ពេលស្គាល់គ្នាដំបូង គូស្នេហ៍ទាំងពីរ មានអារម្មណ៍ពេញចិត្តគ្នា ដោយការសិក្សា និងសម្របសម្រួល ទម្លាប់ ចំណង់ចំណូលចិត្តគ្នាទៅវិញទៅមកពោរពេញដោយភាពផ្អែមល្ហែម។ ក្រោយមក ទោះបីជាអ្នកទាំងពីរគិតថា អ្នកទាំងពីរពិតជាគូរស្នេហ៍ដ៏សក្ដិសម កាលពីពេលចាប់ផ្ដើមក៏ពិតមែន តែ អ្វីៗក៏អាចកែប្រែបានដែរនៅពេលដែលនរណាម្នាក់ក្នុងចំណោមអ្នក ទាំងពីរលែងមានអារម្មណ៍ស្រលាញ់តទៅទៀតនោះ។ ខាងក្រោមនេះជាសញ្ញាខ្លះៗ អាចបញ្ជាក់ថាគេលែងស្រលាញ់អ្នក។
១. រករឿង
គេអាចរកគ្រប់វិធីទាំងអស់ មានហេតុផលរាប់មិនអស់ ដើម្បីសម្ដែងថាគេមិនសប្បាយចិត្ត។ គេអាចវាយប្រហារអ្នក រកចំណុចមិនល្អរបស់អ្នក ធ្វើយ៉ាងណារកផ្លូវចេញពីអ្នក ដើម្បីបញ្ចប់ទំនាក់ទំនងនេះ ហើយប្រសិនបើទំនាក់ទំនងនេះមិនអាចបញ្ចប់ភ្លាមៗ ក៏អ្នកត្រូវតែទទួលរង ភាពគំរោះគំរើយ ការឈ្លោះប្រកែកគ្នា និងគេចមិនផុតពីបញ្ហាជាច្រើនជារឿយៗ។
២. កាន់តែ សោះកក្រោះទៅៗ
ការស្រលាញ់លែងមាននៅក្នុងចិត្តរបស់គេ គេពិតជាមិនមានអារម្មណ៍រំភើបពេលនៅជាមួយអ្នក ។ គេនឹងកាត់បន្ថយការសម្ដែងក្ដីស្រលាញ់ ការយកចិត្តទុកដាក់ សូម្បីតែការនិយាយស្ដី និងកាយវិការ ជាមួយអ្នក។ សូម្បីតែពេលនៅតែពីរនាក់ក៏គេលែងចង់និយាយស្ដីជាមួយអ្នក ដោយជំនួសការទៅធ្វើការងារអ្វីផ្សេងតែម្នាក់ឯង។ កាយវិការទាំងនេះ មិនពិបាកសម្រាប់អ្នកសង្កេតទេ តែអ្វីដែលសំខាន់តើអ្នកអាចរកដំណោះស្រាយសម្រាប់រឿងនេះ។
៣. ចំណាយពេលនៅឆ្ងាយពីអ្នក
នៅពេលដែលលែងមានចំណាប់អារម្មណ៍ជាមួយ អ្នក គេអាចងាកទៅយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ និងចំណូលចិត្តផ្ទាល់ខ្លួនរបស់គេវិញ។ ចំណង់ចំណូលចិត្តទាំងនោះ អាចក្លាយជាលេសដែលគេអាចដកពេលវេលាចេញពីអ្នក ដោយប្រាប់ថា ទៅជាមួយមិត្ត ឬអ្នករួមការងាររបស់គេ ជាដើម។ ដូចនេះ អ្នកនឹងបាត់បង់ពេលវេលានៅជាមួយគេ ប្រសិនបើអ្នកមិនសូវចាប់អារម្មណ៍ត្រង់ចំណុចនេះ។
៤. កុហកបោកប្រាស់
ការកុហកបោកប្រាស់ តែងកើតមានមិននឹកស្មានក្នុងទំនាក់ទំនងមួយ នៅពេលដែលមានភាគីណាម្នាក់ លែងមានអារម្មណ៍ស្រលាញ់ ហើយបង្ខំចិត្តនៅជាមួយគ្នា។ បើសិនជាភាគីនោះបែកចិត្តទៅមានទំនាក់ទំនងជាមួយនរណាម្នាក់ទៀតនោះ គេអាចកុហកអ្នក រកវិធីធ្វើឲ្យអ្នកមិនអាចថិតថេរជាមួយគេបាន។
៥. បែកផ្លូវគ្នា
ជាទូទៅ មនុស្សម្នាក់នៅពេលដែលស្រលាញ់នរណាម្នាក់នោះ គឺប្រាកដជាមិនដែល ឬមិនអាចនឹកចង់បែកផ្លូវគ្នានោះទេ ហើយនិងខ្លាចបំផុតពាក្យថាបែកនេះ។ គេអាច ប្រែជាលើកឡើងពីការសុំបែក ជារឿយៗ នៅពេលដែលមានទំនាស់តិចតួច ឬពេលខ្លះគេអាចដើរចេញពីអ្នកមួយរយៈក៏មាន។
៦. ទម្លាប់អាក្រក់
ពេលទាក់ទងគ្នាដំបូង គូស្នេហ៍រកឃើញ និងសិក្សាពី ទម្លាប់ដៃគូបានយ៉ាងឆាប់រហ័ស និងពេញចិត្តទាំងអស់ព្រោះហាក់គ្មានចំណុចទាស់ភ្នែកត្រង់ណាសោះតែ ជាចំណុចដោយឡែកគួរឲ្យស្រលាញ់។ ដោយឡែកនៅពេលដែលទំនាក់ទំនងនេះចុះខ្សោយ ទម្លាប់ដដែលនោះ នឹងក្លាយទៅជារឿងរំខានអារម្មណ៍គ្នាទៅវិញ មិនអាចទទួលយកបាន៕
No comments:
Post a Comment