរួចទៅហើយ។ បើអ្នកលក់មានសំដីពីរោះ ឧស្សាហ៍និយាយចេះទាំងភាសាច្រើនសាសន៍ថែមទៀត ជាការមានប្រយោជន៍ណាស់។ ប្រៀបដូចជាកូនក្រមុំមានរូបល្អ ទាំងប្រដាប់តុបតែងរាងកាយក៏សមរម្យ គឺអាវ សំពត់ មាស ពេជ្រ ហើយបើនាងនោះចេះទាំងភាសាដទៃថែមទៀត ជាការសំខាន់បំផុត ជាហេតុនាំឲអ្នកទិញជាប់ចិត្ត។ ជាតិខ្មែរយើងគួរណាស់យកចិត្តទុកដាក់រៀនភាសាជាតិដទៃក្នុងប្រទេស យើង។ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិច្រើនហើយចេះភាសាក៏ច្រើនសាសន៍ នោះរឹតតែនាំឲមានប្រយោជន៍ណាស់ទៅទៀត។ អក្សរនិងលេខ អ្នកធ្វើជំនួញតូចៗមុននឹងផ្តើមឡើង ត្រូវចេះអក្សរកំណើតរបស់យើងជាមុន គឺអក្សរនេះចេញទៅជាភាសា ឆាប់យល់ ឆាប់ដឹង ឆាប់ចូលចិត្ត បើចេះអក្សរបារាំង អក្សរចិន អក្សរអង់គ្លេស ទៀតក៏រឹតតែល្អ។ និយាយរួមមកយ៉ាងខ្លី អក្សរនេះសម្រាប់កត់ត្រា លេខសម្រាប់គិត។ អក្សរនេះ នាំឲចាំកិច្ចការទាំងពួង និងមើលយល់ការផ្សេងៗផង។ លេខនេះគិតឲដឹងចំនេញឬខាត ខ្វះឬសល់។ លេខនេះជាថ្លើមរបស់អ្នកជំនួញ បើមិនចេះត្រូវតែរៀន មិនអាចបណ្តែតបណ្តោយបានឡើយ ពីព្រោះអ្នកជំនួញមិនចេះលេខ ធ្វើម្តេចឲដឹងចំនេញខាត បើមិនដឹងចំនេញខាតធ្វើជំនួញមិនបានទេ។ សេពមិត្តនិងស៊ើបសួរ អ្នកជំនួញត្រូវឲមានមិត្តសំលាញ់ជាច្រើន ការចេះចងមិត្តនិងស៊ើបសួរ ជាការមានប្រយោជន៍ នាំឲដឹងខុសត្រូវ ចំណេញឬខាត នឹងច្បាប់រាជការ ច្បាប់អ្នកស្រុក។ អ្នកធ្វើជំនួញធំតូច គួរយកចិត្តទុកដាក់ក្នុងការសេពមិត្ត និងការស៊ើបសួរ ទើបឆាប់ដឹងជំនួញឡើងថ្លៃឬចុះថ្លៃ។ អ្នកជំនួញ ត្រូវសេពមិត្តនឹង(១)អ្នករាជការ ដើម្បីនឹងស៊ើបសួរច្បាប់ឲស្គាល់ណាខុសណាត្រូវ។ អ្នកជំនួញបើមិនដឹងច្បាប់រាជការ បំពានលើច្បាប់នោះ ត្រូវរាជការពិន័យនាំឲខាតទ្រព្យ ខូចចិត្ត។ អ្នកជំនួញបើមិនសេពមិត្តនឹង(២)អ្នកជំនួញដូចគ្នាទេ មិនដឹងរបស់ចុះថ្លៃឬឡើងថ្លៃ មិនដឹងកិច្ចការស្នៀតក្រឡិចក្រឡុចក្នុងការជំនួញ។ អ្នកជំនួញ ត្រូវសេពមិត្តនឹង(៣)អ្នកស្រុក ដើម្បីស្គាល់អាធ្យាស្រ័យរបស់អ្នកស្រុក។ កាលបើយើងបានសេពគប់នឹងមនុស្សបីពួកនេះហើយ យើងត្រូវស្តាប់មនុស្សទាំងបីពួកនេះ ហុចប្រយោជន៍ឲយើង។ បើពាក្យសំដីណាគេនិយាយយើងត្រូវស្តាប់ហើយជ្រើសរើស ប្រៀបធៀបរកហេតុផលរបស់ពាក្យដែលយើងបានស្តាប់នោះ។ ម្យ៉ាងទៀត បើយើងអ្នកឆ្លាតវៃចង់សួរការអ្វីមួយ យើងត្រូវប្រយ័ត្នប្រយែង ក្រែងគេភូតភយើង យើងត្រូវរកឧបាយដោយពាក្យសង្កត់ ឬកាត់សេចក្តីជាមុន ដើម្បីការពារពាក្យដែលគេលាក់ឬកុហកបញ្ឆោតយើង។ អ្នកធ្វើជំនួញ បើមានហាងហើយឥតមានការសេពមិត្តនិងការសួរទេ មានអន្តរាយពីរយ៉ាងគឺ នាំឲរលំហាងឬបិទទ្វា គឺមកពីរបស់អ្នកស្រុកគេមានដូចយើង រួចយើងលក់ថ្លៃជាងគេ។ ជីវិតរបស់អ្នកជំនួញ រស់នៅឋិតឋេរបាន គឺមកពីទិញបានថោក លក់ចេញបានដាច់។ នាំឲឈ្មោះហាងយើង ល្បីថាលក់ថោករួចល្អផង ហើយមនុស្សប្រាប់ពីមួយទៅមួយ នាំគ្នាមកទិញ។ បើយើងមិនសេពមិត្តនិងស៊ើបសួរ ធ្វើដូចម្តេចនឹងដឹងថារបស់ណាថោករបស់ណាថ្លៃ។ បើទិញប្រទះលើរបស់ថ្លៃ រួចយកមកលក់ក៏ថ្លៃជាងរបស់អ្នកដទៃ ជួនកាលរបស់ទិញដូចគ្នា គេលក់ថោកយើងលក់ថ្លៃ ម្ចាស់របស់ក៏មិនដឹងខ្លួន។ ជួនកាល ទិញត្រូវរបស់អាក្រក់ហើយខ្លាចខាត យកមករកឧបាយលក់ឲគេទិញ។ ដល់គេទិញមកដល់ផ្ទះ អន់ចិត្តរអាចិត្តជាខាងក្រោយ នាំឲខូចចិត្តអ្នកទិញ។ ហេតុនេះ យើងជាអ្នកជំនួញ បើមិនមានការសេពមិត្ត និងស៊ើបសួរទេ ធ្វើម្តេចនឹងដឹងស្នៀតរបស់អ្នកជំនួញធ្វើឲចំរើន។ អ្នកជំនួញបើមានហាងលក់ដូរ ចម្រើនហូរហែរហើយ គេទុករបរនោះនៅតាមធម្មតា ហើយគេរករបរណាមួយយ៉ាងមាំ គឺមើលរបស់ណាចុះថ្លៃ តែទំនងឡើងថ្លៃវិញនោះ គេទិញមកទុក ចាំឡើងថ្លៃគេលក់ចេញទំាងអស់ ឬគេចូលក្រុមហ៊ុនណាមួយ ដើម្បីឲឆាប់ចម្រើនអ្នកជំនួញ។ បើមានការសេពមិត្តហើយមានដើមទុនច្រើន គេមិនទុកដើមឲនៅស្ងៀមទំនេរទេ គឺឲមានកើតកម្រៃដើមទុននោះហូរហែឲទាល់តែមានធំឡើង ទៅជាដង្ខៅថៅកែកើត។ ការដែលស៊ើបសួរនេះ ជាការធំណាស់ សូមអ្នកជំនួញយកចិត្តទុកដាក់។ អ្នកជំនួញ បើចង់ទៅទិញកុំរួសរាន់ប្រញាប់ ទៀងតែទិញបានរបស់ថោក មកពីយើងស៊ើបសួរ។ ម្យ៉ាងទៀតត្រូវសេពមិត្តឲស្គាល់ច្រើន ដើម្បីនឹងសិក្សារៀនស្រាវជ្រាវយកគំនិត ឬវិជ្ជាចំណេះជាន់ខ្ពស់ យកមកពិចារណា គិតឲកើតទៅជាប្រាជ្ញា នេះហៅថាគំនិតអ្នកជំនួញ។ ផ្សាយដំណឹងនិងតែងពាក្យ សេចក្តីផ្សាយដំណឹងឬជូនដំណឹងនេះ បើថាជាមេរបស់ការជំនួញក៏បាន យ៉ាងណាដូចជាយើងមានមាសឬពេជ្រ ជារបស់វិសេសក្នុងលោក ហើយយើងប្រាថ្នាដើម្បីយកទៅលក់ដូរ បើមិនឲដំណឹងគេឲដឹងទេ អ្នកទំាងពួងក៏គេមិនអាចដឹងថាយើងមានមាសពេជ្រ។ ហេតុនេះក្នុងការធ្វើជំនួញ គេតែងរាប់អានការផ្សាយដំណឹងជាធំ ដើម្បីឲអ្នកទំាងពួងបានដឹងទូទៅក្នុងលោក ដូចអ្នកជំនួញគេផ្សាយដំណឹងព័ត៌មានលើទំព័រកាសែត ដើម្បីអួតប្រាប់គេឯងរបស់ដែលគេត្រូវការនោះ ថារបស់ល្អ របស់ពូកែ។ ខ្លះគេគូររូបនឹងក្រដាស រួចយកទៅបិតនៅជញ្ជាំងផ្ទះ ខ្លះគូរដោយប្រេងមានពណ៌ផ្សេងៗ លើជញ្ជាំងឬគូរលើសំពត់រនាំង ចងនៅរោងកុនឬរោងល្ខោន លើ កប៉ាល់ លើឡាន ឬឈើបោះដោយទីវាលកន្លែងណាដែលមនុស្សប្រជុំច្រើន ឬមនុស្សដើរច្រើន ខ្លះក៏សរសេរដោយផ្ទះក្តារឬប៉ាំងកាសី ឲមនុស្សលីក្នុងទីដែលមានមនុស្សប្រជុំច្រើន មានខ្លះគេរចនាធ្វើជាអក្សរមានភ្លើង ឬតាក់តែងក្នុងទូរឲល្អគួរនឹងពេញចិត្តរីករាយ ដើម្បីនឹងទាញចិត្តមនុស្សដែលដើរតាមផ្លូវ។ ដូចផ្សាយដំណឹងលើក្រដាសឬក្នុងសៀវភៅ លើស្រោមសំបុត្រឬក្រដាសផ្តិត ប្រតិទិន ដែលគេត្រូវប្រើរាល់ថ្ងៃ ចារឹកក្នុងវត្ថុនោះទុកជូនដំណឹង។ ម្យ៉ាងទៀតគេមានផ្សាយដំណឹងតាមចម្រៀងឬតាមវិទ្យុ។ អ្នកធ្វើជំនួញត្រូវឲឆ្លាតវាងវៃឲមែនទែនឆាប់ដឹងឆាប់យល់ ការផ្សាយដំណឹងមានប្រយោជន៍ ឬឥតប្រយោជន៍យ៉ាងណា។ ហេតុដូចម្តេចមនុស្សឆោឡោនាំគ្នាមកទិញ ផលដូចម្តេចបានចូលមកដល់យើង យើងត្រូវពិនិត្យពិច័យសង្កេតជុំវិញខ្លួនយើង។ យើងត្រូវគិតហេតុដូចម្តេច មហាជននាំគ្នាមកទិញរបស់យើង យើងត្រូវបង្ហាញរបស់ឲគេពេញចិត្តដោយហេតុពីរយ៉ាងគឺៈ (១) មកពីគេត្រូវការវត្ថុនោះ ឬមនុស្សប្រាថ្នារបស់នោះដោយអាស្រ័យទទួលទាន ឬតាក់តែងដោយអត់ទ្រាំមិនបាន។ (២) វត្ថុនោះយកមកធ្វើជារបស់ចំរើនប្រយោជន៍ផ្សេងៗ។ កាលណាមនុស្សចង់បានរបស់នោះ របស់នោះនឹងច្រើនទៅជារបស់មានតម្លៃខ្វះរបស់នោះមិនបាន ខំប្រឹងទាល់តែបានតាមធនធានមានក្រ។ បើយើងជាអ្នកលក់មានរបស់ល្អចំឡែកហើយ មិនឲអ្នកដែលគេនៅខ្វះហើយចង់ទិញ បានដឹងទេ ធ្វើដូចម្តេចគេនឹងមកទិញយើង? ជួនកាលគេត្រូវការ តែមិនដឹងឬគេអត់ទ្រាំទៅមកពីគេមិនដឹងថាមានលក់។ ហេតុនេះ ការផ្សាយដំណឹងជាប្រយោជន៍យ៉ាងសំខាន់។ ស្គាល់យើងស្គាល់គេ អ្នកក្រចង់ឲមានទ្រព្យឆាប់រហ័សក្នុងការជំនួញ សេចក្តីនេះក្រណាស់ ព្រោះយើងមិនទាន់ដឹងកិច្ចកលអ្វីសោះ។ ហេតុនេះត្រូវយើងទៅរៀនធ្វើជាគូលីអ្នកជំនួញជាមុន ធ្វើគូលីមានប្រយោជន៍ទៅខាងមុខ គឺធ្វើគូលីក្នុងផ្ទះជំនួញ។ បើអ្នកមានគំនិតយកចិត្តទុកដាក់ រៀនមើលរបៀបគេ ទើបនាំមកនូវប្រយោជន៍ជាជាងធ្វើគូលីផ្សេងៗ។ កាលណាអ្នកសន្សំបានប្រាក់កាសតិចតួចហើយ តាំងធ្វើជាអ្នកជំនួញតិចតួចដូចជាការលក់គុយទាវលក់ទឹកកក ឬលក់ទំនិញផ្សេងៗ តាមកម្លាំងទ្រព្យធនរបស់ខ្លួន។ យើងត្រូវខំអត់ទ្រាំយកតម្រេះរបស់គេឲទាល់តែបាន។ ពាក្យថាស្គាល់យើងស្គាល់គេ បើយើងមានគំនិតណាល្អ យើងត្រូវដឹងច្បាស់ថាវាល្អ បើគំនិតយើងវាអាក្រក់ យើងដឹងច្បាស់ថាវាអាក្រក់។ របស់លក់ដូរជារបស់ឥតវិញ្ញាណ បើវាមិនល្អវាអាក្រក់ជាងគេ កុំឲប្រកាន់ថារបស់យើងជារបស់ល្អ បើយើងប្រកាន់យ៉ាងនេះហើយ មានតែយើងមួយទេដែលមើលឃើញដូច្នេះ តែភ្នែករបស់អ្នកស្រុកអ្នកនគរគេមើលមកគេមិនយល់តាមយើងឡើយ។ ដូចជា មេហាងនៅស្រុកអាមេរិក គេបានបង្កើតឲមានអណ្តូងប្រេងកាត ជាន់មុនចិននៅប្រើខ្លាញ់ត្រី គេយកប្រេងកាតទៅលក់នៅស្រុកចិន។ គេធ្វើចង្គៀង ១លាន ថ្លៃដើម ១ធ្វើអស់ ០,៣០ រៀល លុះយកទៅលក់ស្រុកចិនគេលក់តែ ០,១០រៀល។ គេបង្ហាត់ ឲចិនប្រើចង្កៀងប្រេងកាត លុះចេះប្រើ គេលក់ប្រេងកាតដាច់ ធ្វើជាសេដ្ឋីនៅស្រុកអាមេរិក។ អ្នកមានហាងជាដំបូង បើមិនប្រសប់ការជំនួញសូមស្តាប់សេចក្តីនេះ ដូចជាហាងលក់ដូរត្រូវឲមានមនុស្សជួយធ្វើការ ក្រនឹងរកមនុស្សធ្វើការឲចម្រើនណាស់។ មនុស្សមាន២ពួក ពួក១ចេះដឹងតែមិនស្មោះត្រង់ ពួក១ទៀត ទៀងត្រង់តែល្ងង់ប្រើការមិនកើត។ បើចង់ឲចម្រើនក្នុងហាងនីមួយៗ ត្រូវខំរកឲបានមនុស្សចេះឆ្លាតហើយត្រង់ផង។ ធម្មតាការងារអ្វីទាំងអស់ បើចង់កើតទៅជាអ្នកមាន ត្រូវឲមានមនុស្សគ្រប់គ្រាន់ប្រើការ។ ធ្វើម្ចាស់ហាងត្រូវស្គាល់អធ្យាស្រ័យសុខទុក្ខអ្នកធ្វើការនិងឲ ស្គាល់គំនិតចរិតអ្នកធ្វើការ។ អ្នកជំនួញត្រូវស្លៀកពាក់យ៉ាងណាឲចម្រើន អ្នកស្លៀកពាក់គួរមើលតាមរបររបស់យើងធ្វើជំនូញនោះ។ អ្នកធ្វើការជំនួញតិចតួចកុំស្លៀកពាក់ហ៊ឺហាហួសប្រមាណ ត្រូវបោកសំអាតនិងរៀបចំវត្ថុរបស់ខ្លួនឲបានស្អាត។ យើងជាអ្នកក្រទើបនឹងផ្តើមឡើងរកទទួលទានត្រូវកំណាញ់ឲមែនទែន ត្រូវការប្រើលុះត្រាតែចម្រើនសឹមយើងប្រើការ ដែលកំណាញ់នោះមុនដំបូងយើងចាប់ផ្តើមឡើងជាទ្រព្យធនតិចតួច ដល់យើងមានទ្រព្យហូរចូលជាអ្នកមានហើយ យើងត្រូវចាយវាយជាខាងក្រោយ។ អ្នកមានហាងធំៗ ត្រូវស្លៀកពាក់ឲសមគួរតាមសម័យ ឲមានប្រយោជន៍ដើម្បីនឹងសេពគបនឹងភ្ញៀវ។ អ្នកជំនួញត្រូវជៀសវាងការខ្មាសអៀនខុសទំនង គឺខ្មាសអៀននឹងស្រី១ ខ្មាសអៀននឹងអ្នកមានទ្រព្យសម្បត្តិ១ ខ្មាសអៀននឹងអ្នកមានយសសក្តិ១ និងខ្មាសអៀននឹងអ្នកជំនួញ១។ បើអ្នកក្រហើយនៅប្រកាន់សេចក្តីខ្មាសអៀនយ៉ាងនេះទុកដូចមនុស្ស ស្លាប់មួយចំហៀងខ្លួន មិនពេញលេញជាមនុស្សធ្វើជំនួញទេ។ អ្នកធ្វើការជំនួញដើមទុននៅតិចនៅជាអ្នកក្រ ត្រូវស្លៀកពាក់ធុនថោកតាមរបៀបអ្នកជំនួញក្រ កុំឲវាបង់សាហ៊ុយខាតដើមទុន។ ស្លៀកពាក់បែបនេះហើយ មានសេចក្តីខ្មាសអៀន គឺប្រាកដជាអ្នកស្មានថា ប្រហែលជាស្រីឃើញអញស្លៀកពាក់ដាច់ដាច មិនស្រឡាញ់ដោយដឹងថាអញក្រ ឃើញអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានយសស័ក្តិ សូម្បីញាតិសន្តាន ក៏ខ្មាសអៀនដែរ ស្មានក្រែងតែគេមើលងាយអញមិនដល់គេ ខ្មាសនឹងអ្នកជំនួញ គឺស្មានថាក្រែងគេសើចចំអកចំអន់អញ ស្មានអញមិនចេះធ្វើជំនួញដូចគេ។ ការខ្មាសអៀនរបៀបនេះសុទ្ធតែខុសទំនង។ អត់ធន់និងព្យាយាម អ្នកប្រាថ្នាចង់បានគំនរសម្បត្តិហូរចូល ត្រូវតែព្យាយាមៈ (១) អត់ធន់នឹងការក្រលំបាកៈ ចេះសន្សំប្រាក់ទុកធ្វើដើមទុន។ រកបានប្រាក់ខ្លះក៏មិនហ៊ានចាយ ទុកយកទៅពង្រីកជំនួញឲកាន់តែធំឡើង។ ត្រូវសង្កតសេចក្តីក្រលំបាក។ (២) អត់ធន់នឹងការថ្កើងរុងរឿងៈ សេចក្តីថ្កើងរុងរឿងសប្បាយ អ្នកណាក៏ចូលចិត្តគ្រប់គ្នា យើងជាអ្នកមានធនធាននៅតិច ចង់បានហ៊ឺហាដូចជាគេអ្នកមាន ឬចង់ហ៊ឺហាតាមទំនើងចិត្ត នោះនឹងនាំឲបង់ទ្រព្យសម្បត្តិខូចដើមទុន។ គួរខំរកទ្រព្យចូលឲបានច្រើន លុះពេលយើងក្លាយជាអ្នកមានហើយ យើងចង់សង់ផ្ទះថ្ម សរសរស៊ីម៉ង់ត៍ ជិះឡាន ពាក់មាស ពាក់ពេជ្រ ឬថ្កើងបែបណាក៏បាន មិនបាច់ព្រួយ ពីព្រោះទ្រព្យសម្បត្តិរបស់យើងរីកលូតលាស់មិនចេះអស់។ (៣) អត់ធន់នឹងការខឹងៈ ការខឹងនាំឲអន្តរាយខាតប្រយោជន៍ធំណាស់។ យើងត្រូវអត់ធន់សង្កត់កំហឹង ពីព្រោះយើងជាអ្នកជំនួញនៅក្រនៅឡើយ គ្មានអំណាចអ្វីឲគេខ្លាចទេ បើសត្រូវទាំង៨ទិសមកបៀតបៀន។ (៤) អត់ធន់នឹងការស្រឡាញ់ៈ សំដៅដល់ការស្រឡាញ់ដែលបណ្តាលឲខាតដើមទុន ដូចជាស្រឡាញ់ស្រីផ្កាមាសជាដើម។ បានទ្រព្យរក្សាឲគង់ ប្រាក់កាសដែលបានមកហើយ តែខ្ជះខ្ជាយទៀងតែនឹងវិនាសទៅវិញ សូម្បីអ្នកជំនួញពូកែយ៉ាងណាក៏ដោយ គង់តែមិនបានសម្រេចដូចក្តីប្រាថ្នាឡើយ ដូចជាកញ្ជើធ្លុះបាត ម្ចាស់មិនដឹងចេះតែច្រកចូលតាមមាត់ មិនដឹងជាបាតខាងក្រោមវាធ្លាក់អស់។ អ្នកជំនួញបើគ្មានគំនិតទុកដាក់ប្រាក់ឲគង់ទេ មុខតែវិនាសដោយហេតុ១០យ៉ាងៈ (១) វិនាសដោយចោរខាងក្នុង និងចោរខាងក្រៅ (២) វិនាសដោយគេបោកបញ្ឆោតឆបោក (៣) វិនាសដោយភ្លើងឆេះ (៤) វិនាសដោយល្បែងស្រី (៥) វិនាសដោយស្រា (៦) វិនាសដោយល្បែងភ្នាល់ បៀ ប៉ោ (៧) វិនាសដោយខុសច្បាប់រដ្ឋ (៨) វិនាសដោយសង្គ្រាម (៩) វិនាសដោយប្តឹងផ្តល់ផ្ចាញ់ផ្ចាលគ្នា (១០) វិនាសដោយដើរលេងយប់ សេពគប់នឹងមនុស្សអាក្រក់ ប៉ោឡែ ដកស្រង់ចេញពីhttp://salarean.com |
- (មនុស្សប្រុស) ពេលមានបញ្ហាមនុស្សប្រុស ចូលចិត្តនៅម្នាក់ឯង មិនចង់ឲគេសួរដេញដោលច្រើន មិនចង់ឲគេឃើញថាខ្លួនទន់ខ្សោយ ហើយក៏មិនត្រូវការពាក្យលួងលោមដែរ។ (មនុស្សស្រី) ពេលមានបញ្ហាមនុស្សស្រីត្រូវការនិយាយចេញមកក្រៅបន្ធូរអារម្មណ៍ តានតឹង នាងត្រូវការអ្នកលួងលោមយល់ចិត្តថ្លើម និងយល់អារម្មណ៍ឈឺចាប់របស់នាង។
- (មនុស្សប្រុស) បុរសចង់ឲស្រ្តីនៅស្និទ្ធស្នាលខណៈពេលសប្បាយរីករាយ។ (មនុស្សស្រី) ស្រ្តីចង់ឲបុរសនៅក្បែរក្នុងគ្រាទុក្ខព្រួយ ពិបាកចិត្ត។
- (មនុស្សប្រុស) បុរសនឹងមួម៉ៅប្រសិនបើស្រ្តីធ្វើឲគាត់មានអារម្មណ៍ថា គាត់មិនមែនជាបង្គោលគ្រួសារ ដូចជារអ៊ូរឿងប្រាក់ចំណូលមិនគ្រប់គ្រាន់ជាដើម។ (មនុស្សស្រី) ស្ត្រីនឹងមួម៉ៅប្រសិនបើបុរសសំដែងឲឃើញថា គាត់មិនមែនជាមេផ្ទះដ៏ល្អ ដូចជារអ៊ូថាផ្ទះមិនស្អាតជាដើម។
- (មនុស្សប្រុស) បុរសមិនចូលចិត្តនិយាយពាក្យថា "ស្រឡាញ់" ទេ តែចូលចិត្តបង្ហាញតាមរយៈទង្វើដូចជា ខំរកស៊ីជាដើម។ បុរសគិតថា ធ្វើកិច្ចការធំៗតែពីរបីគ្រប់គ្រាន់នឹងជំនួសពាក្យថាស្រឡាញ់បាន ហើយ។ (មនុស្សស្រី) ស្រ្តីចូលចិត្តឮពាក្យថា "ស្រឡាញ់" ពិសេសក្រោយរៀបការរួច ដើម្បីឲនាងកាន់តែមានជំនឿចិត្ត។ ស្ត្រីចូលចិត្តឲបុរសធ្វើល្អជាប់ជាប្រចាំ មិនគិតរឿងធំឬតូចទេ ផ្កាមួយទង និងរថយន្តមួយគ្រឿង មានតម្លៃប៉ុនគ្នាក្នុងចិត្តស្រ្តី។
- (មនុស្សស្រី) ស្រ្តីចង់ឲបុរសជួយការងារផ្ទះ ជួយមើលកូន តែមិនព្រមនិយាយ បែរជារអ៊ូ។ (មនុស្សប្រុស) ឯបុរសរង់ចាំឲស្រ្តីនិយាយ ទើបជួយ។
- (មនុស្សស្រី) ស្រ្តីពេលមកពិភាក្សា នាងចង់បានការជួយសម្រេចចិត្ត និងពាក្យផ្តល់កម្លាំងចិត្តដែលធ្វើឲនាងមានអារម្មណ៍ថាខ្លួនមាន តម្លៃ។
- (មនុស្សស្រី) ស្ត្រីទ្រាំមិនបានទេ បើនាងមានអារម្មណ៍ថាបុរស លាក់កំបាំងការពិតអ្វីមួយជាមួយនាង។ (មនុស្សប្រុស) ស្របពេលជាមួយគ្នានោះ បុរសគិតថាលាក់បាំងរឿងនោះដើម្បីឲស្រ្តីសប្បាយចិត្ត តែបែរជាធ្វើឲនាងកាន់តែខឹងខ្លាំងឡើងទៅវិញ។ ស្រ្តីចូលចិត្តឈ្លេចរកចម្លើយបើនាងសង្ស័យអ្វីមួយ ធ្វើឲបុរសធុញទ្រាន់ រឹតតែបិទមាត់មិនប្រាប់។
(ស្រង់ចេញពី សៀវភៅត្រៀមខ្លួនក្លាយជាគ្រួសារថ្មី ដែលរៀបរៀងដោយលោកច័ន្ទឫទ្ធី)
ប្រភពដើម សាលារៀន
យុទ្ធសាស្ត្រប្រើពេលមានប្រៀបឈ្នះ
១. បាំងមេឃឆ្លងសមុទ្រ
២. ឡោមព័ទ្ធក្រុងវ៉ើយជួយក្រុងចាវ
៣. ខ្ចីកាំបិតសម្លាប់មនុស្ស
៤. សន្សំកម្លាំងចាំឱកាស ទុកឲ្យសត្រូវបញ្ចេញឲ្យអស់កម្លាំងសិន
៥. ឆ្លៀតឆក់ប្លន់ពេលភ្លើងឆេះ
៦. បញ្ឆោតពីកើត វៃពីលិច
យុទ្ធសាស្ត្រឱកាសនិយម
៧. ធ្វើនំអត់ម្សៅ ឬគ្មានតែអាចបង្កើតឲ្យមាន
៨. លួចរត់តាមឈើនឆាំង
៩. សម្លឹងមើលភ្លើងឆេះពីត្រើយម្ខាង
១០. លាក់កាំបិតស្នៀតក្នុងស្នាមញញឹម
១១. ចាញ់ដើម្បីឈ្នះ
១២. លួចពពែតាមផ្លូវ
យុទ្ធសាស្ត្រវាយប្រហារ
១៣. វាយស្មៅបង្អើលពស់
១៤. ខ្ចីសពសង្គ្រោះព្រលឹង
១៥. បញ្ឆោតខ្លាចេញពីរូង
១៦. ដោះលែងមុនចាប់ក្រោយ
១៧. បោះដុំថ្មទាក់យកគុជ
១៨. បំបែកសំបុកចោរដោយចាប់មេចោរ
យុទ្ធសាស្ត្របន្លំ
១៩. ដកអុសចេញពីក្រោមផ្ទះ
២០. ចាប់ត្រីក្នុងទឹកល្អក់
២១. លួចរត់ដូចរ៉ៃមាសសកខ្លួន
២២. បិទទ្វាចាប់ចោរ
២៣. ចងមិត្តនឹងអ្នកឆ្ងាយ វាយប្រហារអ្នកជិត
២៤. ខ្ចីផ្លូវទៅវៃ កួ
យុទ្ធសាស្ត្របំភ័ន្ត
២៥. លួចដូរធ្នឹមសសរ
២៦. ចង្អុលផ្លែជេរផ្កា
២៧. ធ្វើពុតជាឆ្កួត តែមានសតិជានិច្ច
២៨. ដកជណ្តើរចេញពេលសត្រូវឡើងដល់ដំបូល
២៩. ដោតផ្កាលើដើមឈើ
៣០. ប្រែពីភ្ញៀវទៅជាម្ចាស់ផ្ទះ
យុទ្ធសាស្ត្រប្រើពេលអស់សង្ឃឹម
៣១. ល្បិចស្រីស្អាត
៣២. ល្បិចក្រុងទទេ
៣៣. ចារកម្មឡង
៣៤. ល្បិចសាច់កម្ម
៣៥. ល្បិចបន្តបន្ទាប់
៣៦. រត់គេចៈ ល្បិចល្អបំផុត
ដកស្រងចេញពី សាលារៀន
ការកំណត់អាទិភាព និង ធ្វើការទៅតាមអាទិភាព ទាមទារនូវការតាំងចិត្ត និងការដាក់វិន័យលើខ្លួនឯង។ វាជារឿងដែលលំបាកធ្វើ តែជារឿងសំខាន់បំផុតសម្រាប់អ្នកដែលប្រាថ្នាចង់បានជោគជ័យធំធេង ក្នុងឆាក ជីវិត។ ចូរសួរខ្លួនឯងបួនសំណួរ។
១. តើកិច្ចការណាមួយដែលផ្តល់តម្លៃខ្ពស់បំផុតសម្រាប់អ្នក?
២. តើគេបង់ប្រាក់ខែឲ្យអ្នករាល់ខែនេះ ព្រោះចង់ឲ្យអ្នកសម្រេចលទ្ធផលអ្វីឲ្យគេ?
៣. តើកិច្ចការអ្វីដែលមានតែអ្នកម្នាក់គត់អាចធ្វើបាន ហើយដែលនាំឲ្យជីវិតរបស់អ្នក ឬអាជីវកម្មរបស់អ្នកប្រែប្រួលយ៉ាងខ្លាំង?
៤. តើអ្នកបានប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុតរបស់អ្នក ដល់កម្រិតខ្ពស់បំផុតហើយឬនៅ? ចូរធ្វើកិច្ចការដែលផ្តល់ផលិតភាពខ្ពស់បំផុត និងនាំទៅដល់ជោគជ័យហិរញ្ញវត្ថុ។
ចុងក្រោយគឺពុះពារប្រឹងប្រែង ធ្វើកិច្ចការដ៏សំខាន់ជាងគេបំផុតម្តងមួយរហូតដល់ចប់សព្វគ្រប់ ១០០%។ នេះគឺជាទម្លាប់ដែលនាំឲ្យក្លាយជាសេដ្ឋី។
(ស្រង់ចេញពីសៀវភៅ The 21 Success Secrets of Self-Made Millionaires, Brian Tracy)
ដកស្រងចេញពី សាលារៀន
ពាក្យចាស់លោកពោលថា "ទម្លាប់ធំជាងច្បាប់" ។ ពាក្យនេះស្តែងឲ្យឃើញពីអានុភាពរបស់ទម្លាប់។ អ្វីក៏ដោយដែលក្លាយទៅជាទម្លាប់ហើយពិបាកកែណាស់។ ដូច្នេះមនុស្សគ្រប់រូបគួរជៀសវាងឲ្យបាននូវទម្លាប់អាក្រក់ទាំង ឡាយ។ តែបើទម្លាប់អាក្រក់ដក់ជាប់ក្នុងខ្លួនហើយគួររកវិធីកែខៃឲ្យ ជ្រះស្រឡះ។ ដើម្បីនឹងកែទម្លាប់អាក្រក់បានត្រូវៈ
១. តាំងចិត្តកែយ៉ាង ពិតប្រាកដៈ ត្រូវតាំងចិត្តយ៉ាងមុតមាំថា អ្នកត្រូវការកែប្រែទម្លាប់អាក្រក់ ហើយត្រូវការទម្លាប់ល្អៗជំនួសវិញ។ រាល់ពេលដែលអ្នកកែបាន នោះសន្ទុះចិត្តរបស់អ្នកក៏កាន់តែខ្លាំងឡើងដែរ។
២. គ្មានករណីលើកលែងៈ ដើម្បីកែទម្លាប់អាក្រក់បានប្រការសំខាន់បំផុត គឺត្រូវគោរពការតាំងចិត្តរបស់ខ្លួនដោយគ្មានករណីលែកលែង។ កុំគិតថា "ខុសតែមួយមិនអីទេ..." ។ ត្រូវម្ចាស់ការលើខ្លួនឯងជានិច្ច។
៣. ស្វែងរកឱកាសអនុវត្ត ន៍ទម្លាប់ល្អៈ ជំនួសទម្លាប់អាក្រក់ៗដោយទម្លាប់ល្អ ហើយអនុវត្តន៍ជាប្រចាំរហូតក្លាយជារឿងធម្មតាប្រចាំថ្ងៃ។
ដកស្រងចេញពី សាលារៀន
១. មិនជក់បារី
២. ធ្វើលំហាត់ប្រាណ ឬបញ្ចេញកម្លាំងតាមការគួរ
៣. មិនសេពសុរាឬគ្រឿងស្រវឹង បើមានត្រឹមតិចតួច
៤. ទទួលទានដំណេកទៀងទាត់ពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ
៥. រក្សាទម្ងន់ឲ្យនៅកម្រិតល្មម
៦. បរិភោគអាហារពេលព្រឹកក្នុងកម្រិតទៀតទាត់
៧. មិនបរិភោគអាហាររាយរងឡេះឡោះក្រៅពីពេលអាហារធំៗ
-ស្ត្រីដែលអាចអនុវត្តន៍បានពី៦ទៅ៧ចំនុច អាចរស់នៅបានយូរជាងស្ត្រីដែលអនុវត្តន៍បានត្រឹមតែ០ទៅ៣ចំនុច ចំនួន៧ឆ្នាំ។
-បុរសដែលអាចអនុវត្តន៍បានពី៦ទៅ៧ចំនុច អាចរស់នៅបានយូរជាងបុរសដែលអនុវត្តន៍បានត្រឹមតែ០ទៅ៣ចំនុច ចំនួន១១ឆ្នាំ។
ប្រភពដើម សាលារៀន
កុំដាក់ជំនឿដោយប្រាសចាកហេតុផល
១. កុំជឿដោយឮតៗគ្នា
២. កុំជឿតាមល្បីល្បាញ
៣. កុំជឿដំណឹងពីមាត់មួយទៅមាត់មួយ
៤. កុំជឿដោយផ្អែកតាមតម្រាក្បួនខ្នាត
៥. កុំជឿដោយគូសដៅខ្លួនឯង
៦. កុំជឿដោយគ្នានគ្នេគិតប៉ាន់ស្មាន
៧. កុំជឿដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល
៨. កុំជឿដោយសំអាងថាសមឬស្របតាមគំហើញ
៩. កុំជឿដោយអាងឬឃើញថាអ្នកឲ្យយោបល់ធ្លាប់មានកេរ្តិ៍ឈ្មោះគួរជឿ ជាក់
១០. កុំជឿដោយសារអ្នកនោះជាគ្រូរបស់ខ្លួន។
ពុទ្ធោវាទ
ប្រភពដើម សាលារៀន
១. ពោលពាក្យដូចដុំលាមកៈ មនុស្សតែងបរិភោគអាហារជាធម្មតា។ តែការបរិភោគអាហារខុសបណ្តាលឲ្យកើតជាជំងឺរាគរុះ លាមកធំក្លិនស្អុយ។ លុះខ្យល់បក់មកក៏នាំក្លិនស្អុយទៅគ្រប់ទិសទី។ យ៉ាងណាម៉ិញពាក្យសំដីស្មោកគ្រោកមានពាក្យកុហក ពាក្យញុះញង់ ពាក្យប្រមាថត្រគោះបោះបោក និងពាក្យឡេះឡោះឥតប្រយោជន៍ជាដើម ជាហេតុនាំឲ្យខូតប្រយោជន៍ និងរង្កៀសចិត្តអ្នកស្តាប់។ កេរ្តិ៍ឈ្មោះអ្នកនិយាយក៏ស្អុយរលួយដូចក្លិនលាមក សព្វទីកន្លែង។
២. ពោលពាក្យដូចផ្កាៈ ធម្មតា ផ្កាកាលណាវារីក វាចោលក្លិនក្រអូប ហើយខ្យល់បក់នាំក្លិនក្រអូបទៅគ្រប់ទិសទី។ អ្នកផងទាំងឡាយសប្បាយចូលចិត្តយកផ្កានោះមកធ្វើជាគ្រឿងតុបតែង លំអខ្លួន។ ទោះបីផ្កានោះមានដើមមិនល្អ សំបកគ្រើម ស្លឹកជូរចត់ខា ផ្លែអត់រសជាតិក៏ដោយ ក៏គេនៅតែចូលចិត្ត។ ដូចនេះ ដើម ស្លឹក មែក ផ្លែ និងចំណែកផ្សេងៗទៀតនៃដើម មានតម្លៃដោយសារតែផ្កា។ យ៉ាងណាម៉ិញមនុស្សទោះបីមានរូបអាក្រក់ក៏ដោយ តែពោលពាក្យសំដីប្រកបដោយគុណធម៌ សីលធម៌ ដែលញ៉ាំងប្រយោជន៍ឲ្យអ្នកដទៃនិងខ្លួនឯងហើយ អ្នកនោះក៏មានឈ្មោះក្រអូបដូចជាផ្កាអញ្ចឹងដែរ ហើយអ្នកផងទាំងពួងក៏ចូលចិត្តគោរពរាប់អាន។ បុគ្គលពោលពាក្យយ៉ាងនេះមាន២បែបៈ ក) ពោលពាក្យល្អទាំងទីកំបាំងមុខនិងទីចំពោះមុខៈ នៅចំពោះមុខប្រើពាក្យ ព្រះតេជគុណ លោកពូ អ្នកមីង អ្នកនាង... លុះទីកំបាំងមុខក៏ប្រើពាក្យដដែល។ ខ) ពោលពាក្យល្អតែចំពោះមុខៈ នៅកំបាំងមុខប្រែជាហៅ អ្នកនេះ អ្នកនោះ អានេះ អានោះ ទៅវិញ។
៣. ពោលពាក្យផ្អែមដូចទឹក ឃ្មុំៈ ធម្មតាទឹកឃ្មុំសុទ្ធរមែងផ្អែមឆ្ងាញ់ជាងទឹកឃ្មុំមិនសុទ្ធដែលលាយ ទៅដោយទឹក។ ទឹកឃ្មុំមិនសុទ្ធធ្វើឲ្យអ្នកបរិភោគទ្រលាន់។ យ៉ាងណាម៉ិញអ្នកដែលពោលពាក្យពីរោះ មិនប្រាថ្នាលាភសក្ការៈពីអ្នកដទៃពោលចេញពីចិត្តបរិសុទ្ធ ប្រៀបដូចជាទឹកឃ្មុំសុទ្ធ តម្លៃរបស់គេនៅតែមានជាដរាប។ ចំណែកឯអ្នកពោលពាក្យពីរោះព្រោះតែលាភសក្ការៈ (ចិត្តជាទេវទត្ត មាត់ជាទេវតា) ប្រៀបដូចជាទឹកឃ្មុំមិនសុទ្ធ ពេលគេដឹងការពិតក៏រកតម្លៃប្រើប្រាស់គ្មាន។
(ស្រង់ចេញពីទស្សនាវដ្តីកម្ពុជសូរិយា)
ប្រភពដើម សាលារៀន
នៅសម័យបូរាណ ខ្មែរដាក់ឈ្មោះកូនចៅទៅតាមក្បូនខ្នាត សឹងរកគ្រូអាចារ្យគន់គូរទស្សទាយមើលតាមពាលារាសីត្រឹមត្រូវ។ ម្យ៉ាងទៀតចំនួនព្យាង្គក៏ត្រូវស្របតាមវណ្ណៈគ្រួសារដែរ ដែលមានជាលំដាប់តាមពូជពង្សដូចតទៅៈ
ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ
ព្រះនាមនីមួយៗមានពីបួនព្យាង្គឡើងទៅដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័ន្តទី៧ វិរកុមារ សុរិយកុមារ។
ខ. ចំពោះរាជវង្សានុវង្ស និងមន្រ្តីដែលព្រះរាជាតែងតាំងជាក្សត្រពេញអង្គ
ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វិរយៈ ប៉ូរក្ខស៊ី ពិស្ណុលោក(មន្ត្រីរាជវង្ស)។
គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកត្តិយស
នាមបុត្រត្រូវមានយ៉ាងច្រើនពីរព្យាង្គដូចជា សម្បត្តិ ចំរើន សុខា ។ល។
ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ
នាមបុត្រមានតែមួយព្យាង្គឬមួយម៉ាត់ទេពោលគឺ ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើរាស្ត្រណាបានធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះ នូវគោរម្យងារដូចជា ពញា ឧកញ៉ា ។ល។
(ស្រង់ចេញពីសៀវភៅ បរិវាស័ព្ទក្នុងភាសាខ្មែរ និពន្ធដោយស៊ីសុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២)
ប្រភពដើម សាលារៀន
បានជួបស្រស់ស្រីសំដីទន់
មុខមូលមានមន្តស្រូបព្រលឹង
ខាបឆក់បេះដូងអោយគាំងឈឹង
អារម្មណ៍ធ្មាំងធ្មឹងរឹងជើងដៃ។
ចង់ នៅជួបជិតកិតកៀកកាយ
ចង់ រស់រៀងអាយអែបចរណៃ
ចង់ ចាំចរចាទាំងយប់ថ្ងៃ
ចង់ ចងនិស្ស័យស្នេហ៍សំងាត់។
ចង់ ពួនពេបយំព្រោះនឹកស្រី
ចង់ ស្តាប់សំដីបីបួនម៉ាត់
ចង់ បានចំលើយស្បើយវិបត្តិ
ចង់ ណាស់ចង់ណាត់ជួបពីរនាក់។
ចង់ យល់ពីពៅអោយបានច្បាស់
ចង់ ស្រែកប្រកាសចិត្តជំពាក់
ចង់ ពោលពាក្យពិតឥតលៀមលាក់
ចង់ រាប់រាក់ទាក់សើចក្អាកក្អាយ។
បានត្រឹម តែចង់ឥតសង្ឍឹម
បានត្រឹម ញញឹមឥតសប្បាយ
បានត្រឹម ខកចិត្តឥតរសាយ
បានត្រឹម តែស្តាយ! ស្តាយសោយសោក!!!
ដកស្រង់ចេញពី សាលារៀន
១. នឹកដល់មិត្តដែលបែកគ្នា
២. ត្រេកអរនឹងមិត្តមករក
៣. ចង់តែឲមិត្តមកលេង
៤. ត្រេកអរនឹងទទួលមិត្តយ៉ាងរាក់ទាក់
៥. ស្រឡាញ់មិត្តរបស់មិត្ត
៦. ស្អប់សត្រូវរបស់មិត្ត
៧. ចេញមុខការពារមិត្ត
៨. គាំទ្រអ្នកសរសើរមិត្ត
៩. ប្រាប់អាថ៌កំបាំងចំពោះមិត្ត
១០. ជួយលាក់អាថ៌កំបាំងរបស់មិត្ត
១១. ទុកដាក់នឹងកិច្ចការរបស់មិត្ត
១២. សរសើរបញ្ញារបស់មិត្ត
១៣. ត្រេកអរនឹងសុខចំរើនរបស់មិត្ត
១៤. ឈឺឆ្អាល់នឹងវិនាសភាពរបស់មិត្ត
១៥. នឹងដល់មិត្តពេលបានចំណីឆ្ងាញ់
១៦. រាយចំណែកឲមិត្ត
ដកស្រង់ចេញពី សៀវភៅប្រជុំវប្បធម៌ និពន្ធដោយ ឡុង ផ្លែង
ប្រភពដើម សាលារៀន
១. យកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកដទៃៈ ចង់ឲអ្នកដទៃស្រឡាញ់យើង យើងត្រូវធ្វើអ្វីដើម្បីពួកគេមុន។ លោក Walters ធ្វើការនៅធនាគារមួយ ត្រូវបានថ្នាក់លើបានចាត់ឲទៅពិនិត្យដោយសម្ងាត់មើលហាងមួយនោះ គួរឲ្យធនាគារទុកចិត្តដែរឬទេ។ លោកបានទៅសួរសុខទុក្ខ នាយកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់មួយផ្សេងទៀត ដើម្បីឲលោកជួយផ្តល់ឯកសារខ្លះអំពីហាងមួយនោះ។ នាយកក្រុមហ៊ុន ឆ្លើយតបដោយវិធីមួយមិនច្បាស់ បែបញញើតញញើមហាក់ដូចជាមិនចង់ឲ្យជាប់វាក់វិន។ ការជួបគ្នានេះទៅជាឥតប្រយោជន៍។ លោក Walters អស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា។ ស្រាប់តែលោកបានឮលេខាម្នាក់និយាយថា ថ្ងៃនេះគាត់រកមិនបានកុកថ្មីមួយក្បាលសោះ។ ការពិតនាយកក្រុមហ៊ុននេះ កំពុងស្រាវជ្រាវរក"កុក" ឲកូនប្រុសរបស់គាត់អាយុ១២ឆ្នាំ។ ថ្ងៃក្រោយមកពេល លោក Walters បានត្រឡប់មកជួបលោកនាយកក្រុមហ៊ុនម្តងទៀត សរសេរលើក្រដាសតូចមួយថា មាន"កុក" ចម្លែកផ្ញើជូនកូនលោក ហើយប្រើឲគេយកមក...។ លើកនេះត្រូវបានទទួលយ៉ាងរាក់ទាក់បំផុត នាយកក្រុមហ៊ុនចាប់ដៃលោកដូចជាបេក្ខជនតំណាងរាស្រ្ត ចាប់ដៃជាមួយអ្នកបោះឆ្នោតអញ្ចឹង។ នាយកក្រុមហ៊ុន មុខស្រស់ដូចផ្កា បើកមើល"កុក" ចុះឡើងញឹកញាប់ ហើយថែមទាំងរំលឹកដល់កូនគាត់ថា "អា George កូនខ្ញុំច្បាស់ជាងប់ងល់នឹងសត្វកុកនេះជាពុំខាន!"។ លោក Walters រៀបរាប់ឡើងវិញថា "ក្នុងរយៈពេលកន្លះម៉ោង យើងនិយាយតែពីរឿងកុក ហើយសំឡឹងមើល ផ្ទាំងរូបថត George។ ហើយមិនចាំឲខ្ញុំសួរ នាយកក្រុមហ៊ុននោះ ចំណាយពេលមួយម៉ោងទៀត ឲខ្ញុំដឹងពីឯកសារទាំងអស់ដែលខ្ញុំចង់បាន។ គ្មានប្រការអ្វីដែលគាត់ដឹងហើយមិនប្រាប់ខ្ញុំទេ ហើយថែមទាំងហៅជំនួយការមកសួរថែមទៀត..."។ ២. ញញឹមៈ ពេលញញឹមជាមួយនរណាម្នាក់ ប្រៀបបីដូចជានិយាយជាមួយអ្នកនោះថា "ខ្ញុំស្រឡាញ់អ្នក... បានជួបអ្នកខ្ញុំសប្បាយចិត្តណាស់..."។ ស្នាមញញឹមដែលផុសចេញពីចិត្តស្មោះ ធ្វើឲធូរស្បើយអាំរម្មណ៍។ ញញឹមជាការងារមួយមិនបាច់ចុះទុនតែចំណេញច្រើនបំផុត។ ស្នាមញញឹមបង្កើតឲមានសុភមង្គល។ បើអ្នកចង់ឲគេស្រឡាញ់រាប់អានសូមចាំគោលការណ៍នេះទុក "រក្សាស្នាមញញឹមជាប់បបូរមាត់ជានិច្ច..."។ លទ្ធផលនៃការញញឹមៈ លោក Steinhardt សរសេរក្នុងសំបុត្ររបស់គាត់ថា "ខ្ញុំបានរៀបការ១៨ឆ្នាំហើយ ហើយក្នុងរយៈកាលនោះ ខ្ញុំកម្រញញឹមសើចជាមួយប្រពន្ធខ្ញុំណាស់។ តាំងពីព្រឹមក្រោកពីដំណេករហូតដល់ធ្វើការ ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំមិនលើសពី១២ម៉ាត់ទេ។ ខ្ញុំជាមនុស្សដែលក្រម៉ែក្រម៉ូវពិបាកទ្រាំបំផុត។ ក្រោយមកខ្ញុំស្តាប់តាមដំបូន្មានដោយប្រែក្លាយខ្លួនជាមនុស្សញញឹម ខ្ញុំសើចពេញមួយសប្តាហ៍ ។ នៅពេលព្រលឹមលុបលាងមុខ ខ្ញុំមើលក្នុងកញ្ចក់ហើយក្រើនរំលឹកខ្លួនឯងថា ត្រូវបោះបង់ទឹកមុខក្រញ៉ូវដូចខ្មោចចេញ ហើយប្តេជ្ញាចិត្តញញឹមជានិច្ច។ ក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកខ្ញុំរួសរាយគោរពប្រពន្ធខ្ញុំ។ ប្រពន្ធខ្ញុំងឿងណាស់។ ខ្ញុំរក្សាដូច្នេះរយៈពេល២ខែ ហើយរកឃើញសុភមង្គលក្នុងគ្រួសារដ៏ច្រើន គឺច្រើនជាងរយៈកាលមួយឆ្នាំកន្លងទៅទៀត។" ៣. ចងចាំនិងនិយាយឈ្មោះរបស់គេៈ លោក Jim Farely អាចហៅឈ្មោះបាន ៥ម៉ឺននាក់។ ដោយស្មារតីចងចាំដ៏អស្ចារ្យនេះ លោកបានជួយឃោសនា ឲ្យលោក Franklin D.Roosevelt ជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ វិធីលោកសាមញ្ញណាស់។ រាល់លើកពេលលោករាប់អានជាមួយនរណាម្នាក់ លោកសួរឈ្មោះនិងត្រកូលអ្នកនោះ និងវិធីសរសេរឲ្យត្រឹមត្រូវ។ លោករិះរកវិធីយល់ដឹងនិងចំណាំឲ្យបានច្បាស់ពីគ្រួសារ មុខរបរ និងនិន្នាការនយោបាយរបស់អ្នកនោះ កត់ត្រាទុកហើយលើកក្រោយជួបគ្នាវិញ ទោះបីអស់កាលមួយឆ្នាំក៏ដោយ ក៏លោកអាចទះស្មាអ្នកនោះ ហើយសួរសុខទុក្ខពីប្រពន្ធកូនរហូតដល់ដើមឈើមួយចំនួនក្នុងចំការ អ្នកនោះទៀត...!។ អញ្ចឹងហើយ ទើបទៅដល់ទីណាក៏លោកមានមិត្តស្និទ្ធស្នាល អត់មានអ្វីប្លែកនោះទេ។ គេសម្គាល់ឃើញថា លោកមានសៀវភៅមួយកត់ត្រាឈ្មោះអ្នកទាំងនោះរាប់ពាន់អ្នក។ ហើយអ្នកម្ចាស់សន្លឹកឆ្នោតម្នាក់ៗសុទ្ធតែងឿងឆ្ងល់ដោយទទួលបាន សំបុត្រមួយច្បាប់ពីលោកចារថា "មិត្ត Bill ជាទីស្នេហា" "មិត្ត Joe ជាទីស្នេហា" ... ហើយចុះហត្ថលេខា "Jim"។ លោក Jim យល់ថាមនុស្សទូទៅសុទ្ធតែឃើញថាឈ្មោះខ្លួនទន់ភ្លន់ជាងឈ្មោះអ្នក ឯទៀត។ ចាំឈ្មោះអ្នកនោះហើយទម្លាប់អានឲ្យងាយស្រួលនិងទន់ភ្លន់ (ឈ្មោះអ្នកខ្លះពិបាកអាន ពិបាកសរសេរ) ធ្វើបែបនេះគឺសរសើរអ្នកនោះដោយអាថ៌កំបាំង និងដោយវិធីប៉ិនប្រសប់។ មនុស្សយើងចាត់ទុកឈ្មោះនិងត្រកូលរបស់ខ្លួនជាសំខាន់ណាស់ ម៉្លោះហើយ គេខិតខំរិះរកគ្រប់វិធីដើម្បីស្នងបន្តវាឲ្យជំនាន់ក្រោយនិង ឆ្ងាយទៅទៀត...។ "ត្រូវចាំទុកថា ឈ្មោះមនុស្សម្នាក់ៗ ជាសំឡេងមួយយ៉ាងសំខាន់ និងស្រួលស្តាប់ជាងសំឡេងឯទៀត"។ ៤. យកចិត្តទុកដាក់ស្តាប់គេនិយាយៈ យកចិត្តទុក ដាក់ស្តាប់មនុស្សម្នាក់និយាយ មិនខុសប្លែកអ្វីពីការលើកសរសើរគេដោយស្មោះឡើយ។ អ្នកអក្សរសាស្រ្តម្នាក់និយាយថា"ជក់ចិត្តស្តាប់សំដីរបស់មនុស្ស ម្នាក់ គឺគោរពលើកតម្កើងគេ ហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនោះ ណាស់"។ សូមមិត្តទាំងឡាយស្តាប់រឿងដែលលោក J.C Wooton (សិស្សម្នាក់របស់ Dale Carnegie) និយាយៈ គាត់ទិញសម្លៀកបំពាក់មួយសម្រាប់នៅផ្សារទំនើបមួយ។ មកផ្ទះស្លៀកពាក់មិនបានប៉ុន្មានដង លោកធុញថប់យ៉ាងខ្លាំងពីព្រោះឃើញអាវចេញពណ៌ ហើយធ្វើឲ្យកអាវសឺមីឡើងខ្មៅ។ លោកយកសម្លៀកបំពាក់មួយសម្រាប់នេះ ត្រឡប់មកហាងត្អូញត្អែរដាក់បុគ្គលិកលក់ខោអាវឲ្យគាត់។ គាត់មកមិនត្រឹមតែចង់ត្អូញត្អែរប៉ុណ្ណោះទេ ប៉ុន្តែចង់ពន្យល់ឲ្យអ្នកលក់ទំនិញស្តាប់។ អ្នកលក់នោះមិនទាន់ទាំងស្តាប់គាត់ចប់ស្រួលបួលផងក៏កាត់ សំដីគាត់ថា "យើងខ្ញុំបានលក់របស់ប្រភេទនេះរាប់ពាន់សម្រាប់ ប៉ុន្តែមិនដែលមាននរណារអ៊ូរទាំអ្វីទាំងអស់..."។ សំដីបែបនេះ បូករួមទាំងសំឡេងនោះ ក៏កាន់តែអាក្រក់ទៅទៀត... គឺដូចជាចង់ប្រាប់ថា "លោកនិយាយកុហក លោកអើយ! ខ្ញុំដឹងដល់ជម្រៅចិត្តលោកហើយ!..."។ ស្តាប់ឮការឈ្លោះប្រកែកគ្នា អ្នកលក់ម្នាក់ទៀតរត់ចូលមក ហើយនិយាយថា "ខោអាវពណ៌ខ្មៅទាំងអស់នៅពេលដំបូងក៏ចេញពណ៌បន្តិចដូច្នេះ មិនអាចជៀសផុតទេ ជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃប៉ុណ្ណឹង... មកពីថ្នាំជ្រលក់ដូច្នេះ"។ លោក Wooton ខឹងឆួលឡើង។ អ្នកលក់ទី១ មានគំនិតថា គាត់ភូតកុហក អ្នកទី២ចង់ពេបជ្រាយថាគាត់ទិញរបស់អន់តម្លៃថោក... គាត់ខឹងស្ទើរតែគ្រវែងរបស់លើក្បាលពួកគេនោះ។ ចៃដន្យម្ចាស់ហាងមកដល់ ជននោះពិតជាប៉ិនប្រសប់ក្នុងមុខរបរ ធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងខឹងខ្លាំងបែរជាសប្បាយចិត្ត។ តើគាត់ធ្វើយ៉ាងណា...? មុនដំបូងៈ គាត់ស្តាប់រឿងរ៉ាវ លោក Wooton ពីដើមដល់ចប់មិនស្រដីមួយម៉ាត់។ ក្រោយមកពេលលោកឈប់និយាយ ម្ចាស់ហាងស្តាប់ហេតុផលរបស់អ្នកលក់ទំនិញទាំងពីរ។ ម្ចាស់ហាងបដិសេធ ហេតុផលអ្នកលក់ទំនិញទាំងពីរនាក់នោះ ហើយមិនត្រឹមតែទទួលស្គាល់ថា ការពិតអាវក្រៅមានចេញពណ៌ធ្វើឲ្យប្រឡាក់អាវសឺមីប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញទៀតថា គ្រប់មុខទំនិញដែលលក់នៅហាងនោះ ត្រូវធ្វើឲ្យអតិថិជនត្រឡប់ទៅផ្ទះពេញចិត្តទាំងស្រុង។ ចុងបញ្ចប់ គាត់ទទួលស្គាល់ថា មិនដឹងមកពីហេតុអ្វីទេ បានជាចេញពណ៌ដូច្នេះ ហើយគាត់ប្រាប់ត្រង់ៗថា "សូមលោក (Wooton) ប្រាប់មកថាឲ្យខ្ញុំធ្វើយ៉ាងណា ហើយខ្ញុំនឹងប្រតិបត្តិតាមបញ្ជាលោក"។ កំហឹងរបស់លោក Wooton ហាក់រសាយអស់ លោកឆ្លើយតបនឹងម្ចាស់ហាងថា "ខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាថ្ងៃក្រោយវានៅចេញពណ៌ទៀតទេ ហើយធ្វើយ៉ាងណាឲ្យវាលែងចេញពណ៌...?"។ ម្ចាស់ហាងឲ្យលោក Wooton យកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀត។ បើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀត សូមយកមកដូរវិញ។ ហើយគាត់សោកស្តាយ ចំពោះហេតុការណ៍នេះណាស់។ លោក Wooton ត្រឡប់មកវិញ សប្បាយរីករាយ។ មួយសប្តាហ៍ក្រោយអាវនោះ ពិតជាលែងចេញពណ៌មែន ហើយតាំងពីពេលនោះមកលោកទុកចិត្តផ្សារទំនើបនោះទាំងស្រុង។ គួរចងចាំថា អ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បញ្ហារបស់ពួកគេ១០០ដង ប៉ុន្តែគ្រាន់តែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង១ដងតែប៉ុណ្ណោះ។ ដូច្នេះបើចង់ឲ្យគេស្រឡាញ់ត្រូវប្រតិបត្តិតាមគោលការណ៍នេះ ចេះ យកចិត្តទុកដាក់ស្តាប់ និងលើកទឹកចិត្តអ្នកដែលនិយាយអំពីខ្លួនរបស់ពួកគេ។ Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេ លោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្តាប់លោកនិយាយ ហើយយល់ចិត្តលោក បានបញ្ចេញនូវមនោសញ្ចេតនា អាថ៌កំបាំងរបស់លោកតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាមិនមែនដូច្នេះឬ? ហើយអតិថិជនដែលខឹងមួម៉ៅ អ្នកធ្វើការមិនសប្បាយចិត្ត មិត្តភក្តិអាក់អន់ចិត្តគ្នា... សុទ្ធតែចង់រកមនុស្សម្នាក់ជិតស្និទ្ធដើម្បីត្អូញត្អែរប្រាប់តែ ប៉ុណ្ណោះ។ ៥. និយាយជាមួយពួកគេនូវរឿងដែលពួកគេចូលចិត្តៈ អ្នក ណាម្នាក់ បើបានជួបលោកប្រធានាធិបតី Théodore Roosevelt សុទ្ធតែងឿងឆ្ងល់ពីការដឹងច្រើននិងការយល់ទូលាយរបស់លោក។ លោកដឹងពីវិធីសួរនាំមនុស្សគ្រប់ប្រភេទៈ គង្វាលគោ អ្នកជិះសេះ អ្នកនយោបាយ ឬអ្នកការទូត។ រូបមន្តសាមញ្ញរបស់លោកគឺ នៅពេលដែលត្រូវទទួលភ្ញៀវម្នាក់នោះ គឺមួយយប់មុន លោកបានសិក្សាស្រាវជ្រាវរឿងដែលភ្ញៀវម្នាក់នោះចូលចិត្តនិយាយ ដល់អ្វីជាងគេ ដើម្បីបានបំពេញបំណងគេ។ ក៏ដូចជាអ្នកដឹកនាំមហាជនទូទៅដែរ លោកដឹងថា វិធីស័ក្តិសិទ្ធបំផុត ដើម្បីយកចិត្តគេគឺពិភាក្សាដល់បញ្ហាដែលអ្នកនោះ "តែងតែរក្សាទុកក្នុងចិត្ត"។ ខ្ញុំសូមណែនាំ លោកអ្នក មកពិនិត្យមើលករណីរបស់លោក Henry G. Duvernoy ជាអ្នកផលិតនំប៉័ងដ៏ធំម្នាក់នៅ New York។ អស់រយៈពេល៤ឆ្នាំមកហើយ លោករិះរកវិធីលក់នំប៉័ងឲ្យសណ្ឋាគារមួយនៅ New York ។ មួយសប្តាហ៍ម្តងលោកតែងទៅសួរសុខទុក្ខម្ចាស់សណ្ឋាគារ ដើម្បីបញ្ចុះបញ្ចូល។ តែមិនទទួលបានផលអ្វីសោះ។ ក្រោយមក លោកព្យាយាមស្រាវជ្រាវដឹងថាម្ចាស់សណ្ឋាគារនោះជាប្រធានសហព័ន្ធ ទេសចរណ៍សណ្ឋាគារ ហើយគាត់ចាត់ទុកកិច្ចការសហព័ន្ធនេះដូចជាជិវិតរបស់គាត់។ ពេលជួបម្ចាស់សណ្ឋាគារលើកក្រោយ លោក Duvernoy និយាយភ្លាមដល់រឿងសហព័ន្ធ។ ហើយមិត្តទាំងឡាយអើយ!... ល្អូកល្អឺនដល់កម្រិតណាទៅ!... ម្ចាស់សណ្ឋាគារនិយាយដោយស្រស់បស់អស់កាលកន្លះម៉ោង ស្តីពីអង្គការចាត់តាំងទាំងនោះ។ មុនពេលបែកគ្នាគាត់ឲ្យបណ្ណសមាជិកមួយសន្លឹកទៅលោក Duvernoy។ លោកមិនបាននិយាយដល់ការលក់នំរបស់លោកទេ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារទូរស័ព្ទមកលោក ឲ្យយកគម្រូនំប៉័ងមកដើម្បីគិតគូរតម្លៃ។ អ្នកគ្រប់គ្រងរូបនោះនិយាយថា "មិនដឹងលោកបានធ្វើអ្វី ទើបម្ចាស់ខ្ញុំចូលចិត្តលោករហូតដល់អង្គុយនៅត្រង់ណាក៏និយាយតែ អំពីលោកប៉ុណ្ណោះ"។ ៦. ជានិច្ចកាលត្រូវធ្វើឲ្យគេយល់ឃើញពីប្រការសំខាន់របស់ខ្លួនគេ ផ្ទាល់ៈ លោកសាស្រ្តាចារ្យ John Dewey បានចាត់ទុកថា "ចិត្តចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនថ្លៃថ្នូរជាបំណងប្រាថ្នាធំ បំផុតរបស់មនុស្សលោក គឺបំណងប្រាថ្នានេះហើយដែលបង្ហាញឲ្យឃើញថាមនុស្សខុសប្លែកពីសត្វ "។ អស់រាប់សិបសតវត្សរ៍មកហើយ ទស្សនវិទូនិងសាសនាទាំងឡាយតែងអប់រំថា "ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេដូច្នេះ។ ចង់ទទួលពីគេនូវវត្ថុអ្វី ត្រូវឲ្យគេនូវវត្ថុនោះ"។ សូមចងចាំពាក្យរបស់លោក Emerson ថា"បុគ្គលម្នាក់ៗ សុទ្ធតែមានចំនុចគ្រាន់បើជាងខ្ញុំ ម៉្លោះហើយនៅជិតពួកគេ ខ្ញុំរៀនសូត្រពីគេបាន"។ អ្នកស្រី Dorothy Dix អ្នកល្បីឈ្មោះដែលជំនាញពីរឿងរ៉ាវប្រចាំថ្ងៃបាននិយាយថា "បើមិនទាន់បានរៀនពីសិល្បៈពាក្យសរសើរទេ សូមលោកប្រុសកុំអាលមានគ្រួសារធ្វើអ្វី។ មុនពេលរៀបការជាមួយអ្នកស្រី លោកប្រុសបានធ្វើឲ្យអ្នកស្រីសប្បាយចិត្ត នេះជាសុជីវធម៌មួយបែប។ ក្រោយពីរៀបការហើយជាការចាំបាច់ ដើម្បីធានារ៉ាប់រងដល់សុភមង្គលក្នុងគ្រួសារ មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងត្រូវមានការប៉ិនប្រសប់ទំនាក់ទំនងលួងលោមផ្អែមល្ហែម និងសរសើរបង្កប់ក្នុងនោះទៀតផង ទើបពេញលក្ខណៈ។ មានគ្រាមួយនោះ លោកស្រីសម្ភាសន៍ជាមួយបុរសម្នាក់ដែលល្បី ថាមានប្រពន្ធច្រើន គាត់គ្របដណ្តប់លើបេះដូងនិងដណ្តើមទ្រព្យសម្បត្តិពាក់កណ្តាលរបស់ ស្ត្រី២៣នាក់។ នៅពេលអ្នកស្រីសួរគាត់ថា ធ្វើដូចម្តេចទើបល្បួងលួងលោមស្រ្តីបានច្រើនដូច្នេះ? គាត់ឆ្លើយតប "អ្នកណាដែលធ្វើមិនបាន... នោះគឺការចេះសរសើរពួកគេឲ្យពួកគេស្តាប់ទៅណា៎..."។ ប្រការនេះ ប្រើចំពោះបុរសក៏មានលទ្ធផលគាប់ចិត្តដែរ។ Disraeli អ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃដែលបានក្តាប់វាសនារបស់ចក្រភព អង់គ្លេសទាំងមូល មានពេលមួយនោះ លោកពោលថា "ជួបមនុស្សម្នាក់ ចេះតែនិយាយជាមួយគាត់អំពីរឿងរ៉ាវរបស់គាត់ទៅ នោះគាត់នឹងស្តាប់អ្នករាប់ម៉ោង។ (ស្រង់ចេញពី សៀវភៅចិត្តសាស្ត្រអនុវត្តន៍ ដែលស្រាវជ្រាវនិងនិពន្ធរៀបរៀងដោយ ទៀ ថេន បោះពុម្ពលើកទី១ ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០០៦ ជាខេមរភាសានៅកម្ពុជា) ប្រភពដើម សាលារៀន |
សិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១និងទី១២ គួរគប្បីស្វែងយល់ឲច្បាស់ពីចំណូលចិត្តរបស់ខ្លួន ដើម្បីងាយស្រួលតម្រង់ទិសរកអាជីពមួយពិតប្រាកដនាពេលអនាគត។ ខាងក្រោមនេះគឺជាគន្លឹះល្អៗជួយសម្រួលដល់ការជ្រើសរើសមុខជំនាញ សិក្សានៅមហាវិទ្យាល័យៈ
• ប្រសិនបើអ្នកពូកែខាងគណិតវិទ្យា អ្នកអាចចាប់យកអាជីពជាវិស្វករអគ្គិសនី វិស្វករសំណង់ស៊ីវិល វិស្វករឧស្សាហកម្ម វិស្វករមេកានិច វិស្វករកុំព្យូទ័រ
• ប្រសិនបើអ្នកចូលចិត្តអានៈ អ្នកអាចចាប់យកអាជីពជាអ្នកនិពន្ធ អ្នកបកប្រែ អ្នកទំនាក់ទំនងសាធារណៈ គ្រូបង្រៀន អ្នកច្នៃម៉ូដ សិល្បករ លេខាធិការ អ្នកទទួលនិងផ្តល់ព័ត៌មានទៅភ្ញៀវ បណ្ណារក្ស អ្នកត្រួតពិនិត្យការបោះពុម្ពផ្សាយ
• ប្រសិនបើអ្នកចូលចិត្តវិទ្យាសាស្ត្រ អ្នកអាចក្លាយជាវិស្វករគីមី ឳសថការី អ្នកបើកយន្តហោះ អ្នកឯកទេសបរិស្ថាន
• ប្រសិនបើអ្នកពូកែខាងសិក្សាសង្គម អ្នកអាចក្លាយជាអ្នកសេដ្ឋកិច្ច ជំនួយការធនធានមនុស្ស អ្នកនយោបាយ អ្នកចិត្តសាស្រ្ត អ្នកធ្វើផែនការអភិវឌ្ឍន៍ក្រុង
• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងតន្ត្រីនិងសិល្បៈ អ្នកអាចចាប់យកអាជីពជាតារាភាពយន្ត អ្នកថតរូប សិល្បករ ឌីជេ អ្នកច្នៃម៉ូដ តន្ត្រីករ
• ប្រសិនបើអ្នកចូលចិត្តសាងសង់និងជួសជុលអ្នកអាចក្លាយជាជាងឈើ ជាងមេកានិចរថយន្ត ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល ជាងអគ្គិសនី
• ប្រសិនបើអ្នកចូលចិត្តជួយមនុស្សអ្នកគួរជ្រើរើសយយកអាជីពជា គ្រូបង្រៀន អ្នកថែរក្សាក្មេង ពេទ្យ បុគ្គលិកអង្គការមនុស្សធម៌
• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងកុំព្យូទ័រអ្នកអាចក្លាយជាអ្នកគ្រប់គ្រងទិន្នន័យគោល វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញវិបសាយ អ្នកវិភាគប្រព័ន្ធ
• ប្រសិនបើអ្នកចូលចិត្តច្បាប់ អ្នកអាចចាប់អាជីពជានគរបាល មេធាវី ចៅក្រម
• ប្រសិនបើអ្នកចូលចិត្តរឿងលុយកាក់ អ្នកអាចរើសយកអាជីពជាគណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុ មន្រ្តីឥណទាន ភ្នាក់ងារអលនាទ្រព្យ
• ប្រសិនបើអ្នកពូកែខាងកីឡា អ្នកអាចក្លាយជា អត្តពលលិក គ្រូបង្វឹកកីឡា អ្នករបាំ
• ប្រសិនបើអ្នកចូលចិត្តធម្មជាតិ អ្នកអាចចាប់អាជីពជា ពេទ្យសត្វ អ្នកឯកទេសចំណីអាហារនិងកសិកម្ម អ្នកគ្រប់គ្រងសួនសត្វ
ដកស្រងចេញពី សាលារៀន
គុណសម្បត្តិដ៏សំខាន់បំផុតក្នុងខ្លួន វីរបុរសឬមហាបុរស គឺភាពជាអ្នកមានភាពរឹងប៉ឹង។ "រឹងប៉ឹង" តែមិនរឹងថ្អឹង "ទន់ភ្លន់" តែមិនទន់ខ្សោយ។ ជនដែលមានចិត្តរឹងប៉ឹងតែង មិនឆេវឆាវឬក្រោធខឹងងាយទេ។ លក្ខណៈមនុស្សរឹងប៉ឹងមាន៤ប្រការ (១)មិនចេះពោលពាក្យថ្ងូរ (២)មិនត្រូវការចង់ដឹងថា អ្នកដទៃគិតពីខ្លួនថាយ៉ាងដូចម្តេច (៣)មិនប្រាប់អាថ៌កំបាំងរបស់ខ្លួនដល់អ្នកដទៃ និងមិនត្រូវការចង់ដឹងពីអាថ៌កំបាំងរបស់អ្នកដទៃ និង (៤)មិនគិតថាខ្លួនជាមនុស្សមានគ្រោះអាក្រក់ អាចនឹងនាំយកហេតុការណ៍ផ្សេងៗ មកធ្វើជាប្រយោជន៍ ដល់ខ្លួនបានទាំងអស់។
មនុស្សដែលមានលក្ខណៈរឹងប៉ឹងនោះ ក្រៅពីលក្ខណៈ៤ប្រការនេះ មានលក្ខណៈដែលយើងអាចកត់សំគាល់បានយ៉ាងងាយដទៃទៀតគឺ ជាមនុស្សមិនកញ្អក់កញ្ឆែង ចលនាគ្រប់យ៉ាងរបស់រាងកាយ សូម្បីតែចលនាភ្នែកមើលអ្វីមួយ ក៏សុទ្ធតែមានការត្រិះរិះពិរចារណា ហើយទើបធ្វើ ឥតមានធ្វើកាយវិការក្នុងឥរិយាបថដែលឥតប្រយោជន៍ទេ បើធ្វើចលនាឥរិយាបថណាមួយ គឺធ្វើទៅដោយប្រយ័ត្នប្រយែង បើនឹងឈរក៏ឈរដាក់ទំងន់ជើងទាំងពីរស្មើគ្នា ពុំមែនធ្ងន់មួយស្រាលមួយនោះទេ ឬក៏ឈរជើងតែមួយ ហើយជើងមួយទៀតផ្អែកទៅលើអ្វីឡើយ ការនិយាយច្បាស់ៗ មិនញាប់ខ្លះរង្វើលខ្លះឡើយ បានសេចក្តីថា ឥរិយាបថគ្រប់យ៉ាងនឹងនជានិច្ច បើយើងបានឃើញជនប្រភេទនេះហើយ គប្បីដឹងថាជាមនុស្សមានលក្ខណៈរឹងប៉ឹង។
យើងគប្បីសង្កេតម្យ៉ាងទៀតថា ក្នុងកងទ័ពហេតុអ្វីទើបគេត្រូវបង្ហាត់ឲឈរដូចតុក្កតា។ ការធ្វើចលនាគ្រប់យ៉ាងឲធ្វើដោយស្វាហាប់ ដើរឲត្រូវចង្វាក់។ ការហាត់បែបនេះ គឺដើម្បើឲទាហាន ចេះបង្គាប់រាងកាយឲនៅក្រោមការឃុំរបស់ចិត្ត ជាសញ្ញាសំគាល់នៃភាពមានស្មារតីជានិច្ច ហើយនិងឲទាហានមានចិត្តរឹងប៉ឹង។
ក្នុងទស្សនវិជ្ជាអឺរ៉ុបក្តី លទ្ធិយោគី របស់ឥណ្ឌាក្តី លក្ខណៈមាំទាំរឹងប៉ឹងនេះ ជាប្រការដ៏សំខាន់បំផុត ដែលគេតែងប្រដៅឲបណ្តុះឲមានឡើងក្នុងខ្លួន។ វិធីបណ្តុះនេះ គេឲចាប់ផ្តើមដោយការបង្គាប់រាងកាយរបស់ខ្លួនជាមុន ឲព្យាយាមមិនឲរាងកាយធ្វើចលនាដោយប្រាសចាកការឃុំគ្រងរបស់ចិត្ត និងមិនឲធ្វើចលនា ដោយមិនចំបាច់។ ប្រការមួយទៀត វេលាចូលដេកមុននឹងលក់ គេបង្គាប់ឲធ្វើចិត្តឲមាំទាំថា ស្អែកនេះដួងចិត្តរបស់យើង ត្រូវរឹងប៉ឹងក្រៃលែងឡើងជាងថ្ងៃនេះ ដល់ភ្ញាក់ពីព្រលឹមឡើង ក៏ដាក់ជំនឿក្នុងខ្លូនឯងថាយើងមានលក្ខណៈរឹងប៉ឹង និងត្រៀមជាស្រេច ដើម្បីប្រឈមមុខ និងភាពលំបាកតោកយ៉ាកផ្សេងៗនៃជីវិត។
ដកស្រងចេញពី សាលារៀន
យើងនឹងលើកយកការសាងគោលបំណងនិងការសាងចិត្តរឹងប៉ឹង ដែលមានបកស្រាយលំអិតក្នុងសៀវភៅសាងខ្លួនឯង មកបរិយាយយ៉ាងសង្ខេបដូចតទៅនេះ
ដំណើរជីវិតរបស់មនុស្សយើងប្រៀបដូចជាការដើរផ្លូវដ៏វែងឆ្ងាយ មួយ យើងត្រូវរើសផ្លូវណាមួយសម្រាប់ដើរ បើយើងដើរចេញទៅតាមយថាកម្ម ក៏មិនដឹងថាទៅដល់ទីណាឡើយ។ មនុស្សយើងកាលណាតែធំឡើងជីវិតក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស។ យើងឃើញថា តាំងពីដឹងក្តីរហូតដល់អាយុ២០ឆ្នាំ ពេលវេលាកន្លងទៅយឺតៗ ប្រាកដហាក់ដូចជាជីវិតរបស់មនុស្សវែងយឺនយូរគ្មានទីបញ្ចប់។ តែរំលងពី២០ឆ្នាំ ឡើងទៅ ហាក់ដូចជាលឿនឡើងរាល់ថ្ងៃ។ មនុស្សដែលចាស់ហើយតែងសោកស្តាយចំពោះយុវភាព ដែលមិនអាចត្រឡប់មកវិញបាន ដោយតូចចិត្តក្នុងការដើរផ្លូវខុស ឬក៏គិតថាប្រសិនបើជាចាប់យកគោលការណ៍អ្វីមួយជាមាំទាំ ហើយប្រាកដជានឹងទទួលបានការលូតលាស់ជាងនេះពុំខាន។ លោកអ្នកប្រាជ្ញទាំងឡាយពិសោធន៍ ឃើញថាជីវិតរបស់មនុស្សកន្លងផុតទៅដោយទទេអស់១/៣ ដោយការចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។ កាលបើយើងយល់ជាក់ច្បាស់យ៉ាងនេះហើយ ចាំបាច់ត្រូវតែសម្រេចចិត្តឲច្បាស់លាស់ពិតប្រាកដ ជ្រើសរើសណាមួយតែមួយគត់ឲមាំ។ តើយើងចង់ក្លាយជាអ្វីក្នុងឆាកជីវិត ជាមេទ័ពដ៏ល្បីឈ្មោះជាទីបំផុត ឬជាអ្នកប្រាជ្ញដែលគេគោរពរាប់អានទាំងនគរ ឬជាមេធាវីដ៏ល្បីល្បាញមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយថ្ងៃ ឬជាអ្នកជំនួញដែលមានអំណាចបណ្តាលឲថ្លៃប្រាក់ក្នុងប្រទេសឡើងចុះ តាមចិត្ត។ល។ កាលបើបានជ្រើសរើសយកផ្លូវណាមួយហើយ ត្រូវមានសេចក្តីត្រូវការខ្លាំងក្លា ក្នុងផ្លូវនោះ បំណងនឹងឲបណ្តុះផលនោះតែម្យ៉ាង។
លោកអ្នកប្រាជ្ញប្រដៅទុកមួយបែបទៀតថា ឲធ្វើគ្រឿងសំគាល់ណាមួយទុកកន្លែងដែលយើងអាចមើលឃើញរាល់ថ្ងៃ ដូចជាកត់ទុកលើក្រដាសឬកូនសៀវភៅផ្ទាល់ខ្លួន ធ្វើត្រាវាយលើសៀវភៅ ឬធ្វើយ៉ាងណាក៏ដោយឲតែជាហេតុ ឲយើងនឹងឃើញនូវគោលបំណងរបស់យើង តែកុំប្រាប់អ្នកណាឲដឹង!
"គោលបំណង" ប្រៀបដូចជាការបាញ់ព្រួញឲត្រូវផ្ទាំងស៊ីបដែរ គឺត្រូវប្រកាន់គោលការណ៍ពីរយ៉ាងៈ (១) តាំងចិត្តឲបាញ់ចំកណ្តាល (២) តម្រង់ចុងព្រួញឡើងលើបន្តិច ព្រោះក្នុងរយៈឆ្ងាយព្រួញអាចរត់ចុះទាប។ យ៉ាងណាមិញ គោលបំណងរបស់មនុស្សយើងក៏ដូចគ្នាដែរ (១) ត្រូវប៉ងតែលើគោលដៅដែលយើងត្រូវការនោះតែម្យ៉ាង និង (២) ត្រូវប៉ងឲខ្ពស់បន្តិចព្រោះសេចក្តីព្យាយាមរបស់មនុស្សយើង យូរទៅអាចថយចុះខ្លះ។
គោលបំណងដែលអាចសម្រេចទៅបានត្រូវគោរពទៅតាមលក្ខណ្ឌ២យ៉ាង (១) ជារបស់ដែលអាចទៅបាន(ប្រសិនបើអ្នកចង់បានផ្កាយមួយមកតាំងលំអផ្ទះ គោលបំណងនេះមិនបានសម្រេចឡើយ) និង (២) ត្រូវអាស្រ័យលើខ្លួនឯង(អ្នកសុំទានម្នាក់ ចង់ក្លាយជាសេដ្ឋី ដោយប្រកបរបរសុំទានគេ គោលបំណងនេះមិនសម្រេចទេ ព្រោះត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។
លោកមានប្រដៅទុកមួយបែបទៀតថា នៅក្នុងវិជ្ជាជីវៈសព្វយ៉ាងទោះជាអ្នករដ្ឋការក្តី ជាភ្នាក់ងារឬលេខាធិការ នៅក្នុងហាងជំនួញឬក្រុមហ៊ុនណានីមួយក្តី យើងត្រូវដំកលមនុស្សពីរនាក់ ដែលមាននៅចំពោះមុខយើង ម្នាក់មានឋានៈខ្ពស់ជាងយើងខ្លាំង ហើយដែលយើងគោរពរាប់អានថាជាមនុស្សអង់អាចឈ្លៀវឆ្លាតជាងយើងបំផុត ហើយមនុស្សម្នាក់ទៀតជាអ្នកមានឋានៈខ្ពស់ជាងយើងមួយកម្រិត។ មនុស្សដែលមានឋានៈខ្ពស់ជាងយើងខ្លាំង ដំកល់ទុកសម្រាប់ជាគម្រូទុកប្រតិបត្តិតាម ទាំងកាយវិការ ពាក្យសំដី និងរឿងគ្រប់យ៉ាង។ មនុស្សដែលមានឋានៈខ្ពស់ជាងយើងមួយកម្រិតទុកសម្រាប់ប្រកួតឲស្មើ ឬខ្ពស់ជាង (តែប្រយ័ត្នកុំធ្លោយប្រាប់ឲគេដឹងខ្លួន)។ កាលបើយើងដេញទាន់ជនដែលយើងដម្កល់ទុកសម្រាប់ប្រកួតហើយ យើងក៏ដំកល់ជនដទៃទៀត សម្រាប់ប្រកួតតទៅទៀត។
ដកស្រង់ចេញពី សាលារៀន
យើងសូមលើកយកខ្លឹមសារទាំងស្រុងនៃប្រវត្តិរបស់មហាបុរសពីររូប ក្នុងចំណោម១០រូប មកបង្ហាញ គឺកាលិលេវ កាលិលេ និងណាប៉ូឡេអុង បូណាប៉ារត៍ ។
"បូរាណាចារ្យ" នេះជាគ្រឿងអាកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់យ៉ាង ទោះជាសមហេតុផលក្តី ពុំសមហេតុផលក្តី កាលណាគ្រូប្រាប់ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវតែស្តាប់ ជឿ គោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ ក៏ពុំបានដែរ វិធីសិក្សារបស់ជនជាតិអឺរ៉ុប ក្នុងសម័យ៥០០ឆ្នាំ កន្លងផុតមកហើយនោះ ចូលក្នុងន័យខាងលើនេះឯង។
កាលិលេ កើតនៅថ្ងៃទី១៨ កុម្ភៈ ១៥៦៤ ឪពុកជាគ្រូភ្លេងនៅក្រុងពីស ប្រទេស អ៊ីតាលី។
កាលិលេ កាលនៅជាកុមារជាមនុស្សភ័យខ្លាចច្រើន មានស្នូរផ្គលាន់ ផ្លែតបន្ទោរជាដើម ដល់ពេញវ័យបរិបូណ៍ឡើង ក៏ក្លាយទៅជាមនុស្ស ធ្វើប្រយោជន៍ធំដល់សមនុស្សលោក គឺគ្រាន់តែឃើញចង្កៀងយោលយោក ជាហេតុក៏អាចរកវិធីកំណត់នូវ ចន្រ្ទគ្រាស សូរ្យគ្រាស បាន ហើយក្នុងការទៅរស់នៅឯក្រុងវេនីស អាចរកឃើញនូវកម្លាំងទំនាញផែនដី នាំឲធ្វើត្រីវិស័យបាន បន្ទាប់មកទៀតអាចធ្វើគ្រឿងចក្របូមទឹកបាន ធ្វើគ្រឿងវាស់សីតុណ្ហភាពបាន ក្រោយមកទៀតធ្វើសម្រេចនូវគ្រឿងកែវយឹត ដែលក្លាយជាឧបករណ៍ខាងតារាសាស្ត្រ រហូតដល់បច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះទ្រឹស្តីផែនដីវិល ក៏កកើតឡើងយ៉ាងជាក់ប្រាកដពីពេលនោះមក ដែលជាហេតុឲគេសាងនាឡិកា ប្រើបានរហូតដល់សម័យនេះ។
មិនមែនកាលិលេអាចធ្វើនូវកិច្ចការដ៏មហាថ្លៃទាំងនេះបានដោយ គ្មានឧបសគ្គនោះទេ គាត់ធ្វើការពិសោធន៍ បំពារបំពាន ពាក្យបុរាណាចារ្យពោល ដែលមានកំហុសស្មើនឹងការប្រឆាំងចំពោះព្រះជាម្ចាស់ដែរ គាត់ក៏ខ្ចាត់ឃ្លាតចេញពីមាតុភូមិទៅរស់នៅឯវេនីស ទើបគាត់ផុតពីគ្រោះថ្នាក់មួយគ្រាហ៍ ហើយអាចធ្វើឲសម្រេចបាននូវកិច្ចការដូចខាងលើ។ ព្រោះនៅ វេនីស នេះគាត់មានសេរីភាពបរិបូរណ៍ លើពាក្យបុរាណាចារ្យ ដែលកាលពីគាត់រស់នៅ ពីស ជាមាតុភូមិរបស់គាត់ តែងតែបានទទួលនិងជាដំបងប្រហារគាត់ តែគាត់នៅតែគេចមិនផុតពីការស្រឡាញ់មាតុភូមិ នាំឲគាត់ត្រឡប់មក ពីស វិញ មាតុភូមិពុំស្រឡាញ់គាត់ ធ្វើឲគាត់ត្រូវសាលកាត់ទោសពិសេសរបស់អ្នកបួសតាមលិទ្ធិគ្រិស្ត កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាម សុខចិត្តលះបង់គំនិតថា ផែនដីវិល នោះចោលព្រោះប្រឆាំងនឹងព្រះជាម្ចាស់ នេះជាលើកទីមួយ នៅឆ្នាំ ១៦១៦ ដែលត្រូវសាលនោះកោះឡើង តែការយល់ព្រមនេះគ្រាន់តែដើម្បើរស់នៅធ្វើការតទៅទៀតតែប៉ុណ្ណោះ ព្រោះបើមិនយល់ព្រមថាកែប្រែទេ អាចនឹងត្រូវកាត់ទោសប្រហារជីវិត។ ដឹង ការពិតហើយលាក់ទុកពុំបាន ក្រោយមកតម្រាតារាសាស្ត្រមួយ បានត្រូវចេញផ្សាយ ក៏ទាក់ទងរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ ត្រូវតែចូលទៅកាន់ សាល ខានពុំបាន នាក្រុងរោម នៅថ្ងែទី២២មិថុនា ១៩៦៣ កាលិលេ អាយុ៦៩ ឆ្នាំ សាលជំនុំជំរះអស់រយៈកាល៦ខែ គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ឃើញថា ផែនដីវិលនោះម្តងទៀត ក្នុងព្រះបរមនាមដ៏សក្តិសិទ្ធិនៃព្រះហ្សេស៊ុយគ្រិស្ត តែការនៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ គាត់ពុំអាចនៅជាមនុស្សគ្មានទោសបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកដោយឥតមានកំណត់។ មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត តែគ្រាន់តែគេសែងចេញពីទីជំនុំជំរះ គាត់ក៏ខ្សិបប្រាប់គេឯងភ្លាមថា "ការពិតផែនដីវិល " ។
នៅក្នុង គុក៤ឆ្នាំ គាត់នៅតែមានឱកាសផ្សាយចេញ ដោយលួចលាក់នូវទ្រឹស្តីរបស់គាត់ជានិច្ច ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសង្ខាង ទើបបានចេញទៅរស់នៅក្រៅគុកបានតែ៥ឆ្នាំទៀត ប៉ុណ្ណោះអាយុ ៧៨ឆ្នាំ ក៏ទទួលមរណភាព នៅថ្ងៃទី ៨ មករា ១៦៤២។
ដកស្រង់ចេញពី សាលារៀន
សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់។ សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស៣ប្រភេទរស់នៅ ប្រភេទ ទី១ សាងសេចក្តីសុខឲដល់ខ្លួនឯងនិងពិភពលោក ប្រភេទទី២ បំផ្លេចបំផ្លាញសេចក្តីល្អសុខសន្តិភាពរបស់ខ្លួននិងពិភពលោក និងប្រភេទទី៣ មិនបានបំផ្លេចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងពិភពលោកដែរ ។ មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរស ទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲបានល្អពិតៗ។
ដើម្បីឲបានជាមហាបុរស គេត្រូវសាងគុណសម្បត្តិ៤០ ប្រការៈ (១) អនាម័យ (២) ភាពជាអ្នកមិនភ្ញាក់ផ្អើល (៣) ភាពជាអ្នកមានចិត្តរីករាយស្រល់ស្រាយ (៤) គោលបំណង (៥) ភាពជាអ្នកមិនអស់សង្ឃឹម (៦) ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (៧) ភាពជាអ្នកមានចិត្តរឹងប៉ឹង (៨) ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (៩) ភាពជាអ្នកមាំទាំប្រឹងប្រែង (១០) ការធ្វើការស្មើចុងស្មើដើម (១១) សមាធិ (១២) ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (១៣) ពិធីការ (១៤) ភាពជាអ្នកមានរបៀប (១៥) ការត្រិះរិះ(១៦) ភាពជាអ្នកល្អិតល្អន់
(១៧) ការមានហេតុផលត្រឹមត្រូវ (១៨) សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (១៩) ជំនឿក្នុងខ្លួនឯង (២០) សេចក្តីរហ័សរហែង (២១) ការសង្កេត (២២) សម្បជញ្ញៈ (២៣) ការមិនរអែងរអាចំពោះបុគ្គលដទៃ (២៤) ការធ្វើខ្លួនឲជាទីគាប់ចិត្តដល់ជនដទៃ (២៥) ការដឹងកាលៈទេសៈ (២៦) ការប្រយ័ត្តប្រយែង (២៧) បដិភាណ (២៩) ការពារខ្លួនឯង (៣០) ធ្វើខ្លួនឲគេជឿជាក់បាន (៣១) ភាពជាអ្នកល្អ (៣២) ធ្វើខ្លួនឲសមនឹងកិត្តយស (៣៣) សេចក្តីចេះដឹង (៣៤) សេចក្តីចាំ (៣៥) ការហ្វឹកហាត់ខ្លួនឯង (៣៦) មនោគតិ (៣៧) ការជួយខ្លួនឯង (៣៨) ការឈ្នះខ្លួនឯង (៣៩) ការមិនបោះបង់សេចក្តីព្យាយាម និង(៤០) មនោមយិទ្ធិ(កម្លាំងចិត្ត)។
បណ្តាគុណសម្បត្តិទាំង៤០ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា គុណសម្បត្តិពី(១)ដល់(៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ គុណសម្បត្តិពី(៨)ដល់(២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ គុណសម្បត្តិពី (២១)ដល់(២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ គុណសម្បត្តិពី(២៣)ដល់(៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ គុណសម្បត្តិពី(៣៣)ដល់(៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ គុណសម្បត្តិពី(៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និងគុណសម្បត្តិពី(៣៧)ដល់(៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។
សៀវភៅសាងខ្លួនឯង ចែកចេញជា2ផ្នែកសំខាន់ៗ ផ្នែកទី១បកស្រាយពីប្រវត្តិរបស់មហាបុរសសំខាន់ៗ និងផ្នែកទី២ បកស្រាយពីគុណសម្បត្តិ៤០ប្រការនិងរបៀបប្រតិបត្តិដោយលើកយកមក បរិយាយលំអិតអំពីការសាង គោលបំណង ចិត្តរឹងប៉ឹង សមាធិ ការជឿជាក់ខ្លួនឯង និងមនោមយិទ្ធិ ។
ដកស្រង់ចេញពី សាលារៀន
សុខភាព ជាគុណសម្បត្តិផ្នែករាងកាយដែលអ្នកដឹកនាំ ទាំងឡាយត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានរឹងប៉ឹង។
សមត្ថភាព ជាគុណសម្បត្តិផ្នែកសតិបញ្ញាដែលអ្នក ដឹកនាំទំាងឡាយត្រូវបំពេញបន្ថែមឲ្យរឹងរឹតតែខ្លាំងក្លាឡើង ជាលំដាប់។
គុណធម៌ ជាគុណសម្បត្តិផ្នែកផ្លូវចិត្តនិងការ ប្រព្រឹត្តិ ដែលអ្នកដឹកនាំត្រូវថែរក្សា និងគោរពស្មើអាយុជីវិតរបស់ខ្លួន។ បើប្រៀបធៀបនឹងលំនៅដ្ឋានរបស់មនុស្ស គុណសម្បត្តិទាំង៣ ប្រការនេះមានដូចតទៅ៖
សុខភាព ទុកជាសសរផ្ទះ មាននាទីសម្រាប់ទ្រ
សមត្ថភាព ទុកដូចជាជញ្ជាំងផ្ទះ មាននាទីសម្រាប់បិទបាំង
គុណធម៌ ទុកដូចជាដំបូលផ្ទះ មាននាទីសម្រាប់ការពារ
គុណសម្បត្តិទី១ សុខភាព
លក្ខណៈរបស់អ្នកមានសុខភាពល្អរួមមានដូចជា៖
- ជាបុរសឬស្ត្រីពេញលក្ខណៈ
- រាងកាយមិនពិកលពិការ
- ជាមនុស្សមិនជរាពេក
- ជាមនុស្សមិនវិកលចរិត មិនសរសៃប្រសាទ
- ធន់នឹងជំងឺ គឺមិនងាយឈឺផ្តេសផ្តាស
- មិនមានរោគធ្ងន់ ឬសាហាវណាមួយបៀតបៀន
- ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក
បើសិនជាមានជំងឺបៀតបៀន ត្រូវប្រញាប់ព្យាបាលឲ្យបានរួសរាន់ ព្រោះថាការបណ្តែតបណ្តោយជំងឺតិចតួចថ្ងៃនេះ អាចនឹងឲ្យឈឺធ្ងន់ថ្ងៃស្អែកដែលរឹតឲ្យខូចការកាន់តែច្រើន។ នៅសហរដ្ឋអាមេរិកកាលប្រធានាធិបតេយ្យរ៉ូណាល់រេហ្គិន មានជំងឺធ្ងន់ ត្រូវវះកាត់ គេឃើញថាលុយដុល្លារ ដែលជារូបិយបណ្ណគោលនៃសេដ្ឋកិច្ចពិភពលោកចុះថោកភ្លាមមួយរំពេច រីឯក្នុងករណីប្រទេសកម្ពុជាវិញ ជំងឺរបស់សេនាប្រមុខ លន់ នល់ ជាបច្ច័យមួយយ៉ាងធំផងដែរ ដែលនាំឲ្យប្រទេសខ្មែរធ្លាក់ចុះ ព្រោះលោកលន់ នល់ មិនអាចមានសមត្ថភាពបញ្ជា និងដឹកនាំប្រទេសឲ្យដិតដល់។
ពុទ្ធភាសិតមួយពោលថា " អរោគ្យា បរមា លាភា ការមិនមានរោគ គឺជាលាភដ៏ធំបំផុត" ។
គុណសម្បត្តិទី២ សមត្ថភាព
សមត្ថភាព គឺភាពដែលអាចបំពេញកិច្ចការណាមួយឲ្យសម្រេចបានដោយមធ្យោបាយគ្រប់បែប យ៉ាង ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ទាំងផ្លូវសម្ភារៈ។ សមត្ថភាព គឺជាដំណើរធ្វើកើត ដំណើរដែលអាចទៅរួចអាចប្រឹងប្រែងបាន។
លក្ខណៈរបស់អ្នកមានសមត្ថភាពមាន៨យ៉ាង គឺជាអ្នកជឿមានហេតុផល ជាអ្នកមានញាណ ជាអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់ ជាអ្នកខ្លាំងប្រសើរលើសគេ ជាអ្នកមានកម្លាំង១០ ជាអ្នកមានទេពកោសល្យ ជាអ្នកមានយុត្តិធម៌ និងជាអ្នកមានសេចក្តីព្យាយាម។
- អ្នកជឿមានហេតុផលៈ "ធ្វើមេគេហើយ នៅត្រចៀកស្រាលទៀត " នេះជាពាក្យដែលខ្មែរចំណាំនិយាយរិះគន់មេដឹកនាំណាដែលគេនិយាយអ្វី បន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះគិតថារឿងហ្នឹងជារឿងពិត។ គោលការណ៍នៃការជឿចំនួន១០យ៉ាងដែលត្រូវយកមកពិចារណាមុនដាក់ជំនឿ ថារឿងហ្នឹងពិតឬមិនពិត៖ (១) កុំដាក់ចិត្តជឿព្រោះគ្រាន់តែការបានឮតៗគ្នាមក (២) កុំដាក់ចិត្តជឿព្រោះដោយការកាន់តៗគ្នាជាប្រពៃណីតមក (៣) កុំដាក់ចិត្តជឿព្រោះដោយការនិទានតៗគ្នា (៤) កុំដាក់ចិត្តជឿព្រោះដោយការអាងតម្រាឬគម្ពី (៥) កុំដាក់ចិត្តជឿព្រោះការគិតបែបតក្កវិទ្យា (៦) កុំដាក់ចិត្តជឿដោយការអនុមាន (៧) កុំដាក់ចិត្តជឿព្រោះការពិចារណាតាមបែបហេតុផល (៨) កុំដាក់ចិត្តជឿព្រោះត្រូវនឹងទ្រឹស្តីដែលបានពិនិត្យហើយ (៩) កុំដាក់ចិត្តជឿព្រោះមើលទៅរូបលក្ខណៈដូចជាអញ្ចឹងមែន (១០) កុំដាក់ចិត្តជឿព្រោះលោកនោះជាគ្រូរបស់យើង។
- អ្នកមានញាណៈ ជាអ្នកមានប្រាជ្ញាចាក់ឆ្លុះ ដឹងជ្រៅជ្រះ ដឹងសព្វគ្រប់។ ញាណ ឬការដឹងច្បាស់មាន៣ប្រការ គឺដឹងអតីតកាល(ដឹងពីអតីតកាលរបស់រឿង កិច្ចការ ឬហេតុការណ៍ណាមួយដោយច្បាស់លាស់ និងអាចកំណត់លំដាប់ហេតុការណ៍នោះបានគ្រប់លក្ខណៈ) ដឹងអនាគត(កាត់ស្មានហេតុការណ៍ដែលនឹងកើតឡើងបានដោយត្រឹមត្រូវ ដោយយោងភ្ជាប់នឹងហេតុការណ៍បច្ចុប្បន្ន) និងដឹងបច្ចុប្បន្ន (ដឹងដំណើរការដែលកំពុងប្រព្រឹត្តិទៅ មានលក្ខណៈបែបណា មានបច្ច័យអ្វីខ្លះ មានលក្ខណ្ឌយ៉ាងណា)។
- អ្នកមានប្រាជ្ញាជាន់ខ្ពស់ៈ (១) ឃើញហេតុណាមួយកើតឡើង ក៏អាចវែកញែកពង្រីក ថ្លឹងថ្លែង តភ្ជាប់ទៅរកហេតុផល ឬវិបាកដែលនឹងត្រូវកើតឡើងភ្លាមមួយរំពេច ដូចពាក្យខ្មែរច្រើនពោលថា " និយាយតែពីរបីម៉ាត់រហ័សយល់ដឹង ថាចង់ធ្វើអ្វី ចង់បានអ្វីភ្លាម " (២) ឆាប់ចាប់បានសេចក្តីលំអិតនៃបញ្ហា ឬរឿងណាមួយដែលគេពន្យល់ ដឹងថារឿងហ្នឹងមានប្រភពមកពីណា (៣) មានបញ្ញាឆ្លៀវឆ្លាតក្នុងភាសា ស្គាល់ស័ព្ទ ពាក្យបញ្ញត្តិ ស្ទាត់ជំនាញក្នុងការនិយាយ ចេះនិយាយពិរោះឲ្យគេស្តាប់បាន ឲ្យគេចូលចិត្ត និងឲ្យគេជឿជាក់ តាមសេចក្តីប្រថ្នារបស់ខ្លួន (៤) បញ្ញាគិតលឿន យល់ច្បាស់ក្នុងចំណេះដឹង អាចយកទៅប្រើការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមស្ថានការណ៍។
- អ្នកខ្លាំងប្រសើរលើសគេៈ អ្នកដឹកនាំគេ ត្រូវខ្លាំងជាងប្រជាជន ទើបប្រជាជនទុកចិត្តឲ្យធ្វើជាប្រមុខគេបាន។ ដើម្បីក្លាយជាមនុស្សអច្ឆរិយៈក្នុងក្រសែភ្នែកប្រជាជន អ្នកដឹកនាំត្រូវ (១) ការឃើញដ៏ប្រសើរៈ ជាអ្នកឃើញសេចក្តីទុក្ខរបស់ប្រជាជន ឃើញបញ្ហាក្នុងសង្គម ជាអ្នកពេញចិត្តក្នុងការដើរសាកសួរប្រជាជនខ្លួន (២) ការស្តាប់ដ៏ប្រសើរៈ ចេះស្តាប់ ចូលចិត្តស្តាប់ និងពូកែស្តាប់ (៣) កាលបើអ្នកដឹកនាំបានឃើញ បានដឹង នូវបញ្ហា សេចក្តីត្រូវការ និងដំណោះស្រាយ ហើយ អ្នកដឹកនាំត្រូវយកមកចាត់ចែងជាក្រុម ជាថ្នាក់ ទៅតាមប្រភេទ តាមលំដាប់សំខាន់។ កន្លែងណាដែលព័ត៌មានមានមិនគ្រប់គ្រាន់ក៏យកមកបំពេញបន្ថែម។ កន្លែងដែលលើសហួសពីការពិត ក៏កាត់ចេញចម្រាញ់តែរបស់ណាដែលមានប្រយោជន៍ពិតៗ (៤) ការសិក្សាដ៏ប្រសើរៈ សិក្សាពិនិត្យឲ្យបានច្បាស់ អ្វីជាបញ្ហាចំបងរបស់រាស្ត្រ អ្វីជាប្រភពនៃបញ្ហាទាំងនោះ អ្វីជាសេចក្តីត្រូវការដែលរាស្ត្រចង់បានយ៉ាងពិតប្រាកដ កម្មវិធីនិងមធ្យោបាយណាដែលអាចអាចកំចាត់នូវបញ្ហានិងបំពេញសេចក្តី ត្រូវការរបស់រាស្ត្របាន។ (៥) ជាអ្នកបម្រើដ៏ប្រសើរៈ បន្ទាប់ពីបានសិក្សានូវបញ្ហា សេចក្តីត្រូវការ និងវិធីដោះស្រាយហើយ ត្រូវយកទៅអនុវត្តន៍ឲ្យក្លាយជាប្រយោជន៍រាស្ត្រ។ (៦) ការរំលឹកដ៏ប្រសើរៈ កិច្ចការណាដែលអនុវត្តន៍ហើយ អ្នកដឹកនាំត្រូវតាមដាន ស្តាប់ឲ្យបានជារឿយៗ ថាមានដំណើរដល់ណាហើយ មានបញ្ហាអ្វីជាឧបសគ្គថែមទៀតទេ។ រួចហើយក៏យកព័ត៌មានទាំងនោះមកចាត់លំដាប់សារជាថ្មី ព្រមទាំងសិក្សាឲ្យបានច្បាស់លាស់។
- អ្នកមានកម្លាំង១០៖ (១) យល់ច្បាស់ពីច្បាប់និងគោលការណ៍ដែលទាក់ទងនឹងតួនាទីរបស់ខ្លួន (២) យល់ពីការប្រព្រឹត្តិរបស់មនុស្សនិងដឹងថាការប្រព្រឹត្តិបែបនេះនឹង នាំដល់លទ្ធផលបែបនោះ ឬថាលទ្ធផលបែបនេះចេញមកពីការប្រព្រឹត្តិបែបណា (៣) យល់ដឹងពីមធ្យោបាយ យុទ្ធសាស្ត្រសម្រាប់នាំទៅរកគោលដៅ (៤) យល់ដឹងច្បាស់ក្នុងរឿងសង្គមវិទ្យា រដ្ឋសាស្ត្រ (៥) យល់ច្បាស់ពីលក្ខណៈខុសគ្នារបស់បុគ្គលនីមួយៗ ក្រុមនីមួយៗ បក្សនីមួយៗ ទាំងខាងអាធ្យាស្រ័យ និន្នាការ មនោគមវិជ្ជា និងភាពប៉ិនប្រសព្វពីកំណើត (៦) យល់ដឹងពីភាពផ្សេងៗ រវាងបុគ្គលខាងផ្នែកកម្រិតសតិបញ្ញា សមត្ថភាព វិវឌ្ឍនាការក្នុងផ្នែកផ្សេងៗ និងការត្រៀមខ្លួនដើម្បីធ្វើការអភិវឌ្ឍន៍ (៧) ដឹងនូវបច្ច័យផ្សេងៗដែលនឹងទៅជាឧបសគ្គ ឬជាជំនួសក្នុងការដឹកនាំ និងចេះកែខៃកត្តាទាំងនោះ (៨) ដឹងពីអតីតកាល និងបទពិសោធន៍របស់អ្នកនៅក្រោមបង្គាប់ (៩) ប្រមើលមើលដឹងនូវផលអនាគត និង (១០) ដឹងច្បាស់ប្រាកដក្នុងចិត្តនូវលក្ខណៈផលសម្រេចដែលខ្លួនចង់បាន។
- អ្នកមានទេពកោសល្យៈ ប៉ិនប្រសប់ ឈ្លាសវៃ ដូចពាក្យខ្មែរនិយាយថា "ចេះដប់មិនស្មើប្រសប់មួយ"។ (១) ឆ្លាតក្នុងការចំរើន ដឹងធ្វើអ្វីនាំឲ្យចំរើន (២) ឆ្លាតក្នុងសេចក្តីវិនាស ដឹងថាអ្វីដែលនាំឲ្យកើតក្តីវិនាស (៣) ប៉ិនប្រសប់ក្នុងវិធីដោះស្រាយនិងសម្រេចផល។
- អ្នកមានយុត្តិធម៌ៈ ជៀសវាងអគតិ៤ គឺ (១) លំអៀងព្រោះស្រឡាញ់ (២) លំអៀងព្រោះក្រោធ ព្រោះស្អប់ (៣) លំអៀងព្រោះខ្លាច មានខ្លាចគេបៀតបៀនជាដើម (៤) លំអៀងព្រោះវង្វេងព្រោះ មិនដឹងដល់សាច់រឿង។
- អ្នកមានសេចក្តីព្យាយាមៈ សេចក្តីព្យាយាមរបស់ អ្នកដឹកនាំត្រូវប្រកបដោយអង្គ៤ប្រការ គឺព្យាយាមការពារកុំឲ្យកើតបញ្ហា ព្យាយាមកំចាត់បញ្ហាដែលមានឲ្យអស់ទៅ ព្យាយាមសាងនូវសេចក្តីសុខស្រួលឲ្យកើតមានឡើង និងព្យាយាមរក្សានូវសេចក្តីសុខស្រួលនោះឲ្យគង់វង្សចម្រើនតទៅ ទៀត។
គុណសម្បត្តិទី៣ គុណធម៌
គុណធម៌ធំៗរបស់អ្នកដឹកនាំមាន ទសពិធរាជធម៌ ១០ចំនុច និង ព្រហ្មវិហារធម៌ ៤ចំនុច។
- ទសពិធរាជធម៌
១. ទាន បានដល់ការឲ្យ៣ប្រការធំៗ គឺ ឲ្យវត្ថុ ឲ្យចំណេះដឹង និងឲ្យការអភ័យទោស។
២. សីល ឬការប្រព្រឹត្តល្អៈ ធ្វើខ្លួនស្ថិតក្នុងប្រក្រតីភាព មិនបង្កសេចក្តីក្តៅក្រហាយដល់អ្នកដទៃ គោរពច្បាប់វិន័យ ចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត និងប្រើរបស់ទ្រព្យប្រកបដោយការពិចារណា។
៣. បរិច្ចាគ ឬការបរិច្ចាគៈ លះបង់ដោយពុំគិតចង់បានអ្វីមកវិញ ដែលជាបច្ច័យឲ្យគេគោរព សរសើរ ជាគម្រូ។ លះបង់ទ្រព្យដើម្បីអវៈយវៈ លះបង់អវៈយវៈដើម្បីជីវិត លះបង់ជីវិតដើម្បីភាពត្រឹមត្រូវ។
៤. អាជ្ជវៈ ឬការស្មោះត្រង់ៈ ត្រង់ក្នុងតួនាទី ត្រង់ក្នុងការងារ ត្រង់ចំពោះវាចា ត្រង់ចំពោះបុគ្គល ត្រង់ចំពោះប្រជារាស្ត្រ និងត្រង់ចំពោះសេចក្តីល្អ។
៥. មទ្ទវៈ ឬការទន់ភ្លន់ៈ មិនរឹងរូស មិនចចេស គោរពទៅតាមមតិរបស់រាស្ត្រ បត់បែនទៅតាមស្ថានការណ៍ ធ្វើឲ្យសង្គម កើតសាមគ្គីភាព។
៦. តបៈ ឬការដុតកិលេសៈ ការដុតកំដៅអំពើអាក្រក់ ដុតកម្លោចជនអាក្រក់កុំឲ្យមានក្នុងសង្គម ធ្វើឲ្យជនអាក្រក់មិនហ៊ានធ្វើបាបតទៅទៀត ធ្វើឲ្យជនល្អមានចិត្តធ្វើល្អជាប្រយោជន៍រួម។
៧. អក្កោធៈ ឬការមិនក្រោធៈ មិនក្រោធ មិនខឹង ព្រោះសេចដ្ឋកិច្ចក្តី នយោបាយក្តី ទាហានក្តី មិនអាចប្រើខឹងបានទេ ព្រោះខឹងនាំឲ្យខុស។
៨. អវិហឹង្សា ឬការមិនបៀតបៀនៈ គោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិស្ត្រី និងសិទ្ធិសត្វតិរច្ឆាន។
៩. ខន្តី ឬការអត់ធន់ៈ ទាល់តែ អត់ធន់ អត់ទ្រាំ អត់ធ្មត់ ទើបសមគួរធ្វើជាអ្នកដឹកនាំ។ អត់ធន់ចំពោះកិលេសខ្លួន អត់ធន់ចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន អត់ធន់ចំពោះអ្នកតូច អត់ធន់ចំពោះការងាររបស់ខ្លួន អត់ធន់ចំពោះពាក្យណែនាំ ពាក្យប្រឹក្សា អត់ធន់ចំពោះសេចក្តីប្រមាទធ្វេសប្រហែល អត់ធន់ចំពោះមនុស្សល្ងង់ អត់ធន់ចំពោះកូនក្មេង អត់ធន់ចំពោះអ្នកប្រឆាំង អត់ធន់ចំពោះពាក្យត្មះតិះដៀល អត់ធន់ចំពោះសង្គម អត់ធន់ចំពោះពេលវេលា អត់ធន់ចំពោះការប្រែប្រួលនៃធម្មជាតិ អត់ធន់ចំពោះបដិបត្តិធម៌ ។ល។
១០. អវិរោធនៈ ឬការមិនធ្វើខុសៈ ភាវនាជាប់ជាប្រចាំថា អញនឹង មិនធ្វើខុស អញនឹងមិនធ្វើខុស ។
- ព្រហ្មវិហារធម៌ៈ
១. មេត្តាៈ អាណិតស្រឡាញ់ចង់ឲ្យគេបានសុខ។
២. ករុណាៈ ជួយសង្គ្រោះឲ្យគេរួចពីទុក្ខ។
៣. មុទិតាៈ ត្រេកអរដែលគេបានសុខ។
៤. ឧបេក្ខាៈ ដាក់ចិត្តជាកណ្តាល
ប្រភពៈ សៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា បោះពុម្ពឆ្នាំ១៩៩៥
ដកស្រង់ចេញពី សាលារៀន