|
ដំណេកល្អ សុខភាពល្អ |
ដំណេកគឺជាតម្រូវការដ៏ចាំបាច់មួយ
ហើយក៏ជាទម្លាប់មួយផងដែរសំរាប់មនុស្សសត្វគ្រប់អាត្មា។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចបញ្ជារាងកាយរបស់ខ្លួនអោយ
គេងលង់លក់តាមចិត្តចង់បាននោះទេ យើងភាគច្រើនទទួលស្គាល់ថា
យើងមានការលំបាកនឹងធ្វើអោយខ្លួនយើងគេងឆាប់លក់
ទោះបីយើងខំប្រឹងតាំងចិត្ត សម្រួលអារម្មណ៍
លែងគិតលែងខ្វល់ពីអ្វីៗទាំងអស់ក៏ដោយ
ក៏នៅតែមិនអាចធ្វើអោយយើងគេងលក់ឡើយ ហើយការដែលគេងមិនលក់នេះ
អាចផ្តល់ផលមិនល្អដល់សុខភាពរបស់យើង។ អត្ថបទខាងក្រោមនេះ
ជួយផ្តល់យោបល់ដល់អ្នក អំពីបច្ចេកទេសក្នុងការគេងឆាប់លក់។
ក្នុងករណីអ្នកបានព្យាយាមសាកល្បងនូវបច្ចេកទេសទាំងនេះ ហើយនៅតែមានអាចគេងលក់ទៀត
ហើយស្ថានភាពនេះនៅតែបន្តច្រើនថ្ងៃជាប់ៗគ្នា
អ្នកគួរតែឆាប់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញ។
- ពិនិត្យមើលរបបចំណីអាហាររបស់អ្នកឡើងវិញ៖
មានអាហារមួយចំនួនដែលអាចជាជំនួយដល់ការឆាប់ងុយគេងដូចជា
ពពួកអាហារដែលមានសារជាតិកាបូនអ៊ីដ្រាតេ ចេក សណ្តែកដី ទឹកដោះគោ និង
នំប៉័ងជាដើម។ អាហារទាំងនេះក៏មានផ្ទុកសារជាតិ ទ្រីតូផាន
ដែលជាអ្នកបង្កើតជាតិមេឡាតូនីន ដែលជួយអោយយើងងុយគេង។ គួរជៀសវាងអាហារទាំងឡាយណា
ដែលមានជាតិប្រូតេអុីនខ្ពស់ មានជាតិហិរ កាហ្វេ តែមុនពេលគេង
និងជៀសវាងបរិភោគច្រើនជ្រុលមុនពេលគេង។ កុំចូលគេងទាំងឃ្លាន
មិនទាន់បានញ៉ាំអ្វីចូលពោះ ពីព្រោះពេលយើងឃ្លានពិបាកនឹងគេងលក់ណាស់។
- ជៀសវាងការហាត់ប្រាណក្នុងរយះពេលបីម៉ោងមុនចូលគេង៖
បើអាចទៅរួចអ្នកគួរហាត់ប្រាណនៅពេលព្រឹកព្រលឹម
ព្រោះវាជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបានពេញមួយថ្ងៃ។
ការហាត់ប្រាណកៀកនឹងម៉ោងចូលគេង អាចធ្វើអោយយើងលែងងងុយគេង។
- ជៀសវាងការគេងថ្ងៃច្រើនពេក៖ គួរគេងថ្ងៃយ៉ាងយូរបំផុត ១៥
នាទី។ គេងថ្ងៃយូរពេកអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។
- កាត់បន្ថយស្ត្រេស ការបារម្ភ ភ័យ្រពួយ គិតច្រើន៖
បើអ្នកមានអាការៈទាំងនេះ គួតែជួបគ្រូពេទ្យផ្នែកចិត្តវិទ្យា
ឬហាត់ប្រាណបែបយ៉ូហ្កាដើម្បីកាត់បន្ថយស្ត្រេស។
- ងូតទឹកក្តៅមុនចូលគេង៖ វិធីនេះក៏អាចជួយបានដែរ
វាធ្វើអោយមានអារម្មណ៍ធូរស្បើយ។
- បង្កើតអោយមានទម្លាប់ធ្វើអ្វីមួយមុនចូលគេង៖
សាកល្បងទម្លាប់ធ្វើអ្វីមួយដដែល ជាប្រចាំមុនចូលគេងដូចជា អានសៀវភៅ ងូតទឹក
សរសេរកំណត់ហេតុជាដើម។
- ចូលគេង និងភ្ញាក់ពីគេងអោយទៀងម៉ោង៖
ធ្វើរបៀបនេះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ ចង់មិនចង់ដល់ពេលអ្នកត្រូវគេង
អ្នកប្រាកដជាមានអារម្មណ៍ថាងុយគេង។
- ជ្រើសរើសសំលៀកពាក់ណាដែលស្រួលស្លៀកពាក់៖
គួរស្លៀកពាក់សំលៀកបំពាក់ណាដែលមានលក្ខណៈរលុង ទន់ មិនស្កៀប មិនទើសទែង
និងដែលធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ។
- អាកាសធាតុសមល្មម៖ បើបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់
គួរកំរិតសីតុណ្ហភាពអោយសមល្មមដែលអ្នកពេញចិត្ត មិនគួរដាក់អោយរងាត្រជាក់ពេកទេ។
ជាទូទៅសីតុណ្ហភាពសមស្របក្នុងការគេងគឺ ២៦អង្សា។
ចំពោះអ្នកដែលគ្មានម៉ាស៊ីនត្រជាក់ ក៏គួរតែមានកង្ហារ (កង្ហារអគ្គីសនីក៏បាន
កង្ហារធម្មជាតិក៏បាន)។
- ពន្លឺសមល្មម៖ បើអាចបិទអោយល្ងិតបានរឹតតែល្អ
តែមានមនុស្សមួយចំនួនចូលចិត្តមានភ្លើងព្រឹមៗទើបគេងលក់ ។
comments
No comments:
Post a Comment