Get This

Friday, September 16, 2011

គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ

អ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។

សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។

សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ ជាលំដាប់។

គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

គុណ​សម្បត្តិ​បី​យ៉ាង​របស់​អ្នក​ដឹកនាំ

សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ

សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង

គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ

គុណសម្បត្តិទី១ សុខភាព

លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖

- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ

- រាងកាយ​មិន​ពិកលពិការ

- ជា​មនុស្ស​មិន​ជរាពេក

- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ

- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស

- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន

- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក

បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។

ពុទ្ធភាសិត​មួយ​ពោលថា "​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត" ។

គុណសម្បត្តិ​ទី២ សមត្ថភាព

សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​ យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។

លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។

- អ្នក​ជឿមាន​ហេតុផលៈ "​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ "​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី ​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។

- អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។

- អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា "​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​" (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។

- អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។

- អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង ​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។

- អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា "​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ"​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។

- អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។

- អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​ អ្នក​ដឹកនាំ​ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ ទៀត។

គុណ​សម្បត្តិ​ទី​៣ គុណធម៌

គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។

- ទសពិធរាជធម៌

១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។

២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។

៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។

៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។

៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។

៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។

៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។

៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។

៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។

១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​ មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស

- ព្រហ្មវិហារ​ធម៌ៈ

១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។

២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។

៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។

៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល

ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥​

ដកស្រង់ចេញពី​ សាលារៀន

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website