ដំបូងគេត្រូវមានចំណេះដឹងអំពីរឿងលុយកាក់សិន។ ចំណេះដឹងមូលដ្ឋាន គេត្រូវដឹងថាអ្វីជាទ្រព្យ អ្វីទៅជាបំណុល។ ទ្រព្យគឺជាអ្វីៗដែលបង្កើតលុយកាន់តែច្រើនឡើងដល់ម្ចាស់ ឧទាហរណ៍ដូចជាភាគហ៊ុន ថ្លៃកម្មសិទ្ធិបញ្ញា និងការចងការប្រាក់ជាដើម។ បំណុលគឺជាអ្វីៗដែលកាត់បន្ថយលុយរបស់ម្ចាស់ឲកាន់តែតិចទៅៗ។ មនុស្សរាល់គ្នាតែងយល់ថា ផ្ទះ និងឡាន គឺជាទ្រព្យ។ ការយល់បែបនេះអាចត្រូវ ហើយក៏អាចខុសដែរ គឺអាស្រ័យទៅលើការប្រើប្រាស់របស់ម្ចាស់។ ភាគច្រើនរបស់ទាំងនេះចាត់ទុកថាជាបំណុល ព្រោះរបស់ទាំងនេះត្រូវការឲម្ចាស់ចាយលុយជាប់ជាប្រចាំ។ ផ្ទះត្រូវការថែរក្សាជួសជុល ហើយបើជាផ្ទះដែលបង់រំលោះទៀតសោត នោះម្ចាស់ត្រូវបង់រាល់ខែឬរាល់ឆ្នាំថែមទៀតផង។ រថយន្ត ត្រូវលាង ជួសជុល ប្តូរប្រេង ចាក់សាំង។ល។ ប៉ុន្តែរបស់ទាំងនេះក៏អាចក្លាយទៅជាទ្រព្យវិញដែរ ប្រសិនបើម្ចាសវាចេះប្រើប្រាស់ឲវាបង្កើតលុយឲ។ ផ្ទះដាក់ជួលបានលុយ ឡានដាក់ជួលក៏បានលុយ។ អ្នកមាននិងអ្នកក្រខុសគ្នាត្រង់ អ្នកមានទិញទ្រព្យ ឯអ្នកក្រទិញបំណុល។ អ្នកក្រភាគច្រើនធ្វើការដើម្បើបានលុយ ឯអ្នកមានប្រើលុយឲធ្វើការឲ។ ប្រភពចំណូលចំបងឬតែមួយគត់ របស់អ្នកក្រគឺប្រាក់ខែ។ ប្រាក់ដែលបានមកត្រូវចំណាយមួយភាគធំឬទាំងស្រុងទៅលើចំណាយនិងយក ទៅទិញបំណុល។ ចំណាយរួមមានដូចជា ទឹក ភ្លើង សម្លៀកបំពាក់ ចំណាយប្រចាំថ្ងៃ និងឈ្លួលផ្ទះជាដើម។ ក្រៅពីនេះនៅបានទិញបំណុលដូចជា ប័ណ្ណឥណទាន និងផ្ទះបង់រំលោះ។ ការប្រើប័ណ្ណឥណទាន មើលទៅជីវិតហាក់ដូចជាហ៊ឺហាណាស់ ព្រោះអាចចាយវាយទិញទំនិញតាមសេចក្តីត្រូវការដោយមិនចាំបាច់មាន ប្រាក់ខ្លួនឯង។ តែកុំភ្លេចថាត្រូវបង់សងការប្រាក់ទៅឲគេវិញ ហើយបើជួនជាចៃដន្យ សងយឺតកាលកំណត់ទៀត នឹងត្រូវទទួលពិន័យបង់ការប្រាក់មួយកម្រិតទៀត។ នេះបង្ហាញពីភាពមិនឆ្លាតវ័យក្នុងរឿងលុយកាក់។ ក្រឡេកមកមើលការប្រើលុយរបស់អ្នកមានវិញ អ្នកមានបានចំណូលពីខ្ទង់ទ្រព្យច្រើនយ៉ាងរបស់ខ្លួនរូមមានដូចជា ភាគហ៊ុន កម្មសិទ្ធិបញ្ញា អចលនទ្រព្យ និងចងការប្រាក់ ដែលបំលែងទៅជាចំណូល ប្រាក់ចំណេញ ថ្លៃកម្មសិទ្ធិបញ្ញា ថ្លៃឈ្លួល និងការប្រាក់។ អ្នកឆ្លាតវៃខាងលុយកាក់ព្យាយាមបង្កើតទ្រព្យឲបានច្រើន ហើយកាត់បន្ថយបំណុល។ ឧទាហរណ៍ បើគេចង់ទិញផ្ទះគេនឹងប្រើលុយអ្នកដទៃយកទៅទិញ ហើយឲអ្នកផ្សេងមួយទៀតសងជំនួស។ មានន័យថា ខ្ចីលុយពីធនាគារយកទៅទិញផ្ទះ ហើយដាក់ផ្ទះនោះជួល រួចយកថ្លៃឈ្លួលទៅបង់សងរំលោះធនាគារ។ ដើម្បីឲមានភាពឆ្លាតវៃក្នុងរឿងលុយកាក់ តើគេត្រូវមានចំណេះអ្វីខ្លះ? (១) ចំណេះដឹងផ្នែកគណនេយ្យ (២) ចំណេះដឹងផ្នែកបណ្តាក់ទុន (៣) ចំណេះដឹងផ្នែកទីផ្សារ (៤) ចំណេះដឹងផ្នែកច្បាប់ ដើម្បីនឹងមានលុយកាត់ហូរចូលច្រើន មានត្រឹមតែចំណេះមិនគ្រប់គ្រាន់ទេ គេត្រូវជំនះភាពភ័យខ្លាច គំនិតអវិជ្ជមាន ភាពខ្ជិលច្រអូស ទម្លាប់អាក្រក់ និងការមើលស្រាលការងារ។ ធម្មជាតិជាមនុស្សតែងភ័យខ្លាចជារឿងធម្មតា។ ខ្លាចនេះ ខ្លាចនោះ ខ្លាចរកស៊ីខាត។ ត្រូវចាំថានេះគ្រាន់តែជាគំនិតអវិជ្ជមានប៉ុណ្ណោះ។ គំនិតអវិជ្ជមានធ្វើឲយើងមើលមិនឃើញឱកាស ធ្វើឲយើងមើលឃើញតែចំនុចអាក្រក់។ នៅក្នុងសង្គមជាក់ស្តែង អ្នកហ៊ានច្រើនបានទទួលជោគជ័យ។ ក្រៅពីនេះគេត្រូវបំបាត់ទម្លាប់អាក្រក់ និងបង្កើតទម្លាប់ល្អ ទម្លាប់សន្សំលុយ ទម្លាប់ស្វែងរកប្រភពពលុយថ្មីៗ និងទម្លាប់វិនិយោគ ដោយវិភាគពិចារណាតាមហេតុផលមិនមើលស្រាលការងារ។ ប្រការសំខាន់បំផុត គឺការតាំងចិត្តធ្វើយ៉ាងពិតប្រាកដថាខ្លួនប្រាថ្នាចង់ក្លាយ ជាអ្នកមាន។ បើមិនដូច្នោះទេ ក៏នឹងមិនសម្រេចផលអ្វីឡើយ។ បន្ទាប់មក ត្រូវសេពគប់មិត្តដោយប្រុងប្រយ័ត្ន។ គួរឧស្សាហ៍ទាក់ទងជាមួយមិត្តណាដែលពូកែរកស៊ី និងមានគំនិតវិជ្ជមាន។ គួរជៀសវាងមិត្តដែលមិនមានលុយ និងមានតែគំនិតអវិជ្ជមាន ព្រោះពួកគេមុខតែនឹងនិយាយថា "ទៅ មិនរួចទេ"។ អ្នកត្រូវឈរលើជំហរខ្លួនឯង បើពុំដូច្នោះទេ ឱកាសល្អៗក៏នឹងបាត់បង់ទៅ។ ការរកស៊ីត្រូវបត់បែនទៅតាមកាលៈទេសៈ ពោលគឺមិនងាប់ក្រឡា។ អ្នកត្រូវអាចរៀនសូត្រនូវចំណេះថ្មីក្នុងពេលដ៏ខ្លី។ អ្នកត្រូវចេះយកចិត្តមើលថែអ្នកនាំប្រយោជន៍ឲ (អ្នកនាំអតិថិជនឲ ឬអ្នកស៊ីកំរៃជើងសារ)។ ជួយអ្នកដទៃ គឺជួយខ្លួនឯង។ (សម្រួលចេញពីសៀវភៅ Rich Dad Poor Dad by Robert Kiyosaki and Sharon Lechter និងសៀវភៅជាភាសាខ្មែរ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ប្រែសម្រួលដោយ លោក ច័ន្ទ ឫទ្ធី) ដកស្រង់ចេញពីhttp://salarean.com |
Friday, September 16, 2011
វិធីចម្រើនទ្រព្យបន្ថយបំណុល នាំលុយចូល
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment