គុណសម្បត្តិដ៏សំខាន់បំផុតក្នុងខ្លួន វីរបុរសឬមហាបុរស គឺភាពជាអ្នកមានភាពរឹងប៉ឹង។ "រឹងប៉ឹង" តែមិនរឹងថ្អឹង "ទន់ភ្លន់" តែមិនទន់ខ្សោយ។ ជនដែលមានចិត្តរឹងប៉ឹងតែង មិនឆេវឆាវឬក្រោធខឹងងាយទេ។ លក្ខណៈមនុស្សរឹងប៉ឹងមាន៤ប្រការ (១)មិនចេះពោលពាក្យថ្ងូរ (២)មិនត្រូវការចង់ដឹងថា អ្នកដទៃគិតពីខ្លួនថាយ៉ាងដូចម្តេច (៣)មិនប្រាប់អាថ៌កំបាំងរបស់ខ្លួនដល់អ្នកដទៃ និងមិនត្រូវការចង់ដឹងពីអាថ៌កំបាំងរបស់អ្នកដទៃ និង (៤)មិនគិតថាខ្លួនជាមនុស្សមានគ្រោះអាក្រក់ អាចនឹងនាំយកហេតុការណ៍ផ្សេងៗ មកធ្វើជាប្រយោជន៍ ដល់ខ្លួនបានទាំងអស់។
មនុស្សដែលមានលក្ខណៈរឹងប៉ឹងនោះ ក្រៅពីលក្ខណៈ៤ប្រការនេះ មានលក្ខណៈដែលយើងអាចកត់សំគាល់បានយ៉ាងងាយដទៃទៀតគឺ ជាមនុស្សមិនកញ្អក់កញ្ឆែង ចលនាគ្រប់យ៉ាងរបស់រាងកាយ សូម្បីតែចលនាភ្នែកមើលអ្វីមួយ ក៏សុទ្ធតែមានការត្រិះរិះពិរចារណា ហើយទើបធ្វើ ឥតមានធ្វើកាយវិការក្នុងឥរិយាបថដែលឥតប្រយោជន៍ទេ បើធ្វើចលនាឥរិយាបថណាមួយ គឺធ្វើទៅដោយប្រយ័ត្នប្រយែង បើនឹងឈរក៏ឈរដាក់ទំងន់ជើងទាំងពីរស្មើគ្នា ពុំមែនធ្ងន់មួយស្រាលមួយនោះទេ ឬក៏ឈរជើងតែមួយ ហើយជើងមួយទៀតផ្អែកទៅលើអ្វីឡើយ ការនិយាយច្បាស់ៗ មិនញាប់ខ្លះរង្វើលខ្លះឡើយ បានសេចក្តីថា ឥរិយាបថគ្រប់យ៉ាងនឹងនជានិច្ច បើយើងបានឃើញជនប្រភេទនេះហើយ គប្បីដឹងថាជាមនុស្សមានលក្ខណៈរឹងប៉ឹង។
យើងគប្បីសង្កេតម្យ៉ាងទៀតថា ក្នុងកងទ័ពហេតុអ្វីទើបគេត្រូវបង្ហាត់ឲឈរដូចតុក្កតា។ ការធ្វើចលនាគ្រប់យ៉ាងឲធ្វើដោយស្វាហាប់ ដើរឲត្រូវចង្វាក់។ ការហាត់បែបនេះ គឺដើម្បើឲទាហាន ចេះបង្គាប់រាងកាយឲនៅក្រោមការឃុំរបស់ចិត្ត ជាសញ្ញាសំគាល់នៃភាពមានស្មារតីជានិច្ច ហើយនិងឲទាហានមានចិត្តរឹងប៉ឹង។
ក្នុងទស្សនវិជ្ជាអឺរ៉ុបក្តី លទ្ធិយោគី របស់ឥណ្ឌាក្តី លក្ខណៈមាំទាំរឹងប៉ឹងនេះ ជាប្រការដ៏សំខាន់បំផុត ដែលគេតែងប្រដៅឲបណ្តុះឲមានឡើងក្នុងខ្លួន។ វិធីបណ្តុះនេះ គេឲចាប់ផ្តើមដោយការបង្គាប់រាងកាយរបស់ខ្លួនជាមុន ឲព្យាយាមមិនឲរាងកាយធ្វើចលនាដោយប្រាសចាកការឃុំគ្រងរបស់ចិត្ត និងមិនឲធ្វើចលនា ដោយមិនចំបាច់។ ប្រការមួយទៀត វេលាចូលដេកមុននឹងលក់ គេបង្គាប់ឲធ្វើចិត្តឲមាំទាំថា ស្អែកនេះដួងចិត្តរបស់យើង ត្រូវរឹងប៉ឹងក្រៃលែងឡើងជាងថ្ងៃនេះ ដល់ភ្ញាក់ពីព្រលឹមឡើង ក៏ដាក់ជំនឿក្នុងខ្លូនឯងថាយើងមានលក្ខណៈរឹងប៉ឹង និងត្រៀមជាស្រេច ដើម្បីប្រឈមមុខ និងភាពលំបាកតោកយ៉ាកផ្សេងៗនៃជីវិត។
ដកស្រងចេញពី សាលារៀន
No comments:
Post a Comment