សៀវភៅរៀនធ្វើជំនួញ គ្រឿងពន្យល់ឲទិញថោក លក់បានដាច់ មានរបៀបនាំមនុស្សឲចូលទិញច្រើន។ និពន្ធដោយ លោកគ្រូ ស៊ីវ ប៉ាវ បោះពុម្ព ឆ្នាំ១៩៤២។ លោកគ្រូ ស៊ីវ ប៉ាវ លើកឡើងថាគោលប្រយោជន៍៧យ៉ាងសម្រាប់ជំនួញមានៈ (១) សំដី និងភាសា (២) អក្សរនិងលេខ (៣) សេពមិត្តនិងស៊ើបសួរ (៤) ផ្សាយដំណឹង និងតែងពាក្យ (៥) ស្គាល់យើង ស្គាល់គេ (៦) អត់ធន់ និងព្យាយាម (៧) បានប្រាក់រក្សាឲគង់ សំដីនិងភាសា មានប្រយោជន៍ ក្នុងការជំនួញដូចម្តេច? ឬខាតប្រយោជន៍យ៉ាងណា? អ្នកខ្លះមានសំដីពីរោះពីកំណើត អ្នកខ្លះទៀតមិនមានសំដីពីរោះពីកំណើតទេតែគេរៀនហាត់ឲបានពីរោះ យកមកប្រើការឲកើតប្រយោជន៍ក្នុងជំនួញ។ សំដីនេះសំខាន់ណាស់ សូម្បីអ្នកមានវិជ្ជាខ្ពស់យ៉ាងណាក៏ដោយ បើអន់សំដីហើយក៏នៅតែខាតលាភខាតប្រយោជន៍។ អ្នកជំនួញបើអន់សំដីហើយ ធ្វើម្តេចនឹងចម្រើនបាន។ អ្នកមានសំដីពីរោះក្បោះក្បាយ គេបានស្តាប់សេចក្តីត្រូវទំនង។ ធ្វើការជំនួញ ប្រៀបដូចជាពន្លឺភ្លើងម៉ាំងសុង ឬពន្លឺអគ្គិសនីអញ្ជឹង។ អ្នកមានសំដីមិនពីរោះក៏ប្រើការក្នុងជំនួញបានដែរ ប៉ុន្តែមិនពេញលេញ ប្រៀបដូចជាប្រទីបអុជដោយចង្កៀងខ្លាញ់ត្រី ឬប្រេងដូង ក៏តែបានភ្លឺប៉ុន្តែមិនច្បាស់។ ការធ្វើជំនួញទាល់តែសំដីពីរោះហើយត្រូវទំនងទៀត ទើបបានចម្រើន។ មនុស្សមានច្រើនជំពូកណាស់ ចេះសំដីពីរោះហើយ ប៉ុន្តែប្រើសំដីខុសទំនង ក៏នាំឲខាតប្រយោជន៍ខ្លួនទទេ។ ខ្លះនិយាយហើយស្តាប់សំដីខ្លួនឯងមិនទាំងយល់ផង។ ពាក្យបូរាណលោកថា សំដីជាឯក លេខជាទោ។ ពិតមែនណាស់ សំដីជាគំនរសម្បត្តិរបស់អ្នកជំនួញ ប៉ុន្តែបើប្រើឲខុសទំនងវាទៅជាឥតប្រយោជន៍ នាំឲអ្នកស្តាប់ធុញទ្រាន់ក៏សឹងមាន។ ហេតុនេះអ្នកលក់ដូរក្នុងហាងធំក្តីតូចក្តី ត្រូវឲចេះរៀបរយសំដី និងចេះធ្វើទឹកមុខស្រស់ស្រាយផង សូម្បីយើងកំពុងខឹងនឹងគ្នាឯងក្នុងផ្ទះក៏ដោយ តែពេលណាមានភ្ញៀវមកដល់ ត្រូវប្រើទឹកមុខស្រស់ស្រាយភ្លាម។ ធ្វើដូច្នេះទើប ត្រូវតាមគន្លងច្បាប់ជំនួញ ព្រោះថាមានមនុស្សភាគច្រើនចូលទៅក្នុងហាងលក់ដូរ ហើយឃើញម្ចាស់ហាងមុខក្រញ៉ូវមិនអើពើ មិនរាក់ទាក់សួរនាំទេ គេក៏មិនសួរយើងដែរ ព្រោះគេយល់ថាយើងជាមនុស្សក្រអឺតក្រអោងឆ្មើងឆ្មៃ។ ដោយឡែក យើងក៏ត្រូវចេះសំគាល់មនុស្សដែរ តើគេចូលហាងយើងគ្រាន់តែដើរមើលព្រោះប្លែកភ្នែក ឬចូលមកមានបំណងទិញ។ បើគ្រាន់តែមើលលេងទេ យើងមិនបាច់ដើរតាមទេ គ្រាន់តែក្រឡេកមើលមួយភ្លែតៗបានហើយ ក្រែងលោគេទាក់ចិត្តហើយគេសួរយើង យើងត្រូវស្ទុះទៅប្រាប់ឲរួសរាន់ បើទំនងជាគេចង់បាន តោងយកវត្ថុនោះមកបង្ហាញគេភ្លាម។ តើត្រូវសំគាល់ដូចម្តេចថាគេចូលមកចង់ទិញ? ពិតមែនតែចិត្តមនុស្សគ្មានរូបរាងពិបាកមើលឃើញ ប៉ុន្តែគេមើលដឹងថាមនុស្សនោះមានបំណង ព្រោះអ្នកនោះដើរសំដៅមកតែម្តង ចូលដល់ក្នុងផ្ទះទើបរកមើល មនុស្សបែបនេះយើងត្រូវរាក់ទាក់ហើយនៅឈរជិតៗ។ មនុស្សមួយបែបទៀត គេដើរមើលនាយមើលអាយរៀងៗមក មនុស្សបែបនេះគឺគ្មានបំណងទេ យើងមិនបាច់សួរក៏បាន ប៉ុន្តែមិនត្រូវអង្គុយជជែកគ្នាលេងបែបហីនោះក៏មិនកើតដែរ។ អ្នករកទទួលទានធំបំផុតគឺសំដី ពីព្រោះសំដីធ្វើឲមនុស្សជាប់ចិត្ត ជ្រះថ្លារីកថ្លើមរីកប្រម៉ាត់។ បើអ្នកទិញព្រមទិញយើងហើយ ត្រូវយករបស់នោះខ្ចប់រុំឲល្អ ប្រយ័ត្នក្រែងវាខ្ចាត់ខ្ចាយតាមផ្លូវ នំាឲលំបាកអ្នកទិញគេអាក់អន់ចិត្តជាខាងក្រោយ។ ពេលគេបង់ប្រាក់ឲ ត្រូវទទួលដោយទឹកមុខញញឹមបែបត្រេកអរ ហើយឱនក្បាលបន្តិចចេញពាក្យថាអរគុណ។ អ្នកជំនួញមិនត្រូវប្រកាន់ឫកចេញសំដីកិរិយាថា អញជាអ្នកមានទ្រព្យ ជាអ្នកមានវង្សត្រកូល រួចមើលងាយអ្នកដទៃថាថោកទាបនោះឡើយ។ អ្នកជំនួញគឺពេលដែលឈរលក់របស់ គួរចេញកិរិយារាក់ទាក់តាមអាធ្យាស្រ័យរបស់មហាជនដែលមកទិញ យើងត្រូវមានពាក្យឱនលំទានពីរោះ។ ប្រសិនបើជាយើងមានគ្រោះថ្នាក់ ឬសត្រូវមកបៀតបៀន បើមានសំដីល្អគង់តែចៀសវាងពីសត្រូវបាន (មនុស្សម្យ៉ាងបើយើងចេញសំដីទន់ភ្លន់យ៉ាងនេះហើយ ហើយត្រឡប់ជាមើលងាយយើងវិញមនុស្សបែបនេះមានតិចណាស់)។ សំដីនិងភាសានេះនាំមកឲចម្រើនគ្រប់យ៉ាងមិនមែនចម្រើនចំពោះតែការ ជំនួញនោះទេ សូម្បីឈ្មោះយើងក៏ល្អដែរ។ អ្នកដែលក្រីក្រធ្វើជំនួញដោយដើមទុនតិចតួច បើមានសំដីពីរោះនិងចេះភាសាច្រើនសាសន៍ នេះហើយជាយានជំនិះរបស់អ្នកជំនួញ អាចនឹងនាំអ្នកជំនួញនោះឲឆ្លងដល់ត្រើយដូចសេចក្តីប្រាថ្នា។ សំដីនេះជាឯកពិតណាស់ សំដីពីរោះជាទីគាប់ចិត្តមនុស្ស មនុស្សណាបានស្តាប់ហើយ មនុស្សនោះ គង់ជាប់ចិត្តនឹងសំដីនោះពុំខាន ទុកជារបស់ដែលទិញនោះ មិនទាន់បានបរិភោគក៏ដោយ ក៏វាឆ្ងាញ់ត្រង់សំដីនោះជាមុនរួចទៅហើយ។ បើអ្នកលក់មានសំដីពីរោះ ឧស្សាហ៍និយាយចេះទាំងភាសាច្រើនសាសន៍ថែមទៀត ជាការមានប្រយោជន៍ណាស់។ ប្រៀបដូចជាកូនក្រមុំមានរូបល្អ ទាំងប្រដាប់តុបតែងរាងកាយក៏សមរម្យ គឺអាវ សំពត់ មាស ពេជ្រ ហើយបើនាងនោះចេះទាំងភាសាដទៃថែមទៀត ជាការសំខាន់បំផុត ជាហេតុនាំឲអ្នកទិញជាប់ចិត្ត។ ជាតិខ្មែរយើងគួរណាស់យកចិត្តទុកដាក់រៀនភាសាជាតិដទៃក្នុងប្រទេស យើង។ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិច្រើនហើយចេះភាសាក៏ច្រើនសាសន៍ នោះរឹតតែនាំឲមានប្រយោជន៍ណាស់ទៅទៀត។ អក្សរនិងលេខ អ្នកធ្វើជំនួញតូចៗមុននឹងផ្តើមឡើង ត្រូវចេះអក្សរកំណើតរបស់យើងជាមុន គឺអក្សរនេះចេញទៅជាភាសា ឆាប់យល់ ឆាប់ដឹង ឆាប់ចូលចិត្ត បើចេះអក្សរបារាំង អក្សរចិន អក្សរអង់គ្លេស ទៀតក៏រឹតតែល្អ។ និយាយរួមមកយ៉ាងខ្លី អក្សរនេះសម្រាប់កត់ត្រា លេខសម្រាប់គិត។ អក្សរនេះ នាំឲចាំកិច្ចការទាំងពួង និងមើលយល់ការផ្សេងៗផង។ លេខនេះគិតឲដឹងចំនេញឬខាត ខ្វះឬសល់។ លេខនេះជាថ្លើមរបស់អ្នកជំនួញ បើមិនចេះត្រូវតែរៀន មិនអាចបណ្តែតបណ្តោយបានឡើយ ពីព្រោះអ្នកជំនួញមិនចេះលេខ ធ្វើម្តេចឲដឹងចំនេញខាត បើមិនដឹងចំនេញខាតធ្វើជំនួញមិនបានទេ។ សេពមិត្តនិងស៊ើបសួរ អ្នកជំនួញត្រូវឲមានមិត្តសំលាញ់ជាច្រើន ការចេះចងមិត្តនិងស៊ើបសួរ ជាការមានប្រយោជន៍ នាំឲដឹងខុសត្រូវ ចំណេញឬខាត នឹងច្បាប់រាជការ ច្បាប់អ្នកស្រុក។ អ្នកធ្វើជំនួញធំតូច គួរយកចិត្តទុកដាក់ក្នុងការសេពមិត្ត និងការស៊ើបសួរ ទើបឆាប់ដឹងជំនួញឡើងថ្លៃឬចុះថ្លៃ។ អ្នកជំនួញ ត្រូវសេពមិត្តនឹង(១)អ្នករាជការ ដើម្បីនឹងស៊ើបសួរច្បាប់ឲស្គាល់ណាខុសណាត្រូវ។ អ្នកជំនួញបើមិនដឹងច្បាប់រាជការ បំពានលើច្បាប់នោះ ត្រូវរាជការពិន័យនាំឲខាតទ្រព្យ ខូចចិត្ត។ អ្នកជំនួញបើមិនសេពមិត្តនឹង(២)អ្នកជំនួញដូចគ្នាទេ មិនដឹងរបស់ចុះថ្លៃឬឡើងថ្លៃ មិនដឹងកិច្ចការស្នៀតក្រឡិចក្រឡុចក្នុងការជំនួញ។ អ្នកជំនួញ ត្រូវសេពមិត្តនឹង(៣)អ្នកស្រុក ដើម្បីស្គាល់អាធ្យាស្រ័យរបស់អ្នកស្រុក។ កាលបើយើងបានសេពគប់នឹងមនុស្សបីពួកនេះហើយ យើងត្រូវស្តាប់មនុស្សទាំងបីពួកនេះ ហុចប្រយោជន៍ឲយើង។ បើពាក្យសំដីណាគេនិយាយយើងត្រូវស្តាប់ហើយជ្រើសរើស ប្រៀបធៀបរកហេតុផលរបស់ពាក្យដែលយើងបានស្តាប់នោះ។ ម្យ៉ាងទៀត បើយើងអ្នកឆ្លាតវៃចង់សួរការអ្វីមួយ យើងត្រូវប្រយ័ត្នប្រយែង ក្រែងគេភូតភយើង យើងត្រូវរកឧបាយដោយពាក្យសង្កត់ ឬកាត់សេចក្តីជាមុន ដើម្បីការពារពាក្យដែលគេលាក់ឬកុហកបញ្ឆោតយើង។ អ្នកធ្វើជំនួញ បើមានហាងហើយឥតមានការសេពមិត្តនិងការសួរទេ មានអន្តរាយពីរយ៉ាងគឺ នាំឲរលំហាងឬបិទទ្វា គឺមកពីរបស់អ្នកស្រុកគេមានដូចយើង រួចយើងលក់ថ្លៃជាងគេ។ ជីវិតរបស់អ្នកជំនួញ រស់នៅឋិតឋេរបាន គឺមកពីទិញបានថោក លក់ចេញបានដាច់។ នាំឲឈ្មោះហាងយើង ល្បីថាលក់ថោករួចល្អផង ហើយមនុស្សប្រាប់ពីមួយទៅមួយ នាំគ្នាមកទិញ។ បើយើងមិនសេពមិត្តនិងស៊ើបសួរ ធ្វើដូចម្តេចនឹងដឹងថារបស់ណាថោករបស់ណាថ្លៃ។ បើទិញប្រទះលើរបស់ថ្លៃ រួចយកមកលក់ក៏ថ្លៃជាងរបស់អ្នកដទៃ ជួនកាលរបស់ទិញដូចគ្នា គេលក់ថោកយើងលក់ថ្លៃ ម្ចាស់របស់ក៏មិនដឹងខ្លួន។ ជួនកាល ទិញត្រូវរបស់អាក្រក់ហើយខ្លាចខាត យកមករកឧបាយលក់ឲគេទិញ។ ដល់គេទិញមកដល់ផ្ទះ អន់ចិត្តរអាចិត្តជាខាងក្រោយ នាំឲខូចចិត្តអ្នកទិញ។ ហេតុនេះ យើងជាអ្នកជំនួញ បើមិនមានការសេពមិត្ត និងស៊ើបសួរទេ ធ្វើម្តេចនឹងដឹងស្នៀតរបស់អ្នកជំនួញធ្វើឲចំរើន។ អ្នកជំនួញបើមានហាងលក់ដូរ ចម្រើនហូរហែរហើយ គេទុករបរនោះនៅតាមធម្មតា ហើយគេរករបរណាមួយយ៉ាងមាំ គឺមើលរបស់ណាចុះថ្លៃ តែទំនងឡើងថ្លៃវិញនោះ គេទិញមកទុក ចាំឡើងថ្លៃគេលក់ចេញទំាងអស់ ឬគេចូលក្រុមហ៊ុនណាមួយ ដើម្បីឲឆាប់ចម្រើនអ្នកជំនួញ។ បើមានការសេពមិត្តហើយមានដើមទុនច្រើន គេមិនទុកដើមឲនៅស្ងៀមទំនេរទេ គឺឲមានកើតកម្រៃដើមទុននោះហូរហែឲទាល់តែមានធំឡើង ទៅជាដង្ខៅថៅកែកើត។ ការដែលស៊ើបសួរនេះ ជាការធំណាស់ សូមអ្នកជំនួញយកចិត្តទុកដាក់។ អ្នកជំនួញ បើចង់ទៅទិញកុំរួសរាន់ប្រញាប់ ទៀងតែទិញបានរបស់ថោក មកពីយើងស៊ើបសួរ។ ម្យ៉ាងទៀតត្រូវសេពមិត្តឲស្គាល់ច្រើន ដើម្បីនឹងសិក្សារៀនស្រាវជ្រាវយកគំនិត ឬវិជ្ជាចំណេះជាន់ខ្ពស់ យកមកពិចារណា គិតឲកើតទៅជាប្រាជ្ញា នេះហៅថាគំនិតអ្នកជំនួញ។ ផ្សាយដំណឹងនិងតែងពាក្យ សេចក្តីផ្សាយដំណឹងឬជូនដំណឹងនេះ បើថាជាមេរបស់ការជំនួញក៏បាន យ៉ាងណាដូចជាយើងមានមាសឬពេជ្រ ជារបស់វិសេសក្នុងលោក ហើយយើងប្រាថ្នាដើម្បីយកទៅលក់ដូរ បើមិនឲដំណឹងគេឲដឹងទេ អ្នកទំាងពួងក៏គេមិនអាចដឹងថាយើងមានមាសពេជ្រ។ ហេតុនេះក្នុងការធ្វើជំនួញ គេតែងរាប់អានការផ្សាយដំណឹងជាធំ ដើម្បីឲអ្នកទំាងពួងបានដឹងទូទៅក្នុងលោក ដូចអ្នកជំនួញគេផ្សាយដំណឹងព័ត៌មានលើទំព័រកាសែត ដើម្បីអួតប្រាប់គេឯងរបស់ដែលគេត្រូវការនោះ ថារបស់ល្អ របស់ពូកែ។ ខ្លះគេគូររូបនឹងក្រដាស រួចយកទៅបិតនៅជញ្ជាំងផ្ទះ ខ្លះគូរដោយប្រេងមានពណ៌ផ្សេងៗ លើជញ្ជាំងឬគូរលើសំពត់រនាំង ចងនៅរោងកុនឬរោងល្ខោន លើ កប៉ាល់ លើឡាន ឬឈើបោះដោយទីវាលកន្លែងណាដែលមនុស្សប្រជុំច្រើន ឬមនុស្សដើរច្រើន ខ្លះក៏សរសេរដោយផ្ទះក្តារឬប៉ាំងកាសី ឲមនុស្សលីក្នុងទីដែលមានមនុស្សប្រជុំច្រើន មានខ្លះគេរចនាធ្វើជាអក្សរមានភ្លើង ឬតាក់តែងក្នុងទូរឲល្អគួរនឹងពេញចិត្តរីករាយ ដើម្បីនឹងទាញចិត្តមនុស្សដែលដើរតាមផ្លូវ។ ដូចផ្សាយដំណឹងលើក្រដាសឬក្នុងសៀវភៅ លើស្រោមសំបុត្រឬក្រដាសផ្តិត ប្រតិទិន ដែលគេត្រូវប្រើរាល់ថ្ងៃ ចារឹកក្នុងវត្ថុនោះទុកជូនដំណឹង។ ម្យ៉ាងទៀតគេមានផ្សាយដំណឹងតាមចម្រៀងឬតាមវិទ្យុ។ អ្នកធ្វើជំនួញត្រូវឲឆ្លាតវាងវៃឲមែនទែនឆាប់ដឹងឆាប់យល់ ការផ្សាយដំណឹងមានប្រយោជន៍ ឬឥតប្រយោជន៍យ៉ាងណា។ ហេតុដូចម្តេចមនុស្សឆោឡោនាំគ្នាមកទិញ ផលដូចម្តេចបានចូលមកដល់យើង យើងត្រូវពិនិត្យពិច័យសង្កេតជុំវិញខ្លួនយើង។ យើងត្រូវគិតហេតុដូចម្តេច មហាជននាំគ្នាមកទិញរបស់យើង យើងត្រូវបង្ហាញរបស់ឲគេពេញចិត្តដោយហេតុពីរយ៉ាងគឺៈ (១) មកពីគេត្រូវការវត្ថុនោះ ឬមនុស្សប្រាថ្នារបស់នោះដោយអាស្រ័យទទួលទាន ឬតាក់តែងដោយអត់ទ្រាំមិនបាន។ (២) វត្ថុនោះយកមកធ្វើជារបស់ចំរើនប្រយោជន៍ផ្សេងៗ។ កាលណាមនុស្សចង់បានរបស់នោះ របស់នោះនឹងច្រើនទៅជារបស់មានតម្លៃខ្វះរបស់នោះមិនបាន ខំប្រឹងទាល់តែបានតាមធនធានមានក្រ។ បើយើងជាអ្នកលក់មានរបស់ល្អចំឡែកហើយ មិនឲអ្នកដែលគេនៅខ្វះហើយចង់ទិញ បានដឹងទេ ធ្វើដូចម្តេចគេនឹងមកទិញយើង? ជួនកាលគេត្រូវការ តែមិនដឹងឬគេអត់ទ្រាំទៅមកពីគេមិនដឹងថាមានលក់។ ហេតុនេះ ការផ្សាយដំណឹងជាប្រយោជន៍យ៉ាងសំខាន់។ ស្គាល់យើងស្គាល់គេ អ្នកក្រចង់ឲមានទ្រព្យឆាប់រហ័សក្នុងការជំនួញ សេចក្តីនេះក្រណាស់ ព្រោះយើងមិនទាន់ដឹងកិច្ចកលអ្វីសោះ។ ហេតុនេះត្រូវយើងទៅរៀនធ្វើជាគូលីអ្នកជំនួញជាមុន ធ្វើគូលីមានប្រយោជន៍ទៅខាងមុខ គឺធ្វើគូលីក្នុងផ្ទះជំនួញ។ បើអ្នកមានគំនិតយកចិត្តទុកដាក់ រៀនមើលរបៀបគេ ទើបនាំមកនូវប្រយោជន៍ជាជាងធ្វើគូលីផ្សេងៗ។ កាលណាអ្នកសន្សំបានប្រាក់កាសតិចតួចហើយ តាំងធ្វើជាអ្នកជំនួញតិចតួចដូចជាការលក់គុយទាវលក់ទឹកកក ឬលក់ទំនិញផ្សេងៗ តាមកម្លាំងទ្រព្យធនរបស់ខ្លួន។ យើងត្រូវខំអត់ទ្រាំយកតម្រេះរបស់គេឲទាល់តែបាន។ ពាក្យថាស្គាល់យើងស្គាល់គេ បើយើងមានគំនិតណាល្អ យើងត្រូវដឹងច្បាស់ថាវាល្អ បើគំនិតយើងវាអាក្រក់ យើងដឹងច្បាស់ថាវាអាក្រក់។ របស់លក់ដូរជារបស់ឥតវិញ្ញាណ បើវាមិនល្អវាអាក្រក់ជាងគេ កុំឲប្រកាន់ថារបស់យើងជារបស់ល្អ បើយើងប្រកាន់យ៉ាងនេះហើយ មានតែយើងមួយទេដែលមើលឃើញដូច្នេះ តែភ្នែករបស់អ្នកស្រុកអ្នកនគរគេមើលមកគេមិនយល់តាមយើងឡើយ។ ដូចជា មេហាងនៅស្រុកអាមេរិក គេបានបង្កើតឲមានអណ្តូងប្រេងកាត ជាន់មុនចិននៅប្រើខ្លាញ់ត្រី គេយកប្រេងកាតទៅលក់នៅស្រុកចិន។ គេធ្វើចង្គៀង ១លាន ថ្លៃដើម ១ធ្វើអស់ ០,៣០ រៀល លុះយកទៅលក់ស្រុកចិនគេលក់តែ ០,១០រៀល។ គេបង្ហាត់ ឲចិនប្រើចង្កៀងប្រេងកាត លុះចេះប្រើ គេលក់ប្រេងកាតដាច់ ធ្វើជាសេដ្ឋីនៅស្រុកអាមេរិក។ អ្នកមានហាងជាដំបូង បើមិនប្រសប់ការជំនួញសូមស្តាប់សេចក្តីនេះ ដូចជាហាងលក់ដូរត្រូវឲមានមនុស្សជួយធ្វើការ ក្រនឹងរកមនុស្សធ្វើការឲចម្រើនណាស់។ មនុស្សមាន២ពួក ពួក១ចេះដឹងតែមិនស្មោះត្រង់ ពួក១ទៀត ទៀងត្រង់តែល្ងង់ប្រើការមិនកើត។ បើចង់ឲចម្រើនក្នុងហាងនីមួយៗ ត្រូវខំរកឲបានមនុស្សចេះឆ្លាតហើយត្រង់ផង។ ធម្មតាការងារអ្វីទាំងអស់ បើចង់កើតទៅជាអ្នកមាន ត្រូវឲមានមនុស្សគ្រប់គ្រាន់ប្រើការ។ ធ្វើម្ចាស់ហាងត្រូវស្គាល់អធ្យាស្រ័យសុខទុក្ខអ្នកធ្វើការនិងឲ ស្គាល់គំនិតចរិតអ្នកធ្វើការ។ អ្នកជំនួញត្រូវស្លៀកពាក់យ៉ាងណាឲចម្រើន អ្នកស្លៀកពាក់គួរមើលតាមរបររបស់យើងធ្វើជំនូញនោះ។ អ្នកធ្វើការជំនួញតិចតួចកុំស្លៀកពាក់ហ៊ឺហាហួសប្រមាណ ត្រូវបោកសំអាតនិងរៀបចំវត្ថុរបស់ខ្លួនឲបានស្អាត។ យើងជាអ្នកក្រទើបនឹងផ្តើមឡើងរកទទួលទានត្រូវកំណាញ់ឲមែនទែន ត្រូវការប្រើលុះត្រាតែចម្រើនសឹមយើងប្រើការ ដែលកំណាញ់នោះមុនដំបូងយើងចាប់ផ្តើមឡើងជាទ្រព្យធនតិចតួច ដល់យើងមានទ្រព្យហូរចូលជាអ្នកមានហើយ យើងត្រូវចាយវាយជាខាងក្រោយ។ អ្នកមានហាងធំៗ ត្រូវស្លៀកពាក់ឲសមគួរតាមសម័យ ឲមានប្រយោជន៍ដើម្បីនឹងសេពគបនឹងភ្ញៀវ។ អ្នកជំនួញត្រូវជៀសវាងការខ្មាសអៀនខុសទំនង គឺខ្មាសអៀននឹងស្រី១ ខ្មាសអៀននឹងអ្នកមានទ្រព្យសម្បត្តិ១ ខ្មាសអៀននឹងអ្នកមានយសសក្តិ១ និងខ្មាសអៀននឹងអ្នកជំនួញ១។ បើអ្នកក្រហើយនៅប្រកាន់សេចក្តីខ្មាសអៀនយ៉ាងនេះទុកដូចមនុស្ស ស្លាប់មួយចំហៀងខ្លួន មិនពេញលេញជាមនុស្សធ្វើជំនួញទេ។ អ្នកធ្វើការជំនួញដើមទុននៅតិចនៅជាអ្នកក្រ ត្រូវស្លៀកពាក់ធុនថោកតាមរបៀបអ្នកជំនួញក្រ កុំឲវាបង់សាហ៊ុយខាតដើមទុន។ ស្លៀកពាក់បែបនេះហើយ មានសេចក្តីខ្មាសអៀន គឺប្រាកដជាអ្នកស្មានថា ប្រហែលជាស្រីឃើញអញស្លៀកពាក់ដាច់ដាច មិនស្រឡាញ់ដោយដឹងថាអញក្រ ឃើញអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានយសស័ក្តិ សូម្បីញាតិសន្តាន ក៏ខ្មាសអៀនដែរ ស្មានក្រែងតែគេមើលងាយអញមិនដល់គេ ខ្មាសនឹងអ្នកជំនួញ គឺស្មានថាក្រែងគេសើចចំអកចំអន់អញ ស្មានអញមិនចេះធ្វើជំនួញដូចគេ។ ការខ្មាសអៀនរបៀបនេះសុទ្ធតែខុសទំនង។ អត់ធន់និងព្យាយាម អ្នកប្រាថ្នាចង់បានគំនរសម្បត្តិហូរចូល ត្រូវតែព្យាយាមៈ (១) អត់ធន់នឹងការក្រលំបាកៈ ចេះសន្សំប្រាក់ទុកធ្វើដើមទុន។ រកបានប្រាក់ខ្លះក៏មិនហ៊ានចាយ ទុកយកទៅពង្រីកជំនួញឲកាន់តែធំឡើង។ ត្រូវសង្កតសេចក្តីក្រលំបាក។ (២) អត់ធន់នឹងការថ្កើងរុងរឿងៈ សេចក្តីថ្កើងរុងរឿងសប្បាយ អ្នកណាក៏ចូលចិត្តគ្រប់គ្នា យើងជាអ្នកមានធនធាននៅតិច ចង់បានហ៊ឺហាដូចជាគេអ្នកមាន ឬចង់ហ៊ឺហាតាមទំនើងចិត្ត នោះនឹងនាំឲបង់ទ្រព្យសម្បត្តិខូចដើមទុន។ គួរខំរកទ្រព្យចូលឲបានច្រើន លុះពេលយើងក្លាយជាអ្នកមានហើយ យើងចង់សង់ផ្ទះថ្ម សរសរស៊ីម៉ង់ត៍ ជិះឡាន ពាក់មាស ពាក់ពេជ្រ ឬថ្កើងបែបណាក៏បាន មិនបាច់ព្រួយ ពីព្រោះទ្រព្យសម្បត្តិរបស់យើងរីកលូតលាស់មិនចេះអស់។ (៣) អត់ធន់នឹងការខឹងៈ ការខឹងនាំឲអន្តរាយខាតប្រយោជន៍ធំណាស់។ យើងត្រូវអត់ធន់សង្កត់កំហឹង ពីព្រោះយើងជាអ្នកជំនួញនៅក្រនៅឡើយ គ្មានអំណាចអ្វីឲគេខ្លាចទេ បើសត្រូវទាំង៨ទិសមកបៀតបៀន។ (៤) អត់ធន់នឹងការស្រឡាញ់ៈ សំដៅដល់ការស្រឡាញ់ដែលបណ្តាលឲខាតដើមទុន ដូចជាស្រឡាញ់ស្រីផ្កាមាសជាដើម។ បានទ្រព្យរក្សាឲគង់ ប្រាក់កាសដែលបានមកហើយ តែខ្ជះខ្ជាយទៀងតែនឹងវិនាសទៅវិញ សូម្បីអ្នកជំនួញពូកែយ៉ាងណាក៏ដោយ គង់តែមិនបានសម្រេចដូចក្តីប្រាថ្នាឡើយ ដូចជាកញ្ជើធ្លុះបាត ម្ចាស់មិនដឹងចេះតែច្រកចូលតាមមាត់ មិនដឹងជាបាតខាងក្រោមវាធ្លាក់អស់។ អ្នកជំនួញបើគ្មានគំនិតទុកដាក់ប្រាក់ឲគង់ទេ មុខតែវិនាសដោយហេតុ១០យ៉ាងៈ (១) វិនាសដោយចោរខាងក្នុង និងចោរខាងក្រៅ (២) វិនាសដោយគេបោកបញ្ឆោតឆបោក (៣) វិនាសដោយភ្លើងឆេះ (៤) វិនាសដោយល្បែងស្រី (៥) វិនាសដោយស្រា (៦) វិនាសដោយល្បែងភ្នាល់ បៀ ប៉ោ (៧) វិនាសដោយខុសច្បាប់រដ្ឋ (៨) វិនាសដោយសង្គ្រាម (៩) វិនាសដោយប្តឹងផ្តល់ផ្ចាញ់ផ្ចាលគ្នា (១០) វិនាសដោយដើរលេងយប់ សេពគប់នឹងមនុស្សអាក្រក់ ប៉ោឡែ ដកស្រង់ចេញពីhttp://salarean.com |
Friday, September 16, 2011
សៀវភៅរៀនធ្វើជំនួញ គំនរសម្បត្តិហូរចូល
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment