សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់។ សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស៣ប្រភេទរស់នៅ ប្រភេទ ទី១ សាងសេចក្តីសុខឲដល់ខ្លួនឯងនិងពិភពលោក ប្រភេទទី២ បំផ្លេចបំផ្លាញសេចក្តីល្អសុខសន្តិភាពរបស់ខ្លួននិងពិភពលោក និងប្រភេទទី៣ មិនបានបំផ្លេចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងពិភពលោកដែរ ។ មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរស ទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲបានល្អពិតៗ។
ដើម្បីឲបានជាមហាបុរស គេត្រូវសាងគុណសម្បត្តិ៤០ ប្រការៈ (១) អនាម័យ (២) ភាពជាអ្នកមិនភ្ញាក់ផ្អើល (៣) ភាពជាអ្នកមានចិត្តរីករាយស្រល់ស្រាយ (៤) គោលបំណង (៥) ភាពជាអ្នកមិនអស់សង្ឃឹម (៦) ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (៧) ភាពជាអ្នកមានចិត្តរឹងប៉ឹង (៨) ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (៩) ភាពជាអ្នកមាំទាំប្រឹងប្រែង (១០) ការធ្វើការស្មើចុងស្មើដើម (១១) សមាធិ (១២) ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (១៣) ពិធីការ (១៤) ភាពជាអ្នកមានរបៀប (១៥) ការត្រិះរិះ(១៦) ភាពជាអ្នកល្អិតល្អន់
(១៧) ការមានហេតុផលត្រឹមត្រូវ (១៨) សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (១៩) ជំនឿក្នុងខ្លួនឯង (២០) សេចក្តីរហ័សរហែង (២១) ការសង្កេត (២២) សម្បជញ្ញៈ (២៣) ការមិនរអែងរអាចំពោះបុគ្គលដទៃ (២៤) ការធ្វើខ្លួនឲជាទីគាប់ចិត្តដល់ជនដទៃ (២៥) ការដឹងកាលៈទេសៈ (២៦) ការប្រយ័ត្តប្រយែង (២៧) បដិភាណ (២៩) ការពារខ្លួនឯង (៣០) ធ្វើខ្លួនឲគេជឿជាក់បាន (៣១) ភាពជាអ្នកល្អ (៣២) ធ្វើខ្លួនឲសមនឹងកិត្តយស (៣៣) សេចក្តីចេះដឹង (៣៤) សេចក្តីចាំ (៣៥) ការហ្វឹកហាត់ខ្លួនឯង (៣៦) មនោគតិ (៣៧) ការជួយខ្លួនឯង (៣៨) ការឈ្នះខ្លួនឯង (៣៩) ការមិនបោះបង់សេចក្តីព្យាយាម និង(៤០) មនោមយិទ្ធិ(កម្លាំងចិត្ត)។
បណ្តាគុណសម្បត្តិទាំង៤០ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា គុណសម្បត្តិពី(១)ដល់(៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ គុណសម្បត្តិពី(៨)ដល់(២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ គុណសម្បត្តិពី (២១)ដល់(២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ គុណសម្បត្តិពី(២៣)ដល់(៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ គុណសម្បត្តិពី(៣៣)ដល់(៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ គុណសម្បត្តិពី(៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និងគុណសម្បត្តិពី(៣៧)ដល់(៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។
សៀវភៅសាងខ្លួនឯង ចែកចេញជា2ផ្នែកសំខាន់ៗ ផ្នែកទី១បកស្រាយពីប្រវត្តិរបស់មហាបុរសសំខាន់ៗ និងផ្នែកទី២ បកស្រាយពីគុណសម្បត្តិ៤០ប្រការនិងរបៀបប្រតិបត្តិដោយលើកយកមក បរិយាយលំអិតអំពីការសាង គោលបំណង ចិត្តរឹងប៉ឹង សមាធិ ការជឿជាក់ខ្លួនឯង និងមនោមយិទ្ធិ ។
ដកស្រង់ចេញពី សាលារៀន
No comments:
Post a Comment