ស្រ្តីដែលប្រកបដោយលក្ខណៈ៣១យ៉ាងហៅថាស្រីគ្រប់លក្ខណ៍ៈ
១. មិនចេះអេចអូចនិយាយដើមគេ។
២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី។
៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង។
៤. មិនចេះដេកថ្ងៃ។
៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ។
៦. ចេះថែទាំរបស់ទ្រព្យ។
៧. មិនផិតក្បត់ស្វាមី។
៨. មិនចេះប្រច័ណ្ឌស្វាមី។
៩. គ្មានកលមាយា។
១០. មិនរំសាយសក់ឲគេឃើញ។
១១ . មានចិត្តអត់ធន់ធ្ងន់ធ្ងរ។
១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង។
១៣. មិនឈរឬអង្គុយសំញែងកាយឲគេឃើញ។
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង។
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម។
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ។
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ។
១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា។
១៩. មិនចេះឡេះឡោះលេងសើច។
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី។
២១.មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ។
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ។
២៣. ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់។
២៤. ចេះរៀបចំផ្ទះសំបែង។
២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ។
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ។
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា។
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា។
២៩. ដេកលក់ក្រោយស្វាមី។
៣០. ភ្ញាក់មុនស្វាមី។
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។
ស្ត្រីដែលប្រកបដោយលក្ខណៈគ្រប់ពេញទាំង៣១នេះ ហៅថាស្រីគ្រប់លក្ខណ៍ បើមិនពេញទេមានខ្វះខាតខ្លះហៅថាស្រីខាតលក្ខណ៍ បើមានត្រង់នេះខ្លះត្រង់នោះខ្លះរដាច់រដោចហៅថាស្រីដាច់លក្ខណ៍ឬ មីកំដាច់លក្ខណ៍។
(ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ប្រចាំគ្រួសារ និពន្ធដោយលោក សុង ស៊ីវ បោះពុម្ពផ្សាយឡើងវិញដោយ គីម ប៊ុនថន)
No comments:
Post a Comment