ការអត់ឱនឲ្យ អ្នកណាម្នាក់ ដែលបានធ្វើឲ្យអ្នកឈឺចាប់គ្រាំគ្រារីងរៃក្នុងចិត្តនោះ គឺមិនមែនជាការងាយស្រួលនោះទេ។ ទោះជាពិបាកយ៉ាងណាក៏ដោយ អ្នកគួរតែសាកល្បងលើកលែងទោសឲ្យម្នាក់នោះ ដើម្បីធ្វើខ្លួនអ្នកឲ្យមានសេរីភាព រួចផុតពីទុក្ខសោកទាំងឡាយដែលម្នាក់នោះបានផ្ដល់ឲ្យអ្នក ដើម្បីបន្ដជីវិតដែលនៅសល់របស់អ្នកឲ្យស្រស់បំព្រង ឈប់ឈឺចាប់តទៅទៀត។ ប្រសិនបើអ្នកអាចអត់ឱនដល់គេបានមែន នោះគឺវាប្រៀបដូចជាកាដូសម្រាប់ខ្លួនអ្នកផងដែរ។ មិនត្រឹមតែបែបនេះទេ ការអត់ឱនដល់អ្នកណាម្នាក់ ក៏មានប្រយោជន៍ចំពោះសុខភាពរបស់អ្នកផងដែរ។ បើតាមការសិក្សាស្រាវជ្រាវជាច្រើន បានឲ្យដឹងថា ការអត់ឱនដល់អ្នកណាម្នាក់ គឺនឹងជំនួយដល់បេះដូង និងសរសៃឈាមរបស់លោកអ្នក។ វាអាចជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងកាត់បន្ថយកម្រិតអ័រម៉ូនស្រ្ដេសផងដែរ។
ខាងក្រោមនេះ គឺជាវិធី៤យ៉ាង ដែលជួយឲ្យលោកអ្នកលើកលែងទោសដល់អ្នកដែលធ្វើឲ្យអ្នកឈឺចាប់៖
១- ត្រូវគិតថា ការអត់ឱនទោស គឺមិនមែនជាការលើកទឹកចិត្តឲ្យម្នាក់នោះបន្តកំហុសឆ្គងទៀតនោះ ទេ តែគឺជាការធ្វើខ្លួនអ្នកឲ្យមានសេរីភាព ជៀសផុតពីភាពទុក្ខសោកទាំងឡាយ ដើម្បីអាចឲ្យអ្នកទទួលបាននូវរឿងល្អៗក្នុងជីវិត។ វាគឺជាការលើកទឹកចិត្តដល់ខ្លួនអ្នក ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត។
២- ត្រូវគិតថា ការអត់ឱនទោស នឹងធ្វើឲ្យអ្នកទទួលបាននូវផលប្រយោជន៍ជាច្រើន ទាំងផ្នែកផ្លូវចិត្ត និងផ្នែកផ្លូវកាយ ហើយវានឹងជួយឲ្យអ្នកឈប់គិតពីរឿងនោះទៀត។
៣- ត្រូវគិតថា ខ្លួនអ្នកផ្ទាល់ក៏ប្រហែលជាធ្លាប់ធ្វើឲ្យអ្នកដទៃឈឺចាប់ដូចគ្នា កាលពីអតីតកាលនោះដែរ ដូច្នេះការអត់ឱនគឺជាអ្វីដែលអ្នកប្រព្រឹត្តកំហុសចង់បានបំផុត។
៤- ចុងក្រោយបំផុត អ្នកត្រូវគិតពីអ្វីដែលវិជ្ជមាន។
No comments:
Post a Comment