អាហារទាំង៦ ប្រភេទ ដែលត្រូវបានគេចាត់ទុកជាអាហារវ័យឆ្លាត សម្រាប់ការរស់នៅប្រកបដោយសារសុខភាពល្អនេះ គឺល្អជាងឱសថទៅទៀត ដោយសារតែឱសថជាអាវុធមុខពីរ តែពួកវាទាំង៦ ដែលប្រិយមិត្តនឹងឃើញខាងក្រោមនេះ គឺមិនមានផលប៉ះពាល់សុខភាពនោះទេ។ ជាមួយនឹងសារធាតុពីធម្មជាតិដែលអាចជម្រុញប្រព័ន្ធភាពស៊ាំប្រឆាំង នឹងជំងឺ វានឹងផ្ដល់ឲ្យលោកអ្នកនូវសុខភាពល្អប្រសើរ។
អាហារទាំង៦ប្រភេទនោះ មានដូចខាងក្រោម៖
១- អាហារបៃតង
ពាក្យថាអាហារបៃតងនៅទីនេះ គឺសំដៅលើបន្លែដែលមានស្លឹកពណ៌បៃតង ដែលពួកវាមាន ១០០កាឡូរីក្នុងមួយ ដែលជាជម្រើសល្អបំផុតសម្រាប់សម្រកទម្ងន់។ បន្លែបៃតង ក៏ផ្ទុកទៅដោយប្រភពល្អៗដ៏សំបូរបែបដូចជា ហ្វៃប៊ើ អាស៊ីតហ្វូលីច វីតាមីនសេ ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។
សារធាតុទាំងនោះ អាចជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូង។ បន្ថែមលើនេះទៀត ពួកវាក៏មាន សារធាតុប្រឆាំងអុកស៊ីតកម្មទៀតផង ដូចជា Lutein និង Zeaxanthin ដែលជួយការពារភ្នែកឲ្យភ្លឺច្បាស់។
បើយោង តាមការសិក្សាផ្សេងៗជាច្រើន បានឲ្យដឹងថា ការទទួលទានបន្លែបៃតងមួយថ្ងៃឲ្យបានម្ដង គឺនឹងជួយកាត់បន្ថយជំងឺបេះដូងបាន ១១ភាគរយ ហើយប្រសិនបើញ៉ាំលើសពីម្ដងឡើងទៅ នោះវាក៏នឹងកាត់បន្ថយហានីភ័យនៃជំងឺទឹកនោមផ្អែមបាន ៩ភាគរយផងដែរ។ បន្លែស្លឹកបៃតង ក៏ជាប្រភពនៃជាតិដែក និងកាល់ស្យូម ដែលសំខាន់សម្រាប់ជំនួយឆ្អឹងលោកអ្នកផងដែរ។
២- ខ្ទឹមបារាំង
ប៉ុន្មានថ្ងៃមុននេះ លោកអ្នកបានដឹងរួចមកហើយថា ខ្ទឹមបារាំងក៏ស្ថិតក្នុងចំណោមអាហារដែលធ្វើឲ្យអ្នកមានក្លិនមិន ល្អ ប៉ុន្ដែទន្ទឹមនឹងចំណុចអវិជ្ជមានតូចមួយនេះ ខ្ទឹមបារាំងក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ។ ខ្ទឹមបារាំង ជាប្រភពដ៏ល្អបំផុត ដែលជួយការពារលោកអ្នកឲ្យជៀសផុតពីជំងឺមហារីកក្រពេញប្រូស្ដាត។ លើសពីនេះទៀត ដោយមានផ្សំទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ គឺ Quercetin ខ្ទឹមបារាំង នឹងកាត់បន្ថយកោសិកាដែលងាប់ក្នុងករណីកើតមហារីកពោះវៀន។
៣- ផ្សិត
យោង តាមការសិក្សាថ្មីបំផុតមួយ បានរកឃើញថា ការញ៉ាំផ្សិត១០ក្រាម ក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតមហារីកសុដន់ ដល់ទៅ៦៤ភាគរយ។ ជាងនេះទៅទៀត ប្រសិនបើអ្នក ញ៉ាំតែបៃតងមួយពែង ជាមួយនឹងផ្សិត ជារៀងរាល់ថ្ងៃ ក៏នឹងជួយកាត់បន្ថយជំងឺដ៏សាហាវនេះ រហូតដល់ ៨៩ភាគរយឯណោះ។
ផលប្រយោជន៍ផ្សេងទៀតរបស់ផ្សិត រួមមាន ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារការខូចខាត DNA ផងដែរ។
៤- ប៊ើរី
ដូច ដែលប្រិយមិត្តធ្លាប់បានអានក្នុងអត្ថបទសុខភាពមុនៗរបស់ខ្មែរ សារិកាមកហើយថា ពពួកផ្លែប៊ើរី គឺមានច្រើនប្រភេទ ដូចជាស្រ្ដ័រប៊ើរី ប៊្លូប៊ើរី និងប៊្លែកប៊ើរីជាដើម ហើយពួកវា សុទ្ធតែមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា ដែលនឹងជួយលោកអ្នកជៀសផុតពីជំងឺផ្សេងៗបាន។
លើសពីនេះទៅទៀត ផ្លែប៊ើរី ក៏នឹងជួយបង្កើនការចងចាំ និងជម្រុញសកម្មភាពក្នុងខួរក្បាលបានទៀតផង។
៥- សណ្ដែក
សណ្ដែក គឺជាប្រភពដ៏ល្អបំផុត នៃកាបូហ៊ីដ្រាត ហើយក៏អាចការពារជំងឺទឹកនោមផ្អែមបានផងដែរ។ ការទទួលទានសណ្ដែក ឲ្យបានយ៉ាងតិច ពីរដងក្នុងមួយសប្ដាហ៍ គឺនឹងជួយកាត់បន្ថយឱកាសនៃជំងឺមហារីកពោះវៀន ដល់ទៅ៥០ភាគរយ។
៦- គ្រាប់ធញ្ញជាតិ
គ្រាប់ ធញ្ញជាតិ មានផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើន ដូចជាសារធាតុរ៉េ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។
គ្រាប់ធញ្ញជាតិដែលល្អ រួមមាន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកទៅដោយ ប្រូតេអ៊ីន និងជាតិរ៉ែ, គ្រាប់ ខណៈដែលគ្រាប់ល្ពៅ មានជាតិដែក កាល់ស្យូម និងសង្កសី។
No comments:
Post a Comment