Get This

Friday, November 11, 2011

ផល​ប្រយោជន៍​ ៥យ៉ាង​នៃ​ការ​យំ​!

យំ​តើ ​អ្នក​ធ្លាប់​យំ​ដែរ​ឬ​ទេ? បើ​អ្នក​ឆ្លើយ​ថា​ មិនធ្លាប់ ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ពេលកើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ភ្លាម​ សម្លេង​យំ​របស់​អ្នក​នឹង​លឺ​ភ្លាម​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យំ​ដែល​ខ្មែរ​សារិកា​លើក​យក​មក​និយាយ​នា​ពេល​នេះ គឺ​ការ​យំ​របស់​មនុស្ស​ពេញ​វ័យ​។ បើ​តាម​ទ្រឹស្ដី​របស់​ទស្សនវិទូ​ អារី​ស្ដូត​ ដ៏​ល្បី​របស់​ក្រិច​ បាន​លើក​ឡើង​ថា "ការ​យំ​គឺ​ជា​ការ​លាង​ជម្រះ​អារម្មណ៍​"។ ពិ​ត​ណាស់​ ការ​យំ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​ពិបាក​ចិត្ត​ និង​បញ្ចេញ​នូវ​រាល់​អារម្មណ៍​ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​។
ការ​យំ​ភាគ​ច្រើន​ តែង​តែ​ត្រូវ​បាន​គេ​គិត​ថា កើត​ដោយ​សារ​អារម្មណ៍​សោក​សៅ ទុក្ខព្រួយ​ ខូច​ចិត្ត ឈឺ​ចាប់ ឬ​ក៏​ខឹង​ ប៉ុន្ដែ​ពេល​ខ្លះ​ ទឹក​ភ្នែក​របស់​យើង​ ក៏​អាច​ស្រក់​ចុះ​ពី​ការ​សប្បាយ​ រំភើប​ ភ័យ​ខ្លាច​ សើច​ខ្លាំង​ពេក ឬក៏​អារម្មណ៍​ផ្សេង​ៗ​ទៀត​។ ក្រៅ​ពី​ហេតុ​ផល​អារម្មណ៍​ នៅ​មាន​ហេតុផ​ល​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​ភ្នែក​យើង​ពិបាក​នឹង​ទប់​ទឹក​ភ្នែក​បាន ដែល​មាន​ដូច​ជា​ផ្សែង​ដែល​ហុយ​មក​ចូល​ភ្នែក​របស់យើង​ជា​ដើម​។
តើ​ការ​យំ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​?
​ មាន​ភស្ដុតាង​វិទ្យាសាស្រ្ដ​ជា​ច្រើន បាន​បញ្ជាក់​ថា ការ​យំ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​។ មិន​ដូច​ទឹក​ភ្នែក​ដែល​ចេញ​ដោយ​សារការ​ការ​ឈឺ​ផ្នែក​រាង​កាយ​នោះ​ទេ ទឹក​ភ្នែក​ដែល​យំ​ចេញ​ពីអារម្មណ៍​ មាន​ផ្សំ​ទៅ​ដោយ​ ប្រូតេអ៊ីន ម៉ង់​កាណែស ប៉ូតាស្យូម និង​ប្រូឡាក់​ទីន​។ ម៉ង់​កាណែស​ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ជាង​គេ​។ គ្រាន់​តែ​ជា​តិ​ម៉ង់​កាណែ​សតែ​​បន្ដិច​ អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក ជួយ​ការ​ពារឈាម​កុំ​ឲ្យ​ឆាប់​កក និង​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​។ ប៉ូតា​ស្យូម​ អាច​ជួយ​គ្រប់​គ្រង​សាច់​ដុំ និង​ធ្វើ​ឲ្យ​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​។ ប្រូឡាក់​ទីន ជួយ​កាត់បន្ថយ​ស្រ្ដេស និងល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ។ ខ្មែរ​សារិកា សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​ផល​ប្រយោជន៍​ទាំង​៥​នៃ​ការ​យំ​ ដូច​ខាង​ក្រោម​៖
១- ទឹក​ភ្នែក​ ប្រៀប​បាន​ជា​ប្រេង​រំអិល​របស់​ភ្នែក​
តួនាទី​ចម្បង​បំផុត​នៃ​ទឹក​ភ្នែក គឺ​ការ​សម្អាត និង​ធ្វើ​ជា​សារធាតុ​រំអិល​ដល់​គ្រាប់​ភ្នែក និង​ត្របក​ភ្នែក​។ បន្ថែម​លើ​នេះ​ទៀត ទឹក​ភ្នែក​ក៏​អាច​ការ​ពារ​ការ​ខ្សោះ​ជាតិ​ទឹក​នៃ​ភ្នាស​រំអិល​ផង​ដែរ​។​
២- ទឹក​ភ្នែក​លាង​ជម្រះ​ជាតិ​ពុល​
ការ​យំ​ដែល​ចេញ​ពី​អារម្មណ៍​ គឺ​ជា​វិធី​ល្អ​មួយ សម្រាប់​រាង​កាយ​របស់​យើង​ក្នុង​ការ​លាង​ជម្រះ​ជាតិ​ពុល​ដែល​មាន​ក្នុង​ ខ្លួន​។ ទឹក​ភ្នែក​ ដែល​ចេញ​ពី​អារម្មណ៍​ មាន​ផ្សំនូវ​អ័រ​ម៉ូន Cortisal ក្នុង​កម្រិត​ខ្ពស់ ដែល​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ពេល​មាន​អារម្មណ៍ស្រ្ដេស​ខ្លាំង​។​
យោង​តាម​អ្នក​ជំនាញ​ ការ​បញ្ចេញ​នូវ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​របស់​យើង​តាម​រយៈ​ទឹក​ភ្នែក​ គឺ​អាច​ជួយ​បាន​ពេញ​មួយ​រាង​កាយ​របស់​យើង​។
៣- ទឹក​ភ្នែក​សម្លាប់​បាក់​តេរី​
ទឹក​ភ្នែក​របស់​យើង​ អាច​ធ្វើ​ការ​ជា​អ្នក​ប្រឆាំង​នឹង​បាក់​តេរី និង​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​សារធាតុ​មិន​ល្អ​ផ្សេង​ទៀត ដែល​នៅ​ក្នុង​បរិយាកាស​ ឬ​វត្ថុ​នានា​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។ ក្រៅ​ពី​សារធាតុ​ខាង​លើ ទឹក​ភ្នែក​ក៏​នៅ​មាន​ផ្សំ​នូវ​អង់​ហ្សីម​ Lysozyme ដែល​មាន​សមត្ថ​ភាព​សម្លាប់​បាក់​តេរី ៩០ ទៅ​៩៥​ភាគ​រយ​ នៅ​ក្នុង​រយៈ​ពេល​តែ​ ៥​ ទៅ​១០នាទី​ប៉ុណ្ណោះ​។
៤- ការ​យំ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​
ការ​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា រាង​កាយ​យើង​បាន​បញ្ចេញ​នូវ​អ័រម៉ូន Endorphines ដែល​ជា​អ័រ​ម៉ូន​អារម្មណ៍​ល្អ ខណៈ​ពេល​ដែល​យើង​មាន​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​យើង​យំ​។​
ទស្សនាវដ្ដី​ដ៏​ល្បី​ក្នុង​លោក People ក៏​បាន​រាយ​ការណ៍​ដែរ​ថា ការ​យំ​ដែល​ល្អ (មិនមែន​បន្លំ​យំ​ ដូច​ថត​កុន) អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង និង​ស្ងៀម​ស្ងាត់​។ អារម្មណ៍​វិជ្ជមាន​ក្រោយ​ការយំ​ឡើង​ក្រហម​ភ្នែក និងហៀ​រ​សំបោរ​នេះ អាច​បង្កើន​អារម្មណ៍ល្អ ៨៨,៨% ខណៈ​ដែល​អារម្មណ៍​មិនល្អ​មានតែ ៨,៤%​ប៉ុណ្ណោះ​។​
៥- ប្រឈម​មុខ​ជា​មួយ​នឹង​ភាព​ស្រ្ដេស​
ការ​សម្រក់ទឹក​ភ្នែក​ គឺ​ជា​ការ​ព្យាបាល​អារម្មណ៍​ស្រ្ដេស​ និង​អារម្មណ៍​បាត់​បង់​អ្វី​មួយ​។ ការ​យំ​ គឺ​មាន​ន័យ​ថា គឺ​ជា​ការ​កសាង​ឡើង​វិញ​ នូវ​តុល្យភាព​នៃ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​។​
នៅ​ក្នុង​សៀវភៅ "The Miracle of Tears" របស់​លោក Jerry Bergman បាន​បញ្ជាក់​ថា ការ​បញ្ចេញ​ទឹក​ភ្នែក អាច​ជួយ​ការ​ពារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​អារម្មណ៍​ស្រ្ដេស​ ដែល​មាន​ដូច​ជា​ លើស​ឈាម ជំងឺ​បេះ​ដូង និង​រោគ​ដំបៅ​ក្រពះ​។
សរុប​មក​វិញ បើ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង ខូច​ចិត្ត​ សោក​សៅ ឬ​អារម្មណ៍​ស្អី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​យំ​ ចូរ​កុំ​ព្យាយាម​ទប់​ទឹក​ភ្នែក​របស់​អ្នក​ធ្វើ​អ្វី ឲ្យ​វា​ចេញ​មក​ ដើម្បី​ឲ្យ​ខ្លួន​យើង​អាច​ធូរ​ស្រាល​ពី​អារម្មណ៍​ទាំង​នោះ​។​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website