បុរសៗដែលចូលចិត្តទទួលទានគ្រឿងស្រវឹង ច្រើន ជារៀងរាល់ថ្ងៃ គួរតែកាត់បន្ថយហើយនាពេលនេះ ដោយសារតែការរកឃើញចុងក្រោយបំផុតមួយបានបញ្ជាក់ថា វានឹងបង្កឲ្យកើតជំងឺមហារីកក្រពះ។
ការសិក្សាជាច្រើនបានព្យាយាមស្វែងរកថាតើការផឹកគ្រឿងស្រវឹង ច្រើន អាចបង្កើនហានីភ័យនៃជំងឺមហារីកក្រពះដែរឬក៏អត់ ហើយទីបំផុតលទ្ធផលបានបង្ហាញថា ពិតជាអញ្ចឹងមែន។
ការរកឃើញនេះ គឺបានមកពីការសិក្សាលើមនុស្សពេញវ័យនៅអឺរ៉ុបចំនួន ៥០ម៉ឺននាក់ ដែលជាការសិក្សាដ៏ធំមួយ។
នៅពេលចាប់ផ្ដើមស្រាវជ្រាវដំបូង បុរសជាង ១ម៉ឺននាក់ បានប្រាប់ថាពួកគេផឹកស្រាជាមធ្យម ៤កែវក្នុងមួយថ្ងៃ ហើយជាលទ្ធផលពួកគេបានកើតជំងឺមហារីកក្រពះលើសអ្នកដែលផឹកតិចជាង នេះដល់ទៅពីរដងឯណោះ។
នៅពេលដែលក្រុមអ្នកស្រាវជ្រាវបានធ្វើការតាមដានឲ្យដិតដល់ ជាងនេះ ពួកគេបានរកឃើញថា គ្រឿងស្រវឹងដែលលេចធ្លោជាងគេគឺស្រាបៀ (មានអត្រាបង្កជំងឺមហារីកក្រពះខ្លាំងជាងស្រា)។
ទោះបីជាភាគច្រើនជាបុរសដែលរកឃើញថាកើតជំងឺនេះ ប៉ុន្ដែទំនាក់ទំនងរវាងមហារីកក្រពះ និងការផឹកគ្រឿងស្រវឹងចំពោះស្រ្ដីក៏ស្រដៀងនឹងបុរសដែរ បើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត Eric J. Duell ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ (ស្រ្ដីដែលផឹកគ្រឿងស្រវឹងច្រើនលើសលប់ គឺមិនតិចជាងបុរសឆ្ងាយណាស់ ពោលគឺក្នុងចំណោម១៣០០០នាក់ផឹកច្រើនក្នុងការស្រាវជ្រាវនេះ មានស្រ្ដីតែ ២៣០០នាក់ប៉ុណ្ណោះ)។
ក្រុមអ្នកជំនាញបានធ្វើការសំណូមពរហើយ សំណូមពរទៀត ថាគួរទទួលទានគ្រឿងស្រវឹងឲ្យបានសមល្មមបានហើយ កុំប្រឹងដល់ថ្នាក់ស្រវឹងរាល់ថ្ងៃពេក ពោលគឺជាមធ្យម ២កែវក្នុងមួយថ្ងៃ គឺសមល្មមហើយ ចំណែកឯស្រ្ដីវិញមិនគួរលើសពីមួយកែវក្នុងមួយថ្ងៃនោះទេ។
មិនត្រឹមតែបង្កមហារីកក្រពះនោះទេ ការផឹកគ្រឿងស្រវឹងច្រើនជ្រុល ក៏នឹងបង្កឲ្យកើតមហារីកមាត់ និងបំពង់កផងដែរ បូកបន្ថែមជាមួយអ្វីដែលអ្នកធ្លាប់បានដឹងគឺវា ប៉ះពាល់ថ្លើម និងបង្កជាផលវិបាកជាច្រើនទៀត។
សរុបមកវិញ ការទទួលទានគ្រឿងស្រវឹងច្រើន គឺដូចជាមិនឃើញមានផលល្អអ្វីទេ ក្រៅពីសប្បាយមួយភ្លែតពេលជួបជុំមិត្តភក្ដិ តែបែរជាបង្កជាផលវិបាកជាច្រើនលើសលប់ទៅវិញនោះទេ។
No comments:
Post a Comment