ការសិក្សាដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បានរកឃើញថា អ្នកដែលគេងមិនលក់ នឹងប្រឈមមុខនឹងហានីភ័យដ៏ខ្ពស់នៃជំងឺគាំងបេះដូង ពោលគឺលើសអ្នកដែលគេងលក់ធម្មតាដល់ទៅ ៤៥ភាគរយឯណោះ។
លោកវេជ្ជបណ្ឌិត Lars Erik Laugsand មកពីសាកលវិទ្យាល័យ Norwegian University of Science and Technology នៅប្រទេសណ័រវេ ហើយក៏ជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា បញ្ហានៃការគេងមិនលក់ គឺបានក្លាយជារឿងសាមញ្ញទៅហើយ ហើយវាក៏មិនពិបាកក្នុងការព្យាបាលដែរ តែយ៉ាងណាក៏ដោយមនុស្សគ្រប់រូបត្រូវតែដឹងពីទំនាក់ទំនងរវាងការ គេងមិនលក់នេះ ជាមួយនឹងជំងឺគាំងបេះដូង ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកកំពុងតែគេងមិនលក់ មែននោះ។
ការសិក្សាដែលបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Journal of the American Heart Association នេះ បានធ្វើការពិនិត្យលើហានីភ័យនៃជំងឺគាំងបេះដូងចំពោះអ្នកដែលគេង មិនលក់ ហើយប្រៀបធៀបជាមួយនឹងអ្នកគេងលក់ធម្មតា។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលពិបាកក្នុងការគេងលក់ស្ទើតែរៀងរាល់យប់ក្នុងមួយខែចុង ក្រោយ បានប្រឈមមុខនឹងគ្រោះថ្នាក់នៃជំងឺដ៏សាហាវនេះដល់ទៅ ៤៥ភាគរយឯណោះ។
ការសិក្សានេះ បានធ្វើឡើងចំពោះមនុស្សពេញវ័យជាជនជាតិណ័រវេ ចំនួន ៥២៦១០នាក់។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគលើទិន្នន័យរបស់មន្ទីរពេទ្យ ដើម្បីចេញជាលទ្ធផលដូចខាងលើនោះ។
លើសពីនេះទៀត គេក៏បានរកឃើញដែរថា ៣៣ភាគរយក្នុងចំណោមប្រជាជនណ័រវេទាំងអស់ បានកើតជំងឺគេងមិនលក់នេះ។
អ្វីដែលធ្វើឲ្យការសិក្សានេះកាន់តែអាចជឿបាននោះ គឺដោយសារតែមានការសិក្សាមុននេះជាច្រើនទៀត ក៏បានរកឃើញស្រដៀងគ្នានេះដែរ ពោលគឺគេងមិនលក់ នឹងប្រឈមមុខនឹងជំងឺលើសឈាម និងគាំងបេះដូង។
សរុបមកវិញ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាគេងមិនសូវលក់នាពេលយប់ ចាំបាច់ត្រូវជួបពេទ្យ ដើម្បីរកដំណោះស្រាយ ព្រោះជំងឺគាំងបេះដូង គឺជាជំងឺដ៏សាហាវ ប្រៀបបានឃាតករស្ងៀមស្ងាត់មួយអញ្ចឹង។
No comments:
Post a Comment