ល្បិច ដុតឲច្រឡោត បញ្ឆោតឲខឹង សំដៅទៅលើប្រើ ពាក្យសំដី ឬសកម្មភាពអុជអាលធ្វើឲគេខឹងសម្បា ដើម្បីសម្រេចតាមបំណងរបស់ខ្លួន។ ល្បិចនេះ អនុវត្តន៍មានប្រសិទ្ធភាពចំពោះមនុស្សឆេវឆាវតក់ក្រហល់ មនុស្សនឹងធឹងអត់ធ្មត់ គេពិបាកដុតឲខឹងណាស់។ ឧទាហរណ៍ មនុស្សដូច ចាវ ឆាវ ពូកែសង្ស័យច្រើន មិនងាយជឿសំដីគេឡើយ ល្បិចបែបនេះមិនអាចប្រើការបានឡើយ បែរជាអាចកាំបិតចិតដងឯងវិញ។ ល្បិចដុតឲខ្លោច របស់ ខុង ម៉េង ពិតជាពូកែដល់កំពូល អាចអុជអាលទាល់តែ ចូវ យី ខឹងស្លាប់ ជេស្តេចឡាង ច្រឡោតទាល់តែក្ស័យជីវ៉ា តែមកប៉ះជាមួយ ស៊ីម៉ាអ៊ី ក៏ទាល់តំរិះ។ ប្រវត្តិពិតសម័យ ចាន់គួក (៤៧៥ មុនគ.ស ដល់២២១ មុនគ.ស)នគរឈីន មានអំណាចនិងកម្លាំងខ្លាំងជាងគេ ជាញឹកញាប់តែងតែឈ្លានពាននគរជិតខាង។ អ្នកនយោយបាយដ៏កំពូលនាសម័យនោះ គឺឧបរាជ ស៊ូ ឈីង កំពុងរិះរកមធ្យោបាយដើម្បីចងសម្ព័ន្ធភាពជាមួយនគរទាំងប្រាំមួយ គឺ នគរឈី ឈូ យាន ចាវ ហាង និង ខួយ រួមគ្នាជាធ្លុងមួយដើម្បីទប់ទល់នឹងនគរឈីនដ៏ខ្លាំងពូកែ។ ពេលបញ្ចុះបញ្ចូលនគរយាននិងនគរចាវបានហើយ ប្រុងចេញដំណើរទៅកាន់នគរខួយ ស្រាប់តែទទួលដំណឹងថា នគរឈីងកំពុងរៀបចំទ័ពប្រុងឈ្លានពាននគរចាវ។ ដំណឹងនេះធ្វើឲឧបរាជ ស៊ូ នឹកខ្វល់ខ្វាយយ៉ាងខ្លាំង គិតថាផែនការចងសម្ព័ន្ធភាពនគរទាំងប្រាំមួយរបស់ខ្លួន ពិតជាត្រូវបរាជ័យ។ ភ្លាមនោះ ក៏នឹកឃើញមធ្យោបាយមួយ សម្រេចថាត្រូវជ្រើសរើសមនុស្សម្នាក់ជាទីទុកចិត្តឲទៅនគរឈីន លៃយ៉ាងណាជ្រៀតចូលក្នុងនគរឈីនកាន់កាប់តួនាទីធំឲបាន។ តើអ្នកណាដែលត្រូវជ្រើសរើសឲទទួលភារកិច្ចដ៏ធ្ងន់ធ្ងរនេះ? លោកឧបរាជ អង្គុយរិះគិតយ៉ាងយូរ ទើបនឹកឃើញមនុស្សម្នាក់ គឺ ចាង យី ដែលជាមិត្តរួមថ្នាក់របស់ខ្លួន។ ភ្លាមនោះក៏ហៅអ្នកជំនិត ពី សេង មកជួបរប្រាប់ពីគំនិតរបស់ខ្លួនហើយនិយាយថាៈ យើងមាន សិស្សរួមថ្នាក់ម្នាក់ឈ្មោះ ចាង យី ឥឡូវនេះ កំពុងរស់នៅក្នុងនគរខួយ។ យើងឲមាសឯងមួយពាន់តម្លឹង ទៅអនុវត្តកិច្ចការ។ ឯងត្រូវក្លែងខ្លួនជាអ្នកជំនួញ ដូរឈ្មោះថា ជាស៊ី ហើយធ្វើដំណើរទៅកាន់នគរខួយ។ នៅពេលបានជួប ចាង យី ហើយត្រូវធ្វើបែបនេះឬបែបនោះ។ ពេលដែលត្រឡប់មកកាន់នគរ ចាវ វិញ ត្រូវអនុវត្តយ៉ាងនេះឬយ៉ាងនោះ។ រាល់កិច្ចការត្រូវប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឲសោះ។ ជាស៊ី ទទួលបញ្ជាហើយ ក៏ចេញដំណើរទាំងយប់ទៅកាន់នគរខួយ។ ពេលនោះ ចាងយី ទើបទទួលការមាក់ងាយពីស្តេចឈូ ស្នាមរបួសទើបជាសះ ក៏ត្រឡប់ទៅកាន់នគរខួយវិញ សម្ងំខ្លួនពួនអាត្មានៅតែក្នុងផ្ទះ។ ជាស៊ី ក៏បានទៅដល់នគរខួយចំពេលដែល ចាងយី មានបំណងចង់ទៅជួប លោកឧបរាជ ស៊ូ ឈីង នៅនគរចាវដែរ។ ចៃដន្យក៏បានជួបគ្នា។ លុះជជែកគ្នា ដឹងថាជននេះមកពីនគរ ចាវ ទើប ចាងយី សួរៈ ឮថា ឧបរាជថ្មីរបស់នគរចាវឈ្មោះ លោកឧបរាជស៊ូ ឈីង មែនទេ? មែនហើយលោកប្រុសស្គាល់ឧបរាជស៊ូដែរឬ? ជាមិត្តភក្តិឬនៅស្រុកកំណើតជាមួយគ្នា? ជាស៊ីសួរ។ មិនត្រឹមតែជាមិត្តរួមថ្នាក់ទេ ថែមទាំងជាបងប្អូនធម៌ទៀតផង។ ចាងយី តបដោយរួសរាយ។ មែនឬ?ខ្ញុំពិតជាខ្វះការគួរសមជាមួយលោកប្រុសពេកណាស់ ដែលលោកជាមិត្តភក្តិជិតស្និទ្ធរបស់លោកឧបរាជ។ បើមានទំនាក់ទំនងល្អបែបនេះដែរ ម្តេចមិនទៅជួបគាត់រកកិច្ចការតិចតួចគ្រាន់នឹងធ្វើ។ ជាស៊ី និយាយយ៉ាងគោរពហើយបន្តៈ ពេលនេះកិច្ចការរកស៊ីរបស់ខ្ញុំចប់ល្មម គឺត្រូវត្រឡប់ទៅវិញ។ បើលោកប្រុសមិនយល់ទាស់ទេ រួមដំណើរទៅជាមួយគ្នាតែម្តងទៅយ៉ាងម៉េចដែរ? ល្អដែរចំគំនិតដែល ចាងយី កំពុងគិត ក៏ឆ្លើយបាទតែម្តង។ រួចហើយគេក៏រួមដំណើរជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយមកក៏ទៅដល់ទិសដៅដូចប្រាថ្នា។ មកដល់ក្រុង ជាស៊ី យកលេស ថាជាប់រវល់ការងារ ហើយថាផ្ទះរបស់ខ្លួននៅក្បែរៗនោះដែរ ក៏ទុកឲ ចាងយី ស្នាក់នៅផ្ទះសំណាក់។ ថ្ងៃបន្ទាប់ ចាងយី ក៏ធ្វើដំណើរទៅកាន់សំណាក់ឧបរាជ ស៊ូឈីង ដើម្បីសុំជួបតែអ្នកយាមមិនបានបញ្ជូនដំណឹងនេះទៅក្នុងសំណាក់ទេ មិនអនុញ្ញាតឲចាងយី ចូលទៅក្នុង តែក៏មិនឲត្រឡប់ទៅវិញដែរ។ បន្តបន្ទាប់ក្នុងសភាពបែបនេះជាច្រើនថ្ងៃ រហូតដល់ថ្ងៃទីប្រាំមួយទើបអ្នកយាមបញ្ជូនដំណឹងនេះទៅខាងក្នុង សំណាក់។ តែអ្នកយាមខាងក្នុងប្រាប់ថា កិច្ចការរបស់លោកឧបរាជមមាញឹកណាស់ ឲប្តូរថ្ងៃជួបទៅថ្ងៃក្រោយវិញ។ ចាងយី ក៏រង់ចាំបែបនេះអស់ជាច្រើនថ្ងៃថែមទៀត តែគ្មានដំណឹងរហូត ឯសាហ៊ុយក៏កាន់តែខើច ខឹងខ្លាំងណាស់ថានឹងត្រឡប់ទៅវិញ តែម្ចាស់ផ្ទះសំណាក់ក៏មិនអនុញ្ញាតឲត្រឡប់ទៅវិញដែរ ដោយនិយាយថាៈលោក ប្រុសបានជាមកហើយ ទ្រាំចាំប៉ុន្មានថ្ងៃទៀតទៅគង់តែបានជួបទេ។ បើសិនជាលោកប្រុស ស្រាប់តែចាកចេញទៅបាត់បែបនេះ ពេលដែលលោកឧបរាជអនុញ្ញាតឲចូលជួប តើឲខ្ញុំដោះស្រាយយ៉ាងណាទៅវិញ? ដូច្នេះទោះត្រូវចាំមួយឆ្នាំឬកន្លះឆ្នាំ ក៏ខ្ញុំមិនអនុញ្ញតឲលោកប្រុសចាកចេញទៅដែរ។ ចាងយី ទាល់គំនិត ក៏សុខចិត្តទ្រាំស្នាក់នៅតទៅទៀតទាំងចិត្តធុញថប់ ទោះចង់ទៅរក ជាស៊ី ក៏គ្មានអ្នកណាស្គាល់។ ច្រើនថ្ងៃកន្លងផុតទៅ ចាងយី ទ្រាំលែងបាន ក៏ដើរសំដៅទៅសំណាក់លោកឧបរាជ ដើម្បីសុំលា។ ពេលនោះទើបមានការអនុញ្ញាតឲចូលជួប គឺជួបនៅថ្ងៃស្អែក។ ស្អែកឡើង ចាងយី ស្លៀកពាក់យ៉ាងសមរម្យ ចូលជួបឧបរាជតាំងពីព្រលឹម តែត្រូវអ្នកយាមឃាត់ ដោយនិយាយយ៉ាងក្រអឺតថាៈ លោកឧបរាជកំពុង តែជាប់រវល់ យ៉ាងម៉េចចាំបន្តិចមិនបានទេឬ? ចាងយី ក្តៅឥតឧបមា ឈរចាំយ៉ាងមួហ្មង។ ក្រឡេកមើលទៅមន្រ្តី ចេញចូលមិនដាច់។ ពេលជិតថ្ងៃត្រង់ទើបឮគេហៅឲចូលជួប។ ចាងយី គិតថា ឧបរាជ ស៊ូឈីង នឹងមកទទួលដោយផ្ទាល់ តែបែជាខកបំណង ដោយលោកឧបរាជអង្គុយធ្វើព្រងើយ រួចសួរយ៉ាងសោះកក្រោះថា សុខ សប្បាយជាទេ? ចាងយី ខឹងឡើងបែកផ្សែង ហើយមិនអើពើនឹងសំដី ស៊ូឈីង។ ដល់ពេលអាហារថ្ងៃត្រង់ល្មម ស៊ូឈីង ក៏និយាយទៅកាន់ ចាងយី ថា កិច្ចការ យើងមមាញឹកពេកធ្វើឲឯងចាំយូរ ឥឡូវគិតបាយទឹកសិន ហើយយើងមានរឿងខ្លះនិយាយជាមួយឯង។ រួចក៏ឲអ្នកបំរើរៀបតុ ឲចាងយីនៅខាងក្រោម ចំណែកខ្លួនអង្គុយខាងលើដដែល។ ចាងយី ឃើញម្ហូប ស៊ូឈីង សុទ្ធតែស្រាឆ្ងាញ់ ម្ហូបឆ្ងុយ គ្រឿងសមុទ្រ ចំណែកខ្លួន គឺសម្លទឹកមួយមុខ គោកមួយមុខ បាយវិញចង់ធំក្លិនបាវទៅហើយ។ ដោយគ្មានជំរើសព្រោះជំពាក់ប្រាក់ផ្ទះសំណាក់ច្រើនផង ចាងយី បរិភោគទាំងខឹងផងខ្មាសផង កែវភ្នែកទាំងគូឡើងក្រហមស្ទើរឆេះ។ ឧបរាជស៊ូ ក៏បញ្ជាៈ សូមអញ្ជើញភ្ញៀវឡើងមកជួប។ ចាងយី ក៏ងើបឈរឃើញ ស៊ូឈីង នៅអង្គុយធ្វើព្រងើយនៅខាងលើ ពិតជាទប់កំហឹងលែងបានហើយ ក៏បោះជំហានទៅចង្អុលមុខឧបរាជ ស៊ូឈីង ដោយពាក្យអសុរោះសព្វបែបយ៉ាង។ ចាងយី ត្រឡប់មកផ្ទះសំណាក់វិញពោរពេញដោយកំហឹង និងមិនបានផលប្រយោជន៍អ្វីមកជាប់ខ្លួនសោះ។ ពេលមកដល់ផ្ទះសំណាក់វិញ ជួនជា ជាស៊ី មកដល់ល្មម ក៏រ៉ាយរ៉ាប់គ្រប់រឿងរ៉ាវប្រាប់ ហើយថាខ្លួននឹងទៅកាន់នគរឈីន ព្រោះក្នុងចំណោមនគរទាំង៧ ឈីនមានអំណាចខ្លាំងជាងគេ មានកម្លាំងអាចវៃនគរចាវបាន។ បើសិនជានគរឈីន ត្រូវការខ្លួនជាចាំបាច់ ខ្លួនពិតជាលើកទ័ពមកវាយនគរចាវពុំខាន សឹងសឹកគំនុំដែល ស៊ូឈីង មើលងាយខ្លួន។ ជាស៊ី ក៏ចូលរួមដំណើរទៅនគរឈីន ជាមួយ ចាងយី ដោយក្លែងថាទៅសួរសុខទុកបងប្អូន។ ជាស៊ី ជួយចេញថ្លៃផ្ទះសំណាក់ឲហើយក៏ចេញដំណើរទៅ។ ទៅដល់នគរឈីន ជាស៊ី ជួយផ្តល់ប្រាក់និងទំនុកបំរុង ចាងយី សព្វបែបយ៉ាង ដើម្បីធ្វើសកម្មភាពទំនាក់ទំនង។ មិនយូរប៉ុន្មាន ចាងយី ក៏ទទួលបានការពេញចិត្តពីស្តេចឈីន តែងតាំងជាទីប្រឹក្សាពិសេស រួមពិភាក្សារាល់កិច្ចការធំៗរបស់កងទ័ព។ ពេលនោះ ជាស៊ី ក៏សុំលា ចាងយី ត្រឡប់ទៅផ្ទះវិញ។ ចាងយី ក៏និយាយថាៈ ខ្ញុំមានថ្ងៃនេះ ក៏អាស្រ័យលើការជួយជ្រោមជ្រែងរបស់លោកទាំងអស់។ ខ្ញុំគិតថានឹងសងគុណលោកវិញ។ យ៉ាងម៉េច បានជាប្រញាប់ចង់ទៅផ្ទះវិញហើយ? ជាស៊ី សើចហើយនិយាយថាៈ គួរតែសងគុណមិត្តរួមថ្នាក់លោកវិញទៅ! ទើបរៀបរាប់ ប្រាប់ ចាងយី នូវអ្វីដែលឧបរាជស៊ូ ឲគេធ្វើ។ ស្តាប់ចប់ ចាងយី ភ្ញាក់ខ្លួនដូចគេដាស់។ តាមពិតអ្វីៗ សុទ្ធតែជាគំរោងការណ៍របស់ របស់ស៊ូឈីង ធ្វើឡើងដើម្បីរូបខ្លួន។ ចាងយី ដកដង្ហើមវែងហើយនិយាយថាៈ ឯងត្រឡប់ទៅវិញ ប្រាប់លោកឧបរាជផងថា ដរាបណា ចាងយី នៅមានជីវិត ដាច់ខាតមិនទៅឈ្លានពាននគរទាំងប្រាំមួយ ដាច់ខាតមិនបំផ្លាញផែនការសម្ព័ន្ធភាព នគរទាំងប្រាមួយរបស់លោកឡើយ។ (ដកស្រង់ចេញពីសៀវភៅ ល្បិចទល់មេឃ ភាគី ដែលរៀបរៀងដោយ គីម ឃាង) ប្រភពដើម សាលារៀន |
Friday, September 16, 2011
ល្បិចទី១៦ ដុតឲច្រឡោតបញ្ឆោតឲខឹង
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment