ដៃគូស្នេហាថ្មីថ្មោង
យោង តាមអ្នកជំនាញខាងស្នេហាបានឲ្យដឹងថា គោលការណ៍ដ៏សំខាន់បំផុតក្នុងការធ្វើឲ្យមនុស្សស្រីចាប់អារម្មណ៍ និងបាក់ចិត្តមកលើអ្នក គឺការចាប់ផ្ដើមនាគ្រាដំបូងដ៏គួរឲ្យចាប់អារម្មណ៍ ពោលគឺកំឡុងពេលនៃការចាប់ផ្ដើមនូវការសន្ទនា។ ប៉ុន្ដែវាមិនមែនងាយស្រួលនោះទេ ក្នុងការធ្វើនាងនារីម្នាក់និយាយមករកអ្នកដោយពេញចិត្តនោះ។ ខាងក្រោមនេះ គឺជាគន្លឹះទាំង១០ ដែលអាចឲ្យអ្នកយកឈ្នះចិត្តមនុស្សស្រី ឲ្យនាងចាប់អារម្មណ៍មកលើអ្នក និងនិយាយជាមួយអ្នកនៅគ្រាជួបអ្នកដំបូង៖
១- ប្រើប្រាស់នូវបរិស្ថានជុំវិញ ដើម្បីចាប់ផ្ដើមការសន្ទនា។ ធ្វើយ៉ាងណាឲ្យមានបរិស្ថានគួរឲ្យទាក់ទាញ ដែលមានដូចជាបែបកំប្លែង គួរឲ្យចាប់អារម្មណ៍ ដើម្បីឲ្យនាងបង្ហើបវាចារសារសព្ទមករកអ្នក។
២- ប្រើប្រាស់នូវរូបមន្ត “កំប្លែងបែបរ៉ូមែនទិច” ដើម្បីទាក់ទាញចំណាប់ពីអារម្មណ៍របស់នាង (ឲ្យនាងនិយាយរកអ្នកទាំងមិនដឹងខ្លួន)។ នេះមានន័យថា អ្នកអាចចូលទៅជិតកន្លែងដែលនាងអង្គុយ រួចធ្វើជាច្រឡំនាងទៅនឹងអ្នកផ្សេង ឬអាចធ្វើកំពប់ភេសជ្ជៈនៅជិតនាង ឬក៏ធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យអ្នកទាំងពីរអាចចាប់ផ្ដើមការសន្ទនា (ចាប់ផ្ដើមនិយាយរកគ្នា)។
៣- ប្រសិនបើរូបមន្តខាងលើមិនបានផលនោះទេ អ្នកអាចប្រើប្រាស់នូវយុទ្ធសាស្រ្ដមួយទៀត គឺពោលពាក្យសរសើរបែបណាដែលអ្នកគិតថានាងមិនធ្លាប់លឺពីមុនមក។ អ្នកមិនបាច់សរសើរពីសម្រស់ ពីរបៀបតែងខ្លួនរបស់នាងទេ ព្រោះពាក្យសរសើរបែបនេះ មនុស្សស្រីស្អាតៗភាគច្រើន បានលឺឡើងស៊ាំត្រចៀកទៅហើយ។
៤- សាកសួរសុំយោបល់នាងទាក់ទងនឹងអ្វីមួយ។ រូបមន្តនេះគេហៅថា “ការបើកគំនិត” ហើយវាក៏ជាវិធីមួយក្នុងចំណោមវិធីដ៏ស្រួលបំផុតផ្សេងទៀត ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សស្រី។ ប្រហែលជាគេមិនកំណាញ់នោះទេ គ្រាន់តែបញ្ចេញនូវយោបល់ជួយដល់អ្នកនោះ។
៥- ប្រើប្រាស់នូវគ្រឿងបំភ័នផ្សេងៗ ដើម្បីឲ្យនាងចាប់ផ្ដើមនិយាយជាមួយអ្នក។ គ្រឿងបន្លំ ឬបំភ័ននោះ មិនមែនជាអ្វីដែលអាក្រក់នោះទេ ពោលគឺជា ជំហានមួយដែលធ្វើឲ្យអ្នកមានហេតុផលសមស្របដើម្បីនិយាយទៅកាន់នាង។ ឧទាហរណ៍ អ្នកអាចមានក្រដាស់កម្រងសំណួរស្ទង់មតិ ដើម្បីឲ្យនាងជួយបំពេញ ឬក៏ល្បែងឆ្ពិនភ្នែកផ្សេងៗដែលអ្នកត្រូវការជំនួយក្នុងការដោះ ស្រាយ ឬក៏អ្វីផ្សេងទៀត ដែលអ្នកគិតថា នាងនឹងអាចចូលរួមនិយាយជាមួយនឹងអ្នក។
៦- យ៉ាងហោចណាស់ ក៏បានញញឹមទៅរកនាងដែរ បើសិនជាអ្នកអង្គុយនៅមិនឆ្ងាយពីនាងនោះ។ យុទ្ធសាស្រ្ដនេះ អាចនឹងបានផល នៅពេលដែលនាងបាញ់ខ្សែភ្នែកមករកអ្នកវិញ។ នៅពេលដែលនាងហាមាត់និយាយ នោះហើយគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់អ្នកទៅកាន់នាងវិញ (និយាយលេងជាមួយនាង ឬនិយាយអ្វីក៏បានទៅតាមចិត្តសាស្រ្ដរបស់អ្នក)។
៧- ចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកដទៃទៀត ដែលនៅក្នុងក្រុមជាមួយនាង។ ដូចដែលអ្នកបានដឹងហើយថា ភាគច្រើនស្រ្ដីចេញទៅក្រៅ គឺជាក្រុម មិនមែនទៅម្នាក់ឯងនោះទេ។ ដូច្នេះ ជំនួសឲ្យការផ្ដោតទៅលើនាងតែម្នាក់ អ្នកត្រូវនិយាយទៅកាន់ក្រុមទាំងមូល តែត្រូវធ្វើយ៉ាងណាឲ្យការនិយាយនេះ តម្រង់ឆ្ពោះទៅរកនាងផង ដូចដែលពាក្យចាស់ពោលថា ជិះក្របីចម្លងភក់ ដូច្នេះដែរ។
៨- ចាប់ផ្ដើមបើកមាត់និយាយដោយប្រយោគ មិនមែនដោយសំណួរនោះទេ។ ស្រ្ដីភាគច្រើន គឺធុញទ្រាន់នឹងការសួរបែបសម្ភាសពីបុរសណាស់ (ស្ទីលញ៉ែចាស់គម្រិល)។ ដូច្នេះ ជំនួសដោយការបង្ខំនាងឲ្យនិយាយ អ្នកត្រូវរៀបចំខ្លួនជាមួយនឹងរឿងណាដែលគួរឲ្យចាប់អារម្មណ៍ ចែករំលែកទៅកាន់នាង។
៩- ស្រ្ដីចូលចិត្តចង់ដឹងថាអ្នកដទៃគិតដូច្នេះចំពោះពួកនាង។ ការចាប់ផ្ដើមដ៏ល្អបំផុតនោះគឺ អ្នកត្រូវព្យាយាមទាយឲ្យដឹងថាអ្វីដែលនាងកំពុងតែគិត ឬក្នុងចិត្តនាងកំពុងមានអ្វី។
១០- ត្រូវចងចាំថា ស្រ្ដីមិនចូលចិត្តបុរសដែលលឿនពេកនោះទេ ដូច្នេះអ្នកមិនត្រូវប្រញ៉ាប់ប្រាប់នាងពីជម្រៅចិត្តរបស់អ្នក ភ្លាមៗដែរ។ អ្នកអាចប្រើជំហានគីង្គក់ ពោលគឺសន្សឹមៗកុំបំបោល។
ជាចុងក្រោយ អ្នកត្រូវដឹងថា វិធីល្អបំផុតដែលអ្នកត្រូវគិត ក្នុងការឲ្យមនុស្សស្រីចាប់ផ្ដើមមើលឃើញអ្នក គឺអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងចែករំលែកការសប្បាយរីករាយជាមួយ នឹងអ្នក។
No comments:
Post a Comment