- របៀបហាត់អនុវត្តសរសេរភាសាអង់គ្លេស
- ព្យាយាមសរសេរគំនិតប្រចាំថ្ងៃជាភាសាអង់គ្លេស ឧ. សរសេរអំពីបញ្ហាជីវិត គំនិតផ្ទាល់ខ្លួន...
- ពេលសរសេរកុំបារម្ភពីលំដាប់លំដោយនៃគំនិត
- អានឡើងវិញមួយសប្តាហ៍ម្តង នូវកំណត់ត្រារបស់ខ្លួន
- ជ្រើសរើសយកគំនិតឬប្រធានបទណាមួយដែលអ្នកពេញចិត្តយកមកបកស្រាយ ពង្រីកបន្ថែម
- យកអត្ថបទដែលសរសេររួចឲ្យមិត្តភក្តិឬគ្រូជួយកែ
- របៀបរៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព
ការរៀនភាសាត្រូវគិតពីកត្តាសំខាន់ពីរ គឺ ប្រភពចំណេះដឹង និងរបៀបសិក្សា។
១. ប្រភពចំណេះដឹង
ចំណេះដឹងដែលទទួលបាន កើតចេញមកពីបីប្រភព គឺៈ
- គ្រូបង្រៀន អាចផ្តល់ចំណេះដឹងបាន ៤០%
- សៀវភៅ អាចផ្តល់ចំណេះដឹងបាន ៣០%
- ប្រភពផ្សេងៗ (គ្រួសារ មិត្តភក្តិ...) អាចផ្តល់ចំណេះដឹងបាន ៣០%
អ្នកសិក្សាគួរដឹងថាចំណេះដឹងភាសាកើតមកពីប្រភពចំបងៗទាំង បីខាងលើ ហើយគួរគប្បីប្រមូលចំណេះពីប្រភពទាំងបីឲ្យបានច្រើនបំផុត។ អ្នកសិក្សាភាគច្រើន ច្រើនផ្តោតលើចំណេះដឹងដែលបានមកពីគ្រូ មិនសូវបានអានសៀវភៅ ឬអនុវត្តស្រាវជ្រាវបន្ថែមពីមិត្តភក្តិឬក្រុមគ្រួសារទេ អញ្ចឹងទៅពួកគេមិនទទួលបានចំណេះដឹង ១០០% ទេ។ គួរពិចារណាថា ប្រសិនបើគ្រូបង្រៀន ១០០ ហើយយើងចាប់បានទាំង ១០០ នោះមានន័យថា យើងបានចំណេះត្រឹមតែ៤០% នៅឡើយទេ ៦០% ភាគរយទៀតត្រូវទៅរកពីប្រភពផ្សេង គឺពីសៀវភៅ និងមិត្តភក្តិឬអ្នកដទៃទៀត។
ក្រុមអ្នកជំនាញ បានរកឃើញថាប្រសិនបើអ្នកសិក្សាទទួលបានចំណេះ១០០% នោះគេចំណាយពេលត្រឹមតែ ៣ ទៅ ៥ ប៉ុណ្ណោះ ជំនាញភាសារបស់គេនឹងឡើងដល់កម្រិតល្អឥតខ្ចោះ។
២. របៀបសិក្សា
ការសិក្សាត្រូវផ្អែកលើគោលការណ៍ចំបង៤យ៉ាង ដែលមិនអាចផ្តាច់ចេញពីគ្នាបាន គឺអាន សរសេរ និយាយ និងស្តាប់។ ការអានច្រើនជួយបង្កើនចំណេះមូលដ្ឋានដែលបង្កលក្ខណៈងាយស្រួល ដល់ការសរសេរ។ ស្តាប់ច្រើន នាំឲ្យងាយស្រួលនិយាយ។ ជំនាញទាំងបួន ជួយគ្នាទៅវិញទៅមក។ គេតែងនិយាយថា វិធីដ៏ល្អបំផុតក្នុងការរៀនភាសាគឺអនុវត្តវាជាប្រចាំ។
- ទម្លាប់៩យ៉ាងដែលនាំឲ្យការសិក្សាទទួលបាន ជោគជ័យ
ទម្លាប់ល្អនាំឲ្យសិស្សនិស្សិតទទួលបានជោគជ័យក្នុងការសិក្សា របស់ខ្លួន។ សិស្សនិស្សិតគួរប្រកាន់យកទម្លាប់សិក្សាល្អៗ និងតាំងចិត្តសិក្សាឲ្យបានចប់ចុងចប់ដើម។ សុភាសិតខ្មែរពោលថា "តក់ៗពេញបំពង់" នេះជាគ្រឿងឧបមានៃការសន្សំវិជ្ជា។
ខាងក្រោមគឺជាទម្លាប់ល្អ៩យ៉ាងដែលគួរប្រកាន់យកៈ
១. រៀនតិចៗតែជាប់ជាប្រចាំ ជាជាងរៀនទាំងបង្ខំច្រើនក្នុងពេលតែមួយ
២. បែងចែកពេលវេលាជាក់លាក់សម្រាប់សិក្សា
៣. ព្យាយាមសិក្សាដោយទៀងទាត់នៅម៉ោងដដែលៗរាល់ថ្ងៃ
៤. ដាក់ចិត្តថារៀន ត្រូវតែរៀន មិនត្រូវគិតថាចាំពេលនេះចាំពេលនោះចាំរៀនទេ
៥. ធ្វើលំហាត់ណាដែលលំបាកមុន លុះធ្វើចប់អ្នកនឹងមានអារម្មណ៍ធូរស្បើយនិងមានទឹកចិត្តធ្វើ កិច្ចផ្សេងទៀត
៦. រំលឹកមេរៀនជាប្រចាំ
៧. ប្រាប់មិត្តភក្តិកុំឲ្យទូរស័ព្ទមកពេលអ្នកកំពុងសិក្សា
៨. បើមិនចេះលំហាត់ណាមួយ ចូរសួរមិត្តភក្តិណាដែលចេះ
៩. ឆ្លៀតពេលរលឹកកិច្ចការសាលានៅចុងសប្តាហ៍
- រៀនយ៉ាងម៉េចទើបទទួលបានចំណេះដឹងអតិបរមា?
ច្រកផ្លូវសំខាន់ដែលអាចផ្តល់ចំណេះដឹងដល់អ្នកសិក្សា រៀនសូត្ររួមមានៈ
១. ការអាន
២. ការសរសេរ
៣. ការសន្ទនា
៤. ការសង្កេត
ការអាន
គួរជ្រើសរើសយកសៀវភៅណាដែលផ្តល់ចំណេះដឹង។ គួរជៀសវាងសៀវភៅ ដែលអាចប្រែក្លាយជាថ្នាំពិល ឬសៀវភៅណាដែលអានហើយស្រង់យកប្រយោជន៍គ្មាន ខាតពេលឥតប្រយោជន៍។ ដើម្បីនឹងបានប្រយោជន៍អតិបរមាពីសៀវភៅ គេគួរប្រតិបត្តិតាមគោលការណ៍ដូចតទៅៈ
- ខិតខំអានសៀវភៅមួយក្បាល ឲយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។
- ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។ ចូរពិចារណាឲចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក និពន្ធ។
- ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ៉ាង ម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? ហើយគួរប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធផ្សេងទៀត តើមួយណាល្អជាង?
- ប្រការសំខាន់បំផុត គឺរាល់ពេលអានចប់ ត្រូវខិតខំនឹកថាយើងទទួលបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះពីការអានសៀវភៅនេះ។
ការសរសេរ
ចំណេះដឹងដែលទទួលបានមកហើយ ជួនកាលនៅស្រពិចស្រពិល ប៉ុន្តែលុះបានចាប់ប៊ិចសរសេរចេញមកហើយ ក៏ស្រាប់តែច្បាស់លាស់ឡើងភ្លាមមួយរំពេច។ ការសរសេរមិនត្រឹមតែជួយកត់ត្រាកុំឲភ្លេចប៉ុណ្ណោះទេ ថែមទាំងជួយនាំផ្លូវឲកើតគំនិតថ្មីៗទៀតផង។ សូមធ្វើតាមការណែនាំខាងក្រោមដើម្បីឲខួរក្បាលកាន់តែរួសរវើកៈ
- ហ្វឹកហាត់សរសេរជារៀងរាល់ថ្ងៃ នោះលោកអ្នកនឹងឃើញថាគំនិតរត់មកលោកអ្នកច្រើនជាងពេលដែលលោកអ្នក គិតឬនិយាយ ជាអនេក។
- ប្រសិនបើមានគំនិតអ្វីថ្មីលេចឡើង ត្រូវសរសេរទុកភ្លាម។
- ត្រូវហាត់កត់ត្រាកិច្ចការដែលលោកអ្នកនឹងត្រូវធ្វើនៅថ្ងៃស្អែក។ ស្អែកឡើងត្រូវពិនិត្យមើល កិច្ចការទាំងនោះ តើបានធ្វើអ្វីខ្លះ មិនបានធ្វើអ្វីខ្លះ។ ប្រសិនបើលោកអ្នកធ្វើបានដូច្នេះ រាល់ថ្ងៃ ត្រឹមតែមួយខែប៉ុណ្ណោះ លោកអ្នកនឹងឃើញថាខ្លួនឯងប្រែប្រួល។
ការសន្ទនា
ការសន្ទនាគឺជាផ្លូវដ៏ប្រសើរមួយដែលជួយឲយើងទទួលបានចំណេះ និងគំនិតជាច្រើន ទោះជាការសន្ទនានោះជាមួយមនុស្សប្រភេទណាក៏ដោយ។
- ពេលសន្ទនាជាមួយនរណាម្នាក់ យើងគួរដឹកនាំការសន្ទនាចូលដល់រឿងដែលដៃគូសន្ទនាស្ទាត់ជំនាញ បំផុត។ នេះជាផ្លូវនាំឲយើងទទួលបានចំណេះថ្មីៗ។
- គួរព្យាយាមស្តាប់ឲបានច្រើន និងនិយាយតិចតួចបានហើយ ព្រោះអ្នកនិយាយច្រើន ច្រើនតែគេធុញទ្រាន់។
ការសង្កេត
ចំណេះដែលមានប្រយោជន៍ក្រៃលែងដល់យើង បានមកពីការសង្កេត។ ការសង្កេតធ្វើឲយើងទទួលបានចំណេះថ្មីៗ និងស្រូបទាញយកចំណេះដឹងបានពីគ្រប់ទីកន្លែង។
- ត្រូវខិតខំហាត់សង្កេត មើលវត្ថុផ្សេងៗដោយល្អិតល្អន់ កុំមើលត្រឹមតែសំបកក្រៅ។
- ព្យាយាមសង្កេត ដោយធ្វើហាក់ដូចជានឹងត្រូវនរណាសួរយើងអំពីវត្ថុនោះ ហើយយើងប្រុងប្រៀបនឹងឆ្លើយប្រាប់ពេញលេញគ្រប់ជ្រុងជ្រោយ។
កាលបើបានប្រតិបត្តិតាម គោលទាំង២ខាងលើជាប្រចាំហើយ យើងនឹងទទួលបានប្រយោជន៍ជាទីបំផុត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ មានរបស់ច្រើនណាស់ដែលឆ្លងកាត់ភ្នែកត្រចៀកយើង។ របស់ទាំងនោះអាចនឹងមានប្រយោជន៍ដល់យើង កាលបើមិនចេះសង្កេត ក៏ទុកដូចជាការបណ្តោយឲ "កំណប់ទ្រព្យដើររំលងទៅជារៀងរាល់ថ្ងៃ"។
ដើម្បីទទួលបានជោគជ័យគ្រប់សមរភូមិប្រលងអ្នកត្រូវត្រៀម ខ្លួនឲបានពេញលេញបំផុត។ អ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូត មក។ អ្នកត្រូវកត់ចំណាំនិងសង្ខេបខ្លឹមសារសំខាន់ៗ រួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម៥ឬ១០ នាទី។អ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរដើម្បីងាយស្រួលរំលឹក ម្តងម្កាល។ វិធីសាស្ត្រនេះអាចជួយឲអ្នករៀបចំឯកសារមានសណ្តប់ធ្នាប់ល្អ និងអាចរក្សាការចងចាំបានប្រមាណ៨០%។ ធ្វើបែបនេះ
អ្នកមិនសូវនឿយហត់សំរុករៀនពេលកៀកប្រលង។
(១) មុនពេលប្រលង
តើត្រូវត្រៀម ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?
ការរៀបចំឯកសារ
វីធីល្អបំផុតសម្រាប់ត្រៀមប្រលងគឺរៀប ចំឯកសារដែលបានរៀនរួចទាំងអស់ឲមានសណ្តាប់ធ្នាប់ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។
ការរៀបចំពេលវេលា
ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។ អ្នកត្រូវដឹងថាអ្នកត្រូវមានសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។
ជួយខ្លួនឯង
ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែងយល់ពីការប្រលងលើមុខវិជ្ជានីមួយៗឲបានច្រើនដូចដែលអាច ធ្វើទៅបាន។ ចូរសួរគ្រូរបស់អ្នកអំពីប្រភេទសំណួរដែលអាចនឹងចេញនៅពេលប្រលង ហើយសម្ភារៈអ្វីខ្លះដែលត្រូវការឬអនុញ្ញាតឲយកចូលពេលប្រលង ដូចជាម៉ាស៊ីនគិតលេខ និងវចនានុក្រមជាដើម។ ចូរស្នើរសុំវិញ្ញាសាដែលធ្លាប់ចេញពីឆ្នាំមុនដើម្បីធ្វើជា គម្រូសម្រាប់ត្រៀមប្រលង។
ពេលទន្ទេញមេរៀនម្តងៗ ចូរសាកល្បងស្មានថាសំណួរប្រភេទណាអាចនឹងចេញពេលប្រលង។ ប្រសិនបើអ្នកមានពេល ចូរសាកល្បងឆ្លើយសំណួរទាំងនោះយ៉ាងពេញលេញឲដូចជាពេលប្រលងជាក់ ស្តែង។
គិតក្នុងផ្លូវវិជ្ជមានៈ ដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រលងដូចនេះយើង ត្រូវមានគំនិតសុទិដ្ឋិនិយមថា"ការប្រលងរបស់ខ្ញុំនឹងប្រព្រឹត្តិទៅ ប្រកបដោយជោគជ័យ"។ តែបើអ្នកមិនបានត្រៀមខ្លួនពេញលេញគ្រប់គ្រាន់ទេ អ្នកគ្រាន់តែដាស់តឿនខ្លួនឯងថា"ដោយពឹងលើ សុខភាពល្អ ប្រាជ្ញាវៀងវៃ និងចិត្ត ស្រស់ថ្លា របស់ខ្លួន ខ្ញុំប្រាកដជាំអាចជួយខ្លួនឯងបាន ចំពោះអ្វីដែលខ្ញុំមិនបានត្រៀម"។
កុំព្យាយាមធ្វើឲអារម្មណ៍ស្រស់ថ្លាដោយការដើរលេងឬមើលកុនពេលយប់ មុនប្រលងឲសោះ។ ទង្វើបែបនេះ ជាការរំខានដល់ការចងចាំរបស់អ្នកទៅវិញទេ។ ចូរអានមេរៀនជំនួសវិញ រួចហើយចូលគេងយ៉ាងស្កប់ស្កល់។ ព្រឹកឡើងញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ ហើយបន្តដំណើរកំសាន្តចុងក្រោយជាមួយមេរៀន រួចចូលប្រលងយ៉ាងរីករាយ។
(២) ពេលប្រលង
ការរៀបចំខ្លួនប្រលង
ត្រូវមកដល់បន្ទប់ប្រលងឲបានមុនម៉ោងដើម្បីធ្វើចិត្តឲស្ងប់ និងរំលឹកមេរៀន ខ្លះៗ(ប្រសិនបើអ្នកចំាមិនច្បាស់ត្រង់ណាមួយ)។ ការមកយឺតធ្វើឲប៉ះពាល់ដល់ការប្រលងដោយសារតែអារម្មណ៍មិនស្ងប់។ អ្នកដែលមកយឺតតែងតែច្របូកច្របល់ក្នុងចិត្តជានិច្ចកាល ហើយទំរាំតែតាំងចិត្តបានក៏ខាតពេលល្មមគួរសមដែរ។ " ខ្ញុំមកយឺតៗ...ខាតម៉ោងៗ...ប្រញាប់ឡើង..."។
ជៀសវាងការជជែកជាមួយមិត្តភក្តិ(បើមានត្រូវឲខ្លី) ព្រោះវាអាចប៉ះពាល់ដល់ការចងចាំឬការតាំងចិត្តរបស់អ្នកពេលប្រលង។ ក្នុងពេលប្រលងចូរអានសំណួរនីមួយៗដោយប្រុងប្រយ័ត្ន និងស្តាប់ការណែនាំ របស់គ្រូឬអនុរក្សមុខវិជ្ជានីមួយៗក្នុងពេលប្រលង (បើយើងមិនស្តាប់ការណែនាំទេ ជួនកាលយើងបង្ខាតពេលវេលាធ្វើសំណួរដែលគេកាត់ចោលពីការប្រលងដោយសារតែ វាខុសឬពិបាកពេក)។ បើមានចំងល់ត្រូវតែសួរឲច្បាស់ កុំធ្វើទាំងងឿងឆ្ងល់។
ប្រសិនបើមិត្តរបស់អ្នកធ្វើហើយមុនរួចចេញទៅក្រៅបន្ទប់ ចូរកុំខ្វល់នឹងគេអី(ចង់ចេញដូចគេ)។ ចូរធ្វើកិច្ចការរបស់អ្នកដោយស្ងៀមស្ងាត់។ ពេលធ្វើចប់នឹងផ្ទៀងផ្ទាត់រូចហើយ សឹមចេញទៅ។ |
|
|
|
comments
No comments:
Post a Comment