៧ចំនុចដើម្បីក្លាយជាមនុស្សខ្លាំង
មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“ 7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? តែទោះជាយ៉ាងណា Sabay នៅតែជឿជាក់ថា មានយុវវ័យមួយចំនួនមិនទាន់បានអាននៅឡើយទេ! ដូចនេះ Sabay នឹងសង្ខេបអត្ថន័យ ក៏ដូចជាលើកយកទម្លាប់ទាំង៧ មកបង្ហាញជូនដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖
ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive)
ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។
ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind)
អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួន របស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។
ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First)
អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ ដោយរក្សាតុល្យភាពរវាងផលិតផល និងការកសាងសមត្ថភាពផលិតភាព។ អ្វីដែលអ្នកត្រូវគិតក្នុងចំណុចនេះ គឺ កំណត់តួនាទីចម្បងរបស់អ្នក ដែលត្រូវបំពេញ និងបែងចែកពេលវេលាសម្រាប់កិច្ចការទាំងនោះឲ្យបានម៉ត់ចត់។
សូមពិចារណាលើកិច្ចការដែលអ្នកត្រូវបំពេញតាមរយៈតារាងខាងក្រោម៖
កិច្ចការ | បន្ទាន់ | មិនបន្ទាន់ |
សំខាន់ | កាដ្រង់ទី ១អាច ជាវិបត្តិ បញ្ហាសំពាធ ឬគម្រោងដែលមានកាលកំណត់… | កាដ្រង់ទី ២អាច ជាការការពារ ការបង្កើតទំនាក់ទំនង ការចាប់យកឱកាស ឬគម្រោងថ្មី… |
មិនសំខាន់ | កាដ្រង់ទី ៣អាចជា ការរំខាន ទូរស័ព្ទ អ៊ីមែល ការប្រជុំ ធ្វើរបាយការណ៍… |
ទម្លាប់ទី ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ
ស្វែងរកការព្រមព្រៀង និងទំនាក់ទំនងណាដែលអាចទទួល អាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ក្នុងករណីខ្លះដែលអ្នកពិបាកប្រើយុទ្ធសាស្ត្រនេះ សូមទទួលយកការពិតដែលមិនអាចធ្វើទៅបាន ដែលនេះគឺជាជម្រើសប្រសើរបំផុត។ ដូចគ្នាដែរ ក្នុងការពង្រឹងទម្លាប់ល្អនៅក្នុងស្ថាប័នមួយ គឺត្រូវប្រាកដជាដំណោះស្រាយឈ្នះ-ឈ្នះ មិនមែនឈ្នះ-ចាញ់នោះទេ។
ទម្លាប់ទី ៥៖ យល់ពីគេ និងធ្វើឲ្យអ្នកដទៃយល់ពីអ្នក(Seek First to Understand, Then to Be Understood)
ព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នក។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាពគឺមិនមែនគ្រាន់តែស្ដាប់នូវ អ្វីដែលអ្នកផ្សេងនិយាយចេញដោយយើងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះ ទេ តែគប្បីដាក់ខ្លួនអ្នកគិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។
ទម្លាប់ទី ៦៖សាមគ្គីជាកម្លាំង (Synergize)
តាមរយៈទំនាក់ទំនងដ៏គួរជឿជាក់ អ្នកគួររិះរកវិធី បង្ហាញពីភាពខ្លាំងដាច់ដោយឡែករបស់អ្នកនៅផ្នែកណាមួយ។ តាមរយៈការជឿជាក់ និងការយល់គ្នាទៅវិញទៅមក ប្រាកដជាអាចដោះស្រាយទំនាស់ និងអាចស្វែងរកដំណោះស្រាយប្រសើរមួយ ជាជាងការទទួលយកដំណោះស្រាយតែម្ខាងណាមួយ។
ទម្លាប់ទី ៧៖ សំលៀងរណា(Sharpen your Saw)
ដកពេលវេលាពីការខិតខំផលិត ទៅកសាងសមត្ថភាពផលិត ដោយផ្អែកលើ ការផ្លាស់ប្ដូរថ្មីរបស់អ្នក ដូចជា ផ្នែករាងកាយ ការគិត អារម្មណ៍ និងទំហំផ្លូវចិត្តរបស់អ្នក ។ សូមចងចាំថាអ្នកចង់បានសមិទ្ធិផលដែលមានគុណភាពមិនមែនតែបរិមាណទេ៕
No comments:
Post a Comment